ក្រុមយុវជន គណបក្សប្រឆាំង និងពលរដ្ឋមួយចំនួន បានបង្ហោះសារដាក់រូបកាន់ទុក្ខ ក្នុងទំព័រហ្វេសបុករបស់ខ្លួន ក្រោយពីព្រះមហាក្សត្របានឡាយព្រះហស្តលេខា លើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ រវាងកម្ពុជា និងវៀតណាម។ ពួកគេអះអាងថា ការបង្ហោះសាររូបកាន់ទុក្ខបែបនេះ ដើម្បីប្រកាសមិនទទួលស្គាល់ សន្ធិសញ្ញាទាំងនេះ ដែលពួកគេចាត់ទុកថា រំលោភអធិបតេយ្យកម្ពុជា បំពានរដ្ឋធម្មនុញ្ញ មើលងាយឆន្ទៈរាស្ដ្រ និងមិនបានពិភាក្សាឱ្យបានទូលំទូលាយជាដើម។
ក្រុមយុវជន គណបក្សប្រឆាំង និងពលរដ្ឋមួយចំនួន ចាត់ទុកថា ការប្រកាសឱ្យប្រើច្បាប់នេះ ធ្វើឱ្យសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ សម័យវៀតណាមគ្រប់គ្រងកម្ពុជារស់ឡើងវិញ។ ទន្ទឹមនឹងនេះ ពួកគេថា ច្បាប់នេះ ធ្វើឱ្យកម្ពុជាខាតបង់ទឹកដីតាមបណ្ដោយព្រំដែន ជាបន្តទៀត នៅគ្រាដែលកម្ពុជា កំពុងមានជម្លោះនយោបាយ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបែបឯកបក្ស។

យុវជនម្នាក់រស់នៅរាជធានីភ្នំពេញ លោក ម៉ា ចិត្រា ឱ្យដឹងថា មូលហេតុដែលលោកដាក់រូបកាន់មរណទុក្ខ ក្នុងទំព័រហ្វេសបុករបស់លោក ដើម្បីបង្ហាញការមិនពេញចិត្ត ព្រោះលើសន្ធិសញ្ញាថ្មីនេះ រំលោភច្បាប់កំពូលរបស់កម្ពុជា និងមើលងាយស្មារតីពលរដ្ឋខ្មែរទាំងមូល។ លោកថា រដ្ឋាភិបាលបច្ចុប្បន្ន ជារដ្ឋាភិបាលឯកបក្ស គ្មានគណបក្សប្រឆាំង មិនគួរប្រញាប់ អនុម័តច្បាប់នេះនោះទេ។ លោកបញ្ជាក់ថា ក្រុមយុវជនដែលមិនពេញចិត្តសេចក្ដីសម្រេចនេះ មិនហ៊ានងើបតវ៉ាប្រឆាំងរដ្ឋាភិបាលនោះទេ ព្រោះខ្លាចក្រែងរដ្ឋាភិបាលធ្វើទុក្ខបុកម្នេញ និងចាប់ដាក់គុក។ តែទោះជាយ៉ាងណាក៏ដោយចុះ លោកថា ក្រុមយុវជន នឹងថ្វាយលិខិតមួយច្បាប់ទៅព្រះមហាក្សត្រ ដើម្បីសុំឱ្យព្រះអង្គ បដិសេធចោលសន្ធិសញ្ញានេះវិញ នៅពេលឆាប់ៗនេះ៖ «ចូលរួមសោកស្ដាយការទទួលស្គាល់សន្ធិសញ្ញាបំពេញបន្ថែម ដូចយើងដឹងថា រាល់ថ្ងៃនេះ ជារដ្ឋាភិបាលឯកបក្ស មានន័យថា រដ្ឋាភិបាលគ្មានតម្លាភាព មិនមានការចូលរួមដេញដោលពីគណបក្សប្រឆាំង។ អំពាវនាវឱ្យពលរដ្ឋឱ្យចូលរួម និងតាមដាន ក៏ដូចជាការបង្ហាញការមិនពេញចិត្តរបស់ខ្លួន នៅលើបណ្ដាញសង្គមហ្វេសបុក ដើម្បីបង្ហាញដល់រដ្ឋាភិបាល និងព្រះមហាក្សត្រឱ្យទ្រង់ឃើញថា ពលរដ្ឋខ្មែរមិនពេញចិត្តសន្ធិសញ្ញាបំពេញបន្ថែមថ្មីនេះទេ»។

ស្រដៀងគ្នានេះ យុវជនម្នាក់ទៀត លោក ជុំ ហួត ចាត់ទុកការបង្កើតច្បាប់នេះថា ជាការមើលងាយឆន្ទៈរាស្ដ្រខ្មែរ រំលោភរដ្ឋធម្មនុញ្ញ និងបំពានកិច្ចព្រមព្រៀងក្រុងប៉ារីស ឆ្នាំ ១៩៩១។ លោកថា ការបង្ហោះសារបង្ហាញមរណទុក្ខ ក្នុងទំព័រហ្វេសបុកនេះ ដើម្បីផ្ញើសារទៅរដ្ឋាភិបាល និងរដ្ឋសភាឯកបក្សថា ពួកលោកមិនសប្បាយចិត្តនឹង ច្បាប់ថ្មីនេះទេ ព្រោះគ្មានប្រយោជន៍អ្វីដល់ប្រជាជនកម្ពុជា ផ្ទុយទៅវិញនឹងធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីបន្តទៀត ទៅវៀតណាមគ្រប់គ្រង។ លោកបន្ថែមថា រដ្ឋាភិបាល និងរដ្ឋសភាឯកបក្ស ហាក់មិនបានពិភាក្សាបញ្ហានេះឱ្យបានទូលំទូលាយ ជាពិសេសមិនស្ដាប់ក្ដីកង្វល់របស់ពលរដ្ឋ រស់នៅតាមបណ្ដោយព្រំដែនដែលតែងតែត្អូញត្អែររឿងបាត់បង់ដីស្រែ របស់ខ្លួនទៅវៀតណាមកាន់កាប់នោះឡើយ៖ «ខ្ញុំជាកូនខ្មែរមួយរូប ក៏ដូចជាកូនខ្មែរទូទាំងប្រទេស នៅពេលដែលគាត់ឮដំណឹងហ្នឹង គឺគាត់ឈឺចាប់មែនទែន ដោយសារតែប្រទេសយើងបាត់បង់ទឹកដី មួយផ្នែកធំហើយ ហេតុអ្វីនៅតែបន្តបាត់បង់តទៅទៀត។ អ៊ីចឹងរដ្ឋាភិបាលមិនបានគោរពឆន្ទៈយើងជាកូនខ្មែរទេ ក្នុងនាមយើងបោះឆ្នោតឱ្យ។ ទឹកដីយើង ដែលនៅគង់វង្សទាំងប៉ុន្មាន ? រដ្ឋាភិបាលគួរថែរក្សាឱ្យល្អជាងហ្នឹង មិនគួរណាសន្ធិសញ្ញាធ្វើឱ្យបាត់ទឹកដីយើងទៅមុខទៀត។ អ៊ីចឹងយើងឈឺចាប់ខ្លាំងមែនទែន»។
ពលរដ្ឋរស់នៅក្បែរព្រំដែនកម្ពុជាវៀតណាម ថ្លែងសុំលាក់ឈ្មោះ អះអាងថា កន្លងទៅរដ្ឋាភិបាលបានបោះបង្គោលព្រំដែនលេខ ១៨៤ រហួតដល់ ១៩៧ ធ្វើឱ្យបាត់បង់ដីស្រែពលរដ្ឋចំនួន ៣ឃុំ រស់នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង។ លោកថា ពលរដ្ឋភាគច្រើន ដែលបាត់ដីស្រែ មិនហ៊ានងើបតវ៉ា ស្វែងរកយុត្តិធម៌នោះទេ ព្រោះកន្លងទៅ មានពលរដ្ឋ ៣នាក់ហើយបានជាប់គុក ដោយសារតែតវ៉ាទាមទារដីស្រែរបស់ខ្លួន នៅគ្រាដែលវៀតណាមរំលោភយក។ លោកក៏សោកស្ដាយចំពោះការដាក់ឱ្យប្រើ ច្បាប់នេះដែរ ព្រោះលោកថា រឿងនេះបានធ្វើឱ្យរបូតដីស្រែកេរដូនតា ទៅវៀតណាមគ្រប់គ្រង៖ «ខ្ញុំនិងពលរដ្ឋដទៃក៏នៅតែមានការមិនច្បាស់លាស់ដដែលហ្នឹង ដោយសារតែគាត់ទទួលព័ត៌មានមិនគ្រប់ជ្រុងជ្រោយ។ អ៊ីចឹងខ្ញុំមិនយល់ ការងាររបស់រដ្ឋាភិបាល មិនយល់ នៅមិនច្បាស់អ៊ីចឹង ហ្នឹងសម្រាប់ខ្ញុំ។ ចេះតែកិលមក ចេះតែមានតម្រុយមកលិចរហូត អាកើតអត់អីផង។ គេចេះតែថា ហើសអ៊ីចឹងទៅ»។
កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់អះអាងថា ការដឹកនាំរបស់លោក មិនធ្វើឱ្យបាត់បង់ទឹកដី សូម្បីតែមួយមីលីម៉ែត្រនោះទេ។ កាលពីអំឡុងខែវិច្ឆិកាកន្លងទៅ លោក ហ៊ុន សែន បានទៅចុះហត្ថលេខាទទួលស្គាល់បង្គោលព្រំដែន ចំនួន៨៤ភាគរយ ជាមួយភាគីវៀតណាមនៅប្រទេសវៀតណាម។
អាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បីសុំការបំភ្លឺរឿងនេះ តែទូរសព្ទហៅចូលគ្មានអ្នកលើកនៅថ្ងៃទី២១ ធ្នូ។
ទោះជាយ៉ាងណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសកិច្ចការព្រំដែន លោក វ៉ា គឹមហុង ធ្លាប់លើកឡើងថា រដ្ឋាភិបាល មានកាតព្វកិច្ចទទួលខុសត្រូវ ចំពោះមុខប្រវត្តិសាស្ដ្រ និងប្រទេសជាតិ ទាក់ទិនការកំណត់ខណ្ឌសីមាព្រំដែនជាមួយប្រទេសវៀតណាមសម្រេចបាន ៨៤ភាគរយ ៖ «រដ្ឋាភិបាលមានតួនាទីភារកិច្ចទទួលខុសត្រូវមុខប្រវត្តិសាស្ដ្រ និងប្រទេសជាតិ។ ដូច្នេះក្រុមយុវជនគាត់ទទួលខុសត្រូវលើមុខនរណា ? អ្វីស្រេចតែគាត់ ខ្ញុំមិនហ៊ានអធិប្បាយអីទេបាទ»។

ស្របពេលនិន្នាការប្ដូររូបកាន់ទុក្ខផ្ទុះឡើងក្នុងមជ្ឈដ្ឋានពលរដ្ឋខ្មែរនេះ គណបក្សសង្គ្រោះជាតិឯណោះវិញបានចេញសេចក្ដីថ្លែងការណ៍ សម្ដែងការខកចិត្តចំពោះការឡាយព្រះហស្ថលេខារបស់ព្រះមហាក្សត្រ ប្រកាសឱ្យប្រើច្បាប់នេះ ដោយគណបក្សនេះចាត់ទុកថា ធ្វើឱ្យបាត់បង់បូរណភាពទឹកដីទៅប្រទេសវៀតណាម។ ទន្ទឹមនឹងនេះ គណបក្សសង្គ្រោះជាតិអះអាងថា សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្មាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ ត្រូវបានមោឃភាព ដោយអំណាចកិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ ១៩៩១ និងរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ ១៩៩៣។
តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន យល់ថា ការបង្ហោះសារ តាមបណ្ដាញសង្គមចូលរួមកាន់ទុក្ខ និងសោកស្ដាយទឹកដីខ្មែររបស់យុវជន គឺជាសញ្ញាឆ្លុះបញ្ចាំងពីការមិនពេញចិត្ត ការអនុម័តច្បាប់ថ្មីនេះ និងចាត់ទុកថា ធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីបន្ថែមទៀត។ លោកថា កូនខ្មែរត្រូវចូលរួមការពារទឹកដីទាំងអស់គ្នា និងត្រូវរួមកម្លាំងគ្នាការពារមរតដូនតាឱ្យគង់វង្ស ជាពិសេសត្រូវរកគន្លឹះដោះស្រាយបញ្ហានេះទាំងនេះ ទៅថ្ងៃខាងមុខឱ្យមានប្រសិទ្ធភាព៖ «កូនខ្មែរទាំងអស់ យើងត្រូវធ្វើយុទ្ធនាការតាមបណ្ដាញសង្គមហ្វេសបុកហ្នឹងហើយ ហើយយើងត្រូវធ្វើការទាមទារបន្តទៀតដូចជា ការប្រមូលផ្ដុំសម្ដែងមតិ ធ្វើម៉េចយើងត្រូវចូលរួមចងគ្នា ជាកម្លាំងតែមួយហើយយើងការពារ និងធ្វើការប្រមូលផ្ដុំសម្ដែងមតិជាបន្តបន្ទាប់ ទាក់ទងអ្វីដែលយើងគិតថា វាគ្មានផលចំណេញសម្រាប់ជាតិខ្មែរ»។

កម្ពុជាមានព្រំដែនជាប់នឹងប្រទេសវៀតណាមចំនួន ១.២៤៥គីឡូម៉ែត្រ ដែលត្រូវបោះបង្គោលព្រំដែនសរុបចំនួន ៣៧១បង្គោល។ បច្ចុប្បន្នប្រទេសទាំងពីរបានបោះបង្គោលរួចរាល់ចំនួន ៣១៥បង្គោល ឬស្មើនិង ៨៤ភាគរយហើយ នៅសល់បង្គោលចំនួន ៥៦ទៀត ឋិតនៅខេត្តរតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ ស្វាយរៀង ខេត្តកណ្ដាល និងខេត្តតាកែវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។