ប្រជាសហគមន៍ដីធ្លីប្រមាណ ១៥០នាក់ តំណាងឱ្យពលរដ្ឋមានជម្លោះដីធ្លីជាង២០០គ្រួសារ ចោទអាជ្ញាធរខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៨មករា រារាំងពួកគេ និងតំណាងសហគមន៍ដីធ្លី ៥នាក់ មិនឱ្យចូលបំភ្លឺនៅសាលាដំបូងខេត្តបាត់ដំបង។ មន្ត្រីសង្គមស៊ីវិលយល់ថាអាជ្ញាធរពាក់ព័ន្ធ គួរពិនិត្យឡើងវិញ និងដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
ពលរដ្ឋមានជម្លោះធ្លីជាង ២០០គ្រួសាររស់នៅភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត បានប្រមូលផ្ដុំគ្នានៅខាងមុខសាលាដំបូងខេត្តបាត់ដំបង ដើម្បីលើកទឹកចិត្ត និងឃ្លាំមើលតំណាងរបស់ពួកគេ ដែលត្រូវចូលបំភ្លឺនៅថ្ងៃទី១៨ មករា តាមបណ្ដឹងរបស់ប្រធានមន្ទីរកសិកម្ម ពីបទចូលរំលោភកាន់កាប់ និងប៉ះពាល់សិទ្ធិ នៃទ្រព្យសម្បត្តិសាធារណៈ ប្រឆាំងរាជការសាធារណៈ និងមានស្ថានទម្ងន់ទោស។ ពួកគាត់ព្រួយបារម្ភពីសុវត្ថិភាព ក្រោយពីពួកគាត់មិនអាចបានចូលបំភ្លឺនៅតុលាការ។
ប្រជាសហគមន៍លោកស្រី សោម ចំរើន ប្រាប់វិទ្យុអាស៊ីសេរី ថ្ងៃទី១៨ មករាថា ប្រធានមន្ទីរកសិកម្ម និងអាជ្ញាធរ រារាំងលោកស្រី ទើបតំណាងសហគមន៍នាំគ្នាវិលត្រឡប់ទៅផ្ទះវិញ មិនអាចចូលឆ្លើយបំភ្លឺតុលាការតាមការកំណត់បានឡើយ។ លោកស្រីថា លោកស្រីរស់នៅដីមានជម្លោះតាំងពីឆ្នាំ១៩៩០ មក ហើយមេឃុំតាតោកពីមុន ជាអ្នកបែងចែកឱ្យ ដោយសារជីវភាពគ្រួសារលោកស្រីក្រីក្រ និងមានកូនច្រើន។ លោកស្រីបន្តថា កន្លងមកលោកស្រី បានធ្វើចំណាកស្រុក ដើម្បីរកប្រាក់ដោះស្រាយជីវភាពគ្រួសារ ហើយពេលត្រឡប់មករស់នៅលើដីវិញ បែរជាទទួលរងនូវបណ្ដឹង។
លោកស្រី សោម ចំរើន៖ «គាត់រឹបអូសដីប្រជាពលរដ្ឋយកទៅដាក់ក្រុមហ៊ុន អ៊ីចឹងណាដល់ពេលខ្ញុំទៅកាប់ព្រៃ កាប់អីអ៊ីចឹងទៅ វាកាប់ឈើធំៗ អីអស់ អាកន្លែងខ្ញុំខាននៅយូរ វាដុះព្រៃខ្លះ អ៊ីចឹងណាក្មួយ។ ដល់ពេលខ្ញុំធ្វើផ្ទះ ធ្វើអីនៅណាក្មួយ ដាក់ពូថៅចោល ដាក់កាំបិតចោលអីយករបស់ប្រជាពលរដ្ឋអស់ហើយ មិនសល់ទេ ហើយថា រកឈូសឆាយកាប់ផ្ទះប្រជាពលរដ្ឋ ហើយចូលដំណាក់កាលព្រឹកមិញនេះ តំណាងប្រជាពលរដ្ឋហ្នឹង ៥នាក់ ប្រជាពលរដ្ឋឱ្យចូល ៥នាក់ ប៉ុន្តែប្រជាពលរដ្ឋគាត់ចូលចង់ការពារបងប្អូនយើង ៥នាក់ហ្នឹង កាត់ចង់ទៅអែបរបងដែរ នៅមាត់ទ្វាអីអ៊ីចឹងណា។ បើសិនជាសម្ភាសន៍អឺតំណាង៥នាក់ហ្នឹងហើយ គាត់សុំស្នើបងប្អូនយើងទាំង៥នាក់ហ្នឹងត្រឡប់ទៅផ្ទះវិញ»។
ស្រដៀងគ្នានេះដែរ តំណាងពលរដ្ឋម្នាក់ទៀត លោក លោក ធុង យាង ថ្លែងថា លោកមិនបានចូលទៅឆ្លើយបំភ្លឺនោះទេ ដោយសារអាជ្ញាធររារាំងតាមផ្លូវ នៅភ្នំសំពៅម្ដង និងបន្ទាប់មកប្រធានមន្ទីរកសិកម្ម និងសមត្ថកិច្ចក៏រាំរាំងមិនឱ្យប្រជាសហគមន៍ឃ្លាំមើលនៅមុខសាលាដំបូងទៀត។ លោកថាក្រោយពិភាក្សាជាមួយតំណាងសហគមន៍ទើបពួក គាត់នាំគ្នាវិលត្រឡប់ទៅផ្ទះវិញ ដោយមិនបានចូលឆ្លើយបំភ្លឺនោះទេ ក៏ប៉ុន្តែលោកបារម្ភអាជ្ញាធរអាចនឹងចាប់ខ្លួនលោក។ លោកបន្តថាលោកនិងពលរដ្ឋរស់នៅក្នុងតំបន់ជម្លោះដីធ្លីមានប្រមាណជាង ២០០គ្រួសារ ហើយដីលោកគឺជាដីកេរ្តិ៍ពីឳពុកម្ដាយចែកឱ្យ និងទទួលស្គាល់ពីមេឃុំមុន។
លោក លោក ធុង យាង៖ «គេខាងសមត្ថកិច្ចគេ និងខាងមេព្រៃ និងកងរាជអាវុធហត្ថអីគេទៅឃាត់ គេទៅរំលំផ្ទះយើងអ៊ីចឹង គេឃាត់មិនឱ្យយើងធ្វើ មិនឱ្យយើងអីអ៊ីចឹងណា។ ដល់ពេលអ៊ីចឹងខ្ញុំក៏មិនដឹងរឿងដែរ ដល់តែពេលរំលងបានប៉ុន្មានខែ គេយកដីកាកោះហៅពីតុលាការទៅ ថាខ្ញុំទៅរំលោភបំពានដីសាធារណៈ។ ខ្ញុំសុំឱ្យសួរគេទៅ គេថាអត់ឱ្យចូលអារឿងមនុស្សច្រើនហ្នឹងឯងបង ដល់ពេលអ៊ីចឹងខ្ញុំចូលទៅអត់កើតទេ បើតុលាការអត់ឱ្យបងប្អូនយើងឈរនៅមាត់របងនេះផង គ្រាន់តែបងប្អូនយើងសុំឈរអមអាកន្លែងមាត់របងហ្នឹង មិនមែនទៅឈរក្នុងរបងទេ គ្រាន់តែឈរនៅក្រៅហ្នឹង គ្រាន់តែឈរមើលតំណាងយើងចូលប៉ុន្មាននាក់ហ្នឹងណា ដល់ពេលអ៊ីចឹងគេអត់ឱ្យចូលមានតែធ្វើតាមដំណើរ»។
តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោក នុត វីនីត កាលពីថ្ងៃទី១០ មករា បានកោះហៅតំណាងប្រជាសហគមន៍ ៥នាក់ ឱ្យចូលខ្លួនទៅឆ្លើយបំភ្លឺនៅថ្ងៃទី១៨ មករា តាមបណ្ដឹងរបស់លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបងពីបទចូលរំលោភកាន់កាប់ និងប៉ះពាល់សិទ្ធិ នៃទ្រព្យសម្បត្តិសាធារណៈ ប្រឆាំងរាជការសាធារណៈ និងមានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តនៅភូមិអូរតាទៀក ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបងចន្លោះពីខែតុលា ដល់ខែធ្នូ ឆ្នាំ ២០២២។
ប្រជាសហគមន៍ចំនួន ៥នាក់ ដែលទទួលបានដីកាកោះហៅពីតុលាការ រួមមាន លោក ធុង យាង លោកស្រី មាស ទូច លោកស្រី មាស រស្មី និងមនុស្សមួយចំនួនទៀត។
ឆ្លើយតបរឿងនេះ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឈឹម វជិរា ប្រាប់វិទ្យុអាស៊ីសេរីថាលោកមិនបានរារាំងពលរដ្ឋនោះឡើយ គឺលោកគ្រាន់តែប្រាប់ពលរដ្ឋដែលមានឈ្មោះឱ្យចូលទៅបំភ្លឺតែប៉ុណ្ណោះ និងមិនអាចឈរផ្ដុំគ្នានៅមុខសាលាដំបូងបានទេ។ លោកថា ពលរដ្ឋនាំគ្នារំលោភយកដីឯកជនរបស់រដ្ឋ ដែលមានប្លង់កម្មសិទ្ធិ ១២ប្លង់ ហើយកន្លងមកមានត្រឹមតែជាង ១០០គ្រួសារប៉ុណ្ណោះ។ លោកចាត់ទុកពលរដ្ឋ ដែលតវ៉ាដីធ្លីថា ជាការសម្ដែងបោកប្រាស់ ហើយលោក និងចាត់វិធានការតាមផ្លូវច្បាប់។
លោក ឈឹម វជិរា៖ «ដីហ្នឹងដីឯកជនរបស់រដ្ឋ ដីមានប័ណ្ណកម្មសិទ្ធិ យើងចូលទៅគាត់ប្រឆាំងយើង គាត់ប្រឆាំងអ្នករាជការ គាត់រារាំង។ យើងអោយគាត់រុះរើ គាត់អត់ព្រមរុះរើ គាត់ចាប់ផ្ដើមរុកទន្ទ្រានចុងខែ១០ ឆ្នាំ២០២២ នេះ ចូលកាន់កាប់ដោយខុសច្បាប់ មានមេខ្លោងអីត្រឹមត្រូវប៉ុន្មាននាក់ហ្នឹង។ កោះអញ្ជើញហ្នឹងសូមឱ្យទៅបំភ្លឺទៅ បំភ្លឺមុខអយ្យការទៅ បើថា គាត់ថាអះអាងថាដីហ្នឹងគាត់កាន់កាប់អីម៉េចៗយកឯកសារពាក់ព័ន្ធអីមក អាហ្នឹងដាក់តទល់គ្នាទៅ ខ្ញុំមានមេធាវីរបស់រដ្ឋបាលខេត្ត ក្នុងនាមមន្ទីរ ក្នុងនាមក្រសួង អ៊ីចឹងបើគាត់ក្លាហានគាត់ចូលទៅ»។
ទោះបីមាន ការលើកឡើងរបស់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ដោយអះអាងថាមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុនៅឆ្នាំ២០១៧ ក៏ដោយ ប៉ុន្តែមន្ត្រីសង្គមស៊ីវិលនៅតែយល់ថា ភាគីដើមបណ្ដឹងមិនគួរទៅបង្ហាញខ្លួនណែនាំអ្នកចូលបំភ្លឺនៅតុលាការនោះឡើយ។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តបាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍ថា ការអំណះអំណាងរបស់ភាគីទាំងពី ផ្ទុយគ្នា ប៉ុន្តែពលរដ្ឋក៏មានលិខិតកាន់កាប់ដីធ្លី ដែលទទួលស្គាល់ដោយមេឃុំចាស់ និងខ្លះមានឃុំថ្មី ហើយខាងមន្ទីរឯកសារបញ្ជាក់ដែរ។ លោកយល់ថា ខាងមន្ទីរ មិនគួរដោះស្រាយជាមួយពលរដ្ឋតាមប្រព័ន្ធតុលាការនោះទេ។ លោកបន្តថា អាជ្ញាធរពាក់ព័ន្ធ គួរពិនិត្យ និងសិក្សាស៊ីជម្រៅ ដើម្បីសម្របសម្រួលនិងកំណត់អត្តសញ្ញាណពលរដ្ឋមានសិទ្ធិកាន់កាប់ពិតប្រាកដ។
លោក យិន ម៉េងលី៖«ប្រជាពលរដ្ឋដែលមានពាក្យសុំកាន់កាប់ប្រើប្រាស់របស់គាត់ហ្នឹង គាត់ធ្វើនៅក្នុងឆ្នាំ២០០៥ និង ២០១៦ ប៉ុន្តែគាត់ថាគាត់រស់នៅតាំងពីឆ្នាំ១៩៩០ ជាងនៅទីនោះ។ អ៊ីចឹងបានន័យថាមុនការធ្វើប័ណ្ណកម្មសិទ្ធិរបស់មន្ទីរ អ៊ីចឹង ថាតើពេលដែលធ្វើប័ណ្ណកម្មសិទ្ធិហ្នឹង ខាងមន្ទីរលោកបានពិនិត្យមើលទេថា មានប្រជាពលរដ្ឋប៉ុន្មានដែលរស់នៅលើដីហ្នឹង រស់នៅជាក់ស្ដែង ហើយគាត់បានដាំដុះប្រើប្រាស់ឬនៅ ព្រោះ ២០១៧ ចុងហ្នឹង វាក្រោយការរស់នៅ ឬក៏ក្រោយការដែលគាត់មានពាក្យសុំកាន់កាប់ទេ។ ដីឯកជនយើងអាច គិតតាមផ្លូវច្បាប់ គឺអាចឱ្យទៅជាកម្មសិទ្ធិ គេអាចដោះដូរ គេអាចផ្ទេរ គេអាចឱ្យបានដី កុំឱ្យតែដីសាធារណៈរបស់រដ្ឋ»។
ពលរដ្ឋ និងសង្គមស៊ីវិលទទូចដល់អាជ្ញាធរថា គួរពិនិត្យដោះស្រាយដោយសន្តិវិធី ក្រៅផ្លូវតុលាការ ដើម្បីឱ្យពលរដ្ឋអាចរស់នៅប្រកបរបរដោះស្រាយជីវភាព តាមរយៈការផ្ដល់កម្មសិទ្ធិស្របច្បាប់បន្តធ្វើកសិកម្ម៕
កំណត់ចំណាំ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។