តើ​លោក គឹម សន្តិភាព ជា​នរណា?

ដោយ យ៉ង ចាន់តារា
2023.01.19
Share on WhatsApp
Share on WhatsApp
តើ​លោក គឹម សន្តិភាព ជា​នរណា? រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព។
រូប៖ ហ្វេសប៊ុក​លោក គឹម សន្តិភាព។

ការ​ដឹកនាំ​ប្រទេស​តាម​បែប​ឯក​បក្ស​របស់​លោក ហ៊ុន សែន ក្នុង​អាណត្តិ​ទី៦ នេះ បាន​ត្រួសត្រាយ​ផ្លូវ​ឱ្យ​មន្ត្រី​ជំនាន់​ក្រោយ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​បង្ហាញ​សមត្ថភាព​របស់​ពួកគេ​រៀង​ៗ​ខ្លួន។ ក្នុង​ចំណោម​អ្នក​ទាំងនោះ ក៏​មាន​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ គឺ​លោក គឹម សន្តិភាព ម្នាក់​ផង​ដែរ។ ភាព​លេចធ្លោ​របស់​លោក គឺ​ការ​គំរាម​ប្រើ​គុក​ច្រវាក់ និង​ការ​ប្រមូល​កម្លាំង​ឱ្យ​​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស។ តើ​លោក គឹម សន្តិភាព មាន​ប្រវត្តិ​យ៉ាងណា?

លោក គឹម សន្តិភាព គឺជា​ជំនិត​ផ្ទាល់​របស់​លោក ហ៊ុន ម៉ាណែត។ យីអ៊ុន​របស់​លោក​បាន​ឡើង​ខ្ពស់​ត្រដែត​ពេញ​មួយ​សករាជ​នៃ​ការ​ដឹកនាំ​បែប​ឯក​បក្ស​របស់​លោក ហ៊ុន សែន។ ការងារ​តូច​ធំ​ទាំង​ក្នុង និង​ក្រៅ​ក្រសួង​យុត្តិធម៌ រហូត​ដល់​ការងារ​បក្ស​នៅ​ក្រៅ​ប្រទេស លោក គឹម សន្តិភាព រ៉ាប់រង​បាន​ទាំងអស់។ ក៏ប៉ុន្តែ​លោក​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​មន្ត្រី​ធ្វើ​ការ​បម្រើ​ប្រយោជន៍​បក្ស និង​អំណាច​មេ​កោយ​របស់​លោក ជាជាង​ខិតខំ​ជួយ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​របស់​ជាតិ​ដែល​កំពុង​ចុះ​ទន់ខ្សោយ​ជាលំដាប់​នោះ។

ប្រវត្តិ​សង្ខេប

លោក គឹម សន្តិភាព កើត​នៅ​ឆ្នាំ​១៩៧៩ ដែល​គិត​មក​ដល់​ពេល​នេះ លោក​មាន​អាយុ ៤៤​ឆ្នាំ​ហើយ។ លោក​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង និង​មាន​បងប្អូន​បង្កើត​ចំនួន ៧​នាក់​ហើយ​លោក​ជា​កូនពៅ។ លោក​មាន​កូន​ចំនួន ៣ នាក់ ប្រុស ២ នាក់ និង​ស្រី​ម្នាក់។ លោក គឹម សន្តិភាព គឺ​ជា​កូន​ប្រសា​របស់​លោក ជាម យៀម អនុប្រធាន​ទី​មួយ​រដ្ឋសភា និង​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា។ ភរិយា​របស់​លោក​ឈ្មោះ ជាម ច័ន្ទសុផារ៉ា ជា​មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា។

លោក គឹម សន្តិភាព បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ច្បាប់​ពី​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ដែល​គេ​និយម​ហៅ​ថា សាលារូល (RULE) នៅ​ឆ្នាំ២០០០។ លោក​បាន​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​សាកល​វិទ្យាល័យ​លីយ៉ុង (Lyon) ប្រទេស​បារាំង។ លោក គឹម សន្តិភាព និង​លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ដែល​ល្បី​ខាង​កែ​រដ្ឋធម្មនុញ្ញ និង​ធ្វើ​ច្បាប់​បម្រើ​នយោបាយ​ឱ្យ​លោក ហ៊ុន សែន នោះ ចេញ​មក​ពី​សាលា​តែមួយ តែ​លោក កើត រិទ្ធ រៀន​មុន​លោក គឹម សន្តិភាព មួយ​ជំនាន់។

អតីត​មិត្ត​រួម​ថ្នាក់​ម្នាក់​របស់​លោក គឹម សន្តិភាព ទម្លាយ​ថា រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​រូប​នេះ ជា​សិស្ស​ពូកែ ប៉ុន្តែ​លោក​មាន​ចរិត​ក្រអឺតក្រទម​ចំពោះ​អ្នក​ដែល​មិនមែន​ជា​គ្នីគ្នា​របស់​ខ្លួន។

ការងារ​ក្នុង​ជួរ​រដ្ឋាភិបាល

ក្រោយ​បញ្ចប់​ការ​សិក្សា លោក គឹម សន្តិភាព បាន​ចូល​បម្រើ​ការ​ជា​មន្ត្រី​នៅ​ក្រសួង​យុត្តិធម៌ ហើយ​ក្រោយ​មក​លោក​ត្រូវ​បាន​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​មួយ​នេះ។ លោក​បាន​ក្លាយ​ជា​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​នៅ​ឆ្នាំ២០១៨ ក្រោយ​ពេល​រដ្ឋាភិបាល​លោក ហ៊ុន សែន រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​រៀបចំ​ការ​បោះឆ្នោត​បែប​បង្គ្រប់​កិច្ច ដើម្បី​ប្រមូល​យក​អាសនៈ​សភា​ទាំងអស់​មក​គ្រប់គ្រង​តែ​ម្នាក់​ឯង។

លោក​ទទួល​បាន​ការងារ​ជាច្រើន​នៅ​ក្នុង​ក្រសួង​យុត្តិធម៌ និង​គណៈកម្មការ​អន្តរ​ក្រសួង ដូចជា រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ ប្រធាន​គណៈកម្មការ​ជាតិ​ដោះលែង​ដោយ​មាន​លក្ខខណ្ឌ ប្រធាន​គណៈកម្មការ​គ្រប់គ្រង និង​ចាត់ចែង​វត្ថុ​តាង និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈ​ប្រតិបត្តិ​របស់​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩ ជាដើម។ នៅ​ឯ​រដ្ឋសភា​វិញ លោក គឹម សន្តិភាព គឺ​ជា​នាយក​ខុទ្ទកាល័យ​ឪពុក​ក្មេក​របស់​លោក។ បច្ចុប្បន្ន ប្រព័ន្ធ​ឃោសនា​ក្នុង​ស្រុក​មួយ​ចំនួន​បាន​ហៅ​អ្នក​ទាំងពីរ​ថា ឯកឧត្ដម​បណ្ឌិត គឹម សន្តិភាព នាយក​ខុទ្ទកាល័យ ឯកឧត្ដម​កិត្តិសេដ្ឋា​បណ្ឌិត ជាម យៀប

អ្នក​ច្បាប់​ដែល​ពូកែ​ខាង​សម្លុត​គំរាម​គេឯង

ដោយសារ​ឡើង​បុណ្យ​សក្ដិ​កាន់តែ​ធំ លោក គឹម សន្តិភាព ក៏​ហាក់បីដូចជា​ខំប្រឹង​ដំឡើង​ឫកពា​របស់​ខ្លួន​ឱ្យ​កាន់តែ​ធំ​តាម​នោះ​ដែរ។ លោក​មិន​ញញើត​នឹង​គំរាមកំហែង​ពលរដ្ឋ អ្នក​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល​ជា​សាធារណៈ​អំពី​រឿង​គុក​ច្រវាក់​នោះ​ទេ នៅ​ពេល​ពួកគេ​បញ្ចេញ​មតិ​រិះគន់​ចំពោះ​រឿង​អយុត្តិធម៌​ផ្សេងៗ។

ឧទាហរណ៍​ត្រួសៗ លោក​ធ្លាប់​ព្រមាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ថា ការ​ចេញ​សេចក្ដីថ្លែងការណ៍​រិះគន់​ការ​សម្រេច​របស់​តុលាការ​ដែល​លោក​ថា ធ្វើ​ឱ្យ​បាត់​ជំនឿ​លើ​តុលាការ​នោះ គឺ​ជា​បទល្មើស​ព្រហ្មទណ្ឌ។ ទាក់ទង​នឹង​បទ​ចោទ​ក្បត់​ជាតិ​ប្រឆាំង​នឹង​លោក កឹម សុខា វិញ ក្នុង​ឋានៈ​ជា​អ្នកនាំពាក្យ​ដែល​តំណាង​ឱ្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព តែង​បញ្ចេញ​សារ​ក្នុង​ន័យ​គំរាម​មេ​បក្ស​ប្រឆាំង​រូប​នេះ​ផង និង​ដាក់​សម្ពាធ​លើ​តុលាការ​ផង ដូចជា​ថា លោក កឹម សុខា ក្បត់​ជាតិ សម្ដី​លោក កឹម សុខា ជា​បទល្មើស​ជាក់ស្ដែង និង​ថា លោក កឹម សុខា ត្រូវ​ប្រយ័ត្ន​ចំពោះ​សកម្មភាព​របស់​ខ្លួន ជាដើម។ ជាមួយ​គ្នា​នេះ លោក គឹម សន្តិភាព តែងតែ​បន្ទរ​តាម​លោក ហ៊ុន សែន ដោយ​ហៅ​លោក សម រង្ស៊ី ថា​ជា​ឧក្រិដ្ឋជន ដែល​មាន​បំណង​ទុច្ចរិត។

លោក គឹម សន្តិភាព«ញុះញង់​ឱ្យ​បងប្អូន​ចេញ​ពី​ផ្ទះ ញុះញង់​ឱ្យ​ប្អូន​ប្រឆាំង​នឹង​រាល់​វិធានការ[កូវីដ-១៩]​ទាំងអស់ ដូច្នេះ​ហើយ​ទង្វើ​នេះ គឺ​ជា​ទង្វើ​ដែល​ប្រឆាំង​ជាមួយ​នឹង​ច្បាប់​កម្ពុជា។ អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចាត់​វិធានការ ដោយ​ធ្វើ​ការ​ចោទប្រកាន់​ឧក្រិដ្ឋជន សម រង្ស៊ី នេះ ក្នុង​បទ​រារាំង​វិធានការ​រដ្ឋបាល និង​ញុះញង់​បង្ក​ឱ្យ​មាន​អសន្តិសុខ​នៅ​ក្នុង​សង្គម»

ការ​លួច​ស្ដាប់​សំឡេង​សន្ទនា​ឯកជន​របស់​ពលរដ្ឋ​ពី​សំណាក់​អាជ្ញាធរ​ដោយ​គ្មាន​ដីកា​ពី​តុលាការ ក៏​លោក គឹម សន្តិភាព អាច​បកស្រាយ​បាន​ថា នេះ​ជា​រឿង​ត្រឹមត្រូវ​ដែរ។ ហើយ​ក្នុង​ក្រសែភ្នែក​របស់​លោក ការ​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល​លើ​ហ្វេសប៊ុក (Facebook) អាច​ទាញ​ចេញទៅ​ជា​បទល្មើស​ញុះញង់ ឬ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ដែល​ត្រូវ​ផ្ដន្ទាទោស​តាម​ក្រម​ព្រហ្មទណ្ឌ។ លោក គឹម សន្តិភាព ក្លាយ​ជា​មន្ត្រី​ឈាន​មុខ​គេ​ខាង​យក​ច្បាប់​មក​សម្លុត​គំរាម​ពលរដ្ឋ អំឡុង​ពេល​ផ្ទុះ​រាលដាល​ជំងឺ​កូវីដ-១៩។ សារ​របស់​លោក​ដែល​គេ​ចាំ​មិន​ភ្លេច​នោះ មាន​ជាអាទិ៍ អ្នក​ល្មើស​វិធានការ​កូវីដ​ត្រូវ​ទទួល​ទោស​ទណ្ឌ សាល​សវនាការ​ត្រៀម​រួចរាល់​សម្រាប់​កាត់​ក្ដី​អ្នក​បំពាន​វិធានការ​កូវីដ-១៩ និង​អ្នក​បំពាន​ច្បាប់​កូវីដ​ត្រូវ​ជាប់​ពន្ធនាគារ ជាដើម។

អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត ពន្យល់​ថា មាន​តែ​ក្នុង​របប​ដឹកនាំ​បែប​ផ្ដាច់ការ​ទេ ដែល​ច្បាប់​ត្រូវ​បាន​ក្រុម​អ្នក​មាន​អំណាច​យក​មក​ប្រើ​ជា​ឧបករណ៍​ដើម្បី​គាប​សង្កត់​ពលរដ្ឋ ឬ​អ្នក​ទន់​ខ្សោយ។

លោក វ៉ន ចាន់ឡូត«ស្មារតី ឬក៏​គុណ​តម្លៃ​របស់​ច្បាប់ គឺ​ការពារ​ទៅ​ដល់​ការប្រើប្រាស់​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ឬក៏​ធានា​ទៅ​ដល់​យុត្តិធម៌​សង្គម។ នេះ​ជា​គោលការណ៍​រួម ប៉ុន្តែ​ជាក់ស្ដែង​នៅ​ក្នុង​សង្គម​ដែល​មាន​ការដឹកនាំ​បែប​អំណាច​ផ្ដាច់ការ ឬក៏​ការ​រំលោភ​អំណាច អ្នកដឹកនាំ​នោះ​នឹង​ប្រើប្រាស់​ច្បាប់​ជា​ឧបករណ៍ ឬក៏​ជា​យន្តការ​មួយ​ដើម្បី​ដាក់​សម្ពាធ ឬ​គំរាមកំហែង​ទៅដល់​អ្នក​ដែល​ហ៊ាន​រិះគន់​ភាព​អសកម្ម​របស់​ខ្លួន»

លោក គឹម សន្តិភាព ហាក់បីដូចជា​ពូកែ​តែ​ខាង​បកស្រាយ​ច្បាប់​ដើម្បី​សម្លុត​គំរាម​ពលរដ្ឋ ក្រុម​សង្គម​ស៊ីវិល និង​សកម្មជន​បក្ស​ប្រឆាំង​ប៉ុណ្ណោះ។ ប៉ុន្តែ​ចំពោះ​ករណី​ដែល​ពាក់ព័ន្ធ​នឹង​ក្រុម​គ្រួសារ និង​មេ​របស់​លោក​វិញ លោក​ស្ងាត់​មាត់​ឱ្យ​ជ្រាប។ ជាឧទាហរណ៍ ករណី​រថយន្ត​ឪពុក​ក្មេក​របស់​លោក គឺ​លោក ជាម យៀប បុក​ពលរដ្ឋ​ស្លាប់​នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល រួច​បើក​រត់​គេច កាល​ពី​ឆ្នាំ ២០១៣ ករណី​ក្រុម​កង​អង្គរក្ស​លោក ហ៊ុន សែន អូស​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​ទៅ​វាយ​ដំ​ច្រំ​ធាក់​នៅ​មុខ​រដ្ឋសភា ការ​វាយ​បង្ក្រាប​ក្នុង​ថ្លុក​ឈាម​នៅ​ផ្លូវ​វេងស្រេង និង​សារ​គំរាម​សម្លាប់​របស់​លោក ហ៊ុន សែន លើ​សកម្មជន​បក្ស​ប្រឆាំង ជាដើម​នោះ លោក​មិន​ដែល​និយាយ​ត្រូវ​រឿង​ទាំងនេះ​ទេ។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី សុខា កត់​សម្គាល់​ថា ការ​បកស្រាយ​ច្បាប់​របស់​លោក គឹម សន្តិភាព ច្រើនតែ​ជា​សារ​បន្ទរ​បន្ថែម​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ការពារ​ទង្វើ​របស់​អាជ្ញាធរ​រដ្ឋាភិបាល ជាជាង​ផ្អែក​លើ​គោលការណ៍​ច្បាប់​ពិត​ប្រាកដ។

លោក នី សុខា«ជាទូទៅ គាត់​តែងតែ​ខំ​បកស្រាយ​ក្នុង​ន័យ​មួយ ដើម្បី​ការពារ​រដ្ឋាភិបាល ក្នុង​ន័យ​មួយ​ដើម្បី​ជា​ការ​បំភិតបំភ័យ ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ការ​បារម្ភ ឬក៏​គំរាម​ជា​ស្មារតី​ទៅដល់​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ក្រុម​អ្នក​តវ៉ា​ទាមទារ​ជា​រឿយៗ។ អ៊ីចឹង​អ្វី​ដែល​យើង​ឃើញ​ពី​ការ​បកស្រាយ​របស់​គាត់​ហ្នឹង ខ្ញុំ​គិត​ថា ជា​ការ​បកស្រាយ​មួយ​ដែល​មិន​បាន​ឆ្លុះបញ្ចាំង​អំពី​ច្បាប់»

បែក​ធ្លាយ​ទំហំ​ទ្រព្យ​សម្បត្តិ និង​គម្រោង​កម្ចាត់​សំឡេង​ប្រឆាំង

លោក គឹម សន្តិភាព ជា​មន្ត្រី​មួយ​រូប​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ហួស​ពី​តួនាទី​របស់​ខ្លួន។ យោង​តាម​ឯកសារ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​ដែល​បែក​ធ្លាយ​ចេញ​ពី​អ៊ីមែល​ផ្ទាល់​ខ្លួន​របស់​លោក គឹម សន្តិភាព កាល​ពី​ឆ្នាំ​២០១៧ លោក​មាន​លុយ​ទុក​ក្នុង​ធនាគារ​ជិត ៧​សែន​ដុល្លារ។ លោក​មាន​រថយន្ត ២​គ្រឿង និង​អចលនទ្រព្យ​ដូចជា ដីធ្លី និង​ផ្ទះសម្បែង ជាច្រើន​កន្លែង នៅ​ខេត្ត​កណ្ដាល ព្រៃវែង កំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ។ ក្រៅពី​នេះ លោក​មាន​មាស​ដុំ និង​មាស​សន្លឹក​សរុប ៧០​ដំឡឹង ជាមួយ​នឹង​ខ្សែក នាឡិកា​ដៃ និង​ចិញ្ចៀន​ពេជ្រ​ថែម​ទៀត ហើយ​គ្រាន់តែ​ក្បាល​ខ្សែ​ក្រវាត់​របស់​លោក​មួយ មាន​តម្លៃ​រហូត​ដល់​ជាង ២​ម៉ឺន​ដុល្លារ។

ទាំងនេះ​គឺជា​ទ្រព្យ​សម្បត្តិ​ដែល​លោក គឹម សន្តិភាព មាន​នៅ​មុន​ឆ្នាំ​២០១១ ខណៈ​ពេល​លោក​មាន​តួនាទី​ត្រឹម​អនុរដ្ឋលេខាធិការ និង​មាន​ប្រាក់ខែ​ដុល​ត្រឹម​តែ​ជាង ៥​ពាន់​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ គេ​មិន​ដឹង​ថា ទ្រព្យ​សម្បត្តិ​របស់​លោក​កើន​ឡើង​ដល់​កម្រិត​ណា​នោះ​ទេ ព្រោះ​លោក​ឡើង​តួនាទី​ដល់​រដ្ឋលេខាធិការ និង​មាន​ការងារ​ច្រើន​ស្អេកស្កះ។ ម្យ៉ាងវិញទៀត លោក​មាន​ផ្ទះ​ជួល និង​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ឯកជន ដែល​រកបាន​ចំណូល​រាប់​សិប​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

ក្រៅពី​ទ្រព្យសម្បត្តិ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ ឯកសារ​បែក​ធ្លាយ​ដដែល​ក៏​បាន​បង្ហាញ​អំពី​ការងារ​ពី​ក្រោយ​ឆាក​មួយ​ទៀត​របស់​លោក គឹម សន្តិភាព នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ ២០១៣ ដែរ។ លោក​ជា​អនុ​ប្រធាន​ក្រុម​ការងារ​បណ្ដាញ​ព័ត៌មាន​សង្គម ហៅ​ថា Cyber War Room ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​ផ្ទាល់​ពី​លោក ហ៊ុន ម៉ាណែត។ សកម្មភាព​របស់​ក្រុម​នេះ គឺ​តាមដាន និង​គ្រប់គ្រង​ព័ត៌មាន​នានា​លើ​បណ្ដាញ​សង្គម ព្រមទាំង​រៀបចំ​វិធានការ​នានា​ដើម្បី​ទប់ស្កាត់ ឆ្លើយតប និង​វាយ​បក​ទៅលើ​មជ្ឈដ្ឋាន​រិះគន់​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា។

ជុំវិញ​រឿង​នេះ លោក គឹម សន្តិភាព ធ្លាប់​បកស្រាយ​ថា ក្រុម​ចោរ​បច្ចេកវិទ្យា ឬ Hacker បាន​លួច​ចូល​គ្រប់គ្រង​ទំព័រ​ហ្វេសប៊ុក (Facebook) និង​អ៊ីមែល (E-mail) ផ្ទាល់​ខ្លួន​របស់​លោក​នៅ​ពេល​នោះ។ លោក​មិន​បាន​បដិសេធ​ព័ត៌មាន​ដែល​បែក​ធ្លាយ​ទាំង​នេះ​ទេ ដោយ​លោក​គ្រាន់តែ​បញ្ជាក់​ថា ក្រុម Hackerបាន​លួច​ចូល​គ្រប់គ្រង​គណនី​អ៊ីមែល​របស់​លោក ដូច្នេះ​ពួកគេ​ក៏​អាច​បំផ្លាញ ឬ​កែប្រែ​ទិន្នន័យ​ព័ត៌មាន​ទាំងនោះ​ក្នុង​បំណង​ទុច្ចរិត​ដែរ។

វិទ្យុ​អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​លោក គឹម សន្តិភាព ដើម្បី​ឆ្លើយតប​ចំពោះ​មតិ​រិះគន់​លើ​រូប​លោក តែ​ទូរស័ព្ទ​ចូល​ជាច្រើន​ដង ពុំ​មាន​អ្នក​ទទួល និង​ពេល​ខ្លះ​មាន​គេ​ចុច​ផ្ដាច់។ លោក គឹម សន្តិភាព ធ្លាប់​ប្រកាស​កាល​ពី​ឆ្នាំ​២០២១ ថា លោក​មិន​ផ្ដល់​សម្ភាស​ដល់​វិទ្យុ​អាស៊ីសេរី​នោះ​ទេ។

ក៏ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចេញ​មុខ​ការពារ​លោក គឹម សន្តិភាព ថា ជា​មន្ត្រី​គំរូ និង​ត្រឹមត្រូវ ទាំង​នៅ​ក្នុង​រដ្ឋាភិបាល និង​គណបក្ស។ លោក​ថា ការ​បកស្រាយ​របស់​មន្ត្រី​រូប​នេះ​ទាក់ទង​ទៅ​នឹង​រឿង​ផ្លូវ​ច្បាប់ មិនមែន​ជា​ការ​គំរាមកំហែង​នោះ​ទេ តែ​ជា​ការ​ពន្យល់​ពលរដ្ឋ​ឱ្យ​យល់ដឹង​ច្បាប់​ប៉ុណ្ណោះ។

លោក សុខ ឥសាន«អត់ទេ! ឯកឧត្តម គឹម សន្តិភាព មនុស្ស​ស្លូតបូត​ចង់​ងាប់​ហ្នឹង។ មនុស្ស​ស្លូតបូត ខ្ញុំ​ស្គាល់​គាត់​យូរ​ឆ្នាំ​ហើយ។ យើង​និយាយ​ថា គាត់​មាន​សម្ដី អាកប្បកិរិយា​គំរាមកំហែង​នោះ វា​អត់​ត្រឹមត្រូវ​សោះ។ បើ​គាត់​ជួប​ប្រជាជន ជួប​មហាជន គាត់​សុភាព​រាបសា ជា​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​ដែល​មាន​គំរូ​ល្អ មាន​សីលធម៌​នយោបាយ​ល្អ»

ផ្ទុយ​ពី​ការ​បកស្រាយ​របស់​តំណាង​បក្ស​កាន់​អំណាច​នេះ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ដែល​លោក គឹម សន្តិភាព ចោទ​ពេញៗ​មាត់​ថា ជា​ក្រុម​ឧទ្ទាម​នោះ ថ្លែង​ថា មន្ត្រី​ច្បាប់​រូប​នេះ ពូកែ​តែ​ខាង​បកស្រាយ​ច្បាប់​បន្ទរ​តាម​មេកោយ​របស់​ខ្លួន មិនមែន​ជា​មន្ត្រី​ដែល​មាន​ឥទ្ធិពល​ជួយ​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ឡើយ។

លោក អេង ឆៃអ៊ាង «សព្វថ្ងៃ ស្រុក​ខ្មែរ​អំណាច​ប្រមូល​ផ្ដុំ​តែ​លើ​លោក ហ៊ុន សែន អ៊ីចឹង​អ្នក​ហ្នឹង​គ្រាន់តែ​ចេះ​អែបអប មាន​ទេពកោសល្យ​ប្រើប្រាស់​ភាព​ឆ្លាត​របស់​ខ្លួន ដើម្បី​អែបអប យក​មុខ​យក​មាត់ យក​បុណ្យ​សក្ដិ យក​តួនាទី​គឺ​មាន។ ប៉ុន្តែ​បើ​ថា ចង់​យក​ចំណេះដឹង​របស់​ខ្លួន ដើម្បី​ទៅ​ធ្វើ​កិច្ចការ​ទៅ​តាម​សម្បជញ្ញៈ​មនសិការ គឺ​អត់​មាន​ទេ»

ភាព​ប្ដូរ​ផ្ដាច់ និង​អនាគត​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា

លោក គឹម សន្តិភាព ជា​មនុស្ស​ឆ្អិនឆ្អៅ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​បាន​ចូលរួម​ជា​សមាជិក​គណបក្ស​នេះ​តាំង​ពី​នៅ​ជា​យុវជន និង​ចុះ​ពង្រឹង​មូលដ្ឋាន​នៅ​ស្រុក​ពាមរ ខេត្ត​ព្រៃវែង។ បច្ចុប្បន្ន លោក​ជា​សមាជិក​គណៈកម្មាធិការ​កណ្ដាល​ និង​ជា​អនុប្រធាន​ចលនា​យុវជន​របស់​គណបក្ស។ ក្រៅពី​នេះ លោក​ជា​អនុប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះ​ជួយ​មូលដ្ឋាន​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ទី​ដែល​បង​ថ្លៃ​របស់​លោក គឺ​លោក ជាម ច័ន្ទសោភ័ណ ជា​អភិបាល​ខេត្ត។ ជាមួយ​គ្នា​នេះ លោក គឹម សន្តិភាព គឺជា​ប្រធាន​ក្រុម​ការងារ​រៀបចំ​យុវជន​ប្រចាំ​ប្រទេស​អូស្ត្រាលី (Australia) និង​ណូវែលហ្សេឡង់ដ៍ (New Zealand)។ ការងារ​ស្នូល​របស់​លោក គឺ​កៀរគរ​កម្លាំង និង​រៀបចំ​អង្គការ​ចាត់តាំង​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ប្រទេស​ទាំងពីរ​នេះ។ ប៉ុន្តែ​សហគមន៍​ខ្មែរ​នៅ​ទីនោះ​បាន​ចាត់​ទុក​ថា នេះ​ជា​ការ​ចូល​មក​បំបែកបំបាក់​សាមគ្គីភាព ជាពិសេស​បាន​​គំរាមកំហែង​ទៅ​ដល់​សុវត្ថិភាព និង​ផ្លូវ​ចិត្ត​របស់​ពួកគាត់។

ទោះជាយ៉ាងណា សម្រាប់​គណបក្ស​កាន់​អំណាច​វិញ លោក គឹម សន្តិភាព បំពេញ​ការងារ​បាន​យ៉ាង​ល្អ និង​មាន​ស្នាដៃ​ជាច្រើន ដូច្នេះ​មន្ត្រី​រូប​នេះ​នឹង​ក្លាយ​ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​​មួយ​រូប​ក្នុង​ឈុត​គណៈរដ្ឋមន្ត្រី​របស់​លោក ហ៊ុន ម៉ាណែត ដែល​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃមុខ។

ក៏ប៉ុន្តែ​តើ​ថ្ងៃ​នោះ​​ពិតជា​នឹង​កើត​មាន​មែន ឬ​យ៉ាងណា? មានតែ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ទេ ទើប​ជា​អ្នក​ផ្ដល់​ចម្លើយ​នេះ​ពិត​ប្រាកដ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។