យុវជន និងអ្នកវិភាគថា ការអះអាងរបស់លោក សម រង្ស៊ី ដែលថា ចូលស្រុក ដើម្បីរំដោះព្រះមហាក្សត្រពីលោក ហ៊ុន សែន នោះ ជាសារនយោបាយដើម្បីរកសំឡេងគាំទ្របន្ថែមទៀតពីពលរដ្ឋដែលគោរពស្រលាញ់ព្រះមហាក្សត្រ។
សារចុងក្រោយរបស់លោក សម រង្ស៊ី នេះ ធ្វើឡើងក្រោយពេលតុលាការ និងរដ្ឋាភិបាលលោក ហ៊ុន សែន បានប្រតិកម្មផ្លូវច្បាប់ចោទប្រកាន់លោកថា បានប្រមាថស្ដេច ដោយសារតែលោកអះអាងថា ព្រះមហាក្សត្រជាអាយ៉ងរបស់លោក ហ៊ុន សែន។
យុវជនលោក សេង ម៉េងប៊ុនរ៉ុង ដែលចូលចិត្តតាមដានព្រឹត្តិការណ៍នយោបាយ បានសំដែងការគាំទ្រសាររបស់លោក សម រង្ស៊ី៖ «ខ្ញុំគិតថា នឹងទទួលបានការគាំទ្របន្ថែមទៀតព្រោះអ្នកណាក៏មើលឃើញដែរថា ព្រះមហាក្សត្រសព្វថ្ងៃដែលយើងគោរពស្រលាញ់ទាំងអស់គ្នាគឺទ្រង់នៅក្រោមគំនាបរបស់គណបក្សកាន់អំណាច ហើយខ្ញុំនឹងចូលរួមជាមួយគណបក្សប្រឆាំង»។
ចំណែកឯយុវជនម្នាក់ទៀត លោក ច័ន្ទ សុធី សង្កេតឃើញថា របបក្រុងភ្នំពេញសព្វថ្ងៃ កំពុងដឹកនាំប្រទេសតាមបែបអំណាចប្រមូលផ្តុំ។ លោកថា ក្នុងនាមលោកផ្ទាល់និងពលរដ្ឋផ្សេងទៀតនឹងត្រៀមខ្លួនជាមួយគណបក្សសង្គ្រោះជាតិ ដើម្បីទាមទារឱ្យមានការបែងចែកអំណាចដាច់ដោយឡែកពីគ្នា និងការគោរពព្រះមហាក្សត្រដូចដែលច្បាប់ចែងខណៈលោកយល់ថា របបក្រុងភ្នំពេញមិនបានអនុវត្តឱ្យត្រឹមត្រូវតាមច្បាប់ទេ៖ «អ្នកដែលរំលោភបំពានឬក៏ប្រមាថព្រះមហាក្សត្រ គឺប្រជាពលរដ្ឋដឹងគ្រប់គ្នាទាំងអស់ដូច្នេះប្រសាសន៍របស់គាត់ ( លោក សម រង្ស៊ី ) ខ្ញុំគាំទ្រព្រោះយើងឃើញទិដ្ឋភាពជាក់ស្ដែងស្រាប់»។
កាលពីថ្ងៃទី២៣ ខែកញ្ញា លោក សម រង្ស៊ី ថ្លែងពេលជួបអ្នកគាំទ្ររបស់ខ្លួននៅវត្តខេមររង្សី នៅទីក្រុងសាន់ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា (California) ថា អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងអ្នកគោរពស្រលាញ់ព្រះមហាក្សត្រគូររួមជាមួយនឹងលោកនៅថ្ងៃទី៩ ខែវិច្ឆិកា ដើម្បីរំដោះប្រទេស និងព្រះមហាក្សត្រ ពីក្រញាំលោក ហ៊ុន សែន៖ «អ្នកណាដែលប្រមាថស្ដេច គឺ ហ៊ុន សែន ! អ្នកណាដែលគំរាមរំលាយរបបរាជានិយម ហ៊ុន សែន ! អ្នកណាដែរលគំរាមរំលាយព្រះរាជបល្ល័ង្ក ហ៊ុន សែន! អ៊ីចឹងសូម្បីតែអ្នកស្រឡាញ់ស្ដេចទាំងអស់ ត្រូវតែគាំទ្រជាមួយគណបក្សសង្គ្រោះជាតិ ដើម្បីយើងទៅជួយស្ដេចឱ្យរួចផុតពីក្រញាំ ហ៊ុន សែន»។
អ្នកវិភាគបញ្ហានយោបាយលោក គឹម សុខ ដែលហ៊ានរិះគន់លោក ហ៊ុន សែន ឥតសំចៃមាត់ និង បច្ចុប្បន្នកំពុងរស់នៅនិទ្ទេសខ្លួននៅប្រទេសហ្វាំងឡង់ យល់ថា ដើម្បីរំដោះព្រះមហាក្សត្រលុះវត្រាអ្នកនយោបាយរួមគ្នាគោរពរដ្ឋធម្មនុញ្ញ។ លោកបន្តថា ប្រសិនបើព្រះ មហាក្សត្រ ត្រូវពលរដ្ឋរំដោះបាននោះ ព្រះអង្គនឹងសិទ្ធិគ្រប់គ្រាន់ដើម្បីជួយដោះស្រាយវិបត្តិនយោបាយ ស្របតាម រដ្ឋធម្មនុញ្ញដែលផ្ដល់អំណាចដល់ព្រះអង្គ៖ «នៅក្នុងការបង្ហាញអំពីសារស្មារតីគោរពនៃការគោរពរដ្ឋធម្មនុញ្ញ គោរពព្រះមហាក្សត្រវាដូចជាការនាំមុខគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដូច្នេះគណបក្សប្រឆាំងអាចមានឥទ្ធិពលនឹងនិយាយជាមួយសហគមន៍អន្តរជាតិទាំងអង្គការសហប្រជាជាតិជាដើម្បីដើម្បីជំរុញទៅគណបក្សកាន់អំណាចពិចារណា ទៅការគោរពរដ្ឋធម្មនុញ្ញនិងកិច្ចព្រមព្រៀងទីក្រុងប៉ារីស»។
ស្របពេលដែលលោក សម រង្ស៊ី កំពុងមានបំណងចង់រំដោះព្រះមហាក្សត្រនោះ គណបក្សប្រឆាំង ក៏បានបំផុសចលនាបង្ហាញម្រាមដៃ៩ ជាសញ្ញាគាំទ្រ លោក សម រង្ស៊ី វិលចូលកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
