សហគមន៍​ខ្មែរ​នៅ​កាណាដា​និង​អូស្ត្រាលី​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​ការ​បោះឆ្នោត​ខាង​មុខ

សហគមន៍​ខ្មែរ នៅ​ប្រទេស​កាណាដា (Canada) និង​អូស្ត្រាលី (Australia) នឹង​នាំគ្នា​ធ្វើបាតុកម្ម​ប្រឆាំង​ការបោះឆ្នោត​នៅ​ចុង​សប្ដាហ៍​នេះ ដើម្បី​ប្រឆាំង​នឹង​ការបោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩ កក្កដា ដែល​បាន​រៀបចំ​ដោយ​របប​លោក ហ៊ុន សែន ដោយសារតែ​ពួកគេ​ចាត់ទុកថា ការ​បោះឆ្នោត​ក្លែងក្លាយ។

ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​នឹង​នាំគ្នា​ធ្វើបាតុកម្ម​ក្នុង​ទីក្រុង ម៉ុងរ៉េអាល់ ប្រទេស​កាណាដា នឹង​ធ្វើ​បាតុកម្ម នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ពី​ម៉ោង​៩​ព្រឹក រហូតដល់​ម៉ោង ១២​ថ្ងៃត្រង់ ពួកគេ​នឹង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​នាំគ្នា​ធ្វើ​ពហិការ​​ទៅ​បោះឆ្នោត។

ចំណែក​ឯ​សហគមន៍​ខ្មែរ​ក្នុង​ប្រទេស​អូស្ត្រាលី​ដែល​រួមមាន​សមាគម​ខ្មែរ​វ៉ិកតូរីយ៉ា និង​វត្ត​ខ្មែរ​ចំនួន​ប្រាំ នឹង​ប្រមូល​ផ្តុំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​ការបោះឆ្នោត​នៅ​កម្ពុជា ដែល​ពួកគេ​ចាត់ទុកថា​ជា​ការ​បោះឆ្នោត​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​ប្រជាធិបតេយ្យ​សេរី ពហុបក្ស គ្មាន​យុត្តិធម៌ និង​ជា​ការ​បោះឆ្នោត​បែប​បោកប្រាស់។

បាតុកម្ម​នេះ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍ ទី​២៨ ខែ​កក្កដា វេលា​ម៉ោង​១​រសៀល ក្នុង​ទីក្រុង​ស្ព្រីងវែល (Springvale) រដ្ឋ​វ៉ិកតូរីយ៉ា (Victoria)។

នៅ​អំឡុង​ថ្ងៃ​បោះឆ្នោត​នៅ​កម្ពុជា​ក្នុង​ថ្ងៃអាទិត្យ ទី​២៩ ខែ​កក្កដា ខាងមុខនេះ បាន​នាំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជាច្រើន នៅ​ទូទាំង​ពិភពលោក​ដែល​ជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ និង​ជា​អ្នក​និយម​ប្រជាធិបតេយ្យ គ្រោង​នាំគ្នា​ធ្វើបាតុកម្ម​ស្ទើរ​គ្រប់ទិសទី ជុំវិញ​ពិភពលោក មាន​នៅ​សហរដ្ឋអាមេរិក បារាំង កាណាដា ជប៉ុន កូរ៉េ ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។