តុលាការក្រុងភ្នំពេញគ្មានភស្តុតាងចោទប្រកាន់អតីតមេឃុំជាប់ឆ្នោតបក្សប្រឆាំងអ្នកស្រី កឹម តុលា ក្នុងសំណុំរឿងញុះញង់
2023.02.06

តុលាការក្រុងភ្នំពេញគ្មានភស្តុតាងចោទប្រកាន់អតីមេឃុំជាប់ឆ្នោតបក្សប្រឆាំងអ្នកស្រី កឹម តុលា ក្នុងសំណុំរឿងញុះញង់ ប៉ុន្តែតុលាការនឹងប្រកាសសាលក្រមនៅចុងខែកុម្ភខាងមុខ ក្រោយបញ្ចប់សវនាការជំនុំជម្រះសាឡើងវិញនៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ។ មេធាវី និងមន្រ្តីសិទ្ធិមនុស្សស្នើដល់តុលាការទម្លាក់ការចោទប្រកាន់ និងដោះលែងអ្នកស្រី កឹម តុលា ឱ្យមានសេរីភាពជួបជុំគ្រួសារឡើងវិញ។
សមត្ថកិច្ចបានដឹកអ្នកស្រី កឹម តុលា រួមជាមួយសាក្សីដែលជាសកម្មជននិងពលករគាំទ្របក្សប្រឆាំង គឺអ្នកស្រី ឡាញ់ ថាវរី និងលោក ម៉ិច ហ៊ាង តាមរថយន្តពីពន្ធនាគារមកកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃព្រឹកថ្ងៃទី៦ ខែកុម្ភៈ។
សវនាការជំនុំជម្រះសារឡើងវិញចំពោះអតីតមេឃុំបក្សប្រឆាំងគឺអ្នកស្រី កឹម តុលា ដោយតុលាការចាប់ផ្តើមសួរដេញដោលសកម្មជនគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំចំនួនបីនាក់នៅក្នុងសំណុំរឿង ញុះញង់ ។ ក្នុងបន្ទាប់សវនាការតូចអ្នកស្រី កឹម តុលា ប្រាប់តុលាការថានាងមិន បានជាប់ពាក់ព័ន្ធនឹងករណីអ្នកស្រី ឡាញ់ ថាវរី និងលោក ម៉ិច ហ៊ាង ដែលបង្ហោះនៅលើហ្វេសកន្លងមកទេ។ បន្ទាប់មកលោក ម៉ិច ហ៊ាង ឆ្លើយតបនឹងសំនួររបស់តុលាការថាលោកមិនដែលស្គាល់អ្នកស្រី កឹម តុលា ហើយចុងក្រោយអ្នកស្រី ឡាញ់ ថាវរី ប្រាប់តុលាការដែរថា អ្នកស្រី កឹម តុលា មានតែហ្វ្រេននៅក្នុងហ្វេស (Facebook Friend) ជាមួយអ្នកស្រី ប៉ុន្តែអ្នកស្រី កឹម តុលា មិនជាប់ពាក់ព័ន្ធរឿងបង្ហោះសារនៅលើហ្វេសប៊ុកទេ សូម្បីតែចែករំលែក(Share) ឬឡែក(Like) ក៏ដោយ។ សវនាការនេះ តុលាការគ្មានភស្តុតាងដាក់បន្ទុកលើអ្នកស្រី កឹម តុលា ឡើយ។
ទោះយ៉ាងណា តំណាងអយ្យការនៅតែរក្សាទុកការចោទប្រកាន់ដដែល ប៉ុន្តែមេធាវីជនជាប់ចោទទាមទារឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់នោះ។ សវនាការបានបញ្ចប់ការសួរដេញដោល ដែលតុលាការធ្វើការសន្និដ្ឋានដោយរង់ចាំចេញសាលក្រម។ តុលាការនឹងប្រកាសសាលក្រមសំណុំរឿងនេះនៅថ្ងៃទី២៧ ខែកុម្ភៈខាងមុខ។
មេធាវីរបស់អតីតមេឃុំជាប់ឆ្នោតនៃបក្សសង្គ្រោះជាតិអ្នកស្រី កឹម តុលា គឺលោក កែត ឃី ប្រាប់វិទ្យុអាស៊ីសេរីថា កន្លងមកតុលាការគ្រាន់តែពាក្យមួយមាត់ដែលអ្នកស្រី ឡាញ់ ថាវរី ឆ្លើយប្រាប់សមត្ថកិច្ចថា ស្គាល់អ្នកស្រី កឹម តុលា តាមហ្វេសប៊ុកនោះ តុលាការបានកាត់ទោសកូនក្តីរបស់លោកឱ្យជាប់គុក១៨ខែ ដោយមិនអាចទទួលយកបានឡើយ។ លោកបញ្ជាក់ថា សវនាការជំនុំជម្រះសាឡើងវិញនេះ តុលាការពុំមានភស្តុតាង ឬឯកសារណាមួយដើម្បីយកមកដាក់បន្ទុកលើកូនក្តីរបស់លោកដូចការចោទប្រកាន់ឡើយ៖
«គាត់ (កឹម តុលា) មិនជាប់ពាក់ព័ន្ធនឹងសំណុំរឿងជាមួយអ្នកស្រី ឡាញ់ ថាវរី និងលោក ម៉ិច ហ៊ាង ទេគាត់អត់ដែលស្គាល់គ្នាជាមួយលោក ម៉ិច ហ៊ាង ហើយអ្នកស្រី ឡាញ់ ថាវរី គ្រាន់តែមាននៅមិត្តក្នុងហ្វេសប៊ុក អ៊ីចឹងយកគាត់មកពាក់ព័ន្ធគឺជារឿងមិនត្រឹមត្រូវទេ យើងទាមទារឱ្យទម្លាក់បទចោទ ហើយលុបចោលសេចក្តីសម្រេចចំណុចទីមួយទាក់ទងចំណុច «ច» ចោលដើម្បីឱ្យគាត់រួចផុតពីបទចោទបាទ»។
សមត្ថកិច្ចបានឃាត់ខ្លួនអ្នកស្រី កឹម តុលា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីចុងខែតុលា ឆ្នាំ២០២២ ដោយសារអ្នកស្រីប្រើលិខិតឆ្លងដែនដែលអាជ្ញាធរដាក់ក្នុងបញ្ជីខ្មៅ (Black List) ដើម្បីធ្វើដំណើរចេញពីកម្ពុជាក្នុងគោលបំណងទៅរស់នៅជាមួយប្តីនៅប្រទេសអាឡឺម៉ង់ (Germany)។
ការចាប់ខ្លួនអ្នកស្រី កឹម តុលា ជាលើកទី២ ធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ កាលពីខែសីហា ឆ្នាំ២០២២ បានចេញសាលក្រមកំបាំងមុខ ផ្ដន្ទាទោសអ្នកស្រីជាមួយអតីតមេឃុំឬស្សីក្រោក ខេត្តបន្ទាយមានជ័យ អ្នកស្រី ឡាញ់ ថាវរី និងពលករម្នាក់គឺលោក ម៉ិច ហ៊ាង ព្រមទាំងមន្ត្រីបក្សសង្គ្រោះជាតិកំពុងភៀសខ្លួននៅក្រៅប្រទេសចំនួន៤រូបទៀតពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដោយតុលាការកាត់ទោសពួកគេដាក់ពន្ធនាគារក្នុងម្នាក់ៗរយៈពេល ១៨ខែ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ ដើម្បីបញ្ជាក់ជុំវិញរឿងនេះបានទេនៅថ្ងៃទី៦ ខែកុម្ភៈ។
ជុំវិញរឿងនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) លោក ស៊ឹង សែនករុណា កត់សម្គាល់ថា មេដឹកនាំ និងសកម្មជនបក្សប្រឆាំងតែងរងការធ្វើទុក្ខបុកម្នេញ ការចោទប្រកាន់ ចាប់ខ្លួនដាក់ពន្ធនាគាររហូតមកដល់សព្វថ្ងៃនេះ ដោយសាររឿងវិវាទនយោបាយ។ លោកបញ្ជាក់ថាសង្គមប្រកាន់របបប្រជាធិបតេយ្យពលរដ្ឋមានសិទ្ធិបញ្ចេញមតិយោបល់ ឬទស្សនៈរបស់ពួកគេដោយពុំមានទោសកំហុសឡើយ។ លោក ស៊ឹង សែនករុណា សង្ឃឹមថាតុលាការនឹងសម្រេចក្តីដោយយុត្តិធម៌លើសំណុំរឿងនេះ៖
«គួរតែមានការបញ្ចប់វិវាទនយោបាយហើយ គឺងាកមករកដំណោះស្រាយមួយដែលគិតពីផលប្រយោជន៍ជាតិផលប្រយោជន៍រួមរបស់ប្រទេសជាតិជារឿងល្អគួរតែធ្វើជាជាង យើងចេះតែបណ្តែតបណ្តោយឱ្យបញ្ហាហ្នឹងចេះតែកើតមានឡើងដោយគ្មានដំណោះស្រាយ ប្រជាពលរដ្ឋចេះតែរងគ្រោះទុក្ខដោយសារតែការគ្រប់គ្រង ការដឹកនាំផ្នែកនយោបាយ អ៊ីចឹងទៅធ្វើឱ្យប៉ះពាល់ឬរំខានដល់ផលប្រយោជន៍ដល់សង្គមជាតិយើងបាទ»។
មេឃុំជាប់ឆ្នោតនៃគណបក្សសង្គ្រោះជាតិនៅឃុំត្រែងត្រយឹង លោកស្រី កឹម តុលា ធ្លាប់បានរត់ភៀសខ្លួនទៅជ្រកកោននយោបាយក្នុងប្រទេសថៃមួយរយៈ ក្រោយតុលាការខេត្តកំពង់ស្ពឺចេញដីកាកោះហៅទៅបំភ្លឺរឿងបង្ហោះសារគាំទ្រលោក កឹម សុខា និងលោក សម រង្ស៊ី ជាមនុស្សតែមួយ និងបង្ហោះសារគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កាលពីចុងឆ្នាំ២០១៩។ អ្នកស្រី បានវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ ក្រោយពីមេដឹកនាំក្រុងភ្នំពេញ លោក ហ៊ុន សែន អំពាវនាវឲ្យសកម្មជនបក្សប្រឆាំងដែលកំពុងរត់គេចខ្លួនទាំងអស់ ត្រឡប់ចូលផ្ទះសម្បែងវិញ។ ប៉ុន្តែក្រោយពេលអ្នកស្រី វិលត្រឡប់ទៅកម្ពុជា សមត្ថកិច្ច បានឡោមព័ទ្ធចាប់ខ្លួនអ្នកស្រី ដាក់ឃុំក្នុងពន្ធនាគាររយៈពេលជាង៣ខែទើបដោះលែងវិញ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។
បច្ចុប្បន្នមានសកម្មជននយោបាយ សកម្មជន អ្នកសារព័ត៌មាន មេសហជីព ប្រមាណ៦០នាក់កំពុងជាប់នៅពន្ធនាគារ ហើយភាគច្រើនពួកគេត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់និង រួមគំនិតក្បត់។ ប៉ុន្តែកន្លងមកអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ ព្រមទាំងប្រទេសសេរីមួយចំនួនចាត់ទុកការចាប់ខ្លួននេះថាជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយច្រើនជាងការអនុវត្តច្បាប់ និងស្នើឱ្យតុលាការដោះលែងពួកគេឱ្យមានសេរីភាពឡើងវិញដោយឥតលក្ខខ័ណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។