១. អ្នកវិភាគថា លោក ហ៊ុន សែន នឹងមានវាសនាមិនខុសពីមេដឹកនាំផ្ដាច់ការដទៃទៀតនៅក្នុងតំបន់ឡើយ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងតែធ្វើយុទ្ធនាការបង្រ្កាបសំឡេងគណបក្សប្រឆាំងនិងកម្ចាត់ស្ថាប័នព័ត៌មានឯករាជ្យឲ្យអស់ពីកម្ពុជា។ លោក ហ៊ុន សែន ទំនងជាយល់ថាស្ថាប័នទាំងនេះអាចជាឧបសគ្គដល់ផែនការផ្ទេរអំណាចរបស់លោកនៅពេលខាងមុខ។ ទោះបីជាលោក ហ៊ុន សែន ទទួលជោគជ័យលើការរំលាយគណបក្សប្រឆាំងនិងកម្ចាត់ស្ថាប័នព័ត៌មានឯករាជ្យជាច្រើនចេញកម្ពុជាក្ដីតែក្រុមអ្នកវិភាគអះអាងថា លោក ហ៊ុន សែន នឹងមិនទទួលជោគជ័យលើផែនការកម្ទេចគេឯងដូច្នេះបានរហូតឡើយ។

២. បក្សប្រជាធិបតេយ្យមូលដ្ឋាន និងបក្សបំណងពលរដ្ឋ ទាមទារលោក ហ៊ុន សែន ឱ្យអនុញ្ញាតឲ្យវិទ្យុវីអូឌីដំណើរការឡើងវិញ
គណបក្សនយោបាយចំនួនពីរ គឺគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សបំណងពលរដ្ឋ ចេញសេចក្ដីថ្លែងការណ៍សោកស្ដាយចំពោះរដ្ឋាភិបាលលោក ហ៊ុន សែន ដែលសម្រេចបិទវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) កាលពីថ្ងៃទី១៣ខែកុម្ភៈ។ បក្សទាំងពីរនេះ ទាមទារឲ្យរដ្ឋាភិបាលផ្ដល់អាជ្ញាប័ណ្ណឲ្យវិទ្យុវីអូឌីដំណើរការឡើងវិញ។ អានព័ត៌មានពិស្តារ...
៣. ជនជាតិដើមភាគតិចថា ការបិទសារព័ត៌មាន VOD ផ្នែកមួយនៃការរំលោភសិទ្ធិពួកគេ
ជនជាតិដើមភាគតិចជាច្រើនអម្បូររស់នៅខេត្តមួយចំនួនបង្ហាញទស្សនៈផ្សេងៗគ្នាជុំវិញការបិទវិទ្យុសំឡេងប្រជាធិបតេយ្យវីអូឌី (VOD)។ ពួកគាត់ចាត់ទុកទង្វើរបស់រដ្ឋាភិបាលថាជាការរំលោភសិទ្ធិរបស់ជនជាតិដើមភាគតិចព្រោះការបាត់បង់សារព័ត៌មានឯករាជ្យនឹងប៉ះពាល់ដល់ការដោះស្រាយទុក្ខកង្វល់របស់ពួកគាត់។ ជនជាតិដើមភាគតិចខ្លះព្រមានធ្វើពហិការមិនចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ខាងមុខនេះព្រោះខ្វះអ្នកយកព័ត៌មានឯករាជ្យ។
៤. ព្រះសង្ឃចូលរួមធម្មយាត្រាលើកកម្ពស់សីលធម៌សង្គម ត្រូវបានព្រះចៅអធិការបណ្ដេញចេញពីវត្ត
ព្រះសង្ឃមួយអង្គ ដែលបានចូលរួមធម្មយាត្រាលើកកម្ពស់សីលធម៌សង្គមជាមួយសមាគមគ្រូបង្រៀន ត្រូវបានព្រះចៅអធិការវត្តបណ្ដេញចេញពីវត្ត ដោយចោទប្រកាន់ថា ការចូលរួមធម្មយាត្រានេះ គឺបំផ្លាញសុខសន្តិភាព។ អ្នកនាំពាក្យក្រសួងធម្មការថា នឹងតាមដានករណីនេះ។ អានព័ត៌មានពិស្តារ...
៥. អ្នកវិភាគរិះគន់ក្រសួងអប់រំថាធ្វើការតាមបញ្ជារបស់លោក ហ៊ុន ម៉ាណែត
អ្នកវិភាគនយោបាយនិងសង្គមស៊ីវិលថាក្រសួងអប់រំធ្វើការដោយមិនមានភាពឯករាជ្យនោះទេ។កាលលើកឡើងនេះធ្វើឡើងបន្ទាប់ពីក្រសួងអប់រំចេញសេចក្ដីប្រកាសភ្លាមៗឱ្យគ្រឹះស្ថានអប់រំឯកជនដាក់បញ្ចូលអក្សរសាស្ត្រខ្មែរដើម្បីលើកកម្ពស់ភាសាជាតិនិងសីលធម៌ វប្បធម៌ ក្រោយពីមានសំណើរបស់លោក ហ៊ុន ម៉ាណែត។
៦. អូស្ត្រាលីព្រមានមិនលើកលែងដល់យុទ្ធនាការជ្រៀតជ្រែកបរទេស
រដ្ឋាភិបាលអូស្ត្រាលីព្រមានថានឹងមិនលើកលែងដល់យុទ្ធនាការជ្រៀតជ្រែករបស់បរទេសក្នុងនោះរួមទាំងកម្ពុជាផងដែលបានដាក់គោលដៅតាមធ្វើទុក្ខបុកម្នេញ យាយី និងបំភិតបំភ័យដល់ពលរដ្ឋខ្លួននៅលើទឹកដីអូស្ត្រាលី។
៧. អ្នកឃ្លាំមើលជំរុញរដ្ឋាភិបាលសិក្សាពីក្រុមហ៊ុនចិនដើម្បីធានាតម្លាភាពមុនអនុញ្ញាតឱ្យមករកស៊ីនៅកម្ពុជា
ដោយឡែក ទាក់ទងនឹងក្រុមហ៊ុនចិននៅកម្ពុជាវិញអ្នកឃ្លាំមើលបញ្ហាសង្គមជំរុញដល់រដ្ឋាភិបាលឯកបក្សគួរយកចិត្តទុកដាក់សិក្សាលើក្រុមវិនិយោគិនចិនមួយចំនួនដើម្បីធានាថា ពួកគេចូលមករកស៊ីនៅកម្ពុជាពុំមែនជាប្រភេទអាជីវកម្មបែបឧក្រិដ្ឋ។ ការជំរុញនេះធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្មីៗនេះស្នើដល់ក្រុមហ៊ុនចិននិងអ្នកវិនិយោគិនចិនបន្តចូលមកវិនិយោគនៅកម្ពុជា។
៨. កម្ពុជារំពឹងថា អាចចូលជាសមាជិកប្រព័ន្ធទូទាត់អន្តរធនាគារចិន (CIPS)
ធនគារជាតិនៃកម្ពុជារំពឹងថា នឹងក្លាយជាសមាជិកប្រព័ន្ធទូទាត់អន្តរធនាគារចិនហៅកាត់ថា CIPS (China's Cross-Border Interbank Payment System) ដែលអាចផ្ដល់ជម្រើសថ្មីងាយស្រួលសម្រាប់អ្នកវិនិយោគក្នុងការទូទាត់ឆ្លងព្រំដែនជាប្រាក់យ៉ន់ (Yaun) របស់ចិន។ អគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា អ្នកស្រី ជា សេរី បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី១៣ ខែកុម្ភៈ ថា ធនាគារជាតិនៃកម្ពុជាបានសិក្សានិងបានដឹងពីតម្រូវការលម្អិតដែលអាចក្លាយជាសមាជិករបស់ CIPS ស្របពេលដែលថ្នាក់ដឹកនាំនៃប្រទេសទាំង២ កម្ពុជា និងចិនបានជជែកពិភាក្សាព្រមទាំងឯកភាពគ្នាជាគោលការណ៍រួចហើយ។ CIPS ជាប្រព័ន្ធទូទាត់ថ្នាក់អន្តរជាតិបង្កើតឡើងដោយធនាគារកណ្ដាលចិនកាលពីឆ្នាំ២០១៥។
៩. ភាគីពាក់ព័ន្ធជំរុញឱ្យមានកិច្ចការពារកុមារលើអ៊ីនធឺណិត
អង្គការសង្គមស៊ីវិលក្រសួងពាក់ព័ន្ធនិងវិស័យឯកជនធ្វើយុទ្ធនាការរួមគ្នាដើម្បីលើកកម្ពស់កិច្ចការពារកុមារតាមប្រព័ន្ធអ៊ីនធឺណិត។ កម្មវិធីនេះ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ដោយមានការចូលរួមពីមន្ត្រីក្រសួងមហាផ្ទៃក្រសួងប្រៃសណីយ៍អង្គការសង្គមស៊ីវិលវិស័យឯកជន គ្រូបង្រៀន យុវជន សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធប្រមាណ ១ពាន់ ២រយនាក់។ អង្គការសកម្មភាពដើម្បីកុមារ (APLE) ឱ្យដឹងក្នុងសេចក្ដីប្រកាសព័ត៌មានថាការឆ្លើយតបដ៏មានប្រសិទ្ធភាពទៅនឹងហានិភ័យនិងគ្រោះថ្នាក់លើប្រព័ន្ធអ៊ីនធឺណិតចំពោះកុមារទាមទារការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ ទន្ទឹមគ្នានេះ ដើម្បីបង្ការគ្រោះថ្នាក់ទាំងឡាយមនុស្សគ្រប់គ្នាត្រូវតែចាប់ផ្ដើមនិយាយអំពីបញ្ហានិងអប់រំផ្សព្វផ្សាយអំពីវិធានការសុវត្ថិភាពជាពិសេស ទៅដល់កុមារនិងឪពុកម្ដាយ។
១០. « ឯកអគ្គរាជទូតខ្មែរក្លាយជាភ្នាក់ងារពង្រឹងបក្សកាន់អំណាចនៅក្រៅប្រទេស»
ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសនានាបានក្លាយជាសេនាធិការជួយពង្រឹងគណបក្សកាន់អំណាចនៅក្រៅប្រទេសដ៏មានប្រសិទ្ធភាពក្រោយពេលបក្សកាន់អំណាចបាត់បង់សំឡេងគាំទ្រយ៉ាងគំហុកដូចស្តែងឲ្យឃើញតាមលទ្ធផលបោះឆ្នោតចាប់តាំងពីឆ្នាំ២០១៣។ តំណាងសហគមន៍ខ្មែរនៅឯនាយសមុទ្រនិងអ្នកឃ្លាំមើលរិះគន់ថាសកម្មភាពរបស់ឯកអគ្គរាជទូតកំពុងដើរផ្ទុយពីតួនាទីភារកិច្ចដែលកំណត់ដោយច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។