១ . លោក ទៀ បាញ់ ប្រើប្រាស់ស្ថាប័នការពារជាតិ ដើម្បីឃោសនារកសម្លេងឆ្នោតឱ្យបក្សកាន់អំណាច
ស្របពេលដែលការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រកាន់តែខិតចូលមកដល់ ហើយការប្រកួតប្រជែងនយោបាយកំពុងតែឡើងកម្ដៅនោះ ថ្នាក់ដឹកនាំកំពូលៗរបស់គណបក្សកាន់អំណាច ទំនងបារម្ភពីការធ្លាក់ចុះនៃសម្លេងគាំទ្រ ទើបនាំគ្នាឃោសនារកសំឡេងឆ្នោតខុសរដូវកាល។
បន្ទាប់ពីមេបក្សកាន់អំណាច លោក ហ៊ុន សែន ចេញមុខ ឃោសនារកសម្លេងឆ្នោតមុនកាលកំណត់ឥឡូវនេះចូលដល់វេន មន្ត្រីយោធាជាន់ខ្ពស់ប្រើប្រាស់ស្ថាប័នការពារជាតិឃោសនារកសម្លេងគាំទ្រមុនកាលកំណត់ដែរ។ មន្ត្រីសង្គមស៊ីវិល លើកឡើងថា ការប្រើប្រាស់ស្ថាប័នកងទ័ពមកបម្រើឱ្យគណបក្សនយោបាយណាមួយជាទង្វើខុសច្បាប់ និងជាការយកប្រៀបទៅលើដៃគូប្រកួតប្រជែង។
២ . មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មម្នាក់ទៀតអាចជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនរត់ពន្ធស្វាក្ដាមទៅសហរដ្ឋអាមេរិក
មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្មម្នាក់ទៀតត្រូវបានរកឃើញថា ទំនងជាអាចជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនដែលរងនូវការចោទប្រកាន់ថា រត់ពន្ធស្វាក្ដាទៅសហរដ្ឋអាមេរិក។
សកម្មជនបរិស្ថានយល់ឃើញថាស្វាក្ដាមនៅតែអាចនាំចេញដោយខុសច្បាប់ដោយសាររដ្ឋាភិបាលបានបង្កើតអំពើពុករលួយជាប្រព័ន្ធដើម្បីការពារមន្ត្រីខិលខូចហើយអំពាវឱ្យប្រទេសទាំងអស់នៅលើពិភពលោកបញ្ឈប់ការនាំចូលស្វាពីប្រទេសកម្ពុជា។
៣ . មេធាវីរៀបចំពាក្យប្ដឹងទៅសាលាឧទ្ធរណ៍ស្នើដោះលែងលោក ថាច់ សេដ្ឋា
មេធាវីការពារក្ដីអនុប្រធានគណបក្សភ្លើងទៀន កំពុងរៀបចំពាក្យប្ដឹងទៅសាលាឧទ្ធរណ៍ប្រឆាំងការឃុំលោក ថាច់ សេដ្ឋា។ មន្ត្រីសង្គមស៊ីវិលរិះគន់ថា ចំណាត់របស់សាលាដំបូងរាជធានីភ្នំពេញ លើមន្ត្រីបក្សភ្លើងទៀនពេលនេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។ អានព័ត៌មានពិស្តារ ...
៤ . គណបក្សភ្លើងទៀន ប្ដេជ្ញារក្សាពង្រឹងជំហរក្នុងពេលគណបក្សកាន់អំណាចធ្វើទុក្ខបុកម្នេញ
ពាក់ព័ន្ធនឹងគណបក្សភ្លើងទៀននេះដែរថ្នាក់ដឹកនាំបក្សនេះបញ្ជាក់ពីជំហររបស់ខ្លួនថាគណបក្សប្រឆាំងនេះនៅតែបន្តពង្រឹងជំហរនិងរៀបចំរចនាសម្ព័ន្ធរបស់ខ្លួនឲ្យកាន់តែរឹងមាំថែមទៀតសម្រាប់ត្រៀមខ្លួនចូលរួមការបោះឆ្នោតនាពេលខាងមុខ។ ការប្រកាសបែបនេះនៅស្របពេលគណបក្សកាន់អំណាចដែលជាដៃគូប្រកួតប្រជែងកំពុងតែធ្វើទុក្ខបុកម្នេញគណបក្សនេះ។ អ្នកវិភាគថា គណបក្សភ្លើងទៀនប្រកាន់ជំហរបែបនេះជារឿងត្រឹមត្រូវ។
៥ . សហជីពសេរីកម្មករនឹងប្រារព្ធខួប ១៩ឆ្នាំ ថ្ងៃឃាតកបាញ់សម្លាប់ លោក ជា វិជ្ជា
សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជានឹងប្រារព្ធខួប ១៩ឆ្នាំ នៃថ្ងៃឃាតកបាញ់សម្លាប់ លោក ជា វិជ្ជា នៅព្រឹកថ្ងៃទី២២ ខែមករា ក្រោយបានការអនុញ្ញាតពីអាជ្ញាធររាជធានីភ្នំពេញ។
អគ្គហិរញ្ញឹករបស់សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា អ្នកស្រី សំ ស្រីមុំ ប្រាប់វិទ្យុអាស៊ីសេរីថាខាងសហជីពបានព្រមព្រៀងជាមួយសាលារាជធានីភ្នំពេញក្នុងការប្រារព្ធខួប ១៩ឆ្នាំថ្ងៃឃាតកបាញ់សម្លាប់លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជានៅទីកន្លែងតាំងរូបសំណាករបស់លោកនៅខាងលិចវិមានឯករាជ្យ។ អ្នកស្រីថា ពិធីនេះជាការរំឮកពីវីរភាពរបស់លោក ជា វិជ្ជា និងដើម្បីជំរុញទៅអាជ្ញាធររដ្ឋាភិបាលឱ្យបន្តរកយុត្តិធម៌ដល់រូបលោកនិងក្រុមគ្រួសារ។
លោក ជា វិជ្ជា ត្រូវបានឃាតកបាញ់សម្លាប់នៅតូបលក់កាសែតជិតវត្តលង្កាក្រុងភ្នំពេញកាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤។ ក្នុងសំណុំរឿងនេះអាជ្ញាធរធ្លាប់បានចាប់ខ្លួនបុរសពីរនាក់ដែលជាឃាតកសិប្បនិមិត្តមកផ្ដន្ទាទោស គឺ ប៊ន សំណាង និងសុខ សំអឿន ប៉ុន្តែបានដោះលែងពួកគេទៅវិញ។ បន្ទាប់ពីនោះមក រឿងក្ដីនេះពុំមានភាពជឿនលឿនឬមានតម្រុយពីការចាប់ខ្លួនឃាតកពិតប្រាកដឡើយ។រយៈពេល ១៩ឆ្នាំមកនេះ ក្រុមគ្រួសាររបស់លោកបានត្រឹមទន្ទឹងរង់ចាំយុត្តិធម៌៕
៦ . ពលរដ្ឋចំនួន ៣ឃុំ នៅខេត្តកំពង់ស្ពឺត្អូញរឿងអាជ្ញាធរមិនដោះស្រាយក្រុមហ៊ុនបិទផ្លូវរាំងខ្ទប់ការធ្វើដំណើរ
ពលរដ្ឋរស់នៅឃុំចំនួន ៣ ខេត្តកំពង់ស្ពឺ នៅតែទន្ទឹងរង់ចាំដំណោះស្រាយពីអាជ្ញាធរខេត្តជាង ១ឆ្នាំមកហើយទាក់ទិនករណីក្រុមហ៊ុនឯកជនបន្តបិទផ្លូវសាធារណៈមួយខ្សែរាំងខ្ទប់ការធ្វើដំណើរដឹកកសិផលនិងសកម្មភាពសេដ្ឋកិច្ចរបស់អ្នកស្រុក។ អ្នកភូមិរអ៊ូថាសិស្សសាលាខ្លះបានបង្ខំចិត្តឈប់រៀនដោយសារពិបាកធ្វើដំណើរទៅសាលាតាមផ្លូវវាងក្រោយពីបិទផ្លូវនេះ។
៧ . ពលករខ្មែរមួយចំនួនធ្វើការបោសសម្អាតនៅផ្សារក្នុងប្រទេសថៃ រកប្រាក់ដោះស្រាយជីវភាព
ពលករខ្មែរដែលធ្វើការលក់កម្លាំងនៅប្រទេសថៃមានច្រើនផ្នែក ក្នុងនោះមានពលករខ្មែរមួយចំនួនធ្វើជាអ្នកបោសសម្អាតក្នុងផ្សារ ដូចជាផ្សារត្រីសាច់ ផ្សារបន្លែ និងតាមចិញ្ចើមផ្លូវក្នុងផ្សារ។ ពួកគាត់ខំប្រឹងធ្វើការងារនេះមិនហ៊ានឈប់សម្រាក ក៏នៅតែគ្មានប្រាក់សន្សំ ដើម្បីដោះស្រាយជីវភាព និងសម្រាប់ឈឺថ្កាត់នៅពេលខាងមុខឡើយ។
៨ . អ្នកជំនាញដោះមីនកម្ពុជា ហ្វឹកហាត់ពលរដ្ឋអ៊ុយក្រែនសំរាប់ការងារបោសសម្អាតមីន
មន្ត្រីជំនាញផ្នែកអាជ្ញាធរដោះមីនកម្ពុជាកំពុងហ្វឹកហាត់មន្ត្រីជំនាញអ៊ុយក្រែន (Ukraine) ចំនួន ១៥នាក់សំរាប់ការងារបោសសម្អាតមីនដែលគាំទ្រដោយភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។
អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា បានសរសេរនៅលើគេហទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១៨ ខែមករាថាការហ្វឹកហ្វឺនដល់មន្ត្រីជំនាញអ៊ុយក្រែននេះធ្វើឡើងរយៈពេលមួយសប្តាហ៍ចាប់ផ្តើមពីថ្ងៃទី១៦ ខែមករា នៅមជ្ឈមណ្ឌលបច្ចេកទេសកម្ចាត់មីននៅខេត្តកំពង់ឆ្នាំងអំពីបច្ចេកទេសបោសសម្អាតមីននិងគ្រាប់មិនទាន់ផ្ទុះដោយសារសង្គ្រាមបង្កឡើងដោយប្រទេសរុស្ស៊ី។ក្រុមមន្ត្រីជំនាញអ៊ុយក្រែនក៏នឹងទៅពិនិត្យកន្លែងបោសសម្អាតមីន នៅខេត្តបាត់ដំបង និងធ្វើទស្សនកិច្ចនៅសារមន្ទីរមីននៅខេត្តសៀមរាបផងដែរ។
អង្គការយូមិនរ៉ៃយ៍ វ៉ច្ច (Human Rights Watch) ចេញផ្សាយរបាយការណ៍កាលពីខែមិថុនា ឆ្នាំ២០២២ ឲ្យដឹងថា កងទ័ពរុស្ស៊ី បានប្រើប្រាស់គ្រាប់មីនបង្កប់ក្នុងដីនៅប្រទេសអ៊ុយ ក្រែន បណ្តាលឲ្យពលរដ្ឋអ៊ុយក្រែនស្លាប់ និងរងរបួសជាច្រើននាក់ព្រមទាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធដែលជាហេតុនាំឲ្យប៉ះពាល់ដល់ផលិតកម្មចំណីអាហារថែមទៀតផង។
៩ . ពលរដ្ឋមានជម្លោះដីធ្លីជាង ១០០នាក់ចោទអាជ្ញាធរខេត្តបាត់ដំបងរារាំងតំណាងសហគមន៍ចូលបំភ្លឺនៅតុលាការ
នៅខេត្តបាត់ដំបងឯណោះវិញប្រជាសហគមន៍ដីធ្លីប្រមាណ ១៥០នាក់តំណាងឱ្យពលរដ្ឋមានជម្លោះដីធ្លីជាង ២០០គ្រួសារចោទអាជ្ញាធរខេត្តនេះ រារាំងពួកគេ និងតំណាងសហគមន៍ដីធ្លី៥នាក់ មិនឱ្យចូលបំភ្លឺនៅសាលាដំបូងខេត្តបាត់ដំបង។ មន្ត្រីសង្គមស៊ីវិលយល់ថាអាជ្ញាធរពាក់ព័ន្ធគួរពិនិត្យឡើងវិញនិងដោះស្រាយវិវាទដីធ្លីនេះក្រៅប្រព័ន្ធតុលាការ៕ អានព័ត៌មានពិស្តារ...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។