សកម្មជនគណបក្សប្រឆាំងដែលកំពុងភៀសខ្លួននៅប្រទេសថៃដើរកៀរគរពលករខ្មែរឱ្យត្រៀមចូលរួមធ្វើបាតុកម្មប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលគ្រោងទៅទស្សនកិច្ចនៅប្រទេសថៃនៅដើមខាងកុម្ភៈខាងមុខ។ ពួកគេថា គម្រោងធ្វើបាតុកម្មនេះ ដើម្បីទាមទារឱ្យប្រមុខរដ្ឋាភិបាលក្រុងភ្នំពេញងាកមកដើរតាមគន្លងប្រជាធិបតេយ្យ និងឈប់តាមយាយីដល់អ្នកដែលមាននិន្នាការផ្ទុយបន្តទៅទៀត។
ជនភៀសខ្លួនខ្មែរនៅប្រទេសថៃ អះអាងថា មានពលករខ្មែរជាង២ពាន់នាក់ហើយបានចុះឈ្មោះត្រៀមចូលរួមធ្វើបាតុកម្មប្រឆាំងវត្តមានលោក ហ៊ុន ម៉ាណែត នៅប្រទេសថៃ។
មន្ត្រីគណបក្សភ្លើងទៀនដែលកំពុងភៀសខ្លួននៅប្រទេសថៃ លោក លី ម៉េងឃៀង ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២២មករាថា ការដើរកៀរគរពលករខ្មែរធ្វើបាតុកម្មនេះ ដោយសារមិនពេញចិត្តលោក ហ៊ុន ម៉ាណែត ដឹកនាំប្រទេសផ្ដាច់ការ និងតាមធ្វើទុក្ខបុកម្នេញអ្នកដែលមាននិន្នាការផ្ទុយពីរដ្ឋាភិបាល។ លោកបញ្ជាក់ថា បាតុកម្មនៅពេលខាងមុខនេះ នឹងមានលើកបដានៅតាមដងផ្លូវទាមទារឱ្យលោក ហ៊ុន ម៉ាណែត គោរពសិទ្ធិមនុស្សនិងបើកលំហប្រជាធិបតេយ្យឡើងវិញ។
លោក លី ម៉េងឃៀង៖ «អីចឹងយើងអត់ចង់ឃើញការដឹកនាំរបៀបនឹងទៀតទេ។សំខាន់ទៅទៀតគឺគាត់បានបិទសិទ្ធិសេរីភាពគណបក្សនយោបាយជាពិសេសគណបក្សភ្លើងទៀនមិនឱ្យចូលប្រកួតរាល់ការបោះឆ្នោតដោយគាត់ខ្លាចការបាត់បង់អំណាច។ អីចឹងគាត់ខំប្រឹងធ្វើទង្វើទាំងអស់ហ្នឹងធ្វើឱ្យយើងជាអ្នកប្រជាធិបតេយ្យជាអ្នកភៀសខ្លួននយោបាយ យើងមិនអាចនៅស្ងៀមបានទេ យើងត្រូវតែកៀរគរកម្លាំងប្រជាពលរដ្ឋដែលស្នេហាជាតិ ស្នេហាប្រជាធិបតេយ្យ ស្នេហាប្រទេសជាតិឱ្យគាត់ចូលរួមជាមួយពួកយើង»។
ការកៀរគរពលករត្រៀមធ្វើបាតុកម្មនេះ បន្ទាប់ពីពួកគេទទួលដំណឹងថា លោក ហ៊ុន ម៉ាណែត គ្រោងទៅទស្សនកិច្ចនៅប្រទេសថៃនៅថ្ងៃទី៧កុម្ភៈខាងមុខ។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាកម្ពុជា លោក សុខ ឥសាន ប្រាប់វិទ្យុអាស៊ីសេរី ថា រដ្ឋាភិបាលក្រុងភ្នំពេញដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យរួចទៅហើយ ដូច្នេះលោក មិនព្រួយបារម្ភការធ្វើបាតុកម្មរបស់ជនភៀសខ្លួននិងពលករខ្មែរនៅប្រទេសថៃនោះឡើយ។
លោក សុខ ឥសាន៖ «ថាតើលទ្ធផលបានអីខ្លះអ្នកធ្វើបាតុកម្ម ហើយរដ្ឋាភិបាលដែលដំណើរទស្សនកិច្ចទៅថៃនឹងបានស្អីខ្លះអាហ្នឹងយើងប្រៀបធៀបទៅ។វាបានតែបន្ទរបានតែប្រមូលហើយយើងកំពុងតែមានសិទ្ធិស្រែក យើងកំពុងមានសិទ្ធិដើរហើរគ្រប់កន្លែងហើយយើងវ៉ៃប្រហារថាគេនឹងអត់គោរពសិទ្ធិមនុស្សអត់មានប្រជាធិបតេយ្យប្រទេសកម្ពុជាកំពុងមានរាជាធិបតេយ្យ»។
ទោះជាយ៉ាងណា មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) ខេត្តបាត់ដំបង លោក យិន ម៉េងលី យល់ឃើញថា គម្រោងធ្វើបាតុកម្មរបស់ជនភៀសខ្លួនខ្មែរនេះជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ។ លោកបន្ថែមថា បាតុកម្មពេលខាងមុខនេះជាការបញ្ជូនសារទៅសហគមន៍អន្តរជាតិឱ្យមើលឃើញថាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសកាន់តែច្រើនឡើងមិនពេញចិត្តនឹងការដឹកនាំរបស់លោក ហ៊ុន ម៉ាណែតឡើយ។
លោក យិន ម៉េងលី៖ «វាជាភាពអាម៉ាស់មួយដែរ។ខ្ញុំមានការព្រួយបារម្ភដែរ ដែលប្រមុខរដ្ឋាភិបាលទៅទីណាយើងឮសូរតែមានការតវ៉ា ប្រហែលជាមានបញ្ហាដូចពួកគាត់លើកឡើងមែនឬមួយយ៉ាងម៉េច។អានេះត្រូវតែធ្វើការពិនិត្យឡើងវិញបើអីចឹងទេវាពិបាកមុខម៉ាត់របស់រដ្ឋាភិបាលនៅលើឆាកអន្តរជាតិឃើញតែប្រជាពលរដ្ឋរបស់ធ្វើការតវ៉ាយើងអត់ឃើញមានរដ្ឋាភិបាលនៃប្រទេសផ្សេងទៀតទេ»។
លោកហ៊ុន ម៉ាណែត បានកាន់តំណែងជានាយករដ្ឋមន្ត្រីអស់រយៈពេល៥ខែហើយ ក៏ប៉ុន្តែអ្នកឃ្លាំមើលលើកឡើងថា រដ្ឋាភិបាលមិនទាន់បានដោះស្រាយបញ្ហាភាពអត់ឃ្លានរបស់ពលរដ្ឋបាននៅឡើយទេ ខណៈ ពលរដ្ឋមួយចំនួនរងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរដដែល។ ថ្មីៗនេះអាជ្ញាធរបានចាប់អ្នករិះគន់ភាពអសកម្មរបស់គណបក្សកាន់អំណាច និងមន្ត្រីរដ្ឋាភិបាលដាក់ពន្ធនាគារជាបន្តបន្ទាប់ ជាឧទាហរណ៍ ប្រជាពលរដ្ឋម្នាក់នៅខេត្តបន្ទាយមានជ័យ គឺលោក កង សារ៉ន ត្រូវបានតុលាការកាត់ទោស ដាក់ពន្ធនាគារ៣ឆ្នាំនិង ការចាប់ខ្លួនអ្នកជំនាញកសិកម្មលោក នី ណាក់ ជាដើម។ តុលាការបានចោទប្រកាន់ពួកគេពីបទញុះញង់ ពាក់ព័ន្ធនឹងការបញ្ចេញមតិរិះគន់រដ្ឋាភិបាលតាមបណ្ដាញសង្គមហ្វេសប៊ុក(Face book)។
ថ្មីៗនេះនាយករងប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Right Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) បានចាត់ទុកការធ្វើទុក្ខបុកម្នេញទៅលើអ្នករិះគន់ភាពអសកម្មរបស់រដ្ឋាភិបាលឆ្លុះបញ្ចាំងថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត កំពុងដើរតាមគន្លងដឹកនាំតាមបែបផ្ដាច់ការដូចឪពុករបស់លោក តាមរយៈការរឹតត្បិតទៅលើសេរីភាពបញ្ចេញមតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។