១ . បក្សនយោបាយរិះគន់លោក ហ៊ុន សែន យកប័ណ្ណក្រីក្រឃោសនារកសំឡេងឆ្នោតពីពលរដ្ឋមុនរដូវកាល
គណបក្សនយោបាយមួយចំនួនរិះគន់ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងរំលោភច្បាប់គោលការណ៍ស្មើភាពនិងតួនាទីក្នុងឋានៈជានាយករដ្ឋមន្រ្តី យកវេទិកា រួមទាំងធនធានជាតិទៅឃោសនារកសំឡេងឆ្នោតពីពលរដ្ឋដើម្បីកេងចំណេញផលប្រយោជន៍បក្សខ្លួនសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។ ប្រតិកម្មនេះ កើតមានឡើងបន្ទាប់ពីលោក ហ៊ុន សែន យកគោលនយោបាយផ្តល់ប័ណ្ណក្រីក្រធ្វើជាមធ្យោបាយសម្រាប់អំពាវនាវឱ្យពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅពេលខាងមុខនេះ។
[ អានព័ត៌មានបន្ថែម...Opens in new window ]

២. មជ្ឈមណ្ឌលទីក្រុងហេងហេងក្រុងបាវិតរងការចោទប្រកាន់ថាកំពុងបង្ខាំងពលរដ្ឋខ្មែរនិងជនបរទេសជាច្រើននាក់ខុសច្បាប់
បុគ្គលិកជាជនជាតិខ្មែរនិងជនបរទេសចម្រុះជាតិសាសន៍ជាច្រើននាក់កំពុងត្រូវគេបង្ខាំងឱ្យធ្វើការងារខុសច្បាប់នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុង ហេងហេង ស្ថិតនៅក្រុងបាវិតខេត្តស្វាយរៀង។បុគ្គលិកបម្រើការងារនៅទីនោះឱ្យដឹងថាជនបរទេសមួយចំនួនត្រូវបានថៅកែជនជាតិចិនធ្វើទារុណកម្មហើយស្រ្តីជនជាតិវៀតណាមមួយចំនួនត្រូវគេបង្ខំឱ្យធ្វើការបម្រើសេវាកម្មផ្លូវភេទនិងលក់ដូរពួកគេពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ។មន្ត្រីសង្គមស៊ីវិលទទូចដល់អាជ្ញាធរឱ្យស៊ើបអង្កេតករណីនេះប្រកបដោយតម្លាភាពខណៈជនរងគ្រោះជាច្រើននាក់កំពុងរង់ចាំការជួយសង្គ្រោះចេញពីកន្លែងឃុំឃាំង។
[ អានព័ត៌មានពិស្តារ... Opens in new window ]

៣. ពលករខ្មែរធ្វើការនៅប្រទេសថៃមួយក្រុមធ្វើយុទ្ធនាការផ្សព្វផ្សាយដំណឹងដល់ពលករឲ្យទៅចុះឈ្មោះបោះឆ្នោត
ពលករខ្មែរមួយក្រុមធ្វើការនៅប្រទេសថៃនាំគ្នាធ្វើយុទ្ធនាការផ្សព្វផ្សាយដំណឹងដល់ពលករខ្មែរឲ្យទៅចុះឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០២៣ខាងមុខ។ មន្ត្រីសង្គមស៊ីវិលយល់ថា ពលករចំណាកស្រុកនៅក្រៅប្រទេសនៅតែលំបាកវិលត្រឡប់មកបោះឆ្នោតព្រោះប៉ះពាល់ដល់ការងាររបស់ពួកគាត់និងខាតបង់ថវិកាច្រើន។
៤ . ស្ថានភាពរបួសរបស់តំណាងសហគមន៍ដីធ្លីបឹងតាមោកម្នាក់ដែលអាជ្ញាធរខណ្ឌព្រែកព្នៅប្រើហិង្សាលើគាត់មិនទាន់បានធូរស្រាលនៅឡើយ
តំណាងសហគមន៍ដីធ្លីបឹងតាមោកម្នាក់ដែលអាជ្ញាធរខណ្ឌព្រែកព្នៅបានបង្ក្រាបដោយហិង្សាបណ្ដាលឱ្យរងរបួសមិនទាន់បានធូរស្រាលនៅឡើយហើយលោកស្រីកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ។ មន្ត្រីសង្គមស៊ីវិលយល់ថា គួរស្រាវជ្រាវ ផ្ដន្ទាទោសតាមច្បាប់ដើម្បីកុំអោយមន្ត្រីដទៃទៀតចេះតែប្រើហិង្សាលើពលរដ្ឋតាមអំពើចិត្តទៀត។
៥ . ពលរដ្ឋថាល្បែងស៊ីសងនៅតែបន្តកើតមាននៅក្នុងសហគមន៍
ប្រជាពលរដ្ឋនៅក្រុងកំពតនិងខេត្តកំពង់ស្ពឺ អះអាងថា ល្បែងស៊ីសងនៅតែមាននៅក្នុងសហគមន៍របស់ពួកគេបើទោះបីជាអាជ្ញាធរបង្ក្រាបល្បែងស៊ីសងទ្រង់ទ្រាយធំក្ដី។មន្ត្រីសង្គមស៊ីវិលយល់ឃើញថាដើម្បីលុបបំបាត់ល្បែងស៊ីសងឱ្យមានប្រសិទ្ធភាពរដ្ឋាភិបាលគួរលុបចោលការផ្ដល់អាជ្ញារប័ណ្ណល្បែងស៊ីសងទាំងអស់ដោយរួមទាំងឆ្នោតផ្សងសំណាងផង។
៦ . មន្ត្រីបរិស្ថានខេត្តព្រះវិហារហាមព្រះសង្ឃនិងពលរដ្ឋមិនឲ្យសិក្សាពីការកាប់បំផ្លាញព្រៃក្នុងតំបន់អភិរក្ស
ព្រះសង្ឃ និងយុវជន រិះគន់មន្ត្រីបរិស្ថានខេត្តព្រះវិហារថាបានរារាំងក្រុមអ្នកស្រឡាញ់បរិស្ថានមិនឲ្យចូលទៅតំបន់អភិរក្សព្រៃព្រះរកានៅក្នុងឃុំប្រមេរុស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដើម្បីទៅសិក្សាពីផលប៉ះពាល់នៃការកាប់បំផ្លាញព្រៃឈើ។ ព្រះតេជព្រះគុណ ជ្រូញ អួន បានប្រាប់សារព័ត៌មាន VOD ថា ព្រះអង្គនិងអ្នកស្រឡាញ់បរិស្ថានផ្សេងទៀតមានបំណងចូលទៅសិក្សារៀនសូត្រពីផលប៉ះពាល់នៃការកាប់បំផ្លាញព្រៃឈើនិងការអភិរក្សព្រៃឈើរបស់ជនជាតិដើមភាគតិចគួយក្រោយបានទទួលដំណឹងថាព្រៃឈើនៅតំបន់អភិរក្សព្រៃព្រះរការកំពុងមានបទល្មើសបន្តកើតមាន។ ព្រះតេជព្រះគុណ ជ្រូញ អួន បញ្ជាក់បន្ថែមថាអាជ្ញាធររារាំងក្រុមអ្នកស្រឡាញ់បរិស្ថានមិនឲ្យចូលក្នុងព្រៃអភិរក្សដោយប្រើហេតុផលថាគ្មានលិខិតអនុញ្ញាតិពីក្រសួងបរិស្ថាន។
៧ . ក្រុមគ្រួសាររៀបចំបុណ្យសពយោធិន២រូបដែលបាត់បង់ជីវិតនៅពេលជួយសង្រ្គោះក្មេងប្រុសពីរនាក់
ក្រុមគ្រួសារបានទទួលសាកសពយោធិន២រូបដែលបាត់បង់ជីវិតនៅពេលជួយសង្រ្គោះក្មេងប្រុសពីរនាក់នៅតំបន់ព្រំដែនក្នុងខេត្តឧត្តរមានជ័យយកទៅធ្វើបុណ្យតាមប្រពៃណីកាលពីល្ងាចថ្ងៃទី ០១ ខែតុលា។
ទូរទស្សន៏ជាតិកម្ពុជា (ទទក) បានរាយការណ៍ថាសពពលទោ វ៉ាន់ ថន មានអាយុ ២៣ឆ្នាំ ត្រូវក្រុមគ្រួសារនាំទៅធ្វើបុណ្យនៅភូមិចាន់ក្រហម ស្រុកបន្ទាយអំពិល។ រីឯសពពលបាលឯក ឈន ស៊ីដេត មានអាយុ៣៩ឆ្នាំត្រូវបានអង្គភាពរៀបចំធ្វើពិធីបុណ្យនៅបន្ទាយប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ។ សមត្ថកិច្ចខេត្តឧត្តរមានជ័យបានរកឃើញសពយោធិនទាំង២ជាបន្តបន្ទាប់កាលពីថ្ងៃទី១ ខែតុលា ក្រោយពេលទឹកបានហូរគួចនាំទៅបាត់អស់ជាច្រើនម៉ោង។
កាលពីរសៀល ថ្ងៃទី៣០ ខែតុលា យោធិននៃកងពលតូចថ្មើរជើងលេខ៤២ប្រចាំការនៅប្រាសាទតាមាន់ ទាំង០២នាក់នេះ បានទៅបង់ត្រីនៅចំណុចទំនប់អាងអង្ក្រងក្នុងឃុំគោកមនស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក៏ប្រទះឃើញក្មេង២នាក់កំពុងលង់ទឹកទើបចុះជួយសង្គ្រោះ។ពួកគេបានជួយសង្គ្រោះជីវិតក្មេងនោះបានហើយតែជាអកុសលទឹកហូរគួចខ្លាំងបណ្តាលអោយពួកគេលង់ស្លាប់ទាំង ០២ នាក់តែម្តង៕
៨ . ស្ថានភាពរបួសរបស់តំណាងសហគមន៍ដីធ្លីបឹងតាមោកម្នាក់ដែលអាជ្ញាធរខណ្ឌព្រែកព្នៅប្រើហិង្សាលើមិនទាន់បានធូរស្រាលនៅឡើយ
តំណាងសហគមន៍ដីធ្លីបឹងតាមោកម្នាក់ដែលអាជ្ញាធរខណ្ឌព្រែកព្នៅបានបង្ក្រាបដោយហិង្សាបណ្ដាលឱ្យរងរបួសមិនទាន់បានធូស្រាលនៅឡើយហើយលោកស្រីកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ។ មន្ត្រីសង្គមស៊ីវិលយល់ថាអាជ្ញាធរគួរស្រាវជ្រាវរកមន្ត្រីដែលប្រើហិង្សានោះមកផ្តន្ទាទោសតាមច្បាប់ដើម្បីកុំអោយមន្ត្រីដទៃទៀតចេះតែប្រើហិង្សាលើពលរដ្ឋតាមអំពើចិត្តទៀត។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។