សាច់ញាតិសកម្មជនបក្សប្រឆាំងប្រមាណ ១០គ្រួសារ បានទៅជួបសួរសុខទុក្ខគ្រួសាររបស់ពួកគាត់នៅក្នុងពន្ធនាគារនៅថ្ងៃទី៦ តុលា ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ។ មន្ត្រីសិទ្ធិមនុស្សស្វាគមន៍ការអនុញ្ញាតឱ្យអ្នកជាប់ឃុំបានជួបក្រុមគ្រួសារ និងស្នើឱ្យអាជ្ញាធរពន្ធនាគារបើកឱ្យមានការចូលសួរសុខទុក្ខឡើងវិញចាប់ពីពេលនេះតទៅ។
សាច់ញាតិសមាជិកបក្សប្រឆាំងដែលកំពុងជាប់ឃុំ មានឱកាសជួបសួរសុខទុក្ខគ្រួសារជាថ្មីឡើងវិញ បន្ទាប់ពីខកខានអស់រយៈពេលជាច្រើនខែមកនេះ ដោយសារតែការឆ្លងរាលដាលជំងឺកូវីដ-១៩ ចេញពីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
តំណាងក្រុមស្ត្រីថ្ងៃសុក្រ និងជាប្រពន្ធរបស់មន្ត្រីបក្សប្រឆាំងលោក កាក់ កុម្ភារ គឺលោកស្រី ព្រុំ ចាន់ថា ប្រាប់វិទ្យុអាស៊ីសេរីក្រោយពេលសួរសុខទុក្ខប្ដីថា លោកស្រី និងសាច់ញាតិសកម្មជនដទៃទៀតមានអារម្មណ៍ត្រេកអររហូតដល់ស្រក់ទឹកភ្នែក ព្រោះខានឃើញមុខគ្រួសារអស់រយៈពេលជាច្រើនខែមកហើយ។ ប៉ុន្តែលោកស្រីបញ្ជាក់ថា ការជួបសន្ទនាគ្នានោះមានរយៈពេលខ្លីប៉ុណ្ណោះ ពោលគឺម្នាក់មិនដល់ ១០នាទីផង ពីព្រោះសាច់ញាតិអ្នកជាប់ឃុំដទៃទៀតក៏បានទៅសួរសុខទុក្ខគ្រួសារដូចគ្នាដែរ ដែលធ្វើឱ្យមានមនុស្សច្រើនកកកុញ៖ « គាត់ខានឃើញពួកខ្ញុំយូរហើយ សំឡេងក៏អត់បានលឺ បានតែផ្ញើអីវ៉ាន់ និងផ្ញើម្ហូប។ ដល់ពេលមកជួបអ៊ីចឹង កូន ប្រពន្ធ គាត់នៅខាងក្នុង ( ពន្ធនាគារ ) អរខ្លាំងណាស់ និយាយទៅរំភើប ជើងដើរសឹងអត់ដល់ដីទេ ឡើងហើប។ អ្នកខ្លះគាត់មានការលោតកញ្ឆេង គាត់អរខ្លាំងមែនទែនតែម្ដង។ ដូចថា ធម្មតាភ្ជុំយើងធ្លាប់ជួបជុំក្រុមគ្រួសារ ដល់ពេលឥលូវបាក់បែកក្រុមគ្រួសារ បាត់បង់បង្គោលមនុស្សម្នាក់ សួរថាយ៉ាងម៉េចដែរ បើខ្ញុំបាត់ដល់ទៅពីរ » ។
លោកស្រី ព្រុំ ចាន់ថា ឱ្យដឹងទៀតថា ពួកលោកស្រីប្រមាណ ១០គ្រួសារ បានស្រាក់គ្នាធ្វើម្ហូបឆ្ងាញ់ៗ ដូចជាការីនំប៉័ង និងនំបញ្ចុក ព្រមទាំងមាននំអន្សមខ្លះផង ដើម្បីជូនគ្រួសារដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស។ លោកស្រីបញ្ជាក់ថា ម្ហូបអាហារ និងនំចំណីទាំងនេះត្រូវបានប្រគល់ទៅដល់ដៃគ្រួសាររបស់ពួកគាត់ហើយ។
ដោយឡែកពន្ធនាគារមាត់ឃ្មង់នៅខេត្តត្បូងឃ្មុំឯណោះវិញ អាជ្ញាធរពន្ធនាគារក៏បានបើកឱ្យសាច់ញាតិបានជួបសួរសុខទុក្ខគ្រួសារ ដែលកំពុងជាប់ឃុំដែរ។
ប្រពន្ធរបស់មន្ត្រីបក្សប្រឆាំងលោក ម៉ក់ សំអាន គឺលោកស្រី ប៉ុយ ចាន់លី ឱ្យដឹងថា លោកស្រី និងគ្រួសារសកម្មជនមួយចំនួនទៀតមិនបានចូលជួបក្រុមគ្រួសារនោះទេ ទោះជាខាងពន្ធនាគារបើកឱ្យចូលសួរសុខទុក្ខក៏ដោយ ពីព្រោះមានមនុស្សច្រើនពេក។ លោកស្រីបញ្ជាក់ថា ពួកលោកស្រីបានត្រឹមផ្ញើម្ហូបអាហារខ្លះឱ្យប្ដី ហើយម្ហូបអាហារទាំងនោះទៀតសោត ក៏មិនមានអ្វីពិសេសដែរ ពីព្រោះពួកលោកស្រីកំពុងមានជីវភាពខ្វះខាត៖ « ខ្ញុំទិញត្រីឆ្លូញ ខ្ញុំអាំងឱ្យឆ្អិនស្រាប់ ហើយមានសាច់ចៀនហ្នឹងឱ្យវាឆ្អិនស្រាប់ មានតែប៉ុណ្ណឹងទេ អត់មានអ្វីច្រើនទេ។ និយាយទៅពួកខ្ញុំខ្វះខាតពេក ម៉្លោះហើយពួកខ្ញុំមានតែប៉ុណ្ណឹងទៅ » ។
ក្នុងលិខិតចុះថ្ងៃទី២ តុលា អគ្គនាយកដ្ឋានពន្ធនាគារបានអនុញ្ញាតឱ្យសាច់ញាតិអាចមកជួបសួរសុខទុក្ខ ព្រមទាំងផ្ដល់ម្ហូបអាហារ និងសម្ភារៈផ្សេងៗ ដល់គ្រួសារដែលកំពុងជាប់ឃុំ នៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានីខេត្ត ដែលស្ថិតក្នុងតំបន់ហានិភ័យទាប ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ ប៉ុន្តែសម្រាប់តំបន់មានហានិភ័យខ្ពស់ ខាងពន្ធនាគារអនុញ្ញាតឱ្យតែផ្ញើម្ហូបអាហារ និងសម្ភារៈតែប៉ុណ្ណោះ ដោយមិនអនុញ្ញាតឱ្យជួបសួរសុខទុក្ខនោះទេ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា ដើម្បីសាកសួររឿងនេះបន្ថែមបានទេ នៅថ្ងៃទី៦ តុលា ដោយទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី សុខា មានប្រសាសន៍ថា លោកស្វាគមន៍វិធានការរបស់អាជ្ញាធរពន្ធនាគារដែលអនុញ្ញាតឱ្យសាច់ញាតិអាចជួបសួរសុខទុក្ខជនជាប់ឃុំ។ លោកបន្ថែមថា អាជ្ញាធរគួរតែយកឱកាសបុណ្យភ្ជុំបិណ្ឌនេះ ជាចំណុចចាប់ផ្ដើមនៃការអនុញ្ញាតឱ្យសាច់ញាតិបានចូលសួរសុខទុក្ខអ្នកជាប់ឃុំដូចធម្មតាឡើងវិញ៖ « បើពន្ធនាគារអាចសម្រួលការជួបនេះឱ្យបានជាញឹកញាប់ ជាប្រក្រតី អាហ្នឹងវាជារឿងមួយដែលប្រសើរ ហើយក៏ជាសិទ្ធិសេរីភាពរបស់ជនជាប់ឃុំដែលគេនឹងអាចជួបទំនាក់ទំនងជាមួយក្រុមគ្រួសារគេបានដែរ » ។
ក្នុងរយៈពេលជាងពីរឆ្នាំចុងក្រោយនេះ របបលោក ហ៊ុន សែន បានចាប់ខ្លួនសកម្មជននយោបាយ សិទ្ធិមនុស្ស បរិស្ថាន និងសកម្មជនសង្គម ដាក់ពន្ធនាគារជិត ៩០នាក់ហើយ។ ភាគច្រើនអាជ្ញាធរចោទប្រកាន់អ្នកទាំងនោះពីបទរួមគំនិតក្បត់ ញុះញង់ និងប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល ប៉ុន្តែអាជ្ញាធរបានបរាជ័យក្នុងការបង្ហាញភស្តុតាងរឹងមាំ ដើម្បីបញ្ជាក់ពីទោសកំហុសរបស់ពួកគេ។
សាច់ញាតិ មន្ត្រីសិទ្ធិមនុស្ស និងសហគមន៍អន្តរជាតិនៅតែទទូចដល់របបក្រុងភ្នំពេញឱ្យទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងសកម្មជនទាំងនោះវិញ ពីព្រោះពួកគេមិនបានប្រព្រឹត្តបទល្មើសអ្វីឡើយ។ ជាមួយគ្នានេះ សហគមន៍ជាតិ និងអន្តរជាតិបន្តទាមទារឱ្យរបបដឹកនាំបច្ចុប្បន្ន ឱ្យងាកមកគោរពសិទ្ធិពលរដ្ឋ និងអនុវត្តគោលការណ៍ប្រជាធិបតេយ្យស្របតាមរដ្ឋធម្មនុញ្ញ ដើម្បីឱ្យកម្ពុជាចៀសផុតពីការដាក់សម្ពាធ ឬទណ្ឌកម្មនានាពីអន្តរជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។