កូដករ​ណាហ្គាវើលដ៍​បន្ត​ធ្វើម្ហូប​និង​បោះតង់​នៅ​ខាង​មុខ​ក្រុមហ៊ុន​ ដើម្បី​រង់​ចាំ​ថៅ​កែ​ចេញ​មុខ​ដោះស្រាយ​វិវាទ​ការងារ

ដោយ ជី វិតា
2022.10.16
Share on WhatsApp
Share on WhatsApp
កូដករ​ណាហ្គាវើលដ៍​បន្ត​ធ្វើម្ហូប​និង​បោះតង់​នៅ​ខាង​មុខ​ក្រុមហ៊ុន​ ដើម្បី​រង់​ចាំ​ថៅ​កែ​ចេញ​មុខ​ដោះស្រាយ​វិវាទ​ការងារ ក្រុមកូដករណាហ្គាវើលដ៍ (Nagaworld) បន្តតវ៉ានៅមុខក្រុមហ៊ុននៅថ្ងៃអាទិត្យ ទី១៦ ខែតុលានេះ ដោយបង្ហោះប៉េងប៉ោងពណ៌សនិងពណ៌ខ្មៅតំណាងឱ្យការកាន់មរណទុក្ខក្រសួងស្ថាប័នរដ្ឋនានាដើម្បីដោះស្រាយបញ្ហាវិវាទការងារ។
រូប៖ ពលរដ្ឋ​ផ្ដល់​ឲ្យ

ក្រុម​កូដករ​ក្រុមហ៊ុន​បនល្បែង​កាស៊ីណូ​ណាហ្គាវើលដ៍ (Naga World) បន្ត​នាំគ្នា​ធ្វើ​ម្ហូប​ និង​បោះ​តង់​នៅ​ខាងមុខ​ក្រុមហ៊ុន ដើម្បីរង់ចាំ​ថៅកែចេញ​មុខ​ដោះស្រាយ​វិវាទ​ការងារ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ស្ដីពី​ការងារមន្រ្តីសហជីព​យល់​ថា រដ្ឋាភិបាល និងក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ល្មម​ដល់​ពេល​គិតគូរ​ជំរុញ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​បរទេស​គោរព​ច្បាប់​កម្ពុជា និង​សិទ្ធិសេរីភាព​សហជីព​នៅ​កន្លែង​ការងារ

ក្រុមកូដករ​ក្រុមហ៊ុន​បនល្បែង​កាស៊ីណូ​ណាហ្គាវើលដ៍ (Naga World) ប្រមាណ​១០០​នាក់​​នៅ​ថ្ងៃទី១៦ ខែតុលា នៅតែ​បន្តធ្វើ​កូដកម្ម​ទាមទារ​សិទ្ធិសេរីភាព​នៅ​កន្លែង​ការងារក្រុម​កូដករ​បាន​បង្ហោះ​ប៉េងប៉ោង​ពណ៌ស​លាយ​ខ្មៅ អម​ដោយ​មាន​បដា​សរសេរ​ថា សូមចូលរួម​ការ​ពារ​យុត្តិធម៌​សង្គម​ និង​ប្រាប់​ទៅ​ថៅកែ​ណាហ្គាវើលដ៍​ថា ក្រុម​កម្មករ​នៅតែ​ចង់ចូលធ្វើការ​ងារ​វិញ​ ព្រោះ​ពួកគាត់​គឺ​ជា​អ្នក​រងគ្រោះ​ដែល​ត្រូវ​ថៅកែ​បញ្ឈប់​ពី​ការងារ​ទាំង​ខុស​ច្បាប់។ ចំណែក​សារ​លើ​ប៉េងប៉ោង​នីមួយៗ​ ក៏​មាន​ខ្លឹមសារ​ថា ណាហ្គាវើលដ៍​កុំយក​កម្ទេច​លុយ​មក​ទិញ​សិទ្ធិ​កម្មករ។

កូដករ​ម្នាក់ គឺ​កញ្ញា ផុន ករុណា ប្រាប់​វិទ្យុអាស៊ីសេរី​ថា កញ្ញា​និង​ក្រុម​កូដករ​ដទៃទៀត​ជឿជាក់​ថា ការណ៍​ដែល​កូដករ​សម្ដែង​មតិ ផ្លុំកញ្ចែ និង​វាយស្គរ​នៅ​ក្បែរ​អគារ​ក្រុមហ៊ុន​បែប​នេះ​វា​នឹង​អាច​ជះឥទ្ធិពល​ដល់​ថៅកែ ដើម្បី​ចេញ​មុខ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​ដ៏រ៉ាំរ៉ៃ​មួយ​នេះ។ កញ្ញា​បញ្ជាក់​ថា មក​ដល់​ពេល​នេះ ក្រសួង​ការងារ​នៅ​តែ​លម្អៀង​ទៅខាង​ក្រុមហ៊ុន និង​គ្មាន​ឆន្ទៈ​ដាក់​សម្ពាធ​ឱ្យ​ក្រុមហ៊ុន គោរព​ច្បាប់​កម្ពុជា និង​សិទ្ធិ​សេរីភាព​របស់​សហជីព​ឡើយ។

កញ្ញា ផុន ករុណា ឱ្យ​ដឹង​ទៀត​ថា ការណ៍​ដែល​កូដករ​បង្ហោះ​ប៉េងប៉ោង​ពណ៌ខ្មៅ​លាយ​ស ​គឺ​បង្ហាញ​អំពី​ការ​កាន់ទុក្ខ​លើ​ក្រសួង​ការងារ និង​ស្ថាប័ន​ថ្នាក់​កំពូលៗ​ដែល​ពាក់ព័ន្ធ​ថា ពួកគេ​អសមត្ថភាព​ក្នុង​ការ​ជួយរក​ដំណោះ​ស្រាយ​ការងារ​ជូន​ពលរដ្ឋ​ដែល​កំពុង​ត្រូវ​បាន​ថៅកែ​រំលោភ​បំពាន​លើ​សិទ្ធិ​សេរីភាព៖

«យើង​មើល​ឃើញ​ថា ក្រសួង​ការងារ​គាត់អត់​ដែល​ជំរុញ​ឱ្យ​ក្រុមហ៊ុន​គោរព​ច្បាប់​សហជីព​ទេ យើង​មើល​ឃើញ​ថា ក្រសួង​ការងារ​អត់​ជំរុញ​ទេ។ អ៊ីចឹង​ក្រុមហ៊ុន​គាត់​ដូចជា​អាង​វិញ។ ឆន្ទៈរបស់​យើង​នៅ​តែ​បន្ត​ព្រោះថា​យើង​ធ្វើ​តាម​ច្បាប់គោរព​តាម​នីតិវិធី​ច្បាប់»

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នក​នាំពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ ដើម្បី​សុំអត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅថ្ងៃទី១៦ ខែតុលា។

ការ​ចរចា​រវាង​កម្មករ និង​តំណាង​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ក្នុងការ​ស្វែង​រក​ដំណោះ​ស្រាយ​កន្លង​មក​នៅ​តែ​គ្មាន​លទ្ធផល​នៅ​ឡើយ​ទេ ក្រៅតែ​ពី​ក្រសួង​ការងារដាក់​សម្ពាធ​ឱ្យ​ក្រុម​កូដករ​ទទួល​យក​សំណង​ពី​ក្រុមហ៊ុន ដើម្បី​បញ្ឈប់​កូដកម្ម​តវ៉ា​តទៅ​ទៀតជាង​នេះ​ទៅ​ទៀត ក្រុម​កូដករ​អះអាង​ថា ក្រសួង​ការងារ​ក៏​មិន​បាន​ប្រើ​អំណាច​ក្នុង​នាម​ជា​សេនាធិការ​នៃ​នាយករដ្ឋមន្ត្រី ក្នុង​ការ​ស៊ើប​អង្កេត​ចំពោះ​ក្រុមហ៊ុន​បនល្បែង​កាស៊ីណូ​ណាហ្គាវើលដ៍ ដែល​បាន​បញ្ឈប់​បុគ្គលិក​ទាំង​ខុស​ច្បាប់នេះ​ទេ

ជុំវិញ​រឿង​នេះ ប្រធាន​សម្ព័ន្ធសហជីព​កម្ពុជា​អ្នកស្រី យ៉ាង សោភ័ណ្ឌ មាន​ប្រសាសន៍​ថា អ្នកស្រី​សោក​ស្ដាយ​ដែល​វិវាទ​ការងារ​នេះ​បន្ត​អូស​បន្លាយ​ដោយ​សារ​តែ​ក្រុម​កម្មករ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌ ​និង​ដំណោះស្រាយ​សមរម្យ​ណាមួយ​នៅ​ឡើយ។ អ្នកស្រី មើលឃើញ​ថា ដើម្បី​បញ្ចប់​វិវាទ​ដ៏រ៉ាំរ៉ៃ​នេះ​ប្រកប​ដោយ​តម្លាភាព ក្រសួងការងារ​ដែលជា​ភាគី​សម្របសម្រួល​ត្រូវតែ​មាន​ភាព​អព្យាក្រឹត្យ​ឥត​លម្អៀង និង​កោះហៅភាគី​ពាក់ព័ន្ធ​ចរចា​រក​ដំណោះស្រាយ​ដោយ​ផ្អែក​តាម​ច្បាប់​ជាតិ និង​អន្តរជាតិ៖

«យើង​ក្រឡេក​ទៅមើល​កូដកម្ម​របស់​កូដករ គាត់​ធ្វើ​កូដកម្ម​នេះ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយក្នុង​ករណី​ថៅកែ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ហ្នឹង​មិន​គោរព​ច្បាប់ ​ហើយ​បើ​គាត់​ធ្វើ​កូដកម្ម​ទៀត​សោត ក្រុមហ៊ុន​បែរ​ជា​ព្យាយាមប្ដឹង​ផ្ដល់​គាត់ វា​មិន​កើត​ឡើង​ជា​វិវាទ​មួយ​ទៀត។ អ៊ីចឹង​ចង់​មិន​ចង់ សួរថា​អ្នក​សម្របសម្រួល ឬ​ក្រសួង​ការងារ​ហ្នឹង បាន​មើល​ឃើញ​ចំណុច​ទាំងអស់​ហ្នឹង​ឬ​អត់យក​ចិត្តទុក​ដាក់​ក្នុង​ការ​ដោះស្រាយ​វិវាទ​ហ្នឹង ឬ​ក៏យក​ចិត្ត​ទុក​ដាក់ ក្នុងការ​ព្យាយាម​ធ្វើ​ម៉េច​ឱ្យ​វិវាទ​នេះ​ចោទ​ក្រុម​កូដករ​កាន់​តែ​ខុស​ទៅៗ។ 

រហូតមក​ដល់​ពេល​នេះ ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​បាន​ធ្វើ​កូដកម្ម ទាមទារ​សិទ្ធិ​សេរីភាព​ការងារ​ជិត​១​ឆ្នាំ​មក​ហើយ បន្ទាប់ពី​ថៅកែ​ក្រុមហ៊ុន​បនល្បែង​នេះ មាន​ចេតនា​លុប​បំបាត់​សំឡេង​សហជីព​ឯករាជ្យ​ក្នុង​កន្លែង​ការងារ និង​បាន​បញ្ឈប់​បុគ្គលិក​ជាង​៣រយ​នាក់ជាងនេះ​ទៀត ​ការ​ចេញ​តវ៉ា​របស់​ក្រុម​កូដករ​កន្លង​មក​នេះ តែងតែ​ត្រូវ​កម្លាំង​អាជ្ញាធរ​ប្រើ​បង្ក្រាប​ជា​បន្តបន្ទាប់​រហូត​ដល់ បណ្ដាល​ឱ្យ​កូដករ​ម្នាក់​រលូត​កូន​ទៀត​ផង។ ក្រៅពីគ្មាន​ដំណោះស្រាយ​ដែល​ក្រុម​កូដករ​អាច​ទទួល​យក​បាន​ហើយ​នោះ ថ្មីៗនេះ​កូដករ​ចំនួន ៤នាក់​កំពុង​ប្រឈម​បញ្ហា​ផ្លូវ​ច្បាប់ ក្រោយ​ពី​ក្រុមហ៊ុន​បាន​ចោទ​ពួកគេ​ថា បាន​រំលោភ​លំនៅ​ឋាន ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​ដែល​មាន​ស្ថាន​ទម្ងន់​ទោស និង​ចាប់​ឃុំឃាំង និង​បង្ខាំង​ដោយ​ខុស​ច្បាប់

កូដករ​ពីរនាក់​ក្នុង​ចំណោម​៤​នាក់​នោះនឹង​ត្រូវ​ឡើង​តុលាការ​នៅ​ថ្ងៃទី១៧ ខែតុលា។ លើសពី​នេះ ក៏​មាន​កូដករ និង​មន្រ្តី​សហជីព​៩​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​អាជ្ញាធរ​ចាប់ដាក់​ពន្ធនាគារ​អស់​មួយ​រយៈពេល​ ដោយ​រង​ពី​បទចោទ​ធ្វើ​កូដកម្ម​ខុស​ច្បាប់

មន្រ្តីសង្គម​ស៊ីវិល​ចាត់​ទុក​ករណី​នេះ ថា​ជា​ការ​ប្រើប្រាស់​ប្រព័ន្ធតុលាការ ដើម្បី​គំរាមកំហែង​បំបាក់​ស្មារតី​ក្រុម​កូដករ​ឱ្យ​បញ្ឈប់​ការ​តវ៉ាពួកគេ​ជំរុញ​ដល់​អាជ្ញាធរ និង​ភាគី​ពាក់ព័ន្ធ​គួរ​ដោះស្រាយ​វិវាទ​ការងារ​នេះ​ឱ្យ​ស្របតាម​ច្បាប់​ស្ដីពី​ការងារ ជាជាង​ប្រើ​ប្រព័ន្ធ​តុលាការ​ដើម្បី​គាប​សង្កត់​កម្មករ​ឱ្យ​ទទួល​យក​សំណង​មិន​សមរម្យ

ចំណែក​ក្រុម​កូដករ​វិញ នៅតែ​ប្ដេជ្ញា​ចិត្ត​បន្តធ្វើ​កូដកម្ម ទាមទារ​ឱ្យ​ថៅកែគោរព​សិទ្ធិ​សហជីព​ និង​ច្បាប់​កម្ពុជា ទោះបី​ជា​មាន​ការ​សម្លុត​គំរាម​កំហែង​ពី​សំណាក់​អាជ្ញាធរ​ និង​ក្រុមហ៊ុន​គ្រប់​រូប​ភាព​យ៉ាង​ណា​ក្ដី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។