ប្រវត្តិលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ស្មោះនឹងលោក ហ៊ុន សែន
2023.02.22
ថ្នាក់ដឹកនាំកំពូលនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ត្រូវបានផ្លាស់ប្ដូររយៈពេលជាងមួយឆ្នាំមកហើយ។ ប្រធាន គ.ជ.ប បច្ចុប្បន្ន គឺលោក ប្រាជ្ញ ចន្ទ ជាអតីតមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា។
តើលោក ប្រាជ្ញ ចន្ទ មានប្រវត្តិយ៉ាងណា ហើយលោកដឹកនាំស្ថាប័នរៀបចំការបោះឆ្នោតឆ្ពោះទៅទិសដៅណាឱ្យពិតប្រាកដ?
លោក ប្រាជ្ញ ចន្ទ បានក្លាយជាប្រធាន គ.ជ.ប តាមរយៈការជ្រើសរើសពីលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ លោកចូលកាន់តំណែងនៅចុងខែមិថុនា ឆ្នាំ២០២១។ នៅពេលនោះ លោកបានសន្យាជាឱឡារិកថា លោកនឹងប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីរៀបចំការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបំណងបង្កើនទំនុកចិត្តពីសំណាក់ភាគីពាក់ព័ន្ធ និងម្ចាស់ឆ្នោត។
វិញ្ញាសាដំបូងដែលចូលមកធ្វើតេស្តការសន្យារបស់លោក ប្រាជ្ញ ចន្ទ នោះ គឺការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២។
លោក ប្រាជ្ញ ចន្ទ បានប្រកាសថា ការបោះឆ្នោតនោះប្រព្រឹត្តទៅដោយត្រឹមត្រូវ យុត្តិធម៌ និងតាមលក្ខណៈប្រជាធិបតេយ្យ។
លោក ប្រាជ្ញ ចន្ទ៖ «ប្រហែលជាគ្មានការបោះឆ្នោតណា ដែលត្រង់បំផុតជាងការបោះឆ្នោតនៅកម្ពុជា ដែលរាប់នៅការិយាល័យបោះឆ្នោតនោះទេ។ បានន័យថា ព័ត៌មានបានមក គឺស្ដែងចេញអំពីលទ្ធផលឃើញទាំងអស់គ្នា មិនអាចលាក់លៀមបានទេ គ្មានអ្នកណាបន្លំទៅកើតទេ»។
ផ្ទុយពីការប្រកាសនេះ ក្រុមអ្នកសង្កេតការណ៍ឯករាជ្យទាំងជាតិ និងអន្តរជាតិវាយតម្លៃថា ការបោះឆ្នោតនេះមិនមែនជាការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះទេ។ មូលហេតុ គឺដោយសាររដ្ឋាភិបាលបន្តបង្ក្រាបឥតឈប់ឈរលើអ្នកមានទស្សនៈនយោបាយផ្ទុយ សារព័ត៌មាន និងសង្គមស៊ីវិល ជាពិសេសថ្នាក់ដឹកនាំ គ.ជ.ប ៧ រូប ចេញមកពីគណបក្សប្រជាជនកម្ពុជា។ ម្យ៉ាងវិញទៀត ភាពមិនប្រក្រតីជាច្រើនបានកើតឡើងក្នុងការបោះឆ្នោត ដូចជា អាជ្ញាធរចាំកត់ឈ្មោះអ្នកបោះឆ្នោត និងការបិទទ្វារបង្អួចពេលរាប់សន្លឹកឆ្នោតជាដើម។
ជាងនេះទៅទៀត គ.ជ.ប ក្រោមការដឹកនាំរបស់លោក ប្រាជ្ញ ចន្ទ ហាក់មានសភាពយ៉ាប់យ៉ឺនជាងមុនទៅទៀត ពីព្រោះស្ថាប័នអាជ្ញាកណ្ដាលមួយនេះបានគាំទ្រជាចំហចំពោះការដឹកនាំរបស់លោក ហ៊ុន សែន និងចេញមុខប្ដឹងអ្នករិះគន់ទៅតុលាការ ដែលជារឿងមិនធ្លាប់កើតមាននោះទេ ក្នុងប្រវត្តិជាង ២០ឆ្នាំរបស់ គ.ជ.ប។
ប្រវត្តិសង្ខេប
លោក ប្រាជ្ញ ចន្ទ កើតនៅឆ្នាំ១៩៥៧ ដែលគិតមកដល់ពេលនេះ លោកមានអាយុ ៦៦ឆ្នាំហើយ។ លោកមានស្រុកកំណើតនៅនៅភូមិត្រពាំងព្រីង ឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត។ លោកមានកូនស្រី ២នាក់ ដែលសុទ្ធសឹងជាមន្ត្រីរាជការ។ លោកមានសញ្ញាប័ត្រផ្នែកវិទ្យាសាស្ត្រនយោបាយ។
ទាក់ទងនឹងឋានៈ និងតួនាទីវិញ លោក ប្រាជ្ញ ចន្ទ ធ្លាប់កាន់តួនាទីជាច្រើន មុននឹងក្លាយជាប្រធាន គ.ជ.ប។ ក្នុងក្រសួងមហាផ្ទៃ លោកឡើងតំណែងជាបន្តបន្ទាប់ពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០០៩។ ពីដំបូង លោកជាប្រធាននាយកដ្ឋានគ្រប់គ្រងខេត្ត ក្រោយមកក្លាយជាប្រធាននាយកដ្ឋានរដ្ឋបាលទូទៅ បន្ទាប់មកទៀតជាអគ្គនាយករងរដ្ឋបាល និងចុងក្រោយជាអគ្គនាយករដ្ឋបាលនៃក្រសួងមហាផ្ទៃ។ ក្នុងពេលកាន់តំណែងជាអគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃនេះ លោកកាន់តំណែងមួយទៀត ជាអភិបាលខេត្តបាត់ដំបង ពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៣។ ក្រោយមក លោកក្លាយជាអភិបាលខេត្តត្បូងឃ្មុំ ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ ។ បន្តមកទៀត ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ លោកជាតំណាងរាស្ត្រខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា។ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តបាត់ដំបង លោក ជា ជីវ ដែលធ្លាប់ធ្វើជាសមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបងក្នុងអាណត្តិរបស់លោក ប្រាជ្ញ ចន្ទ ដែរនោះ ឱ្យដឹងថា អតីតអភិបាលខេត្តរូបនេះជាមនុស្សមិនសូវនិយាយច្រើន ម៉ឺងម៉ាត់ អត្តនោម័តិ និងបក្ខពួកនិយម។ លោកសង្កត់ធ្ងន់ថា លោក ប្រាជ្ញ ចន្ទ មិនមានទស្សនៈនយោបាយបែបប្រជាធិបតេយ្យនោះទេ។
លោក ជា ជីវ៖ «គាត់គឺជាបុគ្គលម្នាក់ដែលត្រូវបានគណបក្សកាន់អំណាចប្រើប្រាស់សម្រាប់ការបោះឆ្នោតមួយដែលមិនត្រឹមត្រូវ មិនសេរី មិនយុត្តិធម៌ មិនអព្យាក្រឹត្យ និងមិនឯករាជ្យ ដើម្បីបម្រើមហិច្ឆតារបស់គណបក្សកាន់អំណាច ជាពិសេសគឺលោក ហ៊ុន សែន»។
ក្រៅពីនេះ លោក ជា ជីវ ឱ្យដឹងថា លោក ប្រាជ្ញ ចន្ទ មានជាប់ពាក់ព័ន្ធ និងទទួលបានផលប្រយោជន៍ពីការដោះដូរអាគាររដ្ឋ និងគម្រោងវិនិយោគជាច្រើនកន្លែងនៅក្នុងខេត្តបាត់ដំបង។ ការលើកឡើងនេះ គឺស្របគ្នាទៅនឹងការរកឃើញរបស់អង្គការសង្គមស៊ីវិល។ អង្គការសង្គមស៊ីវិលពិនិត្យឃើញថា ការដោះដូរអាគាររដ្ឋមានវិសាលភាពធំធេងក្នុងសម័យលោក ប្រាជ្ញ ចន្ទ មានជាអាទិ៍ ការដោះដូរមន្ទីរសាធារណការ មន្ទីរកសិកម្ម និងមន្ទីរអប់រំ ជាដើម ហើយពួកគេជឿថា តិច ឬច្រើន លោក ប្រាជ្ញ ចន្ទ ប្រាកដជាទទួលបានផលប្រយោជន៍ពីគម្រោងទាំងនេះ។ រីឯរឿងបក្ខពួកនិយមវិញ ខ្សែស្រឡាយសាច់ញាតិរបស់លោក ប្រាជ្ញ ចន្ទ ក្នុងនោះមានទាំងតៃកុងឡានរបស់លោកផង មានតួនាទីជាមន្ត្រីរាជការ ឬជានគរបាលនៅក្នុងខេត្តបាត់ដំបង។
ទំនុកចិត្តពីបក្សប្រជាជនកម្ពុជា
បើនិយាយពីកិច្ចការបក្សវិញ លោក ប្រាជ្ញ ចន្ទ គឺជាមន្ត្រីដុះស្លែនៃគណបក្សប្រជាជនកម្ពុជា។ លោកបានចូលរួមជាមួយបក្សនេះតាំងពីឆ្នាំ១៩៧៩ និងក្លាយជាសមាជិកគណៈកម្មាធិការកណ្ដាល មុននឹងលាលែងពីគណបក្សនៅពាក់កណ្ដាលឆ្នាំ២០២១ ដើម្បីឆ្ពោះទៅកាន់ការងារជាប្រធានថ្មីរបស់ គ.ជ.ប ជំនួសលោក ស៊ិក ប៊ុនហ៊ុក ដែលបានលាលែង ក្រោមហេតុផលសុខភាពផ្ទាល់ខ្លួន។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងថា ការជ្រើសរើសលោក ប្រាជ្ញ ចន្ទ ឱ្យធ្វើជាប្រធាន គ.ជ.ប នេះ ជាការសម្រេចផ្ទៃក្នុង ដែលមិនអាចនិយាយមូលហេតុចេញក្រៅបានទេ។ លោកបដិសេធមតិដែលថា គ.ជ.ប ក្រោមការដឹកនាំរបស់លោក ប្រាជ្ញ ចន្ទ លម្អៀងទៅរកគណបក្សប្រជាជនកម្ពុជា។
លោក សុខ ឥសាន៖ «នីតិវិធីមានស្របទៅតាមគោលការណ៍ច្បាប់ ដូច្នេះមិនអាចចាត់ទុកថា គ.ជ.ប ជ្រើសរើសដោយគណបក្សប្រជាជន ឬមួយដោយគណបក្សណាមួយ ហើយបានមកហើយ សមាជិកហ្នឹងលម្អៀងទៅលើគណបក្សនេះ គណបក្សនោះ អត់ទេ។ អ៊ីចឹងខ្ញុំសូមបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ទាំងឡាយ ដែលគេហៅថា មិនសមស្របទៅតាមគោលការណ៍ច្បាប់»។
ទោះជាមានការបកស្រាយបែបនេះពីតំណាងគណបក្សប្រជាជនកម្ពុជាក៏ដោយ ក៏ការដាក់លោក ប្រាជ្ញ ចន្ទ ឱ្យធ្វើជាប្រធាន គ.ជ.ប នេះ ត្រូវបានគេមើលឃើញថា ទំនងជាការសម្រេចចិត្តបែបយុទ្ធសាស្ត្ររបស់លោក ហ៊ុន សែន ដើម្បីធានាជ័យជម្នះក្នុងការបោះឆ្នោតនាពេលខាងមុខ។
ហេតុផលមួយចំនួនដែលអាចពន្យល់រឿងនេះបាន។ ទីមួយ លោក ប្រាជ្ញ ចន្ទ ជាមនុស្សស្មោះស្ម័គ្រឥតងាករេរបស់គណបក្សប្រជាជនកម្ពុជា។ ទីពីរ នៅពេលជ្រើសរើសប្រធានថ្មីរបស់ គ.ជ.ប បេក្ខជនដាក់ពាក្យតែ ២ នាក់ប៉ុណ្ណោះ ហើយបេក្ខជនទាំងពីរនាក់នោះទៀតសោត គេស្គាល់តែលោក ប្រាជ្ញ ចន្ទ ឯលោក កា លៀន វិញ មិនសូវមានអ្នកស្គាល់ប្រវត្តិនោះទេ។ ទីបី លោក ប្រាជ្ញ ចន្ទ មានបទពិសោធន៍ច្រើនរឿងគ្រប់គ្រងរដ្ឋបាល ក៏ប៉ុន្តែលោកគ្មានបទពិសោធន៍ដឹកនាំកិច្ចការបោះឆ្នោតនោះឡើយ។
បំបិទមាត់អ្នករិះគន់ តែគាំទ្រមេបក្សអំណាច
ម្យ៉ាងវិញទៀត ក្រោមអាណត្តិរបស់លោក ប្រាជ្ញ ចន្ទ គ.ជ.ប ក្លាយទៅជាស្ថាប័នប៉ះលែងបាន និងដើរចាកឆ្ងាយពីភាពជាអាជ្ញាកណ្ដាល ដែលច្បាប់បានតម្រូវ។
គ.ជ.ប បានប្ដឹងអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ទៅតុលាការកាលពីខែមិថុនា ឆ្នាំ ២០២២ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ក្រោយពីអ្នកនយោបាយចាស់វស្សារូបនេះលើកឡើងពីភាពមិនប្រក្រតីមួយចំនួនក្នុងការបោះឆ្នោតឃុំសង្កាត់ មានដូចជា ការបំភិតបំភ័យពលរដ្ឋ ការលួចបន្លំសន្លឹកឆ្នោត និងភាពមិនឯករាជ្យរបស់ គ.ជ.ប ជាដើម។ បណ្ដឹងរបស់ គ.ជ.ប នេះ ធ្វើឡើងស្របគ្នានឹងបណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជាប្រឆាំងនឹងលោក សុន ឆ័យ ដែលមានអង្គហេតុប្រហាក់ប្រហែលគ្នានេះដែរ។ តុលាការបានសម្រេចឱ្យលោក សុន ឆ័យ ចាញ់ក្ដី ដោយត្រូវបង់សំណងដ៏ច្រើនសន្ធឹកសន្ធាប់ទៅឱ្យភាគីដើមបណ្ដឹង។
លោក សុន ឆ័យ ថ្លែងថា ការប្ដឹងផ្ដល់រូបលោកនេះ ជារឿងមិនសមហេតុផល និងរំខានដល់សិទ្ធិនយោបាយរបស់លោក។
លោក សុន ឆ័យ៖ «ការប្ដឹងផ្ដល់លើរូបខ្ញុំ វាអត់មានហេតុផលទាល់តែសោះ។ ការងារដែលខ្ញុំបានតវ៉ា គឺក្នុងចន្លោះមុនការប្រកាសផ្លូវការនៃលទ្ធផលបោះឆ្នោត ហើយការតវ៉ាខ្ញុំនោះ ក៏យោងទៅតាមការសង្កេតរបស់អង្គការមិនមែនរដ្ឋាភិបាល រួមទាំងអង្គការសហប្រជាជាតិផង ដែលសង្កេតឃើញពីភាពមិនប្រក្រតី»។
ក្រៅពីប្ដឹងថ្នាក់ដឹកនាំបក្សប្រឆាំងទៅតុលាការហើយនោះ លោក ប្រាជ្ញ ចន្ទ មិនបានលាក់លៀមអំពីជំហរគាំទ្រ និងភក្ដីភាពរបស់លោកចំពោះលោក ហ៊ុន សែន ប្រធានគណបក្សកាន់អំណាចនោះទេ។ ក្នុងលិខិតមួយច្បាប់កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២២ លោក ប្រាជ្ញ ចន្ទ បានសម្ដែងការដឹងគុណចំពោះលោក ហ៊ុន សែន ដែលលោកថា បានដឹកនាំជាតិឱ្យទទួលបានសន្តិភាពពេញបរិបូរណ៍ និងរីកចម្រើនគ្រប់វិស័យ។ ទន្ទឹមគ្នានេះ លោកជូនពរលោក ហ៊ុន សែន ឱ្យមានកម្លាំង និងអាយុវែង ដើម្បីបន្តដឹកនាំប្រទេសជាតិតទៅមុខទៀត។
អតីតសមាជិក គ.ជ.ប និងបច្ចុប្បន្នជាអនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន មានប្រសាសន៍ថា ការដែលលោក ប្រាជ្ញ ចន្ទ ប្រើប្រាស់ស្ថាប័ន គ.ជ.ប ដើម្បីគាំទ្រមេដឹកនាំបក្សកាន់អំណាចនេះ ជារឿងមិនត្រឹមត្រូវឡើយ។
លោក រ៉ុង ឈុន៖ «ក្នុងច្បាប់ គ.ជ.ប ក៏ដូចជាច្បាប់រដ្ឋធម្មនុញ្ញ ចង្អុលបង្ហាញថា គ.ជ.ប ត្រូវតែមានឯករាជ្យភាព ហើយនៅពេលដែលយើងថ្លែងការណ៍បង្ហាញការគាំទ្រទៅលើរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជន អាហ្នឹងវាត្រូវធ្វើឱ្យយើងបាត់បង់ឯករាជ្យភាពរបស់ខ្លួនហើយ»។
វិទ្យុអាស៊ីសេរីបានទាក់ទងទៅលោក ប្រាជ្ញ ចន្ទ ដើម្បីឱ្យលោកឆ្លើយតបរឿងនេះ ប៉ុន្តែលោករុញឱ្យទៅសួរអ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា វិញ។
លោក ហង្ស ពុទ្ធា បកស្រាយថា សារលិខិតនោះ គឺជាការទទួលស្គាល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ប្រមុខរដ្ឋាភិបាល ដែលមានស្នាដៃដល់ជាតិ។ រីឯការប្ដឹងលោក សុន ឆ័យ ទៅតុលាការនោះវិញ លោក ហង្ស ពុទ្ធា បញ្ជាក់ថា នេះជាការការពារកិត្តិយសរបស់ស្ថាប័ន គ.ជ.ប។
លោក ហង្ស ពុទ្ធា៖ «គ.ជ.ប ត្រូវទទួលខុសត្រូវចំពោះសាធារណជន ចំពោះមុខប្រវត្តិសាស្ត្រ អ៊ីចឹងប្រសិនបើមានការបំផ្លាញនូវកិត្តិយស និងសេចក្ដីថ្លៃថ្នូរនៃស្ថាប័នរៀបចំការបោះឆ្នោតហើយ សំណួរសួរថា តើទំនុកចិត្តរបស់ប្រជាពលរដ្ឋទៅលើការរៀបចំបោះឆ្នោតហ្នឹងយ៉ាងណាទៅវិញ»។
ទោះបីជាមន្ត្រីនាំពាក្យ គ.ជ.ប អះអាងបែបនេះក្ដី ក៏កន្លងទៅ គ.ជ.ប មិនទំនងជាទីទុកចិត្តសម្រាប់ម្ចាស់ឆ្នោតឡើយ។ តាំងពីដើមមក ស្ថាប័ននេះគ្រប់គ្រងដោយមនុស្សស្មោះស្ម័គ្រនឹងគណបក្សប្រជាជនកម្ពុជា ហើយការបោះឆ្នោតរាល់លើកច្រើនតែរងការរិះគន់ថា មិនសេរី មិនត្រឹមត្រូវ និងមិនយុត្តិធម៌។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្រ្វែល (COMFREL) លោក កន សាវាង្ស មានប្រសាសន៍ថា ច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោត មិនបានចែងឱ្យ គ.ជ.ប ត្រូវប្ដឹងផ្ដល់អ្នករិះគន់នោះទេ ហើយការប្ដឹងនេះទៀតសោត ក៏មិនអាចជួយការពារកិត្តិយស គ.ជ.ប បាននោះដែរ។
លោក កន សាវាង្ស៖ «ព្យាយាមដោះស្រាយបញ្ហា អ្វីដែលគេលើកឡើងហ្នឹង ភាគីពាក់ព័ន្ធលើកឡើង។ អាហ្នឹងទើបវាអាចជាការស្ដារមុខមាត់របស់ស្ថាប័ន គ.ជ.ប ប៉ុន្តែបើប្រើប្រាស់យន្តការបណ្ដឹង វាមិនមែនជាដំណោះស្រាយទេ វាគ្រាន់តែថា មនុស្សខ្លាច។ ឈប់និយាយ ប៉ុន្តែសួរថា បំបាត់ការមិនទុកចិត្តហ្នឹងបានទេ? វាមិនអាចបំបាត់ការមិនទុកចិត្តហ្នឹងបានទេ មានតែដំណោះស្រាយទេ ទើបអាចបំបាត់បាន»។
គោរពសន្យា ឬបន្តស្មោះត្រង់នឹងអតីតមេកោយ
កម្ពុជានឹងរៀបចំការបោះឆ្នោតតំណាងរាស្ត្រនៅថ្ងៃ អាទិត្យ ទី ២៣ កក្កដា ខាងមុខ។ នេះជាការបោះឆ្នោតតំណាងរាស្ត្រលើកដំបូងហើយ ក្រោយពីកម្ពុជាស្ថិតក្រោមរបបគ្រប់គ្រងឯកបក្សរបស់លោក ហ៊ុន សែន អស់រយៈពេល ៥ឆ្នាំ និងក្រោយពីបុរសខ្លាំងរូបនេះបានសម្រេចក្នុងការត្រួសត្រាយផ្លូវឱ្យកូនប្រុសច្បង គឺលោក ហ៊ុន ម៉ាណែត ក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីបន្តត្រកូល។
ហេតុដូច្នេះ ការបោះឆ្នោតសភានាពេលខាងមុខនេះ នឹងក្លាយជាវិញ្ញាសាមួយថ្មីទៀត ដើម្បីបញ្ជាក់ថា តើលោក ប្រាជ្ញ ចន្ទ នឹងគោរពតាមពាក្យសន្យាដែលថា លោកនឹងប្រកាន់ជំហរជាអាជ្ញាកណ្ដាលដើម្បីជាតិនោះដែរ ឬទេ? ឬក៏លោកនៅតែមានសមានចិត្ត និងបំពេញការងារជូនអតីតមេធំរបស់លោកបន្តទៅទៀត?៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។