ព័ត៌មាន​សំខាន់ៗ​ចំនួន ៩ ដែល​លោកអ្នកនាង​គួរអាន​នៅថ្ងៃចន្ទ​នេះ

. មន្ត្រី​សង្គម​ស៊ីវិល​ថា ក្រុម​ឧកញ៉ា​ឧបត្ថម្ភ​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​ដើម្បី​ផលិត​ខ្សែ​ភាពយន្ត​ប្រវត្តិ​លោក ហ៊ុន សែន គឺ​ដើម្បី​ប្រយោជន៍​អាជីវកម្ម​របស់​ខ្លួន

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ការ​ឧបត្ថម្ភ​សាច់​ប្រាក់​របស់​ក្រុម​ឧកញ៉ា​ដើម្បី​ផលិត​ខ្សែ​ភាពយន្ត អំពី​ជីវប្រវត្តិ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​មែន​ធ្វើ​ឡើង​ដោយ​ចេញ​ពី​ចិត្ត​នោះ​ទេ តែ​គឺ​ជា​​ការ​​បរិច្ចាគ​ដើម្បី​ទទួល​បាន ការ​ការពារ ឬ​អត្ថ​ប្រយោជន៍​បន្ថែម ​លើ​អាជីវកម្ម​របស់​ពួកគេ។ ប្រតិកម្ម​នេះ​ ធ្វើ​ឡើង​ក្រោយ​ពី​ឧកញ៉ា និង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ជា​ច្រើន​នាក់​បាន​ឧបត្ថម្ភ​សាច់​ប្រាក់​សរុប​​ជា​ច្រើន​លាន​ដុល្លារ ដើម្បី​ជួយ​លោក ហ៊ុន សែន ដែល​អ្នក​សង្កេតការណ៍​យល់​ឃើញ​ថា ជា​កត្តា​ជំរុញ​នាំ​ឱ្យ​មាន​អំពើ​ពុក​រលួយ​កាន់​តែ​ច្រើន​ឡើង។ អានព័ត៌មានពិស្តារ ...

. លោក អាឡិកថា ក្រុមមនុស្ស​ដែល​ស្ថិត​ក្នុង​បញ្ជីចូលរួម​បរិច្ចាគ​ថវិកា​ជួយ​ហ៊ុន សែន ថតកុន នោះ អាចជា​ចំណុច​ស៊ើបអង្កេត​អំពី​ករណី​ពុករលួយ​លួច​ទ្រព្យ​សម្បត្តិជាតិ

ស្ថាបនិក​អង្គការ​មាតាធម្មជាតិ លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) គាំទ្រ​សង្គម​ស៊ីវិល​ដែល​លើកឡើង​ថា ការបរិច្ចាគ​ប្រាក់​របស់​ក្រុម​ឧកញ៉ា និង​មន្រ្តីរដ្ឋាភិបាល លើការ​ផលិត​ខ្សែភាពយន្ត អំពី​ជីវប្រវត្តិរបស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ អ្នក​ខ្លះ​ធ្វើឡើង​ដោយ​មាន​សំពាធ និង​អ្នកខ្លះ​ទៀត ឆ្លៀតឱកាស​កេងចំណេញ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន។ ទោះយ៉ាង​ណា លោកថា គេអាចសម្គាល់​លើ​ក្រុម​មនុស្ស​ដែល​ស្ថិត​ក្នុង​បញ្ជីចូលរួម​បរិច្ចាគ​នោះ មួយចំនួនអាច​ជាចំណុច​ស៊ើបអង្កេត​អំពី​ករណី​ពុករលួយ​លួចទ្រព្យ​សម្បត្តិជាតិ។

ទស្សនាបទសម្ភាសន៍ជាមួយលោក អាឡិក Opens in new window ]

. លោក ហ៊ុន សែន អំពាវនាវ​ឲ្យរួមគ្នា​ប្រឆាំង​ការរំលោភបំពាន​ផ្លូវភេទ​លើ​ក្មេងស្រី

ប្រមុខ​រដ្ឋាភិបាល​កម្ពុជាអំពាវនាវ​ឲ្យ​រួមគ្នា​ប្រឆាំង​ការ​រំលោភ​បំពាន​និង​ការ​ជួញដូរ​ផ្លូវភេទ​លើ​ក្មេង​ស្រី។ មន្ត្រីសង្គមស៊ីវិល ជំរុញ​ឲ្យរដ្ឋាភិបាលត្រូវតែ​ពង្រឹងការ​អនុវត្តច្បាប់​ដែលមាន​ស្រាប់​ឱ្យមាន​ប្រសិទ្ធភាពនិង​លុបបំបាត់​គ្រឿងញៀន រឿងអាសអាភាស​ឈប់​ផ្សព្វផ្សាយ​គ្រឿងស្រវឹង​និង​រក​វិធានការ​ទប់ស្កាត់ដើមហេតុផ្សេងៗ​ទៀត​ដែល​នាំឱ្​យមានអំពើ​រំលោភសេពសន្ថវៈ​លើកុមារី។

. ក្រុម​​កូដករ​​ណាហ្គាវើលដ៍​​រំពឹង​​ថា​ ឆ្នាំ​២០២៣​​ នឹង​​មាន​​ដំណោះ​​ស្រាយ​​ការ​ងារ

ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​បនល្បែង​​កាស៊ីណូណាហ្គាវើលដ៍ (NagaWorld) រំពឹង​ថា ក្នុង​ឆ្នាំ២០២៣ រដ្ឋាភិបាល​នឹង​ចេញមុខ​ដោះស្រាយ​បញ្ចប់វិវាទការងារ មុននឹងមានការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ។ មន្ត្រី​សិទ្ធិមនុស្ស​យល់ថា បើ​រដ្ឋាភិបាល ដោះស្រាយ​វិវាទការងារ​នេះប្រកបយុត្ដិធម៌ វា​ក៏​ជា​ចំណុច​វិជ្ជមាន​មួយ​សម្រាប់​កម្ពុជា។ អានព័ត៌មានពិស្តារ ...

. ព្រះសង្ឃ និង​សិស្សានុសិស្ស​ប្រឡង​ថ្នាក់​ពុទ្ធិកសិក្សា​ដើម្បី​រក្សា​អក្សរសាស្ត្រជាតិ​នៅ​កម្ពុជាក្រោម

ព្រះសង្ឃ និង​សិស្សានុសិស្ស ដែល​សិក្សា​តាំង​ពី​ខែឧសភា ឆ្នាំ២០២២ ប្រឡង​បញ្ចប់​ថ្នាក់​ពុទ្ធិកសិក្សា​ផ្នែក​ភាសា​បាលី នៅ​ដើម​ឆ្នាំ២០២៣​នេះ​ហើយ។ ការ​ប្រឡង​បិទ​វគ្គ​សិក្សា​នេះ គឺ​ធ្វើឡើង​គ្រប់​វត្តអារាម នៅ​កម្ពុជាក្រោម ដែល​បាន​បើក​បង្រៀន​ភាសា​បាលី ដល់​សិស្សានុសិស្ស ដើម្បី​ថែរក្សា​អក្សរសាស្ត្រ​ខ្មែរ​ឲ្យ​គង់វង្ស។ អានព័ត៌មានពិស្តារ ...

. រដ្ឋាភិបាល​មិនទាន់​ឆ្លើយ​តប ការ​ដាក់​ញត្តិ​របស់​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ស្នើ​សុំ​ឱ្យ​ដោះលែង​អ្នក​ទោស​មនសិការ​ទាំងអស់

រដ្ឋាភិបាល​មិនទាន់​ឆ្លើយ​តប សំណើ​របស់​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ដែល​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​ទោស​មនសិការ​ឡើយ​ទេ។ កាល​ពី​ថ្ងៃ​ទី៣០ ខែធ្នូ សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ អតីត​អ្នក​ទោស​មនសិការ ក្រុម​ស្ត្រី​ថ្ងៃសុក្រ និង​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (Naga World) ប្រមាណ​១០០នាក់ បាន​ដើរ​ហែ​ក្បួន ពី​ទីលាន​ប្រជាធិបតេយ្យ ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ និង​ទៅ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ដាក់​ញត្តិ​ទាមទារ​ដោះលែង​គ្រូបង្រៀន និង​អ្នក​ទោស​មនសិការ​ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ។ អានព័ត៌មានពិស្តារ ...

. យុវជន​និង​ពលរដ្ឋរិះគន់​ចំពោះ​ការ​ផ្សព្វផ្សាយ​គ្រឿងស្រវឹង​គគ្រឹកគ្រេង​នៅខេត្តសៀមរាប

យុវជន​និង​ពលរដ្ឋមួយ​ចំនួនរិះគន់​ខ្លាំងៗ​ចំពោះ​អាជ្ញាធរ​ដែល​បណ្តោយ​ឱ្យផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​គគ្រឹកគ្រេង​នៅ​ខេត្តសៀមរាប។ ការលើកឡើងនេះ ធ្វើឡើង​ក្រោយពី​គេឃើញ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹងព្រោងព្រាត​នៅតាម​ដងផ្លូវសួន​ច្បារនិង​ទីសាធារណៈនានា​នៅក្នុង​ក្រុងសៀមរាប​ដែល​ជា​តំបន់​ទេសចរណ៍​វប្បធម៌​របស់ជាតិ។

. អាជ្ញាធរ​ខេត្តបាត់ដំបងជូនដំណឹង​ដល់​ពលរដ្ឋនៅតាម​ដងស្ទឹងសង្កែ​ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន

ប្រជាពលរដ្ឋ​នៅឃុំព្រែកនរិន្ទ ឃុំព្រែកខ្ពប ឃុំព្រែកហ្លួង ឃុំព្រៃចាស់ និង​ឃុំកោះជីវាំង ខេត្តបាត់ដំបង ព្រួយបារម្ភ ពីការណ៍​ដែល​អាជ្ញាធរ​បើកទ្វារ​បង្ហូរទឹក​ធ្វើ​ឱ្យ​មាន​ផលប៉ះពាល់​ដល់ការ​រស់​នៅ​របស់​ពួកគាត់។ ក្ដីបារម្ភនេះ​ធ្វើឡើង​ក្រោយ​ពី​អាជ្ញាធរ​ស្រុកឯកភ្នំបានជូនដំណឹងពី​ការ​បើក​ទំនប់​ទឹក​សាលាតាអន នៅដងស្ទឹងសង្កែ ស្រុកឯកភ្នំ

ចាប់ពីថ្ងៃទី០១ ខែមករា ដើម្បី​រៀបចំ​ស្ថាបនា​ផ្លូវ​បេតុងតាម​ជម្រាល​ស្ទឹងសង្កែ។

. ពលរដ្ឋ​មួយ​ចំនួន​នាំកូនៗមកស៊ីឈ្នួល​ដក​ដំឡូង​នៅតាម​ព្រំដែនដើម្បីរក​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ

ពលរដ្ឋមួយ​ចំនួននាំ​កូនៗ​ធ្វើ​ចំណាកស្រុកមកស៊ីឈ្នួល​ដកដំឡូង​នៅតាម​ព្រំដែនដើម្បី​រក​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារខណៈកូនៗ​ពួកគេ​មិន​បាន​ចូល​សាលារៀន។ មន្ត្រីសង្គម​ស៊ីវិល​យល់​ថា រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​រកមូលហេតុដែល​ពលរដ្ឋ​ចំណាក​ស្រុកនិង​រក​ដំណោះស្រាយ​ច្បាស់​​លាស់ដើម្បី​ទប់​ស្កាត់​ការ​ធ្វើ​ចំណាក​ស្រុកនិង​កាត់​បន្ថយ​សិស្ស​បោះបង់​ការ​សិក្សា៕ ទស្សនាវីដេអូ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។