ក្រុម​ស្ត្រី​វ័យក្មេង​សកម្ម​ការងារ​សង្គម​មិន​បំភ្លេច​កញ្ញា សេង ធារី បើ​ទោះ​បី​ជា​កញ្ញា​ត្រូវ​ជាប់​ពន្ធនាគារ​នៅ​ខេត្ត​ឆ្ងាយ

0:00 / 0:00

ភាព​ក្លាហាន និង​ការ​តស៊ូ​មិន​ចុះញ៉ម​របស់​ស្ត្រី​ខ្មែរ​សញ្ជាតិ​អាមេរិក កញ្ញា សេង ធារី នៅ​តែ​ដក់​ជាប់​ក្នុង​ចិត្ត​ស្ត្រី​វ័យ​ក្មេង​មួយ​ចំនួន ដែល​គោរព​ស្រឡាញ់​កញ្ញា។ ពួកគេ​នៅ​តែ​ចាត់​ទុក​កញ្ញា សេង ធារី ដែល​ជា​អ្នកច្បាប់​ផង គឺ​ជា​គំរូ​នៃ​ការ​តស៊ូ​មតិ​ការពារ​យុត្តិធម៌​សង្គម សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ។

ស្រ្ដី​វ័យ​ក្មេង​ដែល​សកម្ម​ការងារ​សង្គម និង​បរិស្ថាន​ផ្ដាំ​ផ្ញើ​សារ​លើក​ទឹក​ចិត្ត​ទៅ កញ្ញា សេង ធារី ពី​ចម្ងាយ ក្នុង​ន័យ​បញ្ជាក់​ថា ពួកគេ​មិន​បំភ្លេច​កញ្ញា​ឡើយ បើ​ទោះ​បី​ជា​កញ្ញា​ត្រូវ​ជាប់​ពន្ធនាគារ​នៅ​ខេត្ត​ព្រះវិហារ​ឆ្ងាយ​ពី​ភ្នំពេញ ទី​ដែល​ពួកគេ​កំពុង​រស់​នៅ​ក៏​ដោយ។

យុវតី​ចលនា​មាតា​ធម្មជាតិ​កញ្ញា ភួន កែវរស្មី ថ្លែង​ប្រាប់​វិទ្យុអាស៊ីសេរី​ថា កញ្ញា និង​ក្រុម​យុវតី​ក្នុង​ក្រុម​របស់​កញ្ញា​នៅ​តែ​យក​ភាព​ក្លាហាន​របស់​កញ្ញា សេង ធារី ជា​គំរូ​ជាប់​ជានិច្ច​ក្នុង​ពេល​ពួកគេ​កំពុង​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​កោះកុង​ក្រៅ និង​ការងារ​ការពារ​បរិស្ថាន​ដទៃ​ទៀត។ កញ្ញា ភួន កែវរស្មី បញ្ជាក់​ថា កញ្ញា​តែង​ទន្ទេញ​ជាប់​ក្នុង​ចិត្ត​ថា កញ្ញា សេង ធារី សុខចិត្ត​ជាប់​ពន្ធនាគារ ដើម្បី​តតាំង និង​ភាព​អយុត្តិធម៌ បើ​ទោះបីជា​កញ្ញា​មាន​សញ្ជាតិ​អាមេរិក ដែល​អាច​ឱ្យ​កញ្ញា​ចាក​ចេញ​ពី​ប្រទេស​បាន​គ្រប់​ពេលវេលា​ក៏​ដោយ។ ជាមួយ​គ្នា​នេះ រស្មី ច្បាស់​ក្នុង​ចិត្ត​ថា​កញ្ញា សេង ធារី ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​នៅ​ខេត្តព្រះវិហារ នៅ​តែ​មាន​ទឹកចិត្ត​មោះមុត​មិន​ថមថយ​ឡើយ។

កញ្ញា ភួន កែវរស្មី៖ «ឆន្ទៈ​របស់​គាត់ ហើយ​ជា​បុគ្គល​ដ៏​ឆ្នើម​ដូច​គាត់ ខ្ញុំ​ជឿ​ថា គាត់​នៅ​តែ​មាន​ទឹកចិត្ត​មោះមុត មិន​មាន​ការ​បាក់​ទឹក​ចិត្ត​ណាមួយ​ឡើយ​ខ្ញុំ​ជឿជាក់​ថា​អ៊ីចឹង។ ហើយ​គំរូ​ភាព​នូវ​ភាព​ក្លាហាន ភាព​ឆ្លាតវៃ ភាព​ប៉ិន​ប្រសប់ ការ​ច្នៃ​ប្រឌិត ជា​ពិសេស​គឺ​ការ​មិន​ទោរទន់ រឹងមាំ​គ្រប់​ពេល​គ្រប់​កាលៈទេសៈ​​របស់​គាត់ ខ្ញុំ​ក៏​ជឿ​ថា ពេល​ហ្នឹង​គាត់​នៅ​តែ​ប្រកាន់​ជំហរ នៅ​តែ​មាន​ទឹកចិត្ត​មួយ ដែល​យើង​មិនអាច​កាត់​ថ្លៃ​បាន»។

ស្ត្រី​ខ្មែរ​សញ្ជាតិ​អាមេរិក និង​ជា​អ្នកជំនាញ​ច្បាប់ កញ្ញា សេង ធារី កំពុង​ជាប់​ពន្ធនាគារ​នៅ​ខេត្ត ព្រះវិហារ បន្ទាប់​ពី​តុលាការ​ក្រុងភ្នំពេញ​កាត់​ឱ្យ​កញ្ញា​ជាប់​ពន្ធនាគារ​រយៈពេល ៦ឆ្នាំ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់ និង​រួមគំនិត​ក្បត់ ក្នុង​សំណុំ​រឿង​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី កាល​ពី​ឆ្នាំ២០១៩។ អាជ្ញាធរ​ចាប់ខ្លួន​កញ្ញា ទាំង​តក់​ក្រហល់​កាល​ពី​ថ្ងៃ​ទី១៤ ខែ​មិថុនា ខណៈ​កញ្ញា​ស្ថិត​នៅ​ខាង​មុខ​តុលាការ​រង់ចាំ​ស្ដាប់​សាលក្រម។ អាជ្ញាធរ​ពន្ធនាគារ​បាន​បញ្ជូន​កញ្ញា​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ នៅ​៤​ថ្ងៃ បន្ទាប់​គឺ​នៅ​ថ្ងៃ​ទី១៨ ខែ​មិថុនា ដោយ​សំអាង​ហេតុ​ផល​ថា បារម្ភ​ពី​បញ្ហា​សន្តិសុខ ដែល​អាច​កើត​ចេញ​ពី​ការ​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​កញ្ញា​ពី​ពន្ធនាគារ​ជាដើម។

មេធាវី​នៃ​សមាគម​អាដហុក (Adhoc) ការពារ​ក្ដី​ឱ្យ​កញ្ញា សេង ធារី លោក សំ ទិត្យសីហា បាន​ដាក់​បណ្ដឹង​ឧទ្ធរណ៍​ជំទាស់​នឹង​ការសម្រេច​របស់​សាលាដំបូង ប៉ុន្តែ​មិន​បាន​សម្រេច​តាម​ការ​ចង់​បាន​ឡើយ គឺ​ត្រូវ​បដិសេធ។ រីឯ​ការ​ស្នើ​សុំ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ផ្លាស់ប្ដូរ​កញ្ញា​មក​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​នៅ​ភ្នំពេញ​វិញ​ក៏​ជួប​បរាជ័យ​ដែរ។

ប៉ុន្តែ​រឿង​ដែល​ហួស​នឹង​និយាយ​​នៅ​ក្នុង​សំណុំ​រឿង​នេះ​គឺ លោក ហ៊ុន សែន ចេញ​មុខ​បដិសេធ​ចោល​សំណើ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃឌិន (Joe Biden)ដោយ​ធ្វើ​មិន​ដឹង​មិន​ឮ​ថា ប្រធានាធិបតី​អាមេរិក ដែល​បាន​ជួប​ផ្ទាល់​ជាមួយ​លោក​រូប​នេះ​មិនបាន​ទាមទារ​ឱ្យ​ដោះលែង​កញ្ញា សេង ធារី ឡើយ។ លោក ហ៊ុន សែន ថែម​ទាំង​ឌឺដង​ថា​នៅ​ពេល​លោក​ទទួល​ទាន​អាហារ ជាមួយ​មេ​ដឹកនាំ​ពិភពលោក និង​ជាមួយ​ប្រធានាធិបតី​អាមេរិក​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២៣​នោះ លោក​បាន​និយាយ​ជាមួយ​លោក ចូ បៃឌិន រឿង​អប្សរា​សំពត់​វែង និង​អប្សរា សំពត់​ខ្លី តែ​មិន​បាន​និយាយ​ពី​អប្សរា​ត្រងោល​ទេ។

លោក ហ៊ុន សែន៖«ប៉ុន្តែ ដល់​រឿង​ថា អប្សរា ក្បាល​ត្រងោល​ ត្រូវតែ​ដោះលែង អ្នក​នេះ​ត្រូវតែ​ដោះលែង ខ្ញុំ​អត់​ដឹង​ ខ្ញុំ​អត់​ព្រម ខ្ញុំ​អត់​បាន​ស្ដាប់​ ខ្ញុំ​អត់​ឮ​សំដី ចូ បៃឌិន និយាយ​អ៊ីចឹង​ផង»។

នៅ​ក្នុង​ពេល​តតាំង​ក្ដី​នៅ​តុលាការ ដែល​ចំណាយ​ពេល​រាប់​ខែ​កាត់ក្ដី​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ផែនការ​វិលចូល​ស្រុក​របស់​លោក សម រង្ស៊ី កញ្ញា សេង ធារី បាន​តែង​ខ្លួន​ប្លែក​ទៅតាម​អ្វី​ដែល​កញ្ញា​ហៅ​ថា​ទៅ​សម្ដែង​ល្ខោន​ក្នុង​នោះ​ក៏​កញ្ញា​ក៏​ធ្លាប់​តែង​ខ្លួន​ជា​នាង​ទេពអប្សរ​ដែរ ប៉ុន្តែ​ដោយសារ​កញ្ញា​បាន​កោរសក់​ត្រៀម​ខ្លួន​នឹង​ចូល​ពន្ធនាគារ ទើប​ជាប់​ឈ្មោះ​ជា​នាង​ទេព​អប្សរ​ក្បាល​ត្រងោល ឬ​អប្សរា​ក្បាល​ត្រងោល។

បើ​ទោះ​បី​ជា លោក ហ៊ុន សែន បដិសេធ​ក៏​ក្រសួង​ការបរទេស​អាមេរិក​បញ្ជាក់​ថា ប្រធានាធិបតី​របស់​ពួកគេ​ពិត​ជា​បាន​ស្នើ​ឱ្យ​ដោះលែង​ពលរដ្ឋ​អាមេរិក​កញ្ញា សេង ធារី។

យុវជន​ខ្មែរ​ថាវរៈ អ្នកនាង ឈឿន ដារ៉ាវី ដែល​ធ្លាប់​ចូលរួម​យុទ្ធនាការ​បង្អត់​អាហារ​រយៈពេល​១សប្ដាហ៍ ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង កញ្ញា សេង ធារី លើក​ឡើង​ថា មក​ដល់​ពេល​នេះ​នាង​នៅ​តែ​មើល​ឃើញ​ថា​ប្រសាសន៍​លោកនាយក​រដ្ឋមន្ត្រី​ជា​លេស​យក​រួចខ្លួន។ បើ​ទោះ​ជា​យ៉ាង​ណា អ្នកនាង ឈឿន ដារ៉ាវី នៅ​តែ​កោតសរសើរ​ភាព​ក្លាហាន និង​ការ​តស៊ូ​របស់​កញ្ញា សេង ធារី។

«បើ​សិន​ជា​គាត់​ចង់​រស់​នៅ​សុខ​ស្រួល​គាត់​អាច​នឹង​មិន​គិត​ពី​ប្រទេស​ជាតិ ព្រោះ​គាត់​មាន​សញ្ជាតិ​អាមេរិកាំង គាត់​ដឹងក្ដី​នៅ​ស្រុក​គេ ហើយ​គាត់​រៀន​ដល់​ទៅ​ធ្វើ​ការ​ជា​មេធាវី​អន្តរជាតិ​ទៅ​ទៀត។ ហើយ​គាត់​ចេញ​មុខ​ក្នុង​កាលៈទេសៈ​ប្រទេស​ខ្លួនឯង​កំពុង​តែ​មិន​ឃើញ​ពន្លឺ​យុត្តិធម៌​នៅ​ក្នុង​ប្រទេស​មួយ ដែល​គាត់​ក៏​មិន​ភ្លេច​ដើម​កំណើត ដែល​ជា​ខ្មែរ ហើយ​គាត់​ចេញ​មុខ​មក ដើម្បី​ឱ្យ​ប្រទេស​ខ្មែរ​មាន​ការគោរព​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ​ពេញលេញ មិនមែន​ជា​ការ​ផ្ដាច់ការ​តាម​បែប​កុម្មុយនីស្ត។»

បើ​ទោះ​បី​ជា​លោក ហ៊ុន សែន បដិសេធ​ធ្វើ​មិនដឹង​មិន​ឮ​ពី​សំណើ​របស់​លោក ចូ បៃឌិន ក៏​អ្នកនាង​ឈឿន ដារ៉ាវី នៅ​តែ​រំពឹង​ថា សហគមន៍​អន្តរជាតិ​នឹង​បន្ត​ជំរុញ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​រឿង​នេះ​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ២០២៣​ខាង​មុខ​នេះ។

អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា មើលឃើញ​ថា​អ្វី​ដែល​កញ្ញា សេង ធារី បាន​អនុវត្ត​នា​ពេល​កន្លង​ទៅ ជា​សកម្មភាព​ទូទៅ​របស់​ពលរដ្ឋ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ដែល​អនុវត្ត​តាម​គោលការណ៍​សិទ្ធិមនុស្ស​ជា​សកល។ ប៉ុន្តែ​សកម្មភាព​របស់​កញ្ញា​បែរ​ជា​មាន​ទោស​ទៅ​វិញ​នៅ​ក្រោម​ស្ថានភាព​សង្គម​បច្ចុប្បន្ន​នេះ។ លោក​ទទួល​ស្គាល់​ថា ការ​ទាមទារ​ឱ្យ​ដោះលែង​កញ្ញា សេង ធារី នឹង​មិន​បញ្ចប់​ឡើយ ដោយសារ​សហរដ្ឋ​អាមេរិក​តែង​យកចិត្តទុកដាក់​ពី​សុខទុក្ខ​នៃ​ពលរដ្ឋ​របស់​គេ។

លោក ឯម សុវណ្ណារ៉ា៖ «ប្រទេស​ប្រជាធិបតេយ្យ​ពិត​ប្រាកដ ប្រធានាធិបតី ឬ​ប្រមុខ​រដ្ឋាភិបាល​របស់​គេ​យក​ចិត្ត​ទុកដាក់​លើ​ពលរដ្ឋ​ខ្លាំង ធៀប​ជាមួយ​កម្ពុជា​វា​ខុសគ្នា វា​ផ្ទុយ​ពី​កម្ពុជា​យើង​ស្រឡះ ដែល​នេះ​ជា​បញ្ហា​មួយ​ធ្វើ​ឱ្យ​ពលរដ្ឋ​កម្ពុជា​យល់ មើលឃើញ និង​ប្រៀបធៀប​ដែរ។ ក៏ប៉ុន្តែ​ខ្ញុំ​យល់​ថា ទោះ​បី​ជា​រដ្ឋាភិបាល​កម្ពុជា​មិន​ឆ្លើយ​តប ឬ​ហៅ​ថា​មិន​លើកឡើង​នូវ​សំណូមពរ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ក៏​ដោយ បញ្ហា​នៅ​ថ្ងៃ​ខាង​មុខ​ប្រហែល​ជា​មាន​បញ្ហា​លើក​ឡើង ឬ​លេច​ឡើង​កាន់តែ​ខ្លាំង​ប្រឈម​គ្នា​ចំពោះ​ការ​ទាមទារ​ឱ្យ​ដោះលែង​កញ្ញា សេង ធារី នេះ ថ្វី​ដ្បិត​តែ​បច្ចុប្បន្ន​ពុំ​មាន​សង្ឃឹម ឬ​ពន្លឺ​នៃ​ការ​ដោះលែង បន្ធូរ ឬ​សម្រាល​ទោស​របស់​កញ្ញា សេង ធារី»

យ៉ាងណា​ក៏​ដោយ​ពេលនេះ​សូម្បី​តែ​ការ​បន្ធូរ​បន្ថយ​ឱ្យ​កញ្ញា សេង ធារី បាន​មក​ជាប់​ពន្ធនាគារ​នៅ​ភ្នំពេញ​ក៏​អាជ្ញាធរ​សមត្ថកិច្ច​មិន​ពិចារណា​នៅ​ឡើយ។ មន្ត្រី​នាំពាក្យ​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក នុត សាវនា លោក​ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​កញ្ញា សេង ធារី គឺ​ជា​ដើមចម​សំខាន់​ដែល​មិន​អាច​ឃុំ​ខ្លួន​កញ្ញា​នៅ​ភ្នំពេញ​បាន។

បើ​ទោះ​បី​ជា​ក្រុម​ស្រ្តី​វ័យក្មេង​មើល​ឃើញ​ថា ការ​ឃុំខ្លួន​កញ្ញា សេង ធារី ឱ្យ​ឆ្ងាយ​ពី​ពួកគេ រួម​នឹង​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​កំពុង​រិតត្បិត​សេរីភាព​ពួកគេ​ក៏​ដោយ ក៏​ពួកគេ​នៅ​តែ​មិន​ផ្លាស់ប្ដូរ​ជំហរ​គាំទ្រ​កញ្ញា សេង ធារី ដែរ ហើយ​ពួកគេ​នឹង​រិះរក​មធ្យោបាយ​តស៊ូ​មតិ​ផ្សេងៗ​ទៀត ដើម្បី​បន្ត​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​កញ្ញា​ឱ្យ​មាន​សេរីភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។