គណបក្សនយោបាយមួយចំនួនរិះគន់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងរំលោភច្បាប់ គោលការណ៍ស្មើភាព និងតួនាទីក្នុងឋានៈជានាយករដ្ឋមន្ត្រីយកវេទិការួមទាំងធនធានជាតិទៅឃោសនារកសំឡេងពីពលរដ្ឋ ដើម្បីគេងចំណេញផលប្រយោជន៍បក្សខ្លួនសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខែកក្កដា ឆ្នាំ២០២៣។ ប្រតិកម្មនេះ បន្ទាប់ពីលោក ហ៊ុន សែន យកគោលនយោបាយផ្តល់ប័ណ្ណក្រីក្រធ្វើជាមធ្យោបាយសម្រាប់អំពាវនាវឱ្យពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅពេលខាងមុខនេះ។
គណបក្សនយោបាយមួយចំនួនលើកឡើងស្របគ្នាថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាលត្រូវអនុវត្តតួនាទីឱ្យបានត្រឹមត្រូវ ដើម្បីពង្រឹងការអនុវត្តច្បាប់ស្របតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស។
អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ថ្លែងថា ការឃោសនារកសំឡេងឆ្នោតរបស់លោក ហ៊ុន សែន មុនពេលវេលាបោះឆ្នោតដូច្នេះ គឺជារឿងមិនត្រឹមត្រូវតាមច្បាប់នោះទេ។ លោកចាត់ទុកទង្វើនេះរំលោភតួនាទី ធនធានរដ្ឋពីសំណាក់រដ្ឋាភិបាល ក្នុងគោលបំណងកេងចំណេញប្រយោជន៍នយោបាយផ្ទាល់ខ្លួនដែលធ្វើឱ្យការបោះឆ្នោតនៅពេលខាងមុខមិនស្មើភាពគ្នា និងប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌តាមច្បាប់បានទេ៖ «មិនទាន់និយាយពីរឿង គ . ជ . ប ផង គ្រាន់តែតួនាទីមួយរបស់នាយករដ្ឋមន្ត្រីក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាបក្សកាន់អំណាចហើយប្រើប្រាស់តួនាទីឃោសនាមុនការបោះឆ្នោតហើយហ្នឹង អ្វីទៅដែលយើងថា ធានាដល់ការបោះឆ្នោតមួយដោយស្មើភាពគ្នាប្រព្រឹត្តទៅដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ហ្នឹងជាសញ្ញាឃើញច្បាស់ទាំងអស់គ្នាថា វាមិនអាចទៅរួចទេ ពីព្រោះអ្នកដឹកនាំចាប់ផ្តើមឃោសនាតាំងពីពេលនេះទៅហើយហ្នឹង»។
ស្រដៀងគ្នានេះដែរ ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យង់ សាំងកុមារ យល់ឃើញថា តួនាទីនាយករដ្ឋមន្ត្រីតំណាងឱ្យពលរដ្ឋខ្មែរគ្រប់និន្នាការនយោបាយ។ លោកបន្តថា រដ្ឋាភិបាលផ្សព្វផ្សាយគោលនយោបាយដឹកនាំប្រទេសមិនខុសនោះទេ ប៉ុន្តែការយកហេតុផលនៃការផ្តល់ប័ណ្ណក្រីក្រដើម្បីអំពាវនាវរកសំឡេងឆ្នោតពីពលរដ្ឋមុនរដូវកាលឃោសនាបោះឆ្នោតជាការដឹកនាំប្រទេសច្របូកច្របល់តួនាទី និងកាតព្វកិច្ច។ លោកបញ្ជាក់ថា តាមច្បាប់ គណបក្សកាន់អំណាចមានសិទ្ធិប្រើប្រាស់ថវិកាជាតិដើម្បីអនុវត្តគោលនយោបាយក្នុងអាណត្តិដឹកនាំរបស់ខ្លួន តែផ្ទុយទៅវិញលោកមើលឃើញថា សារនយោបាយរបស់មេដឹកនាំបក្សកាន់អំណាចបែបនេះអាចធ្វើឱ្យពលរដ្ឋមួយចំនួនយល់ច្រឡំថាគណបក្សប្រឆាំង ឬគណបក្សក្រៅរដ្ឋាភិបាលមិនមានប្រាក់ជួយឧបត្ថម្ភដល់ពួកគាត់៖ «ពេលនេះមិនមែនជាពេលសម្រាប់គាត់ឃោសនាទេ ខ្ញុំគិតថា ការធ្វើរៀបនេះហាក់មិនចូលរួមចំណែកពង្រឹងតួនាទីរបស់រដ្ឋាភិបាល និងតួនាទីរបស់គណបក្សនយោបាយក្នុងសង្គម ហើយធ្វើឱ្យច្របូកច្របល់ថែមទៀត ចំពោះយើងយល់ថា គាត់គួរតែបន្តការពង្រឹងតួនាទីរបស់គាត់ធ្វើជានាយករដ្ឋមន្ត្រី ប្រមុខរដ្ឋាភិបាលល្អសម្រាប់ខ្មែរគ្រប់រូបទៅ»។
ប្រតិកម្មនេះគណបក្សនយោបាយនេះ ស្របពេលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅសល់ជាង១០ខែទៀត តែលោក ហ៊ុន សែន បានថ្លែងសារផ្លែផ្កាឱ្យគូប្រជែងនយោបាយ ហើយលើសពីនេះលោកអំពាវនាវដល់ពលរដ្ឋបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសបន្តទៀត។ លោកអះអាងថា គណបក្សប្រជាជនសម្រាប់ការបោះឆ្នោតខាងមុខមិនសន្យាចោលដូចបក្សផ្សេងនោះទេ តែរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សរបស់លោកកំពុងអនុវត្តគោលនយោបាយឧបត្ថម្ភសាច់ជូនពលរដ្ឋជិត៣លាននាក់។ ការឃោសនារបស់លោក ហ៊ុន សែន នៅមុខពលរដ្ឋជាងពីរពាន់គ្រួសារនៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី១ ខែតុលា៖ «ខ្ញុំនឹងសង្ឃឹមជឿជាក់ថា ប្រជាពលរដ្ឋនៅទីនេះដែលខ្ញុំបាននឹងកំពុងខិតខំដោះស្រាយបញ្ហាគ្រប់យ៉ាងឱ្យបងប្អូនបែរទៅជាបោះឆ្នោតឱ្យអ្នកដទៃនោះទេ ខ្ញុំមិនជឿទេ។ ប៉ុន្តែសម្រាប់ខ្ញុំថ្ងៃនេះបានបញ្ជាក់ជាមួយគ្នាហើយ អ្នកខ្លះធ្លាប់ដោយតាមគេ គឺសញ្ញាទេវតាស្រួលសម្គាល់ណាស់ សញ្ញាហ្នឹងនៅជាមួយបងប្អូនរហូត បងប្អូនឱ្យមានការអីទេវតាអើយជួយផង មិនដែលស្រែកហៅថាភ្លើងជន្លូសអើយជួយផង គឺអត់ទេ»។
ទាក់ទងរឿនេះ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ប្រាប់វិទ្យុអាស៊ីសេរីថា ស្ថាប័នរបស់លោកពុំមានភារកិច្ចដោះស្រាយរឿងការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយនោះទេ ដោយលោកអះអាងថា អំឡុងពេលនេះ គឺហួសដែនសមត្ថកិច្ចរបស់គ.ជ.ប ហើយលោកជំរុញឱ្យភាគីពាក់ព័ន្ធដែលយល់ថា ខុសឆ្គងប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ចដើម្បីដោះស្រាយរឿងនេះវិញ៖ «ពេលឥឡូវនេះមិនស្ថិត ក្នុងដែនសមត្ថកិច្ចដែលគ . ជ . ប ធ្វើការគ្រប់គ្រងទេ គឺពាក់ព័ន្ធអាជ្ញាធរតាមដានពិនិត្យមើលទៅលើបញ្ហាហ្នឹងបាទ»។
ជុំវិញរឿងនេះ នាយកប្រតិបត្តិអង្គការនិចហ្វិក (Nicfec) លោក សំ គន្ធាមី មានប្រសាសន៍ថាពេលនេះពុំមែនជាពេលវេលាសម្រាប់គណបក្សនយោបាយឃោសនាគោលនយោបាយរកសំឡេងឆ្នោតទេ។ លោកបន្តថា ទោះបីច្បាប់តម្រូវរដ្ឋាភិបាលអនុវត្តតួនាទីរបស់ខ្លួនដោយឯករាជ្យនិងមិនលម្អៀងនិន្នាការនយោបាយយ៉ាងណាក្តី ក៏លោកមើលឃើញថា មន្ត្រីរដ្ឋាភិបាលតែងតែឆ្លៀតឱកាសយកវេទិការបស់រដ្ឋអំពាវនាវឱ្យពលរដ្ឋបោះឆ្នោតឱ្យគណបក្សកាន់អំណាច ដោយគ្មានវិធានការទប់ស្កាត់ករណីទាំងនោះទេ៖ «ច្បាប់គឺតម្រូវឱ្យឯករាជ្យ អព្យាក្រឹត្យដោយមិនលម្អៀង ប៉ុន្តែរឿងនេះវាជាទូទៅហើយស្រុកខ្មែរគ្មាននរណាចាប់ថ្នាក់អីទេ ហើយវាទៅជាទំលាប់របស់ថ្នាក់ដឹកនាំទៅហើយក្នុងវេទិកាតែងតែអំពាវនាវនេះ»។
រដ្ឋធម្មនុញ្ញមាត្រា ៣៥ ចែងថាប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្ម ក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ ប៉ុន្តែ ច្បាប់បោះឆ្នោត បានហាមឃាត់ មិនឲ្យមន្ត្រីសាធារណៈ ដូចជានាយករដ្ឋមន្ត្រីជាដើម ប្រើប្រាស់តួនាទីរបស់រដ្ឋ ដើម្បីកេងចំណេញប្រយោជន៍បក្សរបស់ខ្លួននោះឡើយ។ មាត្រា ៨០ នៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បានហាមប្រើប្រាស់ថវិកា សម្ភារៈ មធ្យោបាយដឹកជញ្ជូន ដែលជាសម្បត្តិរដ្ឋ ដើម្បីធ្វើសកម្មភាពឃោសនាបោះឆ្នោត ឲ្យគណបក្សនយោបាយណាមួយ ឬបេក្ខជនណាម្នាក់។
ទោះយ៉ាងណាមន្ត្រីសង្គមស៊ីវិល និងគណបក្សនយោបាយនៅតែរកឃើញថា បក្សកាន់អំណាចរំលោភលើច្បាប់ទាក់ទងនឹងការប្រើប្រាស់ស្ថាប័ននិងធនធានរដ្ឋបម្រើប្រយោជន៍នយោបាយរបស់ខ្លួន ដែលរំលោភបំពានលើការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ពួកគេរកឃើញថា មន្ត្រីរាជការស៊ីវិលមួយចំនួនបានយកម៉ោងការងារ ឈ្មោះស្ថាប័ន និងធនធានរដ្ឋ ទៅបម្រើផលប្រយោជន៍គណបក្សកាន់អំណាចដែលផ្ទុយទៅនឹងគោលការណ៍ច្បាប់ ដែលតម្រូវមន្ត្រីរាជការត្រូវមានអព្យាក្រឹតភាពក្នុងសកម្មភាពបំពេញការងាររបស់ខ្លួន ស្របតាមច្បាប់ និងនីតិវិធីសម្រាប់ការបោះឆ្នោត។ ប៉ុន្តែរហូតមកដល់សកម្មភាពឃោសនារកសំឡេងឆ្នោតដែលរំលោភអំណាច និងតួនាទីនៅតែបន្តកើតឡើង ដោយសារគ្មានស្ថាប័នណាមានសមត្ថកិច្ចចាត់វិធានការលើអ្នកប្រព្រឹត្តឱ្យអនុវត្តត្រឹមត្រូវតាមច្បាប់នៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។