គណបក្ស​​នយោបាយ ​បរាជ័យ​​កែ​​សមាស​ភាព​ គ.ជ.ប

ដោយ ថា ថៃ
2022.05.29
គណបក្ស​​នយោបាយ ​បរាជ័យ​​កែ​​សមាស​ភាព​ គ.ជ.ប លោក ប្រាជ្ញ ចន្ទ ដែល​ចេញ​មក​ពីជួរ​មន្ត្រីជាន់ខ្ពស់គណបក្ស​ប្រជាជនកម្ពុជា ​និង​មាន​កេរ្តិ៍ឈ្មោះ​អាស្រូវ​រឿង​ពុករលួយ​ឲ្យធ្វើជា​ប្រធានថ្មី​របស់​ស្ថាប័ន​ គ.ជ.ប​ ជំនួស​លោក ស៊ិក ប៊ុនហុក។​​​​​
រូប៖ អ្នកនាំពាក្យ NEC

គណបក្សនយោបាយ​ដែល​ចូលរួម​ការបោះឆ្នោត ​បរាជ័យ​ក្នុងការ​ទាមទារ​ឲ្យមាន​​ការ​​កែ​ប្រែ​​សមាសភាព​​ថ្នាក់ដឹកនាំ​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​ ហៅកាត់ថា ​គ.ជ.ប ​ឲ្យ​ក្លាយជា​ស្ថាប័នមួយ​ឯករាជ្យ ​និង​អព្យាក្រឹត​​ដែល​​ភាគី​ពាក់ព័ន្ធ ​អាច​ជឿទុកចិត្ត​បាន។ មន្ត្រីសង្គមស៊ីវិល​ផ្នែកឃ្លាំមើល​ការបោះឆ្នោត ​ជំរុញឲ្យ​គណបក្សនយោបាយ ​គួរតែរួមគ្នា​ទាមទារ​រឿងនេះ ​ឲ្យ​បាន​ផុសផុល។

គណបក្ស​នយោបាយ​មួយចំនួន​ សោកស្តាយ​ដែល​បរាជ័យ​ក្នុងការ​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ ​គ..ប ​បច្ចុប្បន្ន​ដែល​ភាគច្រើន​ជា​មនុស្ស​​មាន​ទំនាក់ទំនង ​និង​ចេញពី​គណបក្ស​ប្រជា​ជនកម្ពុជា។គណបក្សទាំងនេះ​ ទទួល​ស្គាល់ថា​ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ខាងមុខនេះ ​គ្មានភាព​សេរី ​ត្រឹមត្រូវ ​និង​យុត្តិធម៌​ពេញលេញ​នោះទេ ​ព្រោះ​ គ..ប ​បាន​បង្ហាញ​ភាព​លំអៀង​ទៅរក​បក្សកាន់​អំណាច​តាំងពី​ដំណាក់​កាល​ដំបូង​មកម៉្លេះ។​​

អនុប្រធាន​គណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ​ថ្លែងថា ​បន្ទាប់ពី​ការ​រៀបចំ​បោះ​ឆ្នោតលើកដំបូង​ដែល​រៀបចំ​ដោយ​អ៊ុនតាក់ (UNTAC) កាលពីឆ្នាំ១៩៩៣ ​មក ​កម្ពុជា​មិន​ដែល​មាន​ស្ថានប័ន​រៀបចំការ​បោះឆ្នោត​ឯករាជ្យ ​និង​អព្យាក្រិត​នោះទេ។ លោក​បន្តថា​ ទោះបីជា​ពេលនេះ ​គណបក្សភ្លើងទៀន​​មិន​ទុកចិត្ត​លើ​ស្ថាប័ន​ គ..ប ​ប៉ុន្តែគណបក្សប្រឆាំង​មួយ​នេះ ​នៅតែ​តស៊ូ​ចូលរួម​ប្រកួតប្រជែង ​ដើម្បី​ដណ្តើម​​យក​អសនៈខ្លះសម្រាប់ឈរ​ជើង​ការពារ​ផល​ប្រយោជន៍ជាតិ ​និង​ប្រជា​ពលរដ្ឋ៖ «មិនមែន​ជា​ការងាយ​ស្រួលទេ ​ក្នុងការ​តស៊ូ​របស់​យើង ដូចជា​កាល​ដែល​យើង​បោះឆ្នោត​តាំងពី​ឆ្នាំ៨៩ មក​ ក៏យើង​មិនទុកចិត្ត​លើ​ គ..ប​ដែរ។ ដូច្នេះ​យើង​នៅតែ​ខំប្រឹង​ចូលរួម​ដើម្បី​ធ្វើ​យ៉ាងម៉េច​ឲ្យ​បាន​សំឡេង​ខ្លះ​ការពារ​ប្រជា​ពលរដ្ឋ​។​ ឥឡូវ​យើង​ឃើញជាក់ស្តែង​ហើយ​ ៤ឆ្នាំជាង​ដែល​គេរំលាយ​សង្គ្រោះ​ជាតិ ​ឃើញទេ​ដល់ពេល​អត់​មាន​បក្សប្រឆាំង ​គេធ្វើ​អ្វី​ស្រេចចិត្ត ​គេលែងដៃ។ ​បើសិន​ណា​​យើង​បណ្តោយ​ឲ្យ​គេទៀត​ ឃុំ-សង្កាត់​គេយក​១០០ភាគរយ​ហើយ​ រាស្ត្រ​ដេក​ចាំតែ​ទឹកភ្នែក​ដេកចាំ ​តែបាត់បង់​ទ្រព្យសម្បត្តិ»

លោក ថាច់ សេដ្ឋា​ បន្តថា ​ក្រៅពី​មិន​ទុកចិត្ត​ស្ថាប័ន ​គ..ប ហើយនោះ គណបក្ស​ភ្លើងទៀន ​ក៏ប្រឈមការ​បំភិតបំភ័យ ការ​គំរាមកំហែង​ និង​ការធ្វើ​ទុក្ខបុកម្នេញ​ច្រើនជាងគេ​ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ​ ​ដែល​ធ្វើឲ្យ​បេក្ខជន​និង​អ្នកសង្កេតការណ៍​មួយចំនួន​ បាន​សុំលា​ឈប់​វិញដើម្បី​រក្សា​សុវត្ថិភាព៖ «បង្កការ​លំបាក​ដល់​យើង​ខ្លាំង​មែនទៀន ​ភ្នាក់ងារសង្កេតការណ៍​ដែល​យើងរៀបចំ​បាន​ហើយ​ គឺគេ​នៅតែគំរាម​ សំឡុត​ទិញទឹក​ចិត្ត​ជាបន្តបន្ទាប់​។ មិនតែ​ប៉ុណ្ណោះ​ សូម្បីតែ​បេក្ខជន ​ក៏គេ​នៅតែ​អូសទាញ​ទិញទឹកចិត្ត​ ដូច​ឃើញ​ស្រាប់ ហើយ​ឲ្យ​ចុះចូល​អី​ហូរហែហ្នឹង ​ប៉ុន្តែ​យើង​នៅតែ​បន្តការតស៊ូ ​យើង​មិន​ចុះចាញ់​ទេ ហើយ​ប្រជាពលរដ្ឋ​នៅតែ​មានជំនឿ​លើ​គណបក្សភ្លើងទៀន​ផងជា​សំខាន់»

ទាក់ទង់​នឹង​រឿងនេះដែរ​ ​អនុប្រធាន​គណបក្ស​កែទម្រង់កម្ពុជាលោក អ៊ូ ច័ន្ទរ័ត្ន ​លើក​ឡើងថា​ គណបក្ស​របស់​លោក​មិនសូវ​ប្រឈម​បញ្ហាធ្ងន់ធ្ងរ​ដូច​គណបក្សភ្លើង​ទៀន​ឡើយ ​ដោយសារ​ដាក់​​បេក្ខជន​តាម​ឃុំ-សង្កាត់​​បាន​​ចំនួនតិច។ ​ទោះជាយ៉ាងណា​ លោកពិនិត្យឃើញថា​ ​​ស្ថានប័ន ​គ..ប ​សព្វថ្ងៃនេះ​ មិន​ទទួល​បាន​ទំនុកចិត្ត​ពេញ​លេញ​ពី​ពលរដ្ឋ​ម្ចាស់ឆ្នោត​ឡើយ ​ព្រោះ​ថ្នាក់ដឹកនាំ​ គ..ប ​ចេញ​ពី​​គណបក្ស​កាន់​អំណាច​៖ «មន្ត្រី​ជាន់ខ្ពស់​ចេញ​ពី​គណបក្ស​នយោបាយ​ មករៀបចំ​ គ..ប ​ដូច្នេះ​បើទោះជាយ៉ាង​ណា​ នៅតែ​មាននិន្នាការ​នយោបាយ​ចឹង។​ ទី២​ ច្បាប់បោះ​ឆ្នោតនេះ​នៅមាន​បញ្ហាច្រើន​ដូចជា​រឿង​រំលាយគណបក្ស ​គឺជាបញ្ហា ​ហើយ​គណបក្ស ដែលមាន​ទំនាក់ទំនង​ជាមួយ​ទណ្ឌិតអី​ជាដើម ​អាច​ត្រូវបាន​រំលាយ​ជាដើម​គឺជា​រឿង​មួយ​ដែលជា​បញ្ហា​។ ដូច្នេះ​ខ្ញុំ​យល់​ឃើញថា​ បើទោះជា​យ៉ាង​ម៉េច​ក៏ដោយ ​គណបក្ស​ដែល ចូលរួម​នេះមិន​មាន​ជម្រើសទេ​​។ បើសិនជា​យើង​ទុក​ឲ្យ​គណបក្ស​កាន់អំណាច​លោក ​លែងល្ខោន​ម្នាក់ឯង ​ដើរ​តួម្នាក់ឯង​ ដំណើរការ​ប្រទេសមួយ​ម្នាក់​ឯង​ រឹតតែ​គ្រោះ​ថ្នាក់​ជាង​ដែល​យើង​មិនបាន​ចូលរួម​ទៅ​ទៀត»

ចាប់​តាំង​ពី​​​មាន​​ការ​រំលាយ​គណបក្ស​ប្រឆាំង​នៅ​ឆ្នាំ​២០១៧ ​មក ​​​ស្ថាប័ន ..ប ​​រង​​ការ​រិះគន់​ថា​ លែង​​ឯករាជ្យ បាត់បង់តម្លៃ និងក្លាយជាឧបករណ៍ផ្តាច់មុខរបស់គណបក្ស​កាន់​​អំណាច​ ដោយសារ​តែ គ..ប បាន​​ប្លន់​អាសនៈគណបក្ស​សង្គ្រោះជាតិ ​ចាប់​ពី​ថ្នាក់​មូលដ្ឋាន​ដល់​ថ្នាក់​ជាតិ ​ដែល​ទទួល​បាន​ពីការ​បោះឆ្នោត​ យក​ទៅ​ចែក​ឱ្យ​គណ​បក្ស​ដទៃដែលចាញ់ឆ្នោត​ ជាពិសេស​បក្សប្រជាជន​កម្ពុជា។ ជាងនេះទៀត សមាស​ភាព​ថ្នាក់ដឹកនាំ ​គ..ប​ សរុប​ចំនួន ៩រូប ​ដែល​ត្រូវបាន​បង្កើត​ឡើង​ក្រោម​កិច្ច​ព្រម​ព្រៀង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះជាតិ​ នៅក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​ ​ក្នុង​នោះ ៤រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ៤រូប​មក​ពីគណបក្ស​សង្គ្រោះជាតិ​ ហើយ​ម្នាក់​ទៀតជា​តួអង្គឯករាជ្យ ​ក៏ត្រូវបាន​របបលោក ហ៊ុន សែន ​​កម្ទេច​ចោល​ដែរ។

គណបក្ស​ប្រជាជន​កម្ពុជា ​​បាន​ឆ្លៀត​ឱកាស​លើក​បន្តុប​មន្ត្រី​របស់​ខ្លួន​ ៣​នាក់​បន្ថែម​ទៀត ​ចូល​ក្នុង​សមាសភាព​ដឹកនាំ​របស់​ គ..ប ​ជំនួស​​​ថ្នាក់​ដឹក​នាំ​ជាន់ខ្ពស់​ ៣រូប​ កូតា​គណបក្ស​សង្គ្រោះជាតិ ​ក្នុង​នោះ​រួម​ទាំង ​លោក រ៉ុង ឈុន ម្នាក់ផង​ ​បន្ទាប់​ពី​ពួកគាត់​សម្រេច​​លាឈប់​ពី ​គ..ប។ ការលា​ឈប់​នៅពេល​នោះ​ ដោយ​សារតែ​ពួកគាត់​ចាត់​ទុកថា​ ស្ថាប័ន គ..ប​ នេះ ​មិន​បាន​បំពេញតួនាទី​ការពារ​ឆន្ទៈ​រាស្ត្រ​និង​​មិន​បម្រើផល​ប្រយោ​ជន៍​រួម​របស់​ជាតិ ​ដោយ​បាន​រួមដៃ​ជាមួយ​បក្សកាន់​អំណាច​បំផ្លាញ​លទ្ធិ​ប្រជា​ធិបតេយ្យ។ លើសពីនេះ ​កាលពីខែមិថុនា ​ឆ្នាំ២០២១ ​រដ្ឋ​សភា​ឯកបក្ស ​ក៏បាន​លើក​បន្តុប​លោក ប្រាជ្ញ ចន្ទ ​ដែល​ចេញ​មក​ពីជួរ​មន្ត្រីជាន់ខ្ពស់គណបក្ស​ប្រជាជនកម្ពុជា ​និង​មាន​កេរ្តិ៍ឈ្មោះ​អាស្រូវ​រឿង​ពុករលួយ​ឲ្យធ្វើជា​ប្រធានថ្មី​របស់​ស្ថាប័ន​ គ..ប​ ជំនួស​លោក ស៊ិក ប៊ុនហុក។​​​​​

ប្រធានគណបក្សឆន្ទៈខ្មែរ​លោក គង់ ម៉ូនីកា​ លើកឡើងថា​ សមាស​ភាព ​គ..ប ​ដែល​ចេញ​ពី​គណបក្ស​នយោបាយ​ជាពិសេស​ចេញ​ពី​បក្សកាន់អំណាច​នេះ ​មិនអាច​ធានា​ការរៀបចំ​ការ​បោះឆ្នោត​ដោយ​សេរី ​ត្រឹមត្រូវ ​និង​យុត្តិធម៌​បានទេ។ លោក​បន្តថា ​សូម្បី​តែ​សមាសភាព​គណៈកម្មការ​រៀប​ចំការបោះឆ្នោត​នៅតាម​ខេត្ត​និង​ឃុំ ​ក៏ត្រូវ​បាន​ជ្រើស​រើស​មនុស្ស​ដែល​មាន​ទំនាក់ទំនង​ឬ​និនា្នការ​លម្អៀង​ទៅរក​បក្សកាន់​​អំណាច​ដែរ។ ទោះជាយ៉ាងណា ​លោក​បញ្ជាក់ថា​ មូលហេតុ​ដែល​គណបក្សឆន្ទៈខ្មែរ​បន្ត​ចូលរួម​ការ​បោះឆ្នោតនេះ ​ព្រោះ​គ្មាន​ជម្រើស​ផ្សេង​ដើម្បី​ផ្លាស់ប្តូរ​ជាវិជ្ជមាន​ឡើយ ​ហើយ​គណបក្ស​លោកនឹង​នៅតែ​បន្ត​​ទាមទារឲ្យ​ធ្វើកំណែ​ទម្រង់​​ស្ថាប័ន​បោះឆ្នោត​ទៀត៖ «យើ​ងចង់ឃើញ​មេដឹកនាំ​ គ..ប ​ដែល​ឯករាជ្យ​ចេញពី​អង្គការសង្គមស៊ីវិល​។ ក្រៅពី​សមាជិកថ្នាក់ជាតិ​របស់​ គ..ប​ នេះគឺថា​យើង​ចង់​ឃើញ​ សមាជិក​របស់​ គ..ប ​នៅថ្នាក់ក្រោមជាតិ​ ថា្នក់ខេត្ត ​ថ្នាក់ស្រុក ​ថ្នាក់ឃុំ​ជាដើម​ ត្រូវតែ​ជាសមាសភាព​មួយ​ដែល​រើស​ពីអង្គការ​ ឬ​អ្នកឯករាជ្យណា​មួយផងដែរ​។ សព្វថ្ងៃនេះ​ គឺថា ​សមាសភាព​របស់​ពួកគាត់​ គឺជា​គ្រូបង្រៀន​​ឬមួយ​ក៏អ្នក​ដែល​ជាប់ពាក់ព័ន្ធ​ជាមួយ​នឹង​គណបក្ស​កាន់អំណាច​ គឺ​គណបក្សប្រជាជនកម្ពុជា។ ដូច្នេះ ​ពួកគាត់​ហាក់​មាន​ទំនោរ​ច្រើន​នៅឡើយ​ក្នុងការ​ជួយ​គាំទ្រ​ទៅ​គណបក្ស​កាន់អំណាច​»

គណបក្សនយោបាយ​ដែល​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ ​ទី​៥ នេះ ​មានចំនួន ​១៧គណបក្ស​ ប៉ុន្តែ​មានតែ​គណបក្ស​ប្រជាជនកម្ពុជា​ប៉ុណ្ណោះ​ដែល​ពេញ​ចិត្តពេញ​ថ្លើម​ចំពោះ​ស្ថាប័ន​គ..ប ​សព្វថ្ងៃ។

កន្លងមក ​គណបក្ស​នយោបាយ​នានា​ រួមទាំង​អង្គការសង្គមស៊ីវិលជាង ​៦០​ស្ថាប័ន​ បាន​ទាមទារឱ្យ​រដ្ឋាភិបាលលោក ​​ហ៊ុន សែន ធានា​ឱ្យបាន​នូវលក្ខខណ្ឌ​អប្បបរមា​ ៦​ចំណុច​ ដើម្បី​ឱ្យការ​បោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​សេរី និង​យុត្តិធម៌។​ ក្នុងនោះ ​ត្រូវធានា​ឱ្យ​ គ..ប ជាស្ថាប័ន​ដែល​អាចជឿទុកចិត្ត​បាន​ដោយ​រក្សា​សមាសភាព​មក​ពី​ភាគី​ពាក់ព័ន្ធ​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ គឺ ៤រូប​មកពី​បក្ស​កាន់អំណាច ៤រូបទៀត​មក​ពី​បក្ស​គ្មាន​អាសនៈ​ក្នុង​សភា ​និង ១រូប​ពី​ខាង​សង្គម​ស៊ីវិល​ជាដើម។ ទោះជាយ៉ាងណា ​ការទាមទារ​របស់​បក្ស​នយោបាយ​ និង​អង្គការ​សង្គមស៊ីវិលទាំង​​​នេះ​ មិន​ត្រូវ​បាន​មេដឹកនាំ​រដ្ឋាភិបាល​ឯកបក្ស​ យកចិត្តទុក​ដាក់​ដោះស្រាយ​ឡើយ។​​​​

ឆ្លើយតប​រឿងនេះ​ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោតលោក ហង្ស ពុទ្ធា ​ថ្លែងការពារ​ថា ​សមាសភាព ​គ..ប ​ត្រូវបាន​បង្កើត​ឡើង​ស្របតាម​ច្បាប់​ដោយ​ឆ្លងកាត់​រដ្ឋសភា​​ ហើយ​ពួកគេ​មក​ពី​​គណបក្សណា​ក៏ដោយ​ ក៏ត្រូវតែ​គោរព​និង​អនុវត្តតាម​បទបញ្ជា​របស់​ គ...ដែរ​។ លោកបន្ថែមថា ​ចំពោះ​នីតិវិធី​ជ្រើសរើស​មន្ត្រីនៅ​ការិយា​ល័យ​បោះឆ្នោត​វិញ ​គ..ប​ បាន​ប្រកាស​ជា​សាធារណៈ​ហើយ​គ..ប​ មិន​បាន​ដឹងថា​ ពួកគេ​មកពី​ខាងណា​​នោះទេ​ សំខាន់​ឲ្យ​តែ​អ្នកទាំងនោះ​មានសមត្ថភាព​ និង​ពេលវេលា​ធ្វើការ​៖ «សមាស​ភាព ​គ..ប​ ទោះបី​ជា​មកពី​ខាងណា​ក៏ដោយ ​សំខាន់​គោរព​បទបញ្ជាផ្ទៃក្នុង​ហើយ​បទបញ្ជាផ្ទៃក្នុង​មាន​តម្លាភាព ​ផ្សព្វផ្សាយជាទូទៅ ​ដើម្បី​ដាក់​ឲ្យ​សមាភាព​ គ..ប​ ត្រូវតែ​អព្យាក្រឹត​ក្នុងការ​បំពេញ​តួនាទី​របស់ខ្លួន ​រហូត​ដល់​ច្បាប់​មិនអនុញ្ញាត​សមាសភាព​ទាំង​ ៩នាក់​ចេញ​ទៅ​បោះ​ឆ្នោត​​ផង។ ការចោទប្រកាន់​យ៉ាងណា​នោះ ​វាគ្រាន់តែ​ជាទស្សនៈ ​ឬបញ្ចេញមតិ​ប៉ុន្តែ​ក្នុង​ស្ថានភាព​ជាក់ស្តែង​សមាសភាព​ទាំង​ ៩នាក់​បាន​បម្រើសេវា​ជូនបងប្អូន​សម្រាប់​ការ​បោះឆ្នោត​ហើយ»

ផ្ទុយពីការលើកឡើងនេះ ​អ្នក​​ឃ្លាំ​មើលការ​បោះឆ្នោត ​សង្កេតឃើញថា​ នៅពេល​ដែល​សមាសភាព​ថ្នាក់ដឹកនាំ​ស្ទើរតែ​ទាំង​អស់​នៃ​ស្ថាប័ន​ គ..ប ​ ​ចេញមក​ពីគណបក្ស​កាន់​អំណាចបែបនេះ​ ធ្វើឲ្យ​ស្ថាប័ន​ជាតិ​រៀប​ចំ​ការ​បោះឆ្នោតនេះ​​ លែង​មាន​យន្តការ​ត្រួត​ពិនិត្យ​ផ្ទៃក្នុង​ និង​គ្មាន​ទំនុកចិត្ត​ពី​គណបក្សនយោបាយដែលចូលរួមប្រគួតប្រជែង​ឡើយ។

អ្នក​​សម្រប​សម្រួល​ផ្នែក​អង្កេត និង​តស៊ូមតិ​នៃ​អង្គការ​ខុមហ្រ្វែល (COMFREL) ​លោក កន សាវាង្ស ​មានប្រសាសន៍ថា សមាស​ភាព ​គ..ប​ បច្ចុប្បន្ននេះ ​មិន​បាន​គោរព​តាម​ទម្រង់​ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ទៀតទេ។ លោក​បន្តថា ​រឿង​សមាសភាព ​គ..ប ​ គឺ​ជា​រឿង​សំខាន់ ​ហើយ​បើទោះបីជា​ការ​ជ្រើសរើស​សមាសភាព​និង​នីតិវិធី​ផ្សេង​ៗ​ របស់ គ..ប ​កន្លងមក ​ឆ្លងកាត់​រដ្ឋសភា​ក្តី​ ប៉ុន្តែ​រដ្ឋសភា​ដែល​មាន​​តែ​គណ​បក្សកាន់អំណាច​ គឺ​មិន​មាន​ការ​ត្រួតពិនិត្យ​ និង​ការជជែក​ដេញដោល​ឡើយ។ អ្នកឃ្លាំមើល​ការបោះ​ឆ្នោតរូបនេះបន្តថា ​កន្លងមកមាន​គណបក្ស​នយោបាយ​តិចតូច​ដែលចូលរួម​តាមដាន​ និង​ទាមទារ​ឲ្យ​មានការ​កែប្រែ​នីតិវិធី ​និង​សមាសភាព​ គ..ប៖ «ខ្ញុំគិតថា​ រឿង​នីតិវិធី​រឿងច្បាប់នេះ​ មិន​អាច​នឹងធ្វើ​មួយ​ពីរ​បានទេ​ត្រូវតែ​មានការ​ចូលរួមទាំង​អស់គ្នា​ ​ដើម្បី​តស៊ូ​ធ្វើម៉េច​បង្ហាញ​ទៅដល់​ចំណុច​ដែល​មានការ​ចន្លោះប្រហោង​ហ្នឹង​​ឲ្យមាន​ការ​កែប្រែ​។ ហើយជម្រើស​ដែលចូលរួមនេះ​ គឺជាការ​សម្រេចចិត្ត​​របស់​គណបក្សនយោបាយ​ក្នុងការ​ចូលរួម។​​ ដូច្នេះ​សំខាន់​ខ្លួនត្រូវតែ​ដឹងហើយ​ថា​ កាលណា​ចូលរួម​ក្នុង​បរិបទ​នៃច្បាប់​ដែល​ខ្លួន​ពេញចិត្ត ​ឬ​មិន​ពេញចិត្ត​នេះ ​គឺថា ​ខ្លួន​ត្រូវតែ​ទទួល​យក​នៅក្នុង​ដំណើការនេះ​»

ដោយសារតែ​​ស្ថាប័ន គ..ប រងការរិះគន់ថា ​ជា​ស្ថាប័ន​សេនាធិការ​របស់​គណបក្ស​កាន់​អំណាចក្រោយរំលាយគណបក្សសង្គ្រោះជាតិនោះ​ ប្រទេស​​​លោក​​សេរី​​រួមមាន ​សហរដ្ឋ​អាមេរិក ​និង​សហភាពអឺរ៉ុប​ជាដើម បាន​ផ្ដាច់​ជំនួយ​ទាំង​អស់​​លែង​ផ្ដល់​ឲ្យ​​ គ..ប​​​ និង​ឈប់​បញ្ជួន​អ្នក​សង្កេតការណ៍​ទៀត​ផង​។ ថ្មីៗ នេះ ​សហភាពអរ៉ុប​ ក៏បានព្រមាន​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម EBA ​ទាំងស្រុង ​បើរកឃើញថា​ ការបោះ​ឆ្នោត​នេះ ​មាន​ភាព​អយុត្តិធម៌។ មកទល់ពេលនេះ ក្រុមប្រទេសប្រជាធិបតេយ្យធំៗ ​អង្គការជាតិ​និង​អន្តរជាតិ ​រួមទាំង​គណបក្ស​នយោបាយផង ​នៅតែ​បន្ត​អំពាវនាវឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ​ស្តារ​លទ្ធិ​ប្រជាធិប​តេយ្យ​ និង​ការគោរពសិទ្ធិមនុស្ស​ ព្រមទាំង​​​​ធ្វើកំណែ​ទម្រង់​​ស្ថាប័ន​បោះឆ្នោត​ឲ្យស្របតាម​រដ្ឋធម្មនុញ្ញ​ឡើងវិញ​ ដើម្បី​ឲ្យការ​បោះឆ្នោតនេះ ​គ្មាន​បញ្ហា​ និង​អាច​ទទួល​យក​បាន​ពី​ភាគី​ពាក់ព័ន្ធ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។