មេធាវី​រៀបចំ​ពាក្យ​ប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍​ស្នើ​ដោះលែង​លោក ថាច់ សេដ្ឋា

0:00 / 0:00

មេធាវី​ការពារ​ក្ដី​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន កំពុង​រៀបចំ​ពាក្យ​ប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍​ប្រឆាំង​ការ​ឃុំ​លោក ថាច់ សេដ្ឋា។ មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ថា ចំណាត់​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ លើ​មន្ត្រី​បក្ស​ភ្លើង​ទៀន​ពេល​នេះ​ថា ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ។

មេធាវី​មាន​ពេលវេលា ​មួយ​សប្ដាហ៍ ដើម្បី​ប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍ ទាមទារ​ឱ្យ​មាន​ការ​ដោះ​លែង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ដើម្បី​អាច​នៅ​ក្រៅ​ឃុំ​ឡើង​វិញ។

មេធាវី​ការពារ​ក្ដី​លោក ថាច់ សេដ្ឋា គឺ​លោក ជូង ជូងី ឱ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថ្ងៃ​ទី១៨ ខែ​មករា​ថា លោក​បាន​ស្នើ​សុំ​ថត​សំណុំ​រឿង​នេះ​ពី​តុលាការ ដើម្បី​ប្រើប្រាស់​ក្នុង​ការ​ដាក់​ពាក្យ​ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​ការ​ឃុំ​ខ្លួន។

លោក ជូង ជូងី៖«សមត្ថកិច្ច​ប្រើ​ជា​សំអាង​ទៅ​ចាប់​ខ្លួន​គាត់​មក​ហ្នឹង​ចង្អុល​ទៅ​អាសយដ្ឋាន​ដែល​ឯកឧត្ដម អត់​រស់នៅ​ទី​ហ្នុង​គាត់​ថា អាសយដ្ឋាន​ហ្នឹង​គាត់​ឈប់​រស់នៅ​យូរ​ហើយ។ អ៊ីចឹង អ្វី​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​ថា បើ​ចេញ​ដីកា​កោះ​អត់​ទៅ​ដល់​អាសយដ្ឋាន ដែល​គាត់​នៅ​ពិតប្រាកដ ម្ដេច​គាត់​ទទួល​បាន ហើយ​ប៉ូលិស​រក​អត់​ឃើញ ដល់​ពេល​ចេញ​ដីកា​នាំ​ខ្លួន​រក​ឃើញ​ភ្លាម​តែ​ម្ដង លឿន​នេះ​លឿន!សាច់រឿង​អ៊ីចឹង អ្វី​ដែល​ខ្ញុំ​ចាប់​អារម្មណ៍»។

លោក​មេធាវី ជូង ជូងី ថា លោក មិន​ទាន់​បាន​ដឹង​លម្អិត ​ពី​ដំណើរ​រឿង​នៃ​កូន​ក្ដី​របស់​លោក​នៅឡើយ​ទេ ព្រោះ​ពេល​នេះ​អ្វី​ដែល​លោក​ត្រូវ​ដោះ ស្រាយ បន្ទាន់​គឺ​ប្ដឹង​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​លោក ថាច់ សេដ្ឋា និង​ការ​ពិនិត្យមើល​ភាព​ប្រក្រតី​លើ​នៃ​សែក​ស្អុយ​ទាំង ៥សន្លឹក ដែល​តុលាការ​យក​មក​ដាក់​បន្ទុក​លើ​លោក ថាច់ សេដ្ឋា។

សមត្ថកិច្ច​ចាប់​ខ្លួន​មន្ត្រី​ លោក ថាច់ សេដ្ឋា កាល​ពី​ថ្ងៃ​ទី១៦ ខែ​មករា ដោយ​ចោទ​ប្រកាន់​ថា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ភ្លើង​ទៀន​រូប​នេះ​ មិន​បាន​ចូល​បំភ្លឺ​តាម​ដីកា​កោះ​របស់​តុលាការ​ចំនួន​ពីរ​លើក កាល​ឆ្នាំ២០២១។

ទោះ​បី​ជា​យ៉ាង​ណា​ក្ដី លោក​មេធាវី ជូង ជូងី ឱ្យ​ដឹង​ទៀត​ថា សំណុំរឿង​នេះ ភាគី​ដើម​បណ្ដឹង បាន​ប្ដឹង​លោក ថាច់ សេដ្ឋា កាល​ពី​អំឡុង​ឆ្នាំ២០១១ ម្ដង​រួច​ហើយ​ ពី​បទ​ឆបោក​ តែ​ត្រូវ​បាន​តុលាការ​ច្រាន​ចោល​ ហើយ​ទើប​ពេល​នេះ ​ឃើញ​ភាគី​ដើមបណ្ដឹង​នោះ​ចេញ​មក​ប្ដឹង​កូន​ក្ដី​របស់​លោក​ជា​ថ្មី​ពី​ករណី​ចេញ​សែក​ស្អុយ​​នេះ​ទៅ​វិញ។ លោក​មេធាវី​ថា ផ្អែក​តាម​ច្បាប់​តុលាការ​មិន​អាច​អង្គហេតុ​ដដែល​មក​ចោទ​ប្រកាន់​លើ​ក្នុង​សំណុំរឿង​ផ្សេង​គ្នា​បាន​ទេ។

ទាក់ទង​រឿង​នេះ ប្រពន្ធ​លោក ថាច់ សេដ្ឋ លោកស្រី ថាច់ សុខ​បូរ៉ានី បាន​ទៅ​សួរសុខទុក្ខ​ និង​បាន​យក​ថ្នាំ​ពេទ្យ​ឱ្យ​លោក​ ថាច់ សេដ្ឋា។ អ្នកស្រី ថាច់ សុខបូរ៉ានី ថា ការ​ចោទ​ប្រកាន់​លើ​ប្ដី​លោកស្រី ជា​រឿង​នយោបាយ​ ព្រោះ​ប្ដី​លោកស្រី មិន​បាន​ប្រព្រឹត្តិ​ដូច​ការ​ចោទ​ប្រកាន់​ទេ។

លោកស្រី ថាច់ សុខ​បូរ៉ានី៖«តុលាការ​គឺ​គាត់​ចេះតែ​ចោទ​ប៉ុន្តែ រឿង​ហ្នឹង​រឿង​នយោបាយ​សុទ្ធ​​ គាត់(លោក ថាច់ សេដ្ឋា)បាន​និយាយ​ថា គេ​ចោទ​គាត់​គាត់​មិន​ដឹង​អី​ទាំង​អស់»។

កូន​ប្រុស​លោក ថាច់ សេដ្ឋា លោក ថាច់ សុខកុញ្ចរា បារម្ភ​ថា គ្រួសារ​លោក​នឹង​ជួប​ការ​លំបាក​ព្រោះ​ឪពុក​ដែល​ជា​ជន​បង្គោល​ក្នុង​គ្រួសារ​កំពុង​ជាប់​ឃុំ។ កូន​ប្រុស​លោក ថាច់ សេដ្ឋា ស្នើ​តុលាការ​ គួរ​ដោះលែង​ឪពុក​របស់​លោក​ឱ្យ​មាន​សេរីភាព​ឡើងវិញ។

លោក ថាច់ សុខកុញ្ចរា៖«បើ​ករណី​នេះ​ខ្ញុំ​អត់​សូវ​ដឹង​ដែរ ព្រោះ​អី​ចាប់​ភ្លាមៗ​ហ្នឹង​បាន​ខ្ញុំ​ដឹង​ព័ត៌មាន​ដែរ​ហ្នឹង​ គ្រួសារ​អត់​មាន​ដឹង​គាត់(លោក ថាច់ សេដ្ឋា)ជំពាក់​អ្នកណា?ក្រុមហ៊ុន​ណា?គាត់​អត់​ដែល​ប្រាប់​ផង ហើយ​ចាប់​អារម្មណ៍​មួយ​ទៀត គឺ​ក្មេងៗ​ក្នុង​ផ្ទះ​ខ្ញុំ​ទាំងអស់​ហ្មង​ ការ​ហូបចុក​អី​លើ​គាត់​ទាំង​អស់ ម្ហូប​អី​លើ​គាត់​ទាំង​អស់​ ហើយ​ម៉ាក់​ខ្ញុំ​អត់​រក​អី​ទេ»។

ក្រុម​អ្នក​ឃ្លាំមើល​នយោបាយ​លើកឡើង​ថា​ ការ​ចោទ​ប្រកាន់​លើ​លោក ថាច់ សេដ្ឋា ពេលនេះ​នឹង​ធ្វើ​ឱ្យ​មតិ​ជាតិ និង​អន្តរជាតិ មើល​ឃើញ​ថា ជា​ការ​ដាក់​សម្ពាធ ឬ​ជា​ការ​គំរាមកំហែង​លើ​គណបក្ស​ភ្លើង​ទៀន ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក លោក ស៊ឹង សែនករុណា សង្កេត​ឃើញ​ថា ការ​ចាត់​វិធានការ​របស់​តុលាការ​មក​លើ​លោក ថាច់ សេដ្ឋា ពោរពេញ​ដោយ​ចម្ងល់​ជា​ច្រើន។ លោក​​បន្ត​ថា បើ​ផ្អែក​តាម​មេធាវី របស់​លោក ថាច់ សេដ្ឋា លើកឡើង​ សំណុំរឿង​នេះ​ចាប់​ផ្ដើម​តាំង​ពី​អំឡុង​ឆ្នាំ២០១១ ប៉ុន្តែ​​តុលាការ​​គួរ​អូស​បន្លាយ​មក​ដល់​ឆ្នាំ២០១៩ និង​បន្ត​រហូត​ដល់​ឆ្នាំ២០២២ នេះ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ កត់​សម្គាល់​ទៀត​ថា ការ​អះអាង​របស់​តុលាការ​ ពី​ការ​ហៅ​លោក ថាច់ សេដ្ឋា ចំនួន​ពីរ​លើក​កាល​ពី​ខែ​កុម្ភៈ និង​ខែមិថុនា ឆ្នាំ២០២១ ហាក់​មិន​ ​ទំនង​ទេ ព្រោះ​កាល​នោះ​ ​ប្រទេស​កម្ពុជា ជួប​ករណី​ផ្ទុះ​រាលដាល​ជំងឺ​កូវីដ១៩ ដែល​រដ្ឋាភិបាល​បាន​ប្រើ​វិធានការ​បិទ​ខ្ទប់​តំបន់​មួយ​ចំនួន​ធំ ​នៅ​រាជធានី ភ្នំពេញ និង​បណ្ដា​ខេត្ត​នានា។

លោក ស៊ឹង សែនករុណា៖«កាលៈទេសៈ​នេះ បើសិន​ជា​គណបក្ស​កាន់អំណាច ក៏​ដូច​ជា​ខាង​តុលាការ​ប្រើ​វិធានការ​បែប​នេះ​កាន់តែ​គេ​មើល​ឃើញ​ថា បរិយាកាស​នយោបាយ​ ក្នុង​ការ​ប្រកួតប្រជែង​ផ្នែក​នយោបាយ​ការបោះឆ្នោត​នា​ពេល​ខាង​មុខ​មក​ដល់​គឺ​ជា​បរិយាកាស​មួយ​ដែល​កាន់តែ​អាប់អួ​ទៅ​ហើយ​បាទ»។

ទាក់ទង​រឿង​នេះ​វិទ្យុ​អាស៊ី​សេរី មិន​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​ប្រធាន​លេខាធិការដ្ឋាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក អ៊ី រិន្ទ បាន​ទេ​នៅ​ថ្ងៃ​ទី១៨ ខែ​មករា។

លោក ថាច់ សេដ្ឋា ជា​ថ្នាក់​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​ទី១ ដែល​ត្រូវ​បាន​ចាប់​ខ្លួន និង​ជា​មេដឹកនាំ​គណបក្ស​ភ្លើង​ទៀន​ទី​៣ ដែល​ជាប់​បណ្ដឹង​នៅ​តុលាការ​នៃ​រដ្ឋាភិបាល​ លោក ហ៊ុន សែន៕