អ្នកទោស​នយោបាយ​ថ្វាយ​លិខិត​សុំ​ព្រះ​មហាក្សត្រ​ធ្វើ​អន្តរាគមន៍​ទៅ​លោក ហ៊ុន សែន ឱ្យ​ដោះ​ស្រាយ​រឿង EBA

0:00 / 0:00

អ្នក​ទោស​នយោបាយ​មួយ​រូប គឺ​លោក គង់ ម៉ាស់ ថ្វាយ​លិខិត​ទូល​ស្នើសុំ​ព្រះមហាក្សត្រ មាន​ព្រះរាជ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ឲ្យ​ចាត់​វិធានការ​ជា​បន្ទាន់ ដើម្បី​រក្សា​ឲ្យ​បាន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម EBA។ ការ​ថ្វាយ​លិខិត​ស្នើសុំ​នេះ គឺ​ធ្វើ​ឡើង​នៅ​មុន​មួយ​ថ្ងៃ​ដែល​គណៈកម្មការ​អឺរ៉ុប នឹង​ចេញ​សេចក្ដី​សម្រេច​ចុងក្រោយ ជុំវិញ​ការ​ព្យួរ ឬ​មិន​ព្យួរ ឬ​ព្យួរ​ផ្នែក​ខ្លះ​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅ​ថ្ងៃ​ទី១២ ខែ​កុម្ភៈ ។

ភរិយា​របស់​លោក គង់ ម៉ាស់ គឺ​លោកស្រី កុល សាត ប្រាប់​អាស៊ី​សេរី​ថា ស្វាមី​របស់​លោក​ស្រី បាន សរសេរ​លិខិត​មួយ​ច្បាប់ កាល​ពី​ថ្ងៃ​ទី១០ ខែ​កុម្ភៈ ទូល​ថ្វាយ​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ស្នើ​ព្រះ​រាជ​អន្តរាគមន៍ ពី​ព្រះ​អង្គ​ជំរុញ​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​បន្ទន់​ឥរិយាបថ​ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​នយោបាយ និង​បញ្ហា​នានា តាម​សំណើ​របស់​សហគមន៍​អឺរ៉ុប ដើម្បី​រក្សា​ឲ្យ​បាន​នូវ​ប្រព័ន្ធ អនុគ្រោះ​ពន្ធEBA ។ លោកស្រី កុល សាត បន្ត​ថា ប្តី​របស់​លោកស្រី​បាន​ថ្វាយ​លិខិត​នេះ តាម​រយៈ​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ "ម១" ឬ​ហៅ​ថា ពន្ធនាគារ​ព្រៃ​ស។ ប្រពន្ធ​របស់​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​រំពឹង​ថា ខាង​ពន្ធនាគារ នឹង​បញ្ជូន​លិខិត​ទៅ​ដល់​ព្រះ​បរម​រាជវាំង​តាម​បំណង​របស់​លោក គង់ ម៉ាស់ ដែល​មាន​ក្ដី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ការ​បាត់​បង់ EBA ដែល​នឹង​ដល់​ពេល​កំណត់​ត្រឹម​ថ្ងៃ​ទី១២ ខែ​កុម្ភៈ៖ «ក្នុង​កម្មវត្ថុ​នោះ​គាត់​សរសេរ​អំពី​ក្ដី​បារម្ភ​របស់​គាត់​ដោយ​ដឹង​ថា សហភាព​អឺរ៉ុប នឹង​កាត់​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ EBA នៅ​ថ្ងៃ​ទី១២ ខែ​កុម្ភៈ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា ជា​ពិសេស ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់ ដែល​កំពុង​ទទួល​បាន​អត្ថប្រយោជន៍ EBA។ ក្នុង​ខ្លឹមសារ​ចុង​ក្រោយ​របស់​គាត់ ក៏​បាន​សំណូមពរ​ឲ្យ​ព្រះករុណា ជួយ​ផ្សះផ្សា​នយោបាយ ដែល​ជាប់​គាំង​ឲ្យ​មក​ភាព​ប្រក្រតី​វិញ ជា​ពិសេស ក៏​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល ដោះ​លែង​អ្នក​ទោស​នយោបាយ​គ្រប់​និន្នាការ ឲ្យ​មាន​សេរីភាព​ជួប​ជុំ​ក្រុម​គ្រួសារ​ឡើង​វិញ»។

លោក គង់ ម៉ាស់ គឺ​ជា​សមាជិក​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង ត្រូវ​បាន​គេ​ស្គាល់ ថា អ្នក​នយោបាយ​មូលដ្ឋាន​ដ៏​សកម្ម និង​ក្លាហាន​ម្នាក់។ លោក ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី១៦ ខែ​មករា ឆ្នាំ២០១៩ ដោយ​គិត​មក​ទល់​ពេល​នេះ លោក​កំពុង​ជាប់​ក្នុង​ពន្ធនាការ​ព្រៃ​ស​ជាង ១ឆ្នាំ​ហើយ ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​រិះគន់​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​លើ​ហ្វេសប៊ុក។

អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក នុត សាវនា មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​ឃើញ លិខិត​របស់​លោក គង់ ម៉ាស់ នៅ​ឡើយ​ទេ ហើយ​លោក​មិន​ធានា​ថា លិខិត​នោះ​អាច​បញ្ជូន​ទៅ​ដល់​ព្រះ​បរម​រាជវាំង​នៅ​ពេល​ណា​នោះ​ឡើយ ព្រោះ​មន្ត្រី​ពន្ធនាគារ ត្រូវ​ការ​ពិនិត្យ​មើល​ខ្លឹមសារ​លិខិត​នោះ​ជា​មុន​សិន៖ « តាម​នីតិវិធី​យើង រាល់​លិខិត​ទាំង​អស់ ត្រូវ​ពិនិត្យ​ដោយ​មន្ត្រី​ពន្ធនាគារ រួច​ទើប​សុំ​គោល​ការណ៍​ទៅ​ព្រះរាជ​អាជ្ញា ឬ​ខាង​អគ្គនាយកដ្ឋាន​ពន្ធនាគារ ដើម្បី​យើង​អាច ព្រោះ​ថា អា​លិខិត​ខ្លះ​វា​មាន​លក្ខណៈ​ចរិត​នយោបាយ ចំពោះ​លិខិត​លក្ខណៈ​គ្រួសារ​អត់​អី​ទេ យើង​បញ្ជូន​ត​ឲ្យ​ភ្លាមៗ ប៉ុន្តែ​លិខិត​ខ្លះ ត្រូវ​ឡើង​ដល់​ព្រះមហាក្សត្រ ឬ​ទៅ​ប្រមុខ​រដ្ឋ អ៊ីចឹង​មាន​ចរិត​នយោបាយ​អ៊ីចឹង គឺ​យើង​ត្រូវ​សុំ​គោលការណ៍​សិន។ បើ​គាត់​ទើប​ផ្ញើ​ម្សិលមិញ​ទេ ខ្ញុំ​ជឿ​ថា មិន​ទាន់​ដល់​ព្រះ​បរម​រាជវាំង​ទេ »

គណៈកម្មការ​អឺរ៉ុប នឹង​ចេញ​សេចក្ដី​សម្រេច​ចុង​ក្រោយ នៅ​ថ្ងៃ​ទី១២ ខែ​កុម្ភៈ​នេះ ជុំវិញ​ការ​ព្យួរ ឬ​មិន​ព្យួរ ឬ​ព្យួរ​ផ្នែក​ខ្លះ​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា ការ​ព្រួយ​បារម្ភ​របស់​លោក គង់ ម៉ាស់ គឺ​ជា​រឿង​ត្រឹម​ត្រូវ ព្រោះ​លោក និង​អ្នក​ដទៃ​ទៀត សុទ្ធតែ​មាន​ការ​ព្រួយ​បារម្ភ​ដូចៗ គ្នា​ខ្លាច​បាត់​បង់ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA។ លោក រ៉ុង ឈុន បន្ត​ថា លោក ស្តោក​ស្ដាយ​ដែល​រដ្ឋាភិបាល បង្ហាញ​ជំហរ មិន​ខ្វាយខ្វល់​រឿង​បាត់​បង់ EBA ក្រោម​លេស​មិន​សម​ទំនង​ថា មិន​ចង់​ឱន​ក្បាល ឬ​ដោះដូរ​អធិបតេយ្យ​កម្ពុជា​ទៅ​វិញ។ តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​រូប​នេះ យល់​ឃើញ​ថា បើ​លោក ហ៊ុន សែន បណ្ដោយ​ឲ្យ​បាត់បង់ EBA នោះ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP របស់​អាមេរិក ក៏​នឹង​បាត់បង់​ដែរ ហើយ​ទណ្ឌកម្ម​ផ្សេងៗ ទៀត ក៏​នឹង​ធ្លាក់​លើ​រដ្ឋាភិបាល​នេះ ជាបន្តបន្ទាប់។ ដូច្នេះ​ករណី​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដល់​មុខ​មាត់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ ព្រម​ទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ធំធេង​ដល់​វិស័យ សេដ្ឋកិច្ច​កម្ពុជា ជា​ពិសេស វិស័យ​កាត់​ដេរ៖ « តាម​ពិត​នេះ​មិន​មែន​ជា​ការ​លក់ ឬ​ដោះ​ដូរ​នូវ​អធិបតេយ្យ​ជាតិ​ទេ ព្រោះ​មុន​នឹង​ទទួល​បាន EBA ក៏​យើង​ត្រូវ​មាន​កិច្ច​សន្យា​ថា យើង​នឹង​គោរព​សិទ្ធិ​ការងារ គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ ទើប​បាន​ជា​សហភាព​អឺរ៉ុប​ផ្តល់ EBA ដល់​កម្ពុជា​យើង។ បើ​រដ្ឋាភិបាល​ធ្វើ​ការ​កែ​លម្អ​ឡើង​វិញ ទៅ​តាម​ការ​ស្នើសុំ​របស់​សហភាព​អឺរ៉ុប និង​ធ្វើ​ឲ្យ​ស្ថានភាព​ដូច​កាល​បោះ​ឆ្នោត​ឃុំ​សង្កាត់ ឆ្នាំ២០១៧ គឺ​ពេល​ហ្នឹង កម្ពុជា​មិន​បាត់​បង់ EBA ទេ »

នៅ​ថ្ងៃ​ពុធ ទី១២ ខែ​កុម្ភៈ​នេះ គេ​រំពឹង​ថា គណៈកម្មការ​អឺរ៉ុប​នឹង​ចេញ​សេចក្ដី​សម្រេច​ជា​ផ្លូវ​ការ​របស់​ខ្លួន​ស្ដីពី​អនាគត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដល់​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។