ព័ត៌មានសំខាន់ៗចំនួន ៥ ដែលលោកអ្នកនាងគួរអាននៅថ្ងៃចន្ទនេះ
2022.10.16

១. គ្រួសារបក្សប្រឆាំងចាទអាជ្ញាធរពន្ធនាគាត្រពាំងផ្លុងរឹតត្បិតសិទ្ធិចូលជួបសាច់ញាតិពួកគេ
គ្រួសារសកម្មជនគណបក្សប្រឆាំងចាទអាជ្ញាធរពន្ធនាគារត្រពាំងផ្លុង នៅខេត្តត្បូងឃ្មុំថា បាន រឹតត្បិតលើសិទ្ធិចូលជួបសាច់ញាតិពួកគេយ៉ាងធ្ងន់ធ្ងរដែលមិនអាចទទួលយកបានឡើយ។ ពួកគេចាត់ទុកទង្វើបែបនេះ គឺជាការដាក់សម្ពាធផ្លូវចិត្ត និងធ្វើទុក្ខបុកម្នេញផ្នែកនយោបាយបន្ថែមពីអំពើអយុត្តិធម៌លើសកម្មជននយោបាយដែលតស៊ូដើម្បីបុព្វហេតុសង្គម។ មន្រ្តីសិទ្ធិមនុស្សលើកឡើងថា អំពើដែលប្រព្រឹត្តផ្ទុយពីច្បាប់គ្រប់គ្រង់ពន្ធនាគារ និងបទដ្ឋានជាតិនិងអន្តរជាតិ គឺជាការំលោភសិទ្ធិអ្នកជាប់ឃុំ។

២. ពលរដ្ឋ និងសង្គមស៊ីវិលរិះគន់មន្ត្រីក្រសួងមហាផ្ទៃដែលអះអាងថា ខ្លួនផ្ដល់សេវាសាធារណៈ និងបង្កើតហេដ្ឋារចនាសម្ព័ន្ធបានល្អ
យុវជននិងសង្គមស៊ីវិលរិះគន់ការលើកឡើងរបស់ក្រសួងមហាផ្ទៃដែលថា ខ្លួនបំពេញការងារបានល្អប្រសើរនោះថា មិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែងនៅតាមមូលដ្ឋានទេ។ ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃបានធ្វើសន្និសីទសារព័ត៌មាន បង្ហាញពីសមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំរបស់ខ្លួននៅរាជធានីភ្នំពេញ កាលពីទី១៤ ខែតុលា ថាការបំបម្រើសេវាសាធារណៈនិងហេដ្ឋារចនាសម្ព័ន្ធបានល្អជាបន្តបន្ទាប់ ។ មន្ត្រីសង្គមស៊ីវិលយល់ឃើញថា រដ្ឋាភិបាលគួរពិនិត្យឡើងវិញពីការអនុវត្តការងារ និងការបង្កើនធនធានមនុស្សនៅតាមមូលដ្ឋាន ដើម្បីទទួលបានគុណភាពការងារនៅថ្នាក់ក្រោមជាតិ។

៣. កូដករណាហ្គាវើលដ៍បន្តធ្វើម្ហូបនិងបោះតង់នៅខាងមុខក្រុមហ៊ុន ដើម្បីរង់ចាំថៅកែចេញមុខដោះស្រាយវិវាទការងារ
ក្រុមកូដករក្រុមហ៊ុនបនល្បែងកាស៊ីណូណាហ្គាវើលដ៍ (Naga World) បន្តនាំគ្នាធ្វើម្ហូប និងបោះតង់នៅខាងមុខក្រុមហ៊ុន ដើម្បីរង់ចាំថៅកែចេញមុខដោះស្រាយវិវាទការងារឱ្យបានត្រឹមត្រូវតាមច្បាប់ស្ដីពីការងារ។ មន្រ្តីសហជីពយល់ថា រដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធល្មមដល់ពេលគិតគូរជំរុញឱ្យថៅកែក្រុមហ៊ុនបរទេសគោរពច្បាប់កម្ពុជា និងសិទ្ធិសេរីភាពសហជីពនៅកន្លែងការងារ។

៤.អង្គការសង្គមស៊ីវិលជាង២០ស្ថាប័ន ធ្វើពិធីវេទិការប្រជាពលរដ្ឋស្ដីពីលំហប្រជាធិបតេយ្យ
អង្គការសង្គមស៊ីវិលសរុប២១ស្ថាប័ន រួមគ្នាធ្វើពិធីវេទិការប្រជាពលរដ្ឋ ស្ដីពី ការការពារលំហពលរដ្ឋ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដើម្បីសមធម៌ និងយុត្តិធម៌នៅកម្ពុជារយៈពេលពីរថ្ងៃ នៅរាជធានីភ្នំពេញ។ វេទិការនេះ ធ្វើឡើងក្នុងគោលបំណងកំណត់បញ្ហា និងអនុសាសន៍អាទិភាព ពីគ្រប់ភាគីពាក់ព័ន្ធ សម្រាប់ដាក់ជូនអ្នកបង្កើតគោលនយោបាយថ្នាក់ជាតិ និងតំបន់ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន (ASEAN) នៅប្រទេសកម្ពុជា នាខែវិច្ឆិកាខាងមុខ។

៥. ពលករខ្មែរមួយចំនួនធ្វើការនៅប្រទេសថៃ ធ្វើការទាំងភ័យខ្លាចក្នុងពេលអាជ្ញាធរថៃរឹតបន្តឹងសន្តិសុខ
ពលករខ្មែរមួយចំនួន ដែលកំពុងធ្វើការនៅប្រទេសថៃ បានទៅធ្វើការទាំងភ័យខ្លាច ស្របពេលដែលអាជ្ញាធរថៃរឹតបន្តឹងសន្តិសុខសណ្ដាប់ធ្នាប់ក្នុងប្រទេស ដើម្បីរៀបចំកិច្ចប្រជុំវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិច (APEC) នៅក្នុងខែវិច្ឆកា ខាងមុខ។ ពួកគាត់រៀបរាប់ថា សព្វថ្ងៃការទទួលបានការងារធ្វើលំបាកណាស់ ទោះបីជាពួកគាត់មានឯកសារស្របច្បាប់ក៏ដោយ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។