លោក ស៊ាង ចែត ត្រូវ​បាន​ដោះលែង​បន្ទាប់​ពី​តុលាការ​ទើប​តែ​ផ្ដន្ទាទោស​ដាក់​គុក​៥​ឆ្នាំ

ដោយ ម៉ម មុនីរតន៍
2016.12.08
ស៊ាង ចែត ២០១៦ ៨៥៥ មេឃុំ​គណបក្ស​ប្រឆាំង​លោក ស៊ាង ចែត (រូប​កណ្ដាល​លើក​ដៃ) ពេល​ចេញ​ពី​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៦។
RFA

មេ​ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៨ ខែ​ធ្នូ ក្រោយ​ពី​បក្ស​ទាំង​ពីរ​បាន​បើក​ផ្លូវ​ចរចា​វិបត្តិ​នយោបាយ​ដែល​អូស​បន្លាយ​ជាង​ពាក់​កណ្ដាល​អាណត្តិ។ ការ​ផ្ដល់​សម្បទា​ឡើង​វិញ​ឲ្យ​មេ​ឃុំ​របស់​បក្ស​ប្រឆាំង​នេះ បន្ទាប់​ពី​មាន​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ ដែល​ព្រះអង្គ​ព្រះរាជ​ទាន​លើកលែង​ទោស តាម​រយៈ​ការ​សម្របសម្រួល​ផ្នែក​នយោបាយ​រួច​មក។ អ្នក​វិភាគ​បញ្ហា​សង្គម​យល់​ឃើញ​ថា នេះ​ជា​ការ​វិវឌ្ឍន៍​មួយ​ដ៏​ល្អ​សម្រាប់​បរិបទ​នយោបាយ ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ ហើយ​អ្នក​ដែល​ចំណេញ​ពី​ការ​ត្រូវរ៉ូវ​គ្នា​នេះ​ឡើង​វិញ គឺ​ពលរដ្ឋ។

ការ​ដោះលែង​លោក ស៊ាង ចែត នៅ​ពេល​នេះ ស្រប​ពេល​ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង​ក៏​បាន​បង្ហាញ​វត្តមាន​ជា​លើក​ដំបូង​របស់​ខ្លួន​ដែរ​នៅ​ពន្ធនាគារ​ព្រៃ​ស ដើម្បី​ជួប​សកម្មជន​ទាំង ១៥​រូប ដែល​កំពុង​ជាប់​ឃុំ។

ថ្វី​បើ​លោក កឹម សុខា បាន​លេច​មុខ​ជា​ថ្មី​ទៀត​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៨ ធ្នូ នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​ជាច្រើន​នាក់​ក៏ដោយ​ចុះ អនុប្រធាន​បក្ស​ប្រឆាំង​រូប​នេះ ពុំ​បាន​ថ្លែង​សារ​នយោបាយ​អ្វី​ឡើយ ទាំង​មុន និង​ក្រោយ​ចេញ​ពី​គុក​ព្រៃ​ស​វិញ ដោយ​គ្រាន់​តែ​និយាយ​យ៉ាង​ខ្លី​ថា ទិដ្ឋភាព​នយោបាយ​នៅ​ពេល​នេះ​វិវឌ្ឍន៍​ទៅ​ល្អ​ហើយ។

យ៉ាង​នេះ​ក្ដី លោក អ៊ូ ច័ន្ទឫទ្ធិ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ក្រោយ​ចេញ​ពី​សួរ​សុខ​ទុក្ខ​សកម្មជន​ទាំង ១៥​រូប​នៅ​ពន្ធនាគារ​ព្រៃ​ស ថា ជំនួប​ទ្វេភាគី​រវាង​លោក ហ៊ុន សែន និង​លោក កឹម សុខា នៅ​វិមាន​រដ្ឋសភា​កាល​ពី​ថ្ងៃ​ទី​៧ ធ្នូ គឺ​បាន​ពិភាក្សា​លម្អិត​ជុំវិញ​ការ​ដោះលែង​អ្នក​ទោស​នយោបាយ​មួយ​ចំនួន​របស់​បក្ស​ប្រឆាំង រួម​ទាំង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដែរ។ លោក​បន្ត​ថា «កំពុង​តែ​ជជែក​ពិភាក្សា​រក​ដំណោះស្រាយ ដើម្បី​ដោះស្រាយ​អ្នក​ដែល​ជាប់​ពន្ធនាគារ​ទាំង​អ្នក​ការពារ​សិទ្ធិ​មនុស្ស ហើយ​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ។ អ្នកស្រី ទេព វន្នី នឹង​ដោះស្រាយ​ពេល​ក្រោយ​ទៀត»

នៅ​ថ្ងៃ​ដោះលែង​លោក ស៊ាង ចែត គេ​ឃើញ​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង បាន​រៀបចំ​កម្រង​ផ្កា​បំពាក់​ឲ្យ​មេ​ឃុំ​រូប​នេះ មុន​នឹង​រៀបចំ​និមន្ត​ព្រះសង្ឃ​សូត្រ​ជយន្តោ​នៅ​មុខ​ខ្លោងទ្វារ​ចូល​ពន្ធនាគារ និង​ពិធី​ស្រោច​ទឹក​តាម​បែប​ព្រះពុទ្ធសាសនា​មួយ​ជាន់​ទៀត នៅ​ក្នុង​វត្ត​អង្គ​មេត្រី ដែល​នៅ​មិន​ឆ្ងាយ​ពី​ពន្ធនាគារ​ព្រៃ​ស​នោះ​ដែរ។

លោក ស៊ាង ចែត ដែល​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ព្រៃ​ស ៥​ឆ្នាំ និយាយ​ផង និង​សម្រក់​ទឹក​ភ្នែក​ផង​ថា លោក​នៅ​តែ​ហួស​ចិត្ត​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ របស់​លោក ឱម យ៉ិនទៀង ដែល​រក​ឃើញ​ថា លោក​មាន​បទល្មើស​ក្នុង​អំពើ​ស៊ី​សំណូក​សូកប៉ាន់។ លោក​បន្ថែម​ថា តាម​ពិត រឿង​លុយ ៥០០​ដុល្លារ​នោះ គឺ​គ្រាន់​តែ​ជា​លុយ​ដែល​គេ​ផ្ញើ​បន្ត​ឲ្យ​ម្ដាយ​របស់​អ្នក​នាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ ប៉ុណ្ណោះ។ បើ​ទោះ​ជា​បែប​ណា មេ​ឃុំ​មក​ពី​បក្ស​ប្រឆាំង​រូប​នេះ មិន​ប្តឹងផ្តល់​អ្វី​ឡើយ ហើយ​នៅ​តែ​រក្សា​ជំហរ​នៅ​ក្នុង​បក្ស​ដដែល ជាពិសេស​ស្នើសុំ​ឲ្យ​គណបក្ស​នយោបាយ​ទាំង​ពីរ និង គ..ប រក្សា​បេក្ខភាព​របស់​លោក​ឲ្យ​នៅ​ត្រឹម​ជា​មេ​ឃុំ​ទៀត​ចុះ។ លោក​បន្ត​ថា «ខ្ញុំ​សូម​ឲ្យ គ..ប បន្ថែម​ឈ្មោះ​តែ​មួយ​គត់ តែ​ប្រជាពលរដ្ឋ​ដែល​នៅ​ខ្វះខាត​ប៉ុន្មាន​កុំ​តូច​ចិត្ត។ នេះ​ជា​ការ​សំណូមពរ​របស់​ខ្ញុំ។ ខ្ញុំ​មិន​ចង់​បាន​ធំ​បាន​អី​មក​លើ​ទៀត​ទេ។ នេះ​ជា​ឆន្ទៈ​របស់​ខ្ញុំ»

អាស៊ីសេរី ពុំ​អាច​សុំ​ការ​បំភ្លឺ​ជុំវិញ​សំណើ​របស់​លោក ស៊ាង ចែត នេះ​បាន​ទេ​ពី​មន្ត្រី​នាំ​ពាក្យ គ..ប លោក ហង្ស ពុទ្ធា នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ។

ទន្ទឹម​នឹង​នេះ មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង លោក អេង ឆៃអ៊ាង បញ្ជាក់​ថា បេក្ខភាព​របស់​លោក ស៊ាង ចែត ក្នុង​ឋានៈ​ជា​មេ​ឃុំ គឺ​ពុំ​មាន​ការ​ប្រែប្រួល​ទេ។ លោក​បន្ថែម​ថា នៅ​ពេល​មេ​ឃុំ​រូប​នេះ​ទទួល​បាន​នីតិសម្បទា​ឡើង​វិញ​ដូច្នេះ​ហើយ គឺ​តួនាទី​ជា​មេ​ឃុំ​នេះ លោក​ទទួល​បាន​ដោយ​ស្វ័យប្រវត្តិ​វិញ​ដែរ។

ការ​លើកលែង​ទោស​ឲ្យ​លោក ស៊ាង ចែត នៅ​ពេល​នេះ ដោយ​ព្រះរាជ្យក្រឹត្យ​របស់​ព្រះមហាក្សត្រ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក កៅ វណ្ឌី ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ៥​ឆ្នាំ កាល​ពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ។

លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត យល់​ឃើញ​ថា នេះ​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​យុទ្ធសាស្ត្រ​នយោបាយ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ព្រួយ​បារម្ភ​នោះ គឺ​ប្រាកដ​ណាស់​នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ការ​ខ្វែង​គំនិត​ផ្នែក​នយោបាយ វា​នឹង​ចាប់​ផ្ដើម​ជា​ថ្មី​ឡើង​វិញ។ លោក​មើល​ឃើញ​ថា ភាព​ចាស់​ទុំ​ផ្នែក​នយោបាយ​នៅ​កម្ពុជា នៅ​តែ​ផុយ​ស្រួយ​នៅ​ឡើយ បើ​ទោះ​ជា​ម្ខាងៗ​ប្រកាន់​យក​គោលការណ៍​វប្បធម៌​សន្ទនា​យ៉ាង​ណា​ក្ដី។ លោក​បន្ត​ថា «ទន្ទឹម​គ្នា​នឹង​ដែរ ចំពោះ​ខ្ញុំ ទោះ​បី​ស្ថានភាព​ថ្នាក់​ជាតិ​មាន​រឹងមាំ មាន​ភាព​វិជ្ជមាន​ក៏ដោយ ខ្ញុំ​មើល​ទៅ​មូលដ្ឋាន​នៃ​ការ​ប្រកួត​ប្រជែង​គ្នា​រវាង​បក្ស​ទាំង​ពីរ នៅ​តែ​មាន​ឧបសគ្គ​ពេល​ខាង​មុខ​ទៀត»

ទាក់ទិន​ទំនាស់​ផ្នែក​នយោបាយ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ព្រមាន​បក្ស​ប្រឆាំង​ថា លោក​នឹង​កំដរ​បក្ស​ប្រឆាំង​គ្រប់​ទម្រង់ ទាំង​ក្ដៅ ត្រជាក់ និង​ល្វីង​ជូរ​ចត់។ យ៉ាង​ណា អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា ការ​បន្ទន់​ឥរិយាបថ​ផ្នែក​នយោបាយ​ម្នាក់​មួយ​ជំហាន​នេះ មាន​ន័យ​ថា អ្នក​ដែល​ចំណេញ គឺ​ពលរដ្ឋ និង​ប្រទេស​ជាតិ។

បទសម្ភាសន៍​បន្ថែម​ជាមួយ​លោក ស៊ាង ចែត ក្រោយ​ពី​លោក​ចេញ​ពី​ពន្ធនាគារ តាម​ការ​សាកសួរ​របស់​លោក ជុន ច័ន្ទបុត្រ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។