មជ្ឈមណ្ឌល​ទីក្រុង​ហេង​ហេង​ក្រុង​បាវិត រង​ការ​ចោទ​ប្រកាន់​ថា កំពុង​បង្ខាំង​ពលរដ្ឋ​ខ្មែរ និង​ជន​បរទេស​ជាច្រើន​នាក់​ខុស​ច្បាប់

បុគ្គលិក​ជា​ជនជាតិ​ខ្មែរ និង​ជន​បរទេស​ចម្រុះ​ជាតិ​សាសន៍​ជា​ច្រើន​នាក់កំពុង​ត្រូវ​គេ​បង្ខាំង​ឱ្យ​ធ្វើ​ការងារ​ខុស​ច្បាប់​នៅ​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទីក្រុង ហេង​ហេង ស្ថិត​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង។ បុគ្គលិក​បម្រើ​ការងារ​នៅ​ទី​នោះ​ឱ្យ​ដឹង​ថា ជន​បរទេស​មួយ​ចំនួន​ត្រូវ​បាន​ថៅកែ​ជន​ជាតិ​ចិន​ធ្វើ​ទារុណកម្ម ហើយ​ស្រ្តី​ជន​ជាតិ​វៀតណាម​មួយ​ចំនួន​ត្រូវ​គេ​បង្ខំ​ឱ្យ​ធ្វើ​ការ​បម្រើ​សេវាកម្ម​ផ្លូវ​ភេទ និង​លក់​ដូរ​ពួក​គេ​ពី​ក្រុមហ៊ុន​មួយ​ទៅ​ក្រុមហ៊ុន​មួយ។ មន្ត្រី​សង្គម​ស៊ីវិល ទទូច​ដល់​អាជ្ញាធរ​ឱ្យ​ស៊ើបអង្កេត​ករណី​នេះ​ប្រកប​ដោយ​តម្លាភាព ខណៈ​ជន​រង​គ្រោះ​ជា​ច្រើន​នាក់​កំពុង​រង់​ចាំ​ការ​ជួយ​សង្គ្រោះ​ចេញ​ពី​កន្លែង​ឃុំ​ឃាំង។

បុគ្គលិក​ដែល​កំពុង​បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល ទីក្រុង​ហេង​ហេង ស្ថិត​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ឱ្យ​ដឹង​ថា ជន​បរទេស​ជាច្រើន​នាក់​កំពុង​ត្រូវ​ថៅកែ​ជនជាតិ​ចិន​ចាប់​បង្ខាំង ដើម្បី​ឱ្យ​ធ្វើ​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ (Online) ខណៈ​វិនិយោគិន​ជា​ជនជាតិ​ចិន​ដែល​អភិវឌ្ឍ​មជ្ឈមណ្ឌល ទីក្រុង​ហេង​ហេង នេះ​ទទួល​បាន​កិច្ច​គាំពារ​ពី​មន្ត្រី​គ្រាក់ៗ​ក្នុង​ជួរ​រដ្ឋាភិបាល លោក ហ៊ុន សែន។

China in Bavet1.jpg
បុរសម្នាក់ត្រូវបានដាក់ខ្នោះដៃជាប់នឹងដែកធ្វើទារុណកម្មនៅក្រុងបាវិត។ រូបភាព៖ បុគ្គលិកផ្តល់ឱ្យ

បុគ្គលិក​ម្នាក់​កំពុង​បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល ទី​ក្រុង​ហេង​ហេង ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ព្រោះ​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព បាន​ឱ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា បុគ្គលិក​ជនជាតិ​ខ្មែរ និង​ជនបរទេស​ដែល​ធ្វើ​ការ​ក្នុង​បរិវេណ​មជ្ឈមណ្ឌល ទីក្រុង​ហេង​ហេង គឺ​មិន​មាន​សេរីភាព​ឡើយ។ លោក​ថា ក្រុម​សន្តិសុខ និង​កង​អង្គរក្ស​ថៅកែ​ជនជាតិ​ចិន​តែង​តែ​ដាក់​កម្លាំង​យាម​កាម​យ៉ាង​តឹង​រ៉ឹង​ទាំង​យប់​ទាំង​ថ្ងៃ។ ចំណែក​ឯ អាជីវកម្ម​នៅ​មជ្ឈមណ្ឌល ទីក្រុង​ហេងហេង​នេះ​វិញ​ភាគ​ច្រើន​សុទ្ធ​សឹង​តែ​ជា​ប្រភេទ​អាជីវកម្ម​បែប​ឧក្រិដ្ឋកម្ម។

បុគ្គលិក​ដែល​បម្រើ​ការងារ​ក្នុង​មជ្ឈមណ្ឌល ទីក្រុង​ហេង​ហេង សង្កេត​ឃើញ​ថា ជា​ញឹកញយ​ជន​ជាតិ​ចិន​តែង​នាំ​មនុស្ស​ចូល​ស្ងាត់ៗ និង​បញ្ជូន​ចេញ​ទៅ​ក្រៅ​យ៉ាង​អាថ៌កំបាំង៖ «ក្នុង [ទីក្រុង​ហេង​ហេង] ហ្នឹង​វា​មាន​ទាំង​ល្បែង​អនឡាញ (Online) ខុស​ច្បាប់ មាន​ទាំង​ជួញដូរ​មនុស្ស មាន​ទាំង​រក​ស៊ី​ផ្លូវ​ភេទ​មាន​ទាំង​ក្លឹប មាន​ទាំង​វៀតណាម​ជួញដូរ។ ដូច​ថា​ក្នុង​យប់​ដេក ១ពាន់​ដុល្លារ (១.០០០) ឬ ៣រយ​ដុល្លារ (៣០០) ឬ​អង្គុយ​លេង​នៅ [ក្នុង​អគារ​ក្រុមហ៊ុន] ១រយ​ដុល្លារ (១០០) ឬ ៦០ដុល្លារ។ និយាយ​រួម​ទៅ​នៅ​កន្លែង​ហ្នឹង​វា​មាន [គ្រប់​បែប​យ៉ាង] មាន​ទាំង​ក្លឹប ខា​រ៉ា​អូ​ខេ ល្បែង។ រាល់​បុគ្គលិក​ធ្វើ​ការ​នៅ​ក្នុង​ហ្នឹង​គឺ​គេ​ដក​លិខិត​ឆ្លង​ដែន (Passport) ហើយ​គេ​អត់​ឱ្យ​ចេញ​ចូល​ទេ ព្រោះ​ដោយ​សារ​តែ អ្នក​ដែល​ធ្វើ​ការ​នៅ​ក្នុង​ហ្នឹង​កុងត្រា រយៈ​ពេល ៦ខែ។ អ៊ីចឹង​ទល់​តែ​បុគ្គល​ហ្នឹង ធ្វើ​ការ​បាន ៦ខែ​ទើប​បាន​គេ​ឱ្យ​លិខិត​ឆ្លងដែន (Passport) ឬ​អត្តសញ្ញាណ​ប័ណ្ណ​វិញ»

មជ្ឈមណ្ឌល ទី​ក្រុង​ហេង​ហេង ស្ថិត​នៅ​ជាប់​ព្រំ​ប្រទល់​ប្រទេស​វៀតណាម ដែល​ស្ថិត​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង។ គម្រោង​ទី​ក្រុង​រណប​បែប​ពហុ​ពាណិជ្ជកម្ម​នេះ គឺជា​របស់​ក្រុមហ៊ុន ហេង ហ៊ី អ៊ីន​វេស​មែន អេន ឌី​វើ​លុប​មែន គ្រុប (Heng He Investment and Development Group Co.,LTD) ដែល​អគ្គនាយក​ក្រុមហ៊ុន​នេះ​មាន​ឈ្មោះ ស៊ូ លៀង​ហ្សេង (Su LIANGSHENG) ។ លោក​គឺ​ជា​អ្នក​ជំនួញ​ជន​ជាតិ​ចិន​ដែល​សិទ្ធិ​នឹង​រដ្ឋាភិបាល លោក ហ៊ុន សែន។ ក្នុង​ពិធី​សម្ពោធ​គម្រោង ទី​ក្រុង​ហេង​ហេង កាល​ពី​ថ្ងៃ​ទី១២ ខែ​ធ្នូ ឆ្នាំ២០១៨ ក៏​មាន​វត្តមាន អភិបាល​ក្រុង​បាវិត លោក សេង សិលា និង​ទីប្រឹក្សា​ប្រធាន​រដ្ឋសភា លោក ហេង សំរិន គឺ​ឧត្ដម​សេនីយ៍​ឯក អ៊ុក កោសា ចូល​រួម​ថ្លែង​សន្ទរកថា​គាំទ្រ​គម្រោង​នេះ។ លោក ស៊ូ លៀង​ហ្សេង ក៏​មាន​ឈ្មោះ​វិនិយោគ​លើ​អាជីវកម្ម​ជា​ច្រើន​ទៀត​នៅ​កម្ពុជា មិន​តិច​ជាង ១០ក្រុមហ៊ុន រាប់​ចាប់​តាំង​ពី​វិស័យ​អចលន​ទ្រព្យ​ដល់​វិស័យ​ធនាគារ។

មជ្ឈមណ្ឌល ទី​ក្រុង​ហេង​ហេង មាន ២៣អគារ ហើយ​ក្នុង​អគារ​នីមួយៗ​មាន ២០ជាន់។ ជុំវិញ​បរិវេណ​មជ្ឈមណ្ឌល ទី​ក្រុង​ហេង​ហេង មាន​ការ​ព័ទ្ធ​របង​ខ្ពស់​ព្រម​ទាំង​មាន​បន្លា​លួស​ផង ហើយ​ក្នុង​អគារ​មួយ​ចំនួន​ទៀត​មាន​សភា​ពងងឹត។ ទោះ​បី​ជា​យ៉ាង​ណា បុគ្គលិក​ដែល​បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​នេះ​អះអាង​ថា ប្រភេទ​អាជីវកម្ម​ក្រោម​ស្លាក​អភិវឌ្ឍ​ពហុ​ពាណិជ្ជកម្ម​មជ្ឈ​មណ្ឌល ទី​ក្រុង​ហេង​ហេង​នេះ ពុំ​មែន​ជា​អាជីវកម្ម​ស្រប​ច្បាប់ ដូច​ដែល​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល និង​ប្រព័ន្ធ​ឃោសនា​នៃ​របប​ឯក​បក្ស​ផ្សព្វ​ផ្សាយ​នោះ​ទេ។

China in Bavet3.jpg
បុរសម្នាក់ត្រូវបានដាក់ខ្នោះដៃជាប់នឹងដែកបង្កាន់ដៃទ្វារដើម្បីធ្វើទារុណកម្មនៅក្រុងបាវិត។ រូបភាព៖ បុគ្គលិកផ្តល់ឱ្យ

បុគ្គលិក​ថ្លែង​មិន​បញ្ចេញ​ឈ្មោះ​ដដែល ប្រាប់​វិទ្យុ​អាស៊ី​សេរី​ឱ្យ​ដឹង​ទៀត​បច្ចុប្បន្ន មជ្ឈមណ្ឌល​ទីក្រុង​ហេង​ហេង កំពុង​មាន​វត្តមាន​ជន​បរទេស​ជា​ច្រើន​នាក់​ក្នុង​នោះ​រួម​មាន​ជន​ជាតិ​ចិន ថៃ វៀតណាម ម៉ាឡេស៊ី និង​ឥណ្ឌា​ជាដើម ព្រម​ទាំង​កម្មករ​ជា​ជន​ជាតិ​ខ្មែរ​ធ្វើ​ការ​ទាំង​គ្មាន​សេរីភាព។ ជាង​នេះ​ទៅ​ទៀត​ស្ត្រី​ជន​ជាតិ​វៀតណាម​ដែល​ត្រូវ​បាន​នាំ​មក​ដល់​មជ្ឈមណ្ឌល​នេះ តែង​ត្រូវ​បាន​ថៅកែ​ជា​ជនជាតិ​ចិន​បង្ខំ​ឱ្យ​បម្រើ​សេវាកម្ម​ផ្លូវ​ភេទ។ ប្រភព​ដដែល​បញ្ជាក់​ថា ជន​បរទេស​ដែល​មក​ធ្វើ​ការ​ក្នុង​មជ្ឈមណ្ឌល ទី​ក្រុង​ហេង​ហេង គោល​ការណ៍​របស់​ក្រុមហ៊ុន​តម្រូវ​ឱ្យ​ពួកគេ​វឹកហាត់​ការងារ​តាម​ប្រព័ន្ធ​កុំព្យូទ័រ (Computer) រយៈ​ពេល ៦ខែ ហើយ​ថៅកែ​ជា​ជន​ជាតិ​ចិន​ដក​ហូត​លិខិត​ឆ្លង​ដែន (Passport) ពួកគេ ដោយ​ណែនាំ​មិន​ឱ្យ​ចេញ​ក្រៅ​ដើរ​ហើរ​មាន​សេរីភាព​ឡើយ។ បុគ្គលិក​ដដែល​ឱ្យ​ដឹង​ទៀត​ថា ក្នុង​ករណី​ដែល​ជនបរទេស​ចង់​រត់​គេច​ខ្លួន​ក្នុង​អំឡុង​ពេល​វឹក​ហាត់​ការងារ​ឆបោក​តាម​អន​ឡាញ (Online) នោះ ថៅកែ​ជន​ជាតិ​ចិន​នឹង​បញ្ជូន​ពួកគេ​ទៅ​កាន់​អគារ​ដែល​មាន​សភាព​ងងឹត​ធ្វើ​ទារុណកម្ម ហើយ​បន្ត​លក់​ពួកគេ​ទៅ​ឱ្យ​ក្រុមហ៊ុន​ឆបោក​ផ្សេងៗ​ទៀត​ដែល​អាច​មាន​តម្លៃ​ខ្លួន​ក្នុង​ម្នាក់ ចន្លោះ​ពី ២ពាន់​ដុល្លារ (២.០០០) ទៅ ៣ពាន់​ដុល្លារ (៣.០០០)។ បុគ្គលិក​ក្នុង​មជ្ឈមណ្ឌល​ទីក្រុង​ហេង​ហេង​ថា ជន​រង​គ្រោះ​មួយ​ចំនួន មិន​អាច​ទ្រាំ​ទ្រ​មិន​បាន​នឹង​ការ​ធ្វើ​ទារុណកម្ម​របស់​ក្រុម​ឧក្រិដ្ឋជន បាន​ចង​ករ​សម្លាប់​ខ្លួន និង​លោត​ពី​លើ​អគារ​បញ្ចប់​ជីវិត​ខ្លួន​ឯង​ជា​បន្ត​បន្ទាប់៖ «និយាយ​ទៅ​កន្លែង​ខុស​ច្បាប់ បើ​គេ​ជួញដូរ​មនុស្ស​ហើយ​គឺ​អត់​មាន​សេរីភាព​ទេ។ ពាក្យ​ថា​ល្បែង កន្លែង​ខុស​ច្បាប់​គេ​អត់​ឱ្យ​យើង​ចេញ​ចូល​ទេ​ព្រោះ​ដោយ​សារ​តែ កន្លែង​ហ្នឹង​ជា​កន្លែង​គេ​ទិញ​លក់​មនុស្ស​គេ​អត់​ឱ្យ​បុគ្គល​ណា​ចេញ​ចូល​ផ្ដេស​ផ្ដាស​ទេ។ ប្រសិន​ជា​គាត់ [បុគ្គលិក] ធ្វើ​ការ​មិន​កើត​គាត់​ត្រូវ​ធ្វើ​ទារុណកម្ម ដូច​ជា​ការ​ឆក់ ឬ​ដាក់​ខ្នោះ បើ​ធ្វើ​ការ​មិន​កើត​គឺ​គេ​ឆក់ គឺ​គេ​វាយ​ហើយ ប្រសិន​បុគ្គល​ហ្នឹង លួច​លុយ ធ្វើ​ខុស​ពី​គោល​ការណ៍​នៅ​ក្នុង​ស្ថាប័ន​ហ្នឹង​អ៊ីចឹង។ ព្រោះ​ដូច​ថា នៅ​ក្នុង​ហ្នឹង​វា​មាន​សន្តិសុខ​អ្នក​មើល​ការ​ខុស​ត្រូវ​កាង​ដូច​ថា គេ​ហៅ​ថា​ជា​អង្គរក្ស ជា​អ្នក​ការពារ​កាង​ចិន​អ៊ីចឹង​ណ៎ា»

China in Bavet2.jpg
បុរសម្នាក់ត្រូវបាន ដើម្បីធ្វើទារុណកម្មនៅក្រុងបាវិត។ រូបភាព៖ បុគ្គលិកផ្តល់ឱ្យ

ជុំវិញ​រឿង​រ៉ាង​ចម្រូង​សម្រាស​នៃ​មុខ​ជំនួញ​របស់​ជន​ជាតិ​ចិន​លើ​ទឹកដី​ខ្មែរ​កើត​មាន​ភាព​មិន​ប្រ​ក្រ​ក្រី​បែប​នេះ បុគ្គលិក​នៅ​មជ្ឈមណ្ឌល​ទីក្រុង ហេង​ហេង ជឿជាក់​ថា មិន​មែន​ស្ថាប័ន​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​ខេត្ត​ស្វាយរៀង​មិន​ដឹង​ឡើយ គ្រាន់​តែ​មន្ត្រី​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​គ្មាន​ឥទ្ធិពល​បង្ក្រាប និង​បន្ត​ទទួល​លុយ​សំណូក​ពី​ក្រុម​ឧក្រិដ្ឋជន ដើម្បី​រក្សា​ភាព​ស្ងៀម​ស្ងាត់​ឱ្យ​ពួកគេ​តែ​ប៉ុណ្ណោះ។

សន្តិសុខ​ដែល​កំពុង​បម្រើ​ការងារ​ក្នុង​មជ្ឈមណ្ឌល​ទី​ក្រុង​ហេង​ហេង​ម្នាក់​ទៀត ដោយ​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែរ បាន​បញ្ជាក់​ថា កង​សន្តិសុខ​ដែល​ប្រចាំ​ការ​យាម​កាម​ក្រុមហ៊ុន ព្រម​ទាំង​អង្គរក្ស​ដែល​ការពារ​ថៅកែ​ធំ​ជា​ជនជាតិ​ចិន​សុទ្ធ​តែ​ប្រើប្រាស់​ឈ្មោះ​ក្លែង​ក្លាយ ពោល​គឺ​ពួកគេ​ប្រើប្រាស់​ឈ្មោះ ឬ​ស្លៀកពាក់​ឯក​សណ្ឋាន​ដូច​នឹង​ក្រម​ខណ្ឌ​មន្ត្រី​ប៉ូលិស ឬ​កង​រាជ​អាវុធ​ហត្ថ​ដែរ។ ថ្វី​ត្បិត​មក​ដល់​ពេល​នេះ សន្តិសុខ​រូប​នេះ​មក​ធ្វើ​ការ​ក្នុង​មជ្ឈមណ្ឌល​ទី​ក្រុង​ហេង​ហេង ដោយ​ពុំ​ទាន់​មាន​អ្នក​ណា​មួយ​មក​គំរាម​កំហែង​ក៏​ដោយ ប៉ុន្តែ​លោក​លើក​ឡើង​ថា លោក​ខក​ចិត្ត​នៅ​ពេល​ដែល​ខ្លួន​ចូល​មក​បម្រើ​ការងារ​នៅ​កន្លែង​ខុស​ច្បាប់។ លោក​បញ្ជាក់​ថា ពេល​នេះ​លោក​គ្មាន​សេរីភាព​ពេញ​លេញ​ទេ ហើយ​លោក​ក៏​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់ ចុះ​ត្រួត​ពិនិត្យ​មជ្ឈមណ្ឌល​នេះ ដើម្បី​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ដែល​ត្រូវ​បាន​គេ​បង្ខាំង ធ្វើ​ទារុណកម្ម ជួញដូរ​ផ្លូវ​ភេទ និង​បង្ខំ​ឱ្យ​ធ្វើ​ការ​ឆបោក​មនុស្ស​តាម​អ៊ឺធឺណែត​ជាដើម៖ «និយាយ​ទៅ​ខ្ញុំ​មាន​អារម្មណ៍​ថា មើល​ទៅ​ពិបាក​និយាយ​ដែរ។ គ្រាន់​ថា​ធ្វើ​ម៉េច យើង​ធ្វើ​ការ​នៅ [ទី​ក្រុង​ហេង​ហេង] នេះ​យើង​អត់​ដឹង​ថា គេ​បញ្ជូន​មនុស្ស​ទៅ​ណា​យើង​អត់​ដឹង។ ក្នុង​នេះ​ផ្ទាល់ គេ​ហៅ​ថា​សន្តិសុខ​ក្រុម​ហ៊ុន មិន​ក្រោម ៥០ ទៅ ៦០នាក់​ទេ។ អ៊ីចឹង​ពួក​គាត់​ប្រចាំ​ការ ២៤ម៉ោង​លើ ២៤ម៉ោង។ គ្រាន់​ខ្ញុំ​មក​ចូល​ធ្វើ​ការ​ខ្ញុំ​ដឹង​ថា​ទី​នេះ​គឺ​មាន​មេ​ចិន​មួយ​ដ៏​ធំ​គាត់​អ្នក​គ្រប់គ្រង​ទាំង​មូល​នៅ​ក្នុង​បរិវេណ​អគារ ជា​ម្ចាស់​ធំ ហើយ​ឡាន​គាត់​មិន​ក្រោម ១០គ្រឿង​ទេ កូន​ចៅ​គាត់​គឺ​ពេញ​ហ្នឹង​ហ្មង»

វិទ្យុ​អាស៊ី​សេរី បាន​ព្យាយាម​ទាក់​ទង​ក្រុមហ៊ុន ហេង ហ៊ី អ៊ីន​វេស​មែន អេន ឌី​វើ​លុប​មែន គ្រុប តាម​ទូរស័ព្ទ ដើម្បី​សុំ​ការ​បក​ស្រាយ​ជុំវិញ​ករណី​ចោទ​ប្រកាន់​ទាំង​នេះ ក៏​ប៉ុន្តែ​ពុំ​ទទួល​បាន​ការ​ឆ្លើយតប​ណា​មួយ​គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

ទាក់​ទង​នឹង​រឿង​នេះ អ្នក​នាំ​ពាក្យ​សាលាខេត្ត​ស្វាយ​រៀង លោក រស់ ផារិទ្ធ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា លោក​ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​ទាក់​ទង​នឹង​ភាព​មិន​ប្រ​ក្រ​ក្រី​នៃ​សង្វាក់​អាជីវកម្ម​នៅ​មជ្ឈមណ្ឌល​ទី​ក្រុង​ហេង​ហេង​នេះ​នៅ​ឡើយ​ទេ។ ទោះ​បី​យ៉ាង​ណា លោក​បញ្ជាក់​ថា នឹង​លើក​យក​បញ្ហា​នេះ ដើម្បី​ជជែក​ជា​មួយ​ស្ថាប័ន​មាន​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ចុះ​ស្រាវ​ជ្រាវ​ត្រួត​ពិនិត្យ​បន្ថែម៖ «មាន​កម្មករ​នៅ​ណា​ធ្វើ​ទារុណកម្ម? ខ្ញុំ​ដូច​ជា​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ហ្នឹង​ទេ។ ចាំ​មើល​ខ្ញុំ​ស្រាវជ្រាវ​មើល​សិន។ ចាំ​ខ្ញុំ​សួរ​ទៅ​អាជ្ញាធរ​ក្រុង​បាវិត​សិន​អ៊ីចឹង។ ខ្ញុំ​អត់​ទាន់​ឆ្លើយ​ទេ​ព្រោះ យើង​ឆ្លើយ​អត់​ដឹង​មូល​ហេតុ មិន​ដឹង​ឆ្លើយ​ម៉េច»

China in Bavet4.jpg
ជនបរទេសដែលត្រូវគេយកដាក់ខ្នោះធ្វើទារុណកម្មនៅក្រុងបាវិត។ រូបភាព៖ បុគ្គលិកផ្តល់ឱ្យ

ចំណែក អភិបាល​ក្រុង​បាវិត លោក លឹម សៀង​ហេង ប្រតិកម្ម​ខ្លាំងៗ ដោយ​លោក​ចាត់​ទុក​ការ​រាយការណ៍​របស់​បុគ្គលិក​មជ្ឈមណ្ឌល​ទី​ក្រុង​ហេង​ហេង​ថា ជា​ក្រុម​ទុច្ចរិត និង​មាន​ចេតនា​ធ្វើ​ឱ្យ​កម្ពុជា​មាន​កេរ្តិ៍​អាក្រក់​តែ​ប៉ុណ្ណោះ។ លោក​អះអាង​ថា បញ្ហា​អសន្តិសុខ​នៅ​តំបន់​ក្រុង​បាវិត​ក្រុម​ការងារ​របស់​តែង​តែ​ផ្ដោប​ព័ត៌មាន​បាន​គ្រប់​ជ្រុង​ជ្រោយ ហើយ​មជ្ឈមណ្ឌល​ទី​ក្រុង​ហេង​ហេង​នេះ លោក​ថា​ពុំ​មាន​ករណី​ជនបរទេស​ត្រូវ​បាន​ជន​ជាតិ​ចិន​បង្ខាំង​ធ្វើ​ទារុណកម្ម និង​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​ឯង​ឡើយ៖ «ព្រោះ​មក​ដល់​ពេល​នេះ​មាន​ជន​មួយ​ចំនួន គឺ​ជន​អគតិ​មួយ​ចំនួន​ដែល​យក​រូបភាព ខាង​ក្រៅ​ប្រទេស​មាន​ធ្វើ​ទារុណកម្ម ឆក់ វាយ ហើយ​មក​ទម្លាក់ មក​ចោទ​ថា​នៅ​ក្រុង​បាវិត។ នៅ​ពេល​ដែល​សមត្ថកិច្ច​ស្រាវជ្រាវ​រក​គឺ​មិន​មាន​ករណី​ហ្នឹង​នៅ​ក្រុង​បាវិត​ទេ គឺ​ជា​ជន​អគតិ​ណា​មួយ​ចង់​ធ្វើ​ឱ្យ​មាន​ភាព​ចលាចល​នៅ​ក្នុង​សង្គម»

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លី​កា​ដូ (LICADHO) លោក អំ សំអាត យល់​ថា មន្ត្រី​អាជ្ញាធរ​មិន​គួរ​ច្រាន​ចោល​នូវ​ព័ត៌មាន​ទាំង​នេះ​ទេ។ លោក​ថា អាជ្ញាធរ​មូល​ដ្ឋាន​គួរ​តែ​បើក​ការ​ស៊ើប​អង្កេត​ប្រកប​ដោយ​តម្លាភាព​លើ​ទីតាំង​ដែល​បុគ្គលិក​មជ្ឈមណ្ឌល​ទីក្រុង​ហេង​ហេង។ លោក​ថា បើ​ពិត​ជា​រក​ឃើញ​មាន​ករណី​បង្ខាំង​ធ្វើ​ទារុណកម្ម និង​ជួញ​ដូរ​មនុស្ស​ពិត​មែន​នោះ អាជ្ញាធរ​មាន​សមត្ថកិច្ច​គប្បី​ពន្លឿន​នីតិ​វិធី​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ឱ្យ​បាន​ទាន់​ពេល៖ «កន្លង​មក​អាជ្ញាធរ​កម្ពុជា​បង្ក្រាប ជា​ច្រើន​ដែរ​ដូច​ជា​នៅ​ខេត្ត​ព្រះសីហនុ និង​នៅ​ក្រុង​បាវិត​ហ្នឹង​ដែរ។ អ៊ីចឹង​ប្រសិន​បើ​មាន​ទទួល​ព័ត៌មាន​អ៊ីចឹង ត្រូវ​តែ​ចាត់​វិធាន​ការ ឱ្យ​បាន​លឿន​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ដែល​តែ​ជាប់​នៅ​ក្នុង​ការ​ឃុំ​ឃាំង​ហ្នឹង។ ការ​ជួញ​ដូរ​មនុស្ស​គឺ​ជា​បទ​ឧក្រិដ្ឋ ការ​ជួញ​ដូរ​មនុស្ស គឺ​ជា​ការ​ជួញ​ដូរ​កម្លាំង​ពលកម្ម និង​ជា​ការ​ជួញ​ដូរ​ជា​ទម្រង់​រូប​ភាព​នៃ​ការ​ជួញ​ដូរ​ផ្សេង​ទៀត ឬ​ការ​ជួញ​ដូរ​តាម​ប្រព័ន្ធ​អន​ឡាញ (Online) ហើយ​លំហូរ​នៃ [ជន​បរទេស] ខុស​ច្បាប់​ហ្នឹង​ក៏​វា​ទាក់​ទង​នឹង​ពុក​រលួយ​ផង​ដែរ»

រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ លោក ស ខេង ថ្លែង​សារ​ជា​បន្ត​បន្ទាប់​ដោយ​លោក​បារម្ភ​អំពី​កំណើន​ជួញ​ដូរ​មនុស្ស និង​ការ​លាង​លុយ​កខ្វក់​ដែល​កំពុង​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​មុខ​មាត់​របស់​កម្ពុជា។ លោក​បន្ថែម​ថា កម្ពុជា​កំពុង​ក្លាយ​ជា​ប្រទេស​រង​គ្រោះ​លើ​ករណី​ជួញដូរ​មនុស្ស។

China in Bavet5.jpg
ជនបរទេសដែលត្រូវគេយកដាក់ខ្នោះធ្វើទារុណកម្មនៅក្រុងបាវិត។ រូបភាព៖ បុគ្គលិកផ្តល់ឱ្យ

របាយការណ៍​ក្រសួង​មហា​ផ្ទៃ ឱ្យ​ដឹង​ថា គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី១៨ សីហា មក​សមត្ថកិច្ច​ទទួល​បាន​បណ្ដឹង​ជិត ៤រយ​ករណី (៣៦៨)។ ក្នុង​នោះ​ក្រុម​ឧក្រិដ្ឋជន​ធ្វើ​សកម្មភាព​នៅ​ខេត្ត​ព្រះសីហនុ​ជាង ២រយ​ករណី (២៤៩)។ ជា​មួយ​គ្នា​នេះ សមត្ថកិច្ច​បាន​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ ជិត ៤រយ​នាក់ (៣៦១) ចេញ​ពី​អគារ​ក្រុមហ៊ុន​នានា ក្នុង​នោះ​មាន​មនុស្ស ៥៤នាក់​ដែល​រង​គ្រោះ​ដោយ​សារ​តែ​អំពើ​ជួញ​ដូរ​មនុស្ស។ សមត្ថកិច្ច ក៏​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​ចំនួន ៤៣នាក់​បញ្ជូន​ទៅ​តុលាការ និង​បិទ​ទីតាំង​អាជីវកម្ម​របស់​ពួកគេ ដើម្បី​បន្ត​ការ​ស៊ើប​អង្កេត។

ខណៈ​ដែល​រដ្ឋាភិបាល​បារម្ភ​អំពើ​ការ​ជួញដូរ​មនុស្ស​នេះ រដ្ឋាភិបាល និង​ស្ថាប័ន​ថ្នាក់​ជាតិ​កំពូលៗ នៅ​មិន​ទាន់​បង្ហាញ​ការ​ស៊ើប​អង្កេត​ក្រុម​ឧកញ៉ា និង​មន្ត្រី​គ្រាក់ៗ​ដែល​រង​ការ​ចោទ​ប្រកាន់​ថា ជា​មេខ្លោង​ឈរ​ជើង​កាង​ការពារ​ឱ្យ​ជន​ជាតិ​ចិន​ប្រតិបត្តិ​ការ​ចាប់​បង្ខាំង និង​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​នេះ​នៅ​ឡើយ​ទេ។ ទោះ​បី​ជា​យ៉ាង​ណា បុគ្គលិក​នៅ​មជ្ឈមណ្ឌល​ទី​ក្រុង​ហេង​ហេង លើក​ឡើង​ថា បុគ្គល​ជន​ជាតិ​បរទេស​មួយ​ចំនួន​ធំ​កំពុង​រង់​ចាំ​សមត្ថកិច្ច​ជួយ​សង្គ្រោះ​ពួកគេ​ចេញ​ពី​កន្លែង​ការងារ​ខុស​ច្បាប់។

ក្រុម​អ្នក​តាម​ដាន​ស្ថាន​ការណ៍​កម្ពុជា​មួយ​ចំនួន​លើក​ឡើង​ថា កម្ពុជា​ទំនង​នឹង​មិន​អាច​គេច​ផុត​ពី​ទណ្ឌកម្ម​អន្តជាតិ​នោះ​ទេ ហើយ​កម្ពុជា​ក៏​មិន​អាច​លុប​បំបាត់​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស​នេះ​បាន​ដែរ ដោយ​សារ​តែ​ប្រព័ន្ធ​យុត្តិធម៌​គ្មាន​ភាព​ឯក​រាជ្យ ហើយ​មន្ត្រី​អាជ្ញាធរ​នៃ​ស្ថាប័ន​ដែល​មាន​តួនាទី​បង្ក្រាប​ករណី​ជួញដូរ​មនុស្ស​នេះ ប្រព្រឹត្ត​អំពើពុក​រលួយ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។