ឃាតកម្ម​អារ​ក​សម្លាប់​មនុស្ស​៣​នាក់​នៅ​សៀមរាប

សមាជិក​គ្រួសារ​មួយ​រស់​នៅ​ក្នុង​សង្កាត់​សាលាកំរើក ក្រុង​សៀមរាប ដែល​ត្រូវ​បាន​ឃាតក​មិន​ស្គាល់​មុខ​ចូល​ទៅ​អារ​ក​សម្លាប់​ទាំង​អស់​នៅ​ពេល​យប់​ដោយ​ពុំ​មាន​អ្នក​ជិត​ខាង​ណា​​បាន​ដឹង​ទាល់​តែ​សោះ។

0:00 / 0:00

មន្ត្រី​ប៉ូលិស​នៃ​ស្នងការ​នគរបាល​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា ស្រ្តី ៣​នាក់​ដែល​ជា​មេ​គ្រួសារ និង​សមាជិក​គ្រួសារ​មួយ​រស់​នៅ​ភូមិ​វត្ត​ស្វាយ ក្នុង​ទី​រួម​ខេត្ត​សៀមរាប ត្រូវ​ជន​មិន​ស្គាល់​មុខ​ចូល​សម្លាប់​ទាំង​អស់​នៅ​ក្នុង​ផ្ទះ​កាល​ពី​រំលង​អធ្រាត្រ​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១១។

ស្ត្រី​រង​គ្រោះ​ទាំង ៣​នាក់​នោះ​ត្រូវ​បាន​គេ​ស្គាល់​ថា ទី​១ ឈ្មោះ អេង លី អាយុ ៨០​ឆ្នាំ ឈ្មោះ អេង មួយហ្គិច អាយុ ៥៨​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ អោក ស្រីនាង អាយុ ២០​ឆ្នាំ ដែល​ជា​ប្រជាពលរដ្ឋ​មាន​មុខ​របរ​លក់​អីវ៉ាន់​ចាប់ហួយ​កំប៉ិកកំប៉ុក​នៅ​ផ្ទះ​ជា​ប្រចាំ​ថ្ងៃ។

លោក​វរសេនីយ៍​ត្រី ប៉ាត់ ចាន់សុខ អនុ​ប្រធាន​ការិយាល័យ​នគរបាល​​បច្ចេកទេស និង​វិទ្យាសាស្រ្ត​ របស់​ស្នងការ​នគរបាល​ខេត្ត​សៀមរាប ដែល​បាន​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១០ ខែ​មករា​ថា សាកសព​ស្ត្រី​រង​គ្រោះ​ទាំង​៣ ត្រូវ​ឃាតក​​អារ​ក​សម្លាប់ ដែល​ស្ត្រី​ក្មេង​ម្នាក់​ក្នុង​ចំណោម​នោះ​ត្រូវ​គេ​រំលោភ​ផ្លូវ​ភេទ​ផង​ដែរ។

មន្ត្រី​ប៉ូលិស​ដដែល​បាន​មាន​ប្រសាសន៍​ថា តាម​ការ​ពិនិត្យ​សាកសព​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​​អាច​ត្រូវ​ក្រុម​ឃាតក​ចូល​សម្លាប់​នៅ​ក្នុង​ផ្ទះ ប្រហែល​ជា​អំឡុង​ម៉ោង​៣ រំលង​អធ្រាត្រ ៖ «កាំបិត​ហាន់​បន្លែ​យើង​ហ្នឹង អា​កាំបិត​ស វា​អារ​ក​ទាំង​បី ហើយ​នារី​រំលោភ​ហ្នុង គឺ​អារ​ក​ជិត​ដា​ច់​ជាមួយ​នឹង​យាយ​មួយ ហើយ​​ម្នាក់​ទៀត​ស្រី​នោះ គឺ​អារ​ក​ចំហៀង​ខាង​ឆ្វេង តិច​ជាង​គេ។ សម្ភារៈ​យើង​អត់​ទាន់​ដឹង​ថា បាត់​ស្អី​ទេ ប៉ុន្តែ​វា​រើ​ទូរ​រើ​អី​រាយ​ប៉ាយ​​​ពេញ​ហ្នឹង ប៉ុន្តែ​សម្ភារៈ​វា​អត់​ឃើញ​ស្អី​ដែល​នៅ​សល់​សំខាន់។ យើង​កំពុង​តែ​ស្រាវជ្រាវ»

សាច់​ញាតិ​របស់​ជន​រងគ្រោះ​បាន​អះអាង​ថា អ្នក​ដែល​ស្លាប់​ទាំង​នោះ​ពុំ​ធ្លាប់​មាន​ទំនាស់​ជាមួយ​អ្នក​ជិត​ខាង​ណា​ម្នាក់​ទេ។

លោក ផេង ទូច ត្រូវ​ជា​កូន​របស់​ស្ត្រី​អាយុ ៨០​ឆ្នាំ ដែល​ត្រូវ​គេ​សម្លាប់​នោះ​​បាន​មាន​ប្រសាសន៍​ថា គាត់​បាន​រៀប​ការ​ហើយ​បែក​ផ្ទះ​ទៅ​នៅ​ឆ្ងាយ​ពី​ម្ដាយ ប៉ុន្តែ​គាត់​តែងតែ​ទៅ​លេង​ផ្ទះ​ម្តាយ​ជា​រៀង​រាល់​ថ្ងៃ ហើយ​គ្រួសារ​របស់​ម្ដាយ​គាត់​ពុំ​ដែល​មាន​ទំនាស់​ជាមួយ​អ្នក​ជិត​ខាង​ណា​មួយ​ឡើយ។ ប៉ុន្តែ​ចំពោះ​ក្មួយ​ស្រី​អាយុ ២០​ឆ្នាំ​ដែល​ស្លាប់​ដែរ​នោះ មាន​ប្រុសៗ​ចោមរោម​លែបខាយ​ពាក្យ​សម្ដី​​ក្នុង​ផ្លូវ​ស្នេហា​ជា​ច្រើន ហើយ​លោក​ក៏​បាន​ដឹង​ថា ក្មួយ​ស្រី​នោះ​ឧស្សាហ៍​និយាយ​ទូរស័ព្ទ​ឆ្លើយ​ឆ្លង​គ្នា​​ជាមួយ​ប្រុស​ម្នាក់​ជា​ញយៗ តែ​ក្រុម​គ្រួសារ​មិន​ធ្លាប់​ស្គាល់​មុខ​ប្រុស​ម្នាក់​នោះ​ទេ។

លោក ផេង ទូច បន្ថែម​ថា ៖ «ខ្ញុំ​ចេញ​ចូល​រាល់​ថ្ងៃ គាត់​អត់​ដែល​មាន​ទំនាស់​មាន​អ្វី​ជាមួយ​នរណា​ទេ។ ក្មេង​ស្រី​នោះ​វា​មាន​តែ​តាម​ទូរស័ព្ទ​នោះ ខ្ញុំ​មិន​ដែល​ឃើញ​មុខ​ឃើញ​មាត់​មនុស្ស​ប្រុស​នោះ​ផង។និយាយ​ទូរស័ព្ទ​យប់ៗ​ម៉ោង​១២ ខ្លះ​ណា​ម៉ោង ១ ទាក់​ទង​រឿង​ស្អីៗ​វា​និយាយ​ឡើង ២-​៣​ម៉ោង ៤-​៥​ម៉ោង​នោះ​ណា»

លោក ពេជ្រ សាម៉ោល ប្រធាន​ប៉ុស្តិ៍​នគរបាល​សង្កាត់​សាលាកំរើក បាន​មាន​ប្រសាសន៍​ថា គ្រួសារ​ជន​រង​គ្រោះ​នោះ​មាន​ទី​កំណើត​ឯ​ខេត្ត​កំពង់ចាម ហើយ​បាន​មក​រស់​នៅ​ខេត្ត​សៀមរាប ចំនួន ១៥​ឆ្នាំ​ហើយ មិន​ដែល​មាន​ទំនាស់​ជាមួយ​អ្នក​ភូមិ​ណា​ម្នាក់​ទេ។ ប៉ុន្តែ​គេ​ដឹង​ថា ដោយសារ​គ្រួសារ​នោះ​មាន​របរ​លក់​ចាប់ហួយ បារី និង​ស្រា ព្រម​ទាំង​មាន​ចៅស្រី​ម្នាក់ គឺ​ឧស្សាហ៍​មាន​កំលោះ​ៗ​ទៅ​ចោមរោម​ប្រើ​ពាក្យ​លែបខាយ​ស្នេហា ហើយ​កំលោះ​ៗ​ទាំង​នោះ​តែង​ទទួល​បាន​ការ​ស្ដី​បន្ទោស​ពី​សមាជិក​ក្រុម​គ្រួសារ​នោះ។

ប៉ូលិស​ផ្នែក​ព្រហ្មទណ្ឌ​បាន​ធ្វើការ​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា ក្រុម​ឃាតក​ដែល​ចូល​សម្លាប់​សមាជិក​គ្រួសារ​នោះ អាច​មាន​គ្នា​យ៉ាង​ហោច​ណាស់​ក៏ ៣​នាក់​ឡើង​ទៅ។ ចំណែក​មូលហេតុ​នៃ​ការ​សម្លាប់​ត្រូវ​បាន​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា អាច​ជា​អំពើ​ប្លន់ ពីព្រោះ​មុន​ពេល​ចាក​ចេញ ក្រុម​ឃាតក​បាន​រុះរើ​សម្ភារៈ​មួយ​ចំនួន​របស់​ជន​រង​គ្រោះ។ ប៉ុន្តែ​ទោះ​យ៉ាង​ណា មន្ត្រី​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា គេ​កំពុង​ស្រាវជ្រាវ និង​តាម​រក​ពន្លឺ​អំពើ​ឃាតកម្ម​នោះ​ ដើម្បី​ចាប់​ខ្លួន​ជន​ដៃដល់​ក្នុង​ការ​សម្លាប់​មក​ផ្ដន្ទា​ទោស​​តាម​ច្បាប់៕