សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងព្រះប្រធានក្រុមប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រ។ ព្រះអង្គធ្លាប់ធ្វើជានាយករដ្ឋមន្រ្តីទីមួយនៃរដ្ឋាភិបាលកម្ពុជា និងធ្លាប់ធ្វើជាប្រធានរដ្ឋសភាជាតិ។
ព្រះអង្គប្រសូត្រ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៤ នារាជធានីភ្នំពេញ។ ទ្រង់ជាព្រះរាជបុត្រានៃព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ និងអ្នកម្នាង ផាត់ កាញ៉ុល ដែលជានាដការី នៃរបាំព្រះរាជទ្រព្យ។ ព្រះអង្គជាព្រះអនុជ (ឬប្អូនបង្កើត) របស់សម្តេចរាជបុត្រីព្រះរាម នរោត្តម បុប្ផាទេវី។ ព្រះអង្គជាព្រះជេដ្ឋា (ឬបងប្រុស) របស់ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម-សីហមុនី ប៉ុន្តែព្រះមាតាទីទៃ បិតាតែមួយ។
ព្រះអង្គមានមហេសីពីរ។ មហេសីទីមួយ គឺព្រះអង្គម្ចាស់ក្សត្រិយ៍នរោត្តម ម៉ារី រណឫទ្ធិ(ឈ្មោះដើមអ្នកស្រី អេង ម៉ារី) បានបុត្របីអង្គ គឺព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុឌ្ឍ ព្រះអង្គម្ចាស់ នរោត្តម សីហឫទ្ធិ និងព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម រតនាទេវី។ មហេសីទីពីរ គឺអ្នកម្នាង អ៊ុក ផល្លា ដែលជាអ្នករបាំបុរាណដ៏ឆ្នើមម្នាក់។ ជាមួយអ្នកម្នាង អ៊ុក ផល្លា ទ្រង់បានបុត្រពីរអង្គ គឺអ្នកអង្គម្ចាស់ នរោត្តម សុធាឫទ្ធិ និង អ្នកអង្គម្ចាស់ នរោត្ដម រណវង្ស។ អ្នកម្នាង អ៊ុក ផល្លា បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីឆ្នាំ ២០១៨។ ក្នុងគ្រោះថ្នាក់នោះ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ រងរបួសធ្ងន់ ដែលពិការ និងជិះលើរទេះរុញតាំងពីពេលនោះ រហូតដល់ថ្ងៃសោយទិវង្គត។

កាលនៅមានព្រះជន្មនៅឡើយ ព្រះអង្គធ្លាប់ជាអ្នកនយោបាយឆ្នើមមួយរូប និងជាអ្នកស្រាវជ្រាវ និងសាស្រ្តាចារ្យផ្នែកច្បាប់នៅប្រទេសបារាំង ដោយបានរៀនចប់ផ្នែកច្បាប់នៅសាកលវិទ្យាល័យប្រទេសបារាំង។ ព្រះអង្គប្រឡូកក្នុងឆាកនយោបាយអស់រយៈពេលជិត ៤០ឆ្នាំ តាំងពីចូលក្រុមរាជានិយមហ្វ៊ុនស៊ិនប៉ិចនៅឆ្នាំ១៩៨៣។
ពលរដ្ឋខ្មែរទូទៅនៅប្រទេសកម្ពុជា ចាប់ផ្តើមស្គាល់ព្រះអង្គខ្លាំង ក្នុងព្រឹត្តិការបោះឆ្នោតជាតិឆ្នាំ១៩៩៣ ដែលរៀបចំដោយអង្គការសហប្រជាជាតិ ដែលកាលណោះគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលព្រះអង្គជាព្រះប្រធាន បានឈ្នះគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ដោយគណបក្សហ្វ៊ុនស៊ិនប៉ិចទទួលបាន ៥៨អាសនៈទល់នឹងគណបក្សប្រជាជនកម្ពុជាទទួលបាន ៥១អាសនៈ។
ប៉ុន្តែ ដោយការមិនសុខចិត្តនឹងលទ្ធផលបោះឆ្នោតពីសំណាក់លោក ហ៊ុន សែន និងការគម្រាមបំបែកខេត្តចំនួន ៧ ជាតំបន់អបគមន៍ ដែលអាចឈានទៅរកសង្គ្រាមកាប់សម្លាប់គ្នារវាងខ្មែរគ្នាឯងសាជាថ្មីទៀតនោះ ទើបព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ធ្វើអន្តរាគមន៍បង្កើតតំណែងសហនាយករដ្ឋមន្រ្តី ដោយសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ជានាយករដ្ឋមន្រ្តីទី១ និងលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តីទី ២។
បួនឆ្នាំក្រោយមក នៅខែកក្កដា ឆ្នាំ១៩៩៧ រដ្ឋប្រហារមួយបានផ្ទុះឡើង នៅចំកណ្តាលទីក្រុងភ្នំពេញ ដែលនៅពេលនោះលោក ហ៊ុន សែន បានបណ្តេញសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ចេញពីតំណែងជាសហនាយករដ្ឋមន្រ្តី។ មន្រ្តីរាជានិយមជិត ១០០នាក់ត្រូវបានក្រុមប្រដាប់អាវុធលោក ហ៊ុន សែន សម្លាប់ចោល និងមន្រ្តីជាច្រើនទៀតរងរបួស និងភៀសខ្លួនទៅទល់ដែនកម្ពុជា-ថៃ។
សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ពេលនោះបាននិរទេសព្រះកាយទៅក្រៅប្រទេស។ នៅខែកក្កដា ដដែលនោះ ក្រសួងការបរទេសកម្ពុជា បានចេញប្រកាស ចាត់ទុកព្រះអង្គថា ជា «ឧក្រិដ្ឋជន» និង «ជនក្បត់ជាតិ» ដោយចោទប្រកាន់ព្រះអង្គ ថាបានឃុបឃិតគ្នាជាមួយពួកខ្មែរក្រហម ដើម្បីធ្វើឱ្យមានអស្ថិរភាពរដ្ឋាភិបាល។

ក្រោយមក ពេលអវត្តមានរបស់ព្រះអង្គ លោក អ៊ឹង ហួត ត្រូវបានជ្រើសតាំងដោយសមាជិកសភាហ៊្វុនស៊ិនប៉ិច ដែលមាននិន្នាការលំអៀងទៅរកលោកហ៊ុន សែន ដើម្បីឡើងជំនួសព្រះអង្គ។
ព្រះអង្គម្ចាស់រណឫទ្ធិ ត្រូវបានតុលាការយោធាកាត់ទោសដោយកំបាំងមុខដោយឲ្យជាប់ពន្ធនាគារ ៣៥ឆ្នាំ ពីបទរត់ពន្ធគ្រឿងសព្វាវុធខុសច្បាប់ និងការឃុបឃិតជាមួយពួកខ្មែរក្រហមនោះ។ ប៉ុន្តែក្រោយមក ទោសនេះត្រូវបានលើកលែងដោយព្រះបិតាព្រះអង្គ។ ព្រះអង្គបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ នៅចុងខែមីនា ឆ្នាំ១៩៩៨ ដើម្បីដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចទៅកាន់យុទ្ធនាការបោះឆ្នោតនាឆ្នាំនោះ។
ប៉ុន្តែប្រជាប្រិយរបស់គណបក្សរាជានិយមមួយនេះ ចាប់ផ្តើមស្រុតចុះ ដោយនៅឆ្នាំ១៩៩៨ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានអាសនៈចំនួន ៤៣ ក្នុងចំណោមអាសនៈសរុបចំនួន ១២២។ គណបក្សប្រជាជនកម្ពុជា បានឈ្នះការបោះឆ្នោត ដោយទទួលបានការគាំទ្រ ៦៤អាសនៈ។ ក្រៅពីនោះ គណបក្សសម រង្ស៊ី ទទួលបានអាសនៈសភាចំនួន ១៥។
ក្រោយខែកញ្ញា ឆ្នាំ១៩៩៨ ពោលគឺក្រោយព្រឹត្តិការណ៍គ្រាប់រ៉ុក្កែត ដែលលោក ហ៊ុន សែន ចោទថា បក្សហ៊្វុនស៊ិនប៉ិច និងគណបក្សសមរង្ស៊ី រៀបចំផែនការវាយប្រហារលោកនោះ ព្រះអង្គម្ចាស់រណឫទ្ធិ បានភៀសព្រះកាយទៅទីក្រុងបាងកក ប្រទេសថៃ។ ប៉ុន្តែដោយមានការអំពាវនាវពីព្រះបិតាព្រះអង្គ ទ្រង់បានវិលមកកម្ពុជាវិញ នៅខែវិច្ឆិកា ឆ្នាំ១៩៩៨ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះជាមួយលោក ហ៊ុន សែន។ ក្រោយមកព្រះអង្គ ត្រូវបានតែងតាំងជាប្រធានរដ្ឋសភា។
ការយល់ព្រមធ្វើរដ្ឋាភិបាលចម្រុះជាមួយលោក ហ៊ុន សែន នេះ កាន់តែធ្វើឲ្យគណបក្សហ្វ៊ុនស៊ិនប៉ិច ធ្លាក់ប្រជាប្រិយភាពជាបន្តទៀត។ នៅខែកុម្ភៈ ឆ្នាំ២០០២ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានតែ ១០ អាសនៈប៉ុណ្ណោះ លើអាសនៈសរុបចំនួន ១.៦០០ នៅក្នុងការបោះឆ្នោតឃុំសង្កាត់។ មួយខែក្រោយមក គណបក្សនេះ ចាប់ផ្តើមបែកខ្ញែកជាបំណែក។
ជាលទ្ធផលគណបក្សនេះ ទទួលបានអសនៈតែ ២៦ ប៉ុណ្ណោះ ក្នុងចំណោមអសនៈសភាជាតិសរុប ១២០អសនៈ នៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០០៣។ មន្រ្តីសំខាន់ៗរបស់បក្សនេះ បានចាកចេញពីព្រះអង្គ។ មិនតែប៉ុណ្ណោះ ពួកគេបានដាក់ពាក្យប្តឹងព្រះអង្គ ដោយចោទប្រកាន់ព្រះអង្គពីការកិបកេងប្រាក់ចំនួន ៣,៦ លានដុល្លារ ពីការលក់ទីស្នាក់ការហ៊្វុនស៊ិនប៉ិច នៅក្បែរស្ថានទូតបារាំងក្នុងឆ្នាំ២០០៥។
ទ្រង់រណឫទ្ធិ បានបង្កើតគណបក្សថ្មីមួយឈ្មោះ គណបក្ស នរោត្តម រណឫទ្ធិ។ មិនយូរប៉ុន្មាន ព្រះអង្គម្ចាស់ក្សត្រិយ៍នរោត្តម ម៉ារី រណឫទ្ធិ បានដាក់ពាក្យប្តឹងទ្រង់ពីបទផិតក្បត់។
ក្នុងការបោះឆ្នោតជាតិឆ្នាំ២០០៨ គណបក្សនរោត្តម រណឫទ្ធិ របស់ព្រះអង្គ បានកៅអីតែពីរប៉ុណ្ណោះ។
ក្រោយមកទៀតព្រះអង្គ ប្រកាសចូលនិវត្តន៍ពីកិច្ចការនយោបាយ ហើយបានសន្យាគាំទ្រគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែនៅខែមីនា ឆ្នាំ២០១៤ ទ្រង់បានចាកចេញពីការចូលនិវត្តន៍នោះ ដើម្បីបង្កើតគណបក្សនយោបាយថ្មីមួយទៀត គឺគណបក្សសង្គមរាស្រ្តរាជាធិបតេយ្យ។ ទោះជាយ៉ាងនេះក្ដី មិនបានប៉ុន្មានផង នៅដើមឆ្នាំ២០១៥ ទ្រង់បានរំលាយបក្សនេះចោលវិញ ហើយវិលត្រឡប់ចូលគណបក្សហ៊្វុនស៊ិនប៉ិចវិញ ដោយត្រូវបានតែងតាំងជាប្រធានគណបក្សនេះម្តងទៀត។
ក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ គណបក្សហ្វ៊ុនស៊ិនប៉ិចរបស់ព្រះអង្គ មិនបានឈ្នះតំណែងមេឃុំ ឬចៅសង្កាត់សូម្បីតែមួយក្នុងចំណោមឃុំសង្កាត់ទាំង ១.៦៤៦។ ប៉ុន្តែ ជាប់ជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ២៨ នាក់ដែរ ក្នុងចំណោមក្រុមប្រឹក្សា ១១.៥៧២ នាក់។
នៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៨ ក្រោយការរម្លាយគណបក្សសង្គ្រោះជាតិ គណបក្សហ្វ៊ុនស៊ិនប៉ិចរបស់ព្រះអង្គ មិនបានអសនៈសភា សូម្បីតែមួយអាសនៈ ក្នុងចំណោម ១២៥អាសនៈ។ (នៅមាន ត)
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។