អ្នកជាប់ឃុំក្នុងពន្ធនាគារព្រៃស ពាក់ព័ន្ធនឹងរឿងនយោបាយម្នាក់ ស្នើសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រឲ្យដោះលែង ក្រោយពេលរបបក្រុងភ្នំពេញ នៅតែបន្តឃុំខ្លួន។ អ្នកឃ្លាំមើលសិទ្ធិមនុស្សជំរុញឲ្យរដ្ឋាភិបាលដោះលែង និងទម្លាក់ចោលបទចោទប្រកាន់ប្រឆាំងអ្នកជាប់ឃុំពាក់ព័ន្ធនឹងរឿងនយោបាយទាំងអស់។
ភរិយារបស់សកម្មជនបក្សប្រឆាំង លោក ប៉ាន សុខសុវណ្ណនី គឺលោកស្រី ស ខ្ចី ប្រាប់ថា ស្វាមីលោកស្រី បានផ្ដល់ដំណឹងមកថា លោកមានបំណងឲ្យលោកស្រី បង្ហោះសារតាមហ្វេសប៊ុក (facebook) ស្នើសុំព្រះមហាក្សត្រ ចេញធ្វើព្រះរាជអន្តរាគមន៍ ដើម្បីដោះលែងអ្នកទោសនយោបាយកំពុងជាប់ឃុំទាំងអស់ ដែលរបបក្រុងភ្នំពេញមិនព្រមដោះលែង៖ « គាត់ទាក់ទងមកប្អូនគាត់ហ្នឹង តាមទូរស័ព្ទដៃថា សុំឲ្យខ្ញុំហ្នឹង ផុសរូបគាត់ ជាមួយព្រះមហាក្សត្រ ស្នើសុំព្រះមហាក្សត្រហ្នឹង លើកលែងទោសឲ្យគាត់ផង»។
ចំណែកស្ថានភាពលោក ប៉ាន សុខសុវណ្ណនី នៅក្នុងពន្ធនាគារព្រៃស ត្រូវបានលោកស្រី ស ខ្ចី ប្រាប់ថា លោកឈឺធ្ងន់ពីមួយថ្ងៃទៅមួយថ្ងៃ ដេកមិនបាន កើតកមរមាស់ពេញខ្លួន ហើយអេះខ្លាំងពេក រហូតក្លាយជាដំបៅដោយដុំ។ ជាងនេះទៀត ស្ថានភាពលោកស្រី និងកូនតូចអាយុ ៩ខែ ដែលកំពុងភៀសខ្លួនក្នុងប្រទេសថៃ ក៏កំពុងប្រឈមបញ្ហាសុវត្ថិភាព និងជីវភាពដែរ។
លោក ប៉ាន សុខសុវណ្ណនី គឺជាសកម្មជនគណបក្សសង្គ្រោះជាតិ ប្រចាំស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ លោកធ្លាប់បានរត់ភៀសខ្លួន ទៅប្រទេសថៃ នៅអំឡុងឆ្នាំ២០១៨ ហើយបានបង្ហោះសារធ្វើយុទ្ធនាការ ម្រាមដៃស្អាត ប្រឆាំងនឹងព្រឹត្តិការណ៍បោះឆ្នោតឆ្នាំ២០១៨ និងរិះគន់របបក្រុងភ្នំពេញតាមហ្វេសប៊ុក (Facebook)។
លោកត្រូវបាននគរបាលចាប់ខ្លួន នៅពេលលោកលបចូលប្រទេសវិញ នៅចុងមករា ឆ្នាំ២០១៩ ដើម្បីទៅមើលម្ដាយមានជំងឺធ្ងន់។ នគរបាលបានចោទប្រកាន់ ៤ករណី គឺបទញុះញង់ ជេរប្រមាថរដ្ឋាភិបាល ក្បត់ជាតិ និងលួចលាក់អាវុធខុសច្បាប់។ ពេលបញ្ជូនទៅតុលាការ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់មួយករណី គឺបទជេរប្រមាថជាសាធារណៈ តាមបណ្ដាញសង្គមហ្វេសប៊ុក ហើយតុលាការសម្រេចទោសជាប់ពន្ធនាគារ ១ឆ្នាំកន្លះ គិតពីថ្ងៃចាប់ខ្លួន។
ជុំវិញបំណងស្នើសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រនេះ អាស៊ីសេរី មិនអាចសុំអត្ថាធិប្បាយបញ្ជាក់ពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានទេ នៅថ្ងៃទី៧ កុម្ភៈ។ ប៉ុន្តែ កន្លងមក លោក ហ៊ុន សែន ធ្លាប់លើកឡើងថា មានតែនាយករដ្ឋមន្ត្រីម្នាក់គត់ ដែលមានសិទ្ធិ ធ្វើសំណើថ្វាយព្រះមហាក្សត្រ សុំព្រះរាជទានទោសដល់ទណ្ឌិតបាន។
អ្នកនាំពាក្យសមាគមសិទ្ធិមនុស្ស អាដហុក (Adhoc) លោក ស៊ឹង សែនករុណា យល់ថា បំណងដាក់សំណើសុំថ្វាយព្រះមហាក្សត្ររកព្រះរាជអន្តរាគមន៍ ជាសិទ្ធិរបស់របស់ពលរដ្ឋ ក្នុងការស្វែងរកដំណោះស្រាយ។ ប៉ុន្តែយ៉ាងណា លោកយល់ថា គួរតែមានការសម្របសម្រួលដោះលែងអ្នកជាប់ឃុំពាក់ព័ន្ធនឹងរឿងនយោបាយឲ្យអស់ ដើម្បីមុខមាត់របស់រដ្ឋាភិបាល៖ « យើងឃើញថា កន្លងមកហ្នឹង ឃើញមានការយកចិត្តទុកដាក់ នៅក្នុងពេលដែលប្រមុខរាជរដ្ឋាភិបាល បានឲ្យមានការដោះលែងរួចទៅហើយ ហើយយើងឃើញថា មានការដោះលែងជាច្រើននាក់ទៅទៀត ហើយចុះហេតុអ្វី អ្នកដែលនៅសេសសល់ប៉ិនហ្នឹង ម្ដេចមិនដោះលែងឲ្យពួកគាត់មានសេរីភាព ដើម្បីធ្វើការជួបជុំគ្រួសារ ហើយជាពិសេសអ្នកដែលគាត់មានជំងឺជាប់ខ្លួនអ៊ីចឹងទៀត»។
មេដឹកនាំរបបក្រុងភ្នំពេញ បានបញ្ជាឱ្យដោះលែងអ្នកទោសនយោបាយជាង ៧០នាក់រួចហើយ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។ មេធាវីកាន់ក្ដីរបស់សកម្មជនបក្សប្រឆាំង លោក សំ សុគង់ ធ្លាប់ឲ្យដឹងថា នៅសល់អ្នកជាប់ឃុំពាក់ព័ន្ធរឿងនយោបាយជាង ១០នាក់ទៀត ដែលមិនទាន់ទទួលបានការដោះលែងនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។