ក្នុងសារលិខិតផ្ញើជូនជនរួមជាតិខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ លោក ហ៊ុន សែន ក្រៅពីបានសរសើររបបរបស់លោកថា បានទប់ស្កាត់ឧបាយកលបដិវត្តន៍ពណ៌បានដោយជោគជ័យនៅក្នុងឆ្នាំចាស់ លោក ហ៊ុន សែន មិនភ្លេចអំពាវដល់ពលរដ្ឋខ្មែរនៅទូទាំងប្រទេសឲ្យទៅចូលរួមបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ នៅថ្ងៃអាទិត្យទី២៩ កក្កដា ខាងមុខនេះ កុំបីខាន។ ការអំពាវនាវនេះ ធ្វើឡើងស្របពេលដែលក្រុមមន្ត្រីបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលឃ្លាំមើលដំណើរការបោះឆ្នោតមួយចំនួន កំពុងពិចារណាដោយប្រយ័ត្នប្រយែង ត្រៀមធ្វើពហិការ និងអំពាវនាវឲ្យពលរដ្ឋខ្មែរកុំចូលរួមការបោះឆ្នោតនេះ។
ខណៈដែលប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសត្រៀមនឹងរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ទទួលទេវតាឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ដែលនឹងឈានចូលមកនាថ្ងៃសៅរ៍ ទី១៤ ខែមេសានេះ អតីតកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហម លោក ហ៊ុន សែន ដែលធ្លាប់តែប្រើភាសាហិង្សាគំរាមកំហែងកាប់សម្លាប់ពូជសាសន៍ខ្មែរគ្នាឯង បានជូនពរដល់ជនរួមជាតិខ្មែរទាំងអស់ដែលកំពុងរស់នៅក្នុង និងក្រៅប្រទេស ឲ្យបានប្រកបដោយក្តីសោមនស្សរីករាយ សិរីសួស្តី និងជ័យមង្គលដ៏ឧត្ដុង្គឧត្ដមក្នុងក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។ តែអ្វីដែលខុសប្លែកសម្រាប់សារឆ្នាំថ្មីនេះ ទំនងជាភ័យខ្លាចពលរដ្ឋខ្មែរធ្វើពហិការមិនទៅចូលរួមបោះឆ្នោត លោក ហ៊ុន សែន មិនភ្លេចឡើយលើកឡើងនៅផ្នែកខាងដើមបង្អស់នៃសាររបស់លោកនេះថា ឆ្នាំច ដែលជាឆ្នាំថ្មីនេះ គឺជាឆ្នាំដែលរបបរបស់លោក នឹងត្រូវរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៃរដ្ឋសភា។ ម្ដងហើយម្តងទៀត លោកបានឆ្លៀតអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ដែលមានសិទ្ធិបោះឆ្នោត ហើយដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតរួចហើយ ឲ្យទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ឲ្យបានគ្រប់គ្នាកុំបីខាន ក្នុងអ្វីមួយដែលលោកថា ដើម្បីអនុវត្តសិទ្ធិពលរដ្ឋ ក្នុងឋានៈជាម្ចាស់ជោគវាសនានៃប្រទេសរបស់ខ្លួន។
ការអំពាវឲ្យពលរដ្ឋខ្មែរទៅចូលរួមបោះឆ្នោតនេះ ធ្វើឡើងក្រោយពីគណបក្សប្រជាជនកម្ពុជា និងរបបរបស់លោក បានសម្រេចរួចជាស្រេចទៅហើយក្នុងការធានាថាការបោះឆ្នោតខាងមុខនេះ គណបក្សរបស់លោក និងលោក ហ៊ុន សែន ខ្លួនឯង នឹងនៅតែឈ្នះការបោះឆ្នោតនេះ ដើម្បីរក្សាការបន្តកាន់អំណាច និងធ្វើជានាយករដ្ឋមន្ត្រីតទៅទៀត។
ការធានាជ័យជម្នះជាមុននេះ ធ្វើឡើងតាមរយៈការផ្ដួលដៃគូប្រកួតដ៏ស្រួចស្រាល់ឲ្យហើយនៅមុនការបោះឆ្នោតមកដល់ ដែលនោះគឺការរម្លាយគណបក្សសង្គ្រោះជាតិ និងការគាស់រម្លើងស្ថាប័នប្រជាធិបតេយ្យនៅក្នុងប្រទេស តាមរយៈការបង្កើតប្រព័ន្ធច្បាប់នានា ក្រោមលេសថា ដើម្បីប្រឆាំងនឹងបដិវត្តពណ៌។ បដិវត្តពណ៌ដែលលោកបានលើកឡើងនៅក្នុងសារនោះថា គឺជាឧបាយកលរបស់គណបក្សប្រឆាំងដែលឃុបឃិតជាមួយបរទេស ប៉ុនប៉ងផ្ដួលរំលំរបបរបស់លោក។ លោក ហ៊ុន សែន បានសរសើរថា ក្នុងឆ្នាំចាស់កន្លងទៅនេះ របបរបស់លោកបានទប់ស្កាត់ដោយជោគជ័យ តាមរយៈវិធានការច្បាប់ដ៏ម៉ឺងម៉ាត់ ធ្វើឲ្យបដិវត្តន៍ពណ៌ត្រូវបានបរាជ័យយ៉ាងធ្ងន់ធ្ងរព្រមទាំងបញ្ចៀសបាននូវគ្រោះមហន្តរាយជាថ្មីនេះ។
អ្នកវិភាគនយោបាយ និងសិក្សាស្រាវជ្រាវបញ្ហាសង្គម លោកបណ្ឌិត មាស នី យល់ថា ការអំពាវនាវរបស់លោក ហ៊ុន សែន ម្ដងហើយម្តងទៀត ក្នុងឱកាសទិវាបុណ្យចូលឆ្នាំថ្មីនេះ បើទោះបីជានេះគឺជាកាតព្វកិច្ចមួយក្នុងនាមជាប្រមុខរបបដឹកនាំមួយក៏ដោយ តែការអំពាវនាវនេះក៏បង្ហាញឲ្យឃើញពីការព្រួយបារម្ភមួយរបស់របបលោក ហ៊ុន សែន ផងដែរ ខ្លាចពលរដ្ឋមិនទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ក្រោយពេលដែលលោក បានរម្លាយគណបក្សប្រឆាំងដ៏ធំជាងគេរួចហើយ៖ «ព្រោះអីបើយើងមើលទិដ្ឋភាពនៃការវិវត្តន៍នយោបាយមកដល់ពេលនេះ យើងអត់ទាន់ដឹងច្បាស់ថា តើអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ប្រមាណជាបីលាននាក់ហ្នឹង គេនឹងទៅបោះឆ្នោតដែរ ឬអត់។ អ៊ីញ្ចឹង ខ្ញុំគិតថា នៅក្នុងការគិតឃើញរបស់គណបក្សកាន់អំណាច គាត់នៅតែចង់បាននូវអ្វីដែលជាភាពស្របច្បាប់ ពិសេសការចេញទៅបោះឆ្នោតឲ្យបានច្រើនសម្រាប់ពលរដ្ឋខ្មែរទូទៅ។ អ៊ីចឹងការអំពាវនាវនេះ ក៏វាជាកាតព្វកិច្ចមួយរបស់រដ្ឋាភិបាល។ យើងគិតថា រដ្ឋាភិបាលគាត់មានមូលហេតុគ្រប់គ្រាន់ក្នុងការព្រួយបារម្ភខ្លាចក្រែងលោពលរដ្ឋហ្នឹង មិនបានទៅបោះឆ្នោតឲ្យបានគ្រប់គ្នា»។
លោកបណ្ឌិត មាស នី បន្តថា មកទល់ពេលនេះ គេនៅមិនទាន់ដឹងថា ទឹកចិត្តពិតប្រាកដរបស់ពលរដ្ឋខ្មែរជាងបីលាននាក់ ដែលជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនោះ នឹងសម្រេចទៅបោះឆ្នោតឬយ៉ាងណានោះទេ។ លោកថា ប្រសិនបើចំនួនអ្នកទៅបោះ អាចមានតិចពេក នោះនឹងអាចធ្វើឲ្យគុណភាពនៃការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ នោះចោទជាបញ្ហា។
ក្រោយការរម្លាយគណបក្សប្រឆាំង ទាំងសហគមន៍ជាតិ និងទាំងសហគមន៍អន្តរជាតិ បានថ្កោលទោសរបបក្រុងភ្នំពេញ មិនដាច់ពីមាត់ និងបានព្រមានរួចជាស្រេចហើយថា ការបោះឆ្នោតខាងមុខនេះនឹងប្រែក្លាយជាគ្មានន័យ ពុំអាចយកជាការបាន និងពុំស្របច្បាប់ និងជាការអាម៉ាស់ ប្រសិនបើរបបនេះ នៅតែបន្តដំណើរការការបោះឆ្នោតដោយពុំមានវត្តមានរបស់គណបក្សសង្គ្រោះជាតិ។
ដូចគ្នានេះដែរ ថ្មីៗនេះ អតីតប្រធានគណបក្សសង្គ្រោះជាតិ និងជាប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី បានអំពាវនាវដល់ក្រុមអ្នកគាំទ្រលោក ឲ្យធ្វើពហិការមិនទៅចូលរួមបោះឆ្នោតជាតិខាងមុខនេះ ប្រសិនបើពុំមានវត្តមានរបស់គណបក្សសង្គ្រោះជាតិនោះ។
ការធ្វើពហិការមិនទៅបោះឆ្នោតជាតិខាងមុខនេះ បានក្លាយជាប្រធានបទរសើបមួយ ដោយរបបក្រុងភ្នំពេញតែងបញ្ចេញប្រតិកម្មភ្លាមៗទៅនឹងការអំពាវនាវទាំងឡាយណាឲ្យពលរដ្ឋធ្វើពហិការការបោះឆ្នោតនេះ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប កាលពីថ្ងៃទី០៩ មេសា បានព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលណា ដែលហ៊ានចេញមុខអំពាវនាវមិនឲ្យពលរដ្ឋទៅបោះឆ្នោត ដោយគ.ជ.ប ចាត់ទុកអំពើនេះថា ជារឿងខុសច្បាប់ និងស្នើឲ្យបញ្ឈប់ជាបន្ទាន់។
យ៉ាងណាក៏ដោយ ច្បាប់បោះឆ្នោតនៅកម្ពុជា មិនបានតម្រូវថា ពលរដ្ឋកម្ពុជាគ្រប់រូប ត្រូវតែទៅបោះឆ្នោតនោះឡើយ ឬក៏ថា ពលរដ្ឋខ្មែរទាំងឡាយណាដែលមិនទៅចូលរួម ឬអវត្តមាន ក្នុងការបោះឆ្នោតជាតិ នឹងត្រូវមានទោសទណ្ឌជាប់ពន្ធនាគារ ឬពិន័យជាប្រាក់នោះឡើយ។ មាត្រា ៣៤ ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឲ្យគេបោះឆ្នោត៕
