រដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ ដែលជាច្បាប់កំពូលរបស់ប្រទេស មានអាយុ៣១ឆ្នាំហើយ គិតត្រឹមថ្ងៃទី២៤ កញ្ញា ឆ្នាំ២០២៤។ រដ្ឋធម្មនុញ្ញនេះ បានចែងយ៉ាងច្បាស់ថា ពលរដ្ឋកម្ពុជាគ្រប់រូបមានសិទ្ធិសេរីភាពបញ្ចេញមតិ និងសិទ្ធិធ្វើនយោបាយ។ ប៉ុន្តែមន្ត្រីបក្សប្រឆាំង និងអ្នកជំនាញច្បាប់ ពិនិត្យឃើញថា មកទល់ពេលនេះ សិទ្ធិសេរីបញ្ចេញមតិ និងសិទ្ធិនយោបាយរបស់ ពលរដ្ឋ កាន់តែរងការរឹតត្បិតពីសំណាក់រដ្ឋាភិបាលរបស់ត្រកូល''ហ៊ុន''។
ខួប៣១ឆ្នាំនៃទិវាប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញនេះ មិនបានក្លាយជាឱកាសសប្បាយរីករាយសម្រាប់ពលរដ្ឋគ្រប់រូបដែលអាចអនុវត្តសិទ្ធិរបស់ខ្លួនដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនោះទេ។ផ្ទុយទៅវិញ ពលរដ្ឋដែលមិនគាំទ្ររដ្ឋាភិបាល អ្នកនយោបាយបក្សប្រឆាំង និងអ្នករិះគន់រដ្ឋាភិបាល កាន់តែសោកសៅ និងមានក្តីកង្វល់ដោយសារតែរដ្ឋាភិបាល បង្កើនការរឹតត្បិតសេរីភាពបញ្ចេញមតិ និងសិទ្ធិសេរីភាពនយោបាយ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងបច្ចុប្បន្នជាអនុប្រធានគណបក្សឆន្ទៈខ្មែរ លោក សុន ឆ័យ ថ្លែងថា រដ្ឋធម្មនុញ្ញកម្ពុជាដែលកើតចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ មានលក្ខណៈល្អជាងប្រទេសជិតខាង ព្រោះបានបញ្ចូលចំណុចសំខាន់ជាច្រើនដូចជា៖ការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ការបែងចែកអំណាចដាច់ពីគ្នា និងតុលាការត្រូវឯករាជ្យជាដើម។ ប៉ុន្តែ លោកសោកស្តាយ ដោយសារការអនុវត្តគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅក្នុង ប្រទេសកម្ពុជា មិនបានល្អនោះទេ។
លោក សុន ឆ័យ៖ «កាលណាមានភាពតានតឹង ប្រឈមកាន់តែខ្លាំង រវាងអ្នកនយោបាយជំទាស់ និងអ្នកនយោបាយកាន់អំណាច គឺសិទ្ធិរបស់ពលរដ្ឋ ទទួលរងគ្រោះធ្ងន់ធ្ងរទៅ ដោយសារប្រទេសកម្ពុជាយើងមិនទាន់មានស្ថាប័នជាតិ ល្អរឹងមាំដែលអាចផ្តល់សេវាត្រឹមត្រូវជូនប្រជាពលរដ្ឋយើងនៅឡើយទេ។ ខ្ញុំមានការសោកស្តាយណាស់ដែលខ្ញុំជាអ្នកនយោបាយម្នាក់ដែរតាំងពីឆ្នាំ១៩៩៣មក តែងខិតខំជំរុញឲ្យអ្នកនយោបាយខំពង្រឹងស្ថាប័នជាតិ ជាជាងពង្រឹងអំណាច ប៉ុន្តែការខិតខំនេះមិនទទួលបានជោគជ័យទេ»។
លោក សុន ឆ័យ ដែលត្រូវបានតុលាការរឹបអូសទ្រព្យសម្បត្តិជាង ១លានដុល្លារ តាមបណ្តឹងរបស់បក្សកាន់អំណាច និងស្ថាប័នរៀបចំការបោះឆ្នោត ដោយសារបញ្ចេញមតិរឿងមិនប្រក្រតីនៃការបោះឆ្នោតនោះ ឲ្យដឹងដែរថា ស្ថានភាពសព្វថ្ងៃនេះ លោក មានភាពលំបាកក្នុងការអនុវត្តសិទ្ធិនយោបាយ ដែលធានានៅក្នុងរដ្ឋធម្មនុញ្ញ ដូច្នេះលោកត្រូវសម្របខ្លួនដើម្បីអាចបន្តការងារនយោបាយនៅក្នុងស្រុក។ លោក ថ្លែងទៅកាន់គណបក្សកាន់អំណាចថា ការរឹតត្បិតសិទ្ធិនយោបាយ ការធ្វើឲ្យពលរដ្ឋភ័យខ្លាចមិនហ៊ានបញ្ចេញមតិ និងការរារាំងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យគឺជាការខាតបង់យ៉ាងសម្បើមសម្រាប់ជួយឲ្យការដឹកនាំស្រុកទេសរបស់រដ្ឋាភិបាលបានល្អប្រសើរ និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។
លោក សុន ឆ័យ៖ «វាធ្វើឲ្យបញ្ហាសង្គមយើងមួយចំនួនធំ មិនត្រូវបាន ដោះស្រាយហើយពេលវេលាដែលត្រូវជំរុញឲ្យមានការវិវត្តន៍លូតលាស់លើវិស័យ ជាច្រើនជាពិសេសផ្នែកសេដ្ឋកិច្ចជួយដល់ប្រជាពលរដ្ឋ ផ្នែកធានានូវសង្គមយុត្តិធម៌ សុខុមាលភាពរបស់ប្រជាពលរដ្ឋ មានការយឺតយ៉ាវព្រោះយើងរវល់តែឈ្លោះឆ្លើយ ឆ្លងគ្នា»។
ស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ត្រូវបានសហគមន៍ជាតិ និងអន្តរជាតិ វាយតម្លៃថា មានការធ្លាក់ចុះដុនដាបខ្លាំងបំផុតរាប់ចាប់តាំងពីសេរីភាពបញ្ចេញមតិ សេរីភាពជួបជុំ សេរីភាពនយោបាយ សេរីភាពសារព័ត៌មាន សេរីភាពខាងសមាគម សេរីភាពសង្គមស៊ីវិល និងសិទ្ធិដីធ្លីជាដើម។រដ្ឋាភិបាលរបស់ត្រកូល ''ហ៊ុន'' បានប្រើវិធីមិនស្របច្បាប់គ្រប់បែបយ៉ាងរាប់ចាប់តាំងពីការគំរាមកំហែង ការរារាំង ការបង្ក្រាបដោយហិង្សា ការចាប់ដាក់គុក ការរឹបអូសទ្រព្យសម្បត្តិ និងការយាយីប្រព័ន្ធតុលាការចំពោះអ្នកនយោបាយ បក្សប្រឆាំងតាំងពីលើដល់ក្រោម និងបុគ្គលទាំងឡាយណាដែលហ៊ាននិយាយជំទាស់រិះគន់ទិតៀន។ ជាក់ស្តែង រដ្ឋាភិបាលបានបិទផ្លូវមិនឲ្យក្រុមមេដឹកនាំបក្សប្រឆាំងសំខាន់ៗវិលចូលស្រុកវិញនោះទេ ដូចជាលោក សម រង្ស៊ី អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង និងក្រុមមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងជាច្រើននាក់ទៀត។សម្រាប់ថ្នាក់ដឹកនាំ និងសកម្មជនបក្សប្រឆាំងរាប់សិបនាក់ទៀតដែលកំពុងនៅក្នុងស្រុកវិញ ពួកគាត់ក៏ត្រូវបានរដ្ឋាភិបាលចាប់ឃុំខ្លួននិងបិទសិទ្ធិធ្វើនយោបាយដែរ ដូចជាលោក កឹម សុខា លោក ថាច់ សេដ្ឋា លោក ស៊ុន ចន្ធី លោក រ៉ុង ឈុន លោក ទាវ វណ្ណុល និងលោក សុន ឆ័យ ជាដើម ខណៈសកម្មជនជាច្រើននាក់ទៀតរងការវាយដំ និងបង្ខំឲ្យចុះចូលបក្សកាន់អំណាច។ ក្រៅពីអ្នកនយោបាយ ទាំងនេះ រដ្ឋាភិបាល ត្រកូល''ហ៊ុន'' ក៏បន្តបង្ក្រាបអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស អ្នកការពារសិទ្ធិកម្មករ អ្នកការពារបរិស្ថាន និងអ្នកបញ្ចេញមតិឈឺ ឆ្អាលរឿងទឹកដី និងសង្គមជាតិជាច្រើននាក់ទៀត។
ទាក់ទងរឿងនេះ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ឆ្លើយតបថា តាមរដ្ឋធម្មនុញ្ញ គឺពលរដ្ឋមានសិទ្ធិបញ្ចេញមតិទូលំទូលាយ ប៉ុន្តែហាមប្រើសិទ្ធិនោះរំលោភបំពានសិទ្ធិអ្នកដទៃ។ លោកអះអាងថា ករណីប្តឹងផ្តល់អ្នកនយោបាយ បក្សប្រឆាំងកន្លងមកដូចជាករណីលោក សុន ឆ័យ ជាដើម គឺដោយសារនិយាយប៉ះពាល់ដល់គណបក្សប្រជាជនកម្ពុជា។
លោក សុខ ឥសាន៖ «យើងកុំនិយាយបរិហារកេរ្តិ៍ប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរគណបក្សប្រជាជន គឺគណបក្សប្រជាជនមានហេតុផលអីទៅប្តឹងគាត់អត់ទេ។ គេប្តឹងតាមផ្លូវច្បាប់តើ ដូច្នេះហើយអ្នកឯងនិយាយរំលោភច្បាប់ គេប្តឹងតាមផ្លូវច្បាប់ ដូច្នេះហើយមានរឿងអីទៅពាក់ព័ន្ធការបិទសិទ្ធិសេរីភាព រឿងពាក់ព័ន្ធ ដល់លំហនយោបាយ លំហសេរីភាពបញ្ចេញមតិ វាអត់មានទេ»។
ទោះជាយ៉ាងណា អ្នកឃ្លាំមើលយល់ថា ការបកស្រាយការពារទង្វើរដ្ឋាភិបាល របស់អ្នកនាំពាក្យបក្សកាន់អំណាចនេះ មិនឆ្លុះបញ្ចាំងពីការពិត និងមិនអាចនាំឲ្យមានការជឿទុកចិត្តដូចការវាយតម្លៃពីស្ថាប័នឯករាជ្យដែលតាមដានការអនុវត្តរបស់រដ្ឋាភិបាលនោះឡើយ។
អ្នកជំនាញច្បាប់ និងអភិបាលកិច្ចបែបប្រជាធិបតេយ្យលោក វ៉ន ចាន់ឡូត ថ្លែងថា បើប្រៀបធៀបខ្លឹមសារដើមនៃរដ្ឋធម្មនុញ្ញ និងការអនុវត្តរបស់រដ្ឋាភិបាលក្នុងក្នុងអាណត្តិទី៧នេះ អ្នកកាន់អំណាច កាន់តែធ្វើឲ្យអន្តរាយដល់ការអនុវត្តសិទ្ធិរបស់ប្រជាពលរដ្ឋ ជាពិសេសសិទ្ធិបញ្ចេញមតិ និងសិទ្ធិនយោបាយ។ លោកចាត់ទុកថា ការបំបិទសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនេះ ធ្វើឲ្យសង្គមបែកបាក់កេរ្តិ៍ឈ្មោះរដ្ឋាភិបាលអាក្រក់ ហើយការអភិវឌ្ឍប្រទេសមិនទៅមុខ។
លោក វ៉ន ចាន់ឡូត៖ «នៅពេលដែលការរំលោភបំពានសិទ្ធិមនុស្សបង្កឡើងដោយរដ្ឋាភិបាលគឺរដ្ឋាភិបាលត្រូវទទួលខុសត្រូវ ទី១ ទទួលខុសត្រូវចំពោះ មុខប្រជាពលរដ្ឋ វាអាចកើតឡើងតាមរយៈការបោះឆ្នោតទម្លាក់ពីប្រជាពលរដ្ឋនិងទី២ វាអាចកើតឡើងពីចលនាមហាជន។ការទទួលខុសត្រូវទី២ គឺការទទួលខុសត្រូវចំពោះមុខអន្តរជាតិ ដូចជាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទាំងទៅលើរដ្ឋាភិបាលទាំងមូល ឬការទទួលរងទណ្ឌកម្មផ្នែកបុគ្គល»។
ជំពូកទី៣នៃរដ្ឋធម្មនុញ្ញ ត្រង់មាត្រា៣១ និងមាត្រា៤១ ចែងថា កម្ពុជា ទទួលស្គាល់និងគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងការអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្សសិទ្ធិនារី និងសិទ្ធិកុមារ។ ពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធិ ស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាពនយោបាយ សេរីភាពបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន និងសេរីភាពខាងការប្រជុំជាដើម។ ទោះជាយ៉ាងណា ៣១ឆ្នាំក្រោយការចាប់កំណើតនៃរដ្ឋធម្មនុញ្ញនេះ អ្នកឃ្លាំមើល អះអាងថា កម្ពុជាបានប្រែក្លាយខ្លួនពីប្រទេសដែលមានលក្ខណៈប្រជាធិបតេយ្យ សេរី ពហុបក្ស ក្លាយជាប្រទេសដែលមានលក្ខណៈផ្ដាច់ការ រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងការដឹកនាំតវង្សត្រកូល។ នេះជារឿងប្រាសចាកទាំងស្រុងចំពោះខ្លឹមសារនៃរដ្ឋធម្មនុញ្ញ និងផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១។
យោងតាមគោលការណ៍នៃឋានានុក្រមនៃច្បាប់ រាល់ច្បាប់អនុម័តដោយរដ្ឋសភា និងឯកសារគតិយុត្តិទាំងឡាយដែលអនុម័តដោយគណៈរដ្ឋមន្ត្រី មានអនុក្រឹត្យជាដើម មិនអាចផ្ទុយឬបំពានស្មារតីរដ្ឋធម្មនុញ្ញឡើយ។ ប៉ុន្តែជាច្រើនឆ្នាំកន្លងមកនេះ មានច្បាប់ជាច្រើនត្រូវអង្គការសហប្រជាជាតិខាងសិទ្ធិមនុស្សពិនិត្យឃើញថា ប៉ះពាល់ស្មារតីរដ្ឋធម្មនុញ្ញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
