ក្រុមស្រ្តីថ្ងៃសុក្រចេញតវ៉ាដោយសន្តិវិធីដើម្បីស្នើដល់សហភាពអឺរ៉ុបជួយអន្តរាគមន៍ទៅរដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យដោះលែងសមាជិកគ្រួសារពួកគេនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អឺរ៉ុបនៅសប្តាហ៍ក្រោយ។ ទោះបីយ៉ាងណាមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលថាការចាប់និងឃុំសកម្មជនបក្សប្រឆាំងកន្លងមកគឺជាការអនុវត្តច្បាប់។
ក្រុមស្រ្តីថ្ងៃសុក្រជិត១០នាក់បាននាំគ្នាប្រមូលផ្តុំកាន់បដាអមដោយសំឡេងស្រែកទាមទាររកយុត្តិធម៌នៅតាមបណ្តោយផ្លូវព្រះនរោត្តមទល់មុខស្ថានទូតសហភាពអឺរ៉ុបប្រចាំទីក្រុងភ្នំពេញ។ ពួកគាត់អំពាវនាវដល់ទៅកាន់ប្រមុខដឹកនាំរដ្ឋនិងរដ្ឋាភិបាលបរទេសនៃប្រទេសសមាជិកសហភាពអឺរ៉ុបទាំងអស់ដែលចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អឺរ៉ុបនៅក្នុងនៅសប្តាហ៍នេះជួយជំរុញនិងដាក់សម្ពាធលើរដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញតាមផ្លូវតុលាការនិងដោះលែងអ្នកទោសនយោបាយនិងអ្នកទោសមនសិការឱ្យមានសេរីភាពវិញ។
ដូចលើកមុនៗដែរ ក្រុមសន្តិសុខ និងអាជ្ញាធរក្រុងភ្នំពេញស្លៀកពាក់ឯកសណ្ឋាននិងស៊ីវិលច្រើនលើសលប់បានបន្តតាមឡោមព័ទ្ធដោយជេរប្រមាថលាបពណ៌ចោទប្រកាន់ជាពិសេសចាប់ទាញពួកក្រុមស្រ្តីតវ៉ាមិនឱ្យលើកបដានិងស្រែកតវ៉ានោះទេ។ប៉ុន្តែសមត្ថកិច្ចមិនបានបង្កអំពើហិង្សាបណ្តាលឱ្យស្រ្តីរងរបួសដូចលើកមុនៗទេ។
តំណាងស្រ្តីថ្ងៃសុក្រនិងជាប្រពន្ធមន្រ្តីគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ពន្ធនាគារព្រៃសលោក កាក់ កុម្ភារ គឺលោកស្រី ព្រុំ ចាន់ថា ថាការចេញតវ៉ាលើកនេះគឺមានសារៈសំខាន់សម្រាប់ក្រុមគ្រួសារពួកលោកស្រីនិងសង្គម ដើម្បីផ្ញើសារ ឬបញ្ជាក់ទៅកាន់សហភាពអឺរ៉ុបអំពីទុក្ខវេទនារបស់អ្នកជាប់ឃុំក្រោមហេតុផលនយោបាយដោយសារតែប្រព័ន្ធតុលាការកម្ពុជាមិនឯករាជ្យ។ លោកស្រី ព្រុំ ចាន់ថា ឱ្យដឹងថា កន្លងមកមន្រ្តីស្ថានទូតប្រទេសប្រជាធិបតេយ្យធំៗតែងតែយកចិត្តទុកដាក់អំពីទុក្ខកង្វល់និងសំណើរបស់គ្រួសារជនរងគ្រោះ ដូច្នេះលោកស្រីរំពឹងថា សហភាពអឺរ៉ុបដែលជាម្ចាស់ជំនួយដ៏ធំនិងការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធអ៊ីប៊ីអេ (EBA) ដល់កម្ពុជា នឹងជួយអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកជាប់ឃុំក្នុងសំណុំរឿងនយោបាយទាំងអស់ឱ្យមានសេរីភាព៖
«ក្រុមគ្រួសារពួកខ្ញុំជាប់ពន្ធនាគារដោយអត់មានកំហុសនិងទាំងអយុត្តិធម៌ដោយរបបឯកបក្សក្រុងភ្នំពេញចាប់ដាក់ពន្ធនាគារនិងតុលាការអត់សុក្រឹត្យនិងឯករាជ្យដូច្នេះខ្ញុំចង់បញ្ហានិងបញ្ហាក់ទៅសហភាពអឺរ៉ុបនិងប្រជាពលរដ្ឋនៅកម្ពុជាទាំងអស់ឱ្យដឹងថា កម្ពុជាអត់គោរពសិទ្ធិនិងគ្មានប្រជាធិបតេយ្យនិងនីតិរដ្ឋទេចា៎»។
ស្ថានទូតសហភាពអឺរ៉ុបប្រចាំក្រុងភ្នំពេញមិនបានអនុញ្ញាតឱ្យក្រុមស្រ្តីថ្ងៃសុក្រចូលជួបនោះទេដោយសារមន្រ្តីស្ថានទូតជាប់រវល់ប្រជុំ។ ទោះយ៉ាងណាមន្រ្តីស្ថានទូតសហភាពអឺរ៉ុបបានកំណាត់ពេលជួបជាមួយគ្រួសារសកម្មជនបក្សប្រឆាំងទៅសប្តាហ៍ក្រោយវិញ។
កិច្ចប្រជុំកំពូលអាស៊ាន-អឺរ៉ុបនឹងរៀបចំឡើងនៅទីក្រុងព្រុចសែល(Brussels) ប្រទេសបែលហ្សិក (Belgium)នៅថ្ងៃទី១៤ ខែធ្នូ ដែលមានវត្តមានប្រមុខដឹកនាំរដ្ឋនិងរដ្ឋាភិបាលប្រទេសសមាជិកអាស៊ាននិងសហភាពអឺរ៉ុបចូលរួមនៅទីនោះដែរ។
ឆ្លើយតបរឿងនេះប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ថាការចាប់និងឃុំខ្លួនសកម្មជនបក្សប្រឆាំងកន្លងទៅគឺជាការអនុវត្តច្បាប់ដោយមិនទាក់ទងរឿងនយោបាយនោះទេ។ លោកយល់ថា ការពឹងពាក់បរទេសឱ្យជួយអន្តរាគមន៍ដាក់សម្ពាធឬទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជាពីសំណាក់ក្រុមប្រឆាំងនឹងមិនបានផ្តល់ផលប្រយោជន៍សម្រាប់អ្នកជាប់ឃុំនោះទេ៖
«វាមិនមែននៅក្នុងបរិបទនយោបាយទេពីព្រោះការឃាត់ខ្លួនការឃុំខ្លួនចូលដល់បរិបទយុត្តិធម៌ហើយប្រព័ន្ធតុលាការជាអ្នកអនុវត្តដូច្នេះការដោះស្រាយតាមយោបល់ខ្ញុំនិងនីតិរដ្ឋត្រូវធ្វើកិច្ចការជាមួយតុលាការតាមរយៈមេធាវីគឺយើងមិនមែនធ្វើការងារនយោបាយជាមួយបរទេសទេ»។
ផ្ទុយពីការលើកឡើងមន្រ្តីរដ្ឋាភិបាលនេះកាលពីដើមខែឧសភាសមាជិកសភាអឺរ៉ុបបានទាមទារឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការយាយីគ្រប់រូបភាពលើការអនុវត្តសិទ្ធិសេរីភាពរបស់ពលរដ្ឋហើយដោះលែងអ្នកជាប់ឃុំនយោបាយនិងទម្លាក់ចោលបទចោទប្រកាន់មិនត្រឹមត្រូវលើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនិងការស៊ើបអង្កេតដោយឯករាជ្យលើករណីឃាតកម្មលើអ្នកបញ្ចេញមតិរិះគន់រដ្ឋាភិបាលជាដើម។ ទន្ទឹមនឹងនេះ សភាអឺរ៉ុបបានជំរុញឱ្យស្ថាប័នអឺរ៉ុបអនុម័តវិធានការនានាប្រឆាំងនឹងក្រុមមេដឹកនាំកម្ពុជា ក្នុងនោះរួមទាំង ការព្យួរទាំងស្រុងនូវប្រព័ន្ធអនុគ្រោះពន្ធ EBA ផងដែរប្រសិនបើរកឃើញថា ការបោះឆ្នោតមានភាពអយុត្តិធម៌។
ជុំវិញរឿងនេះប្រធានសមាគមន៍ការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក នី សុខា មើលឃើញថា សកម្មភាពចេញតវ៉ានិងដាក់ញត្តិក្រុមគ្រួសារសកម្មជនបក្សប្រឆាំងកន្លងមកទទួលបានការយកចិត្តទុកដាក់ពីប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យជាបន្តបន្ទាប់។ លោកថាជាក់ស្តែងសហរដ្ឋអាមេរិក និងប្រទេសនៃសមាជិកសហភាពអឺរ៉ុបបានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាស្តារប្រជាធិបតេយ្យ និងបញ្ឈប់ការគាបសង្កត់លើសិទ្ធិសេរីភាពរបស់ពលរដ្ឋ ដោយដោះលែងអ្នកទោសនយោបាយមុនការបោះឆ្នោតនៅឆ្នាំ២០២៣ខាងមុខ៖
«ខ្ញុំគិតថាទាំងសហភាពអឺរ៉ុបទាំងសហរដ្ឋអាមេរិកក្តីបានធ្វើកិច្ចការហ្នឹងច្រើនណាស់តាមរយៈការចរចារៀបចំការទូតក្តីចេញសេចក្តីថ្លែងការណ៍ផ្សេងៗក្តី។បើកម្ពុជាមិនងាកទៅរកការដោះស្រាយបញ្ហានយោបាយដើម្បីឈានទៅរកដោះលែងអ្នកជាប់ឃុំដោយសាររឿងនយោបាយនិងមនសិការទាំងអស់ហ្នឹងទេខ្ញុំគិតថាផលវិបាកនឹងធ្លាក់មកលើប្រទេសកម្ពុជាទាក់ទងសម្ពាធផ្សេងៗទៀត»។
មកទល់ពេលនេះមានសកម្មជនគណបក្សប្រឆាំងនិងអ្នករិះគន់រដ្ឋាភិបាលជាង ៦០នាក់ទៀត កំពុងជាប់ឃុំក្នុងពន្ធនាគារដោយសារតែការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន៕