១ . បក្សកាន់អំណាចគ្រោងធ្វើមហាសន្និបាតចុងខែនេះដើម្បីរកការគាំទ្រពីពលរដ្ឋ
គណបក្សប្រជាជនកម្ពុជា គ្រោងធ្វើមហាសន្និបាតវិសាមញ្ញ នៅចុងខែមករានេះ ដើម្បីរៀបចំយុទ្ធសាស្ត្ររកការគាំទ្រពីពលរដ្ឋក្នុងការបោះឆ្នោតនៅខែកក្កដាខាងមុខ។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា យុទ្ធសាស្ត្រគណបក្សកាន់អំណាច ទំនងមិនអាចកែលំអនូវចំណុចខ្វះខាតរបស់ខ្លួនបានឡើយ ស្របពេលដែលការបោះឆ្នោតជាតិ កាន់តែខិតជិតមកដល់ហើយ។ អានព័ត៌មានពិស្តារ ...
២ . លោក ហ៊ុន សែន ជំរុញឱ្យប្រើប្រាស់ប្រព័ន្ធឌីជីថល (Digital) ដើម្បីប្រឆាំងអំពើពួករលួយនិងមន្រ្តីខ្មោច
លោក ហ៊ុន សែន ជំរុញឱ្យប្រើប្រាស់ប្រព័ន្ធឌីជីថល (Digital) ដើម្បីប្រឆាំងអំពើពួករលួយនិងមន្រ្តីខ្មោច។ លោក ហ៊ុន សែន លើកឡើងបែបនេះកាលពីថ្ងៃទី២៣ ខែមករា។ លោក ហ៊ុន សែន បញ្ជាក់ទៀតថា ការគ្រប់គ្រងទិន្នន័យតាមរយៈប្រព័ន្ធឌីជីថលអាចជួយបង្កើនល្បឿននិងមានសុវត្ថិភាពនិងអាចប្រឆាំងនឹងអំពើពុករលួយ។ លោក ហ៊ុន សែន បានលើកឧទាហរណ៍ពីការបើកប្រាក់បៀវត្សរ៍ជូនមន្ដ្រីរាជការតាមប្រព័ន្ធធនាគារដែលអាចឱ្យរដ្ឋាភិបាលកន្លងទៅអាចរកឃើញមន្ត្រីខ្មោចរាប់ម៉ឺននាក់។ ទាក់ទងនឹងអំពើពុករលួយនៅកម្ពុជាអង្គការតម្លាភាពអន្តរជាតិកាលពីដើមឆ្នាំ២០២២បានចេញផ្សាយរបាយការណ៍ស្ដីពីសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយប្រចាំឆ្នាំ២០២១ រកឃើញថា កម្ពុជាទទួលបាន ២៣ពិន្ទុ ក្នុងចំណោមពិន្ទុ១០០ ដោយទទួលបានចំណាត់ថ្នាក់១៥៧ក្នុងចំណោម១៨០ ប្រទេស។ ចំណាត់ថ្នាក់នេះស្ថានភាពបង្ហាញថា ការប្រយុទ្ធនឹងអំពើពុករលួយមានភាពប្រសើរតិចតួចប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតកម្ពុជាកំពុងជាប់ក្នុងបញ្ជីប្រផេះឬប្រទេសដែលមានហានិភ័យខាងលាងលុយកង្វក់របស់អង្គការឃ្លាំមើលអំពើលាងលុយកខ្វក់លើពិភពលោកឈ្មោះក្រុមការងារហិរញ្ញវត្ថុ (FATF)។
៣ . មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចអះអាងថា សេដ្ឋកិច្ចកម្ពុជានៅតែអាចរស់បាន ទោះបីគ្មានប្រព័ន្ធអនុគ្រោះពន្ធ
មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើកឡើងថា សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្នកំពុងលូតលាស់ និងអាចរស់បាន ទោះបីគ្មានប្រព័ន្ធអនុគ្រោះពន្ធរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ មន្ត្រីសង្គមស៊ីវិលមើលឃើញថា ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ ជាការខាតបង់ប្រយោជន៍សេដ្ឋកិច្ច ប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពប្រជាពលរដ្ឋ និងការនាំចេញ។
៤ . តើប្រទេសខ្សែទឹកខាងក្រោមទន្លេមេគង្គរងផលប៉ះពាល់យ៉ាងណាខ្លះរដូវប្រាំងឆ្នាំនេះដោយសារចិនបើកទឹកមុនកាលកំណត់ ?
ខុសប្លែកពីបណ្តាឆ្នាំមុនៗ រដូវប្រាំងឆ្នាំ២០២៣នេះ ប្រទេសចិនដែលស្ថិតនៅខ្សែទឹកខាងលើនៃទន្លេមេគង្គ បានចាប់ផ្តើមបើកទ្វាទឹកទំនប់វារីអគ្គិសនីដ៏ធំរបស់ខ្លួននៅមុនកាលកំណត់ប្រមាណជា៥ខែដើម្បីផលិតអគ្គិសនី។ ក្រុមអ្នកជំនាញតំបន់មេគង្គព្រួយបារម្ភថា ទង្វើរបស់ចិនអាចនឹងបង្កឱ្យមាននូវភាពមិនប្រក្រតីនៃរំហូរទឹកទន្លេដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ី និងការប្រកបជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋនៅតាមប្រទេសខ្សែទឹកខាងក្រោម។
៥ . សហព័ន្ធខ្មែរកម្ពុជាក្រោមអំពាវនាវដល់ព្រះសង្ឃខ្មែរក្រោម កុំឱ្យធ្វើតាមបង្គាប់វៀតណាម
សហព័ន្ធខ្មែរកម្ពុជាក្រោម អំពាវនាវឲ្យព្រះសង្ឃខ្មែរក្រោម ដែលវៀតណាមបង្ខំឲ្យបំបិទសិទ្ធិសាសនាខ្មែរកម្ពុជាក្រោម កុំធ្វើឲ្យតាមបង្គាប់វៀតណាម ដើម្បីផលប្រយោជន៍ និងលាភសក្ការៈ។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពី អាជ្ញាធរវៀតណាម បានប្រើប្រាស់ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិប្រចាំខេត្ត ឃ្លាំងមិនទទួលស្គាល់ សាមណេរខ្មែរក្រោមមួយអង្គ ដែលសកម្មក្នុងការពារ សិទ្ធិមនុស្ស និងសាសនារបស់ពលរដ្ឋខ្មែរក្រោម។ អានព័ត៌មានពិស្តារ ...
៦ . អាជ្ញាធរខេត្តព្រះវិហារប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការតាមព្រំដែនជាមួយអាជ្ញាធរឡាវ
អាជ្ញាធរខេត្តព្រះវិហារប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការតាមព្រំដែនជាមួយអាជ្ញាធរឡាវ ក្រោយសង្កេតឃើញមានអំពើចោរកម្ម ការលួចកាប់បំផ្លាញព្រៃ ការលួចបរបាញ់សត្វ ការរៀបអាពាហ៍ពិពាហ៍ខុសច្បាប់ បញ្ហាសណ្ដាប់ធ្នាប់សង្គម និងការឆ្លងដែនខុសច្បាប់ជាដើម។
កិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការរលើកទី៩នៅខេត្តចម្ប៉ាសាក់(Champasak) ប្រទេសឡាវ (Lao) កាលពីថ្ងៃទី២៣ មករា រវាង អភិបាលខេត្តព្រះវិហារលោក គីម រិទ្ធី និងអភិបាលខេត្តចម្ប៉ាសាក់លោក វិល័យវង្ស ប៊ុតដាខាំ(VilayVong Butda Kham)។ អាជ្ញាធរខេត្តនៃប្រទេសទាំងពីរបានឯកភាពគ្នាព្រង្រឹង កិច្ចសហប្រតិបត្តិការ លើវិស័យដូចជា នយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ និងវប្បធម៌។
៧ . ប្រមុខការទូតកម្ពុជា - ជប៉ុនឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យចំនួន៧
ប្រមុខការទូតកម្ពុជា-ជប៉ុន ឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនរួមមាន នយោបាយ សន្តិសុខ និងការពារជាតិ ពាណិជ្ជកម្ម វិនិយោគទេសចរណ៍ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធការបោសសំអាតមីន ការផ្លាស់ប្ដូររវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ព្រមទាំងលើកស្ទួយប្រជាធិបតេយ្យនៅកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងដំណើរទស្សនកិច្ចរដ្ឋមន្ត្រីការបរទេសលោក ប្រាក់ សុខុន រយៈពេល៤ថ្ងៃ នៅប្រទេសជប៉ុនថ្ងៃគឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ មករា។
៨ . សហគមន៍នេសាទត្រពាំងសង្កែ ជួយបង្កើនចំណូលប្រជាពលរដ្ឋមូលដ្ឋាន និងការពារបរិស្ថាន តាមរយៈការផ្ដល់សេវាកម្មបែបអេកូទេសចរណ៍
សហគមន៍នេសាទក្នុងខេត្តកំពតមួយកន្លែង កំពុងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងការពារបរិស្ថាន តាមរយៈការផ្ដល់សេវាកម្មអេកូទេសចរណ៍។
មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា សហគមន៍នេសាទត្រពាំងសង្កែ គឺជាសហគមន៍នេសាទគម្រូ ព្រោះសហគមន៍នេះបានផ្ដល់ការងារជាច្រើនដល់ប្រជាពលរដ្ឋមូលដ្ឋាន និងបានបង្កើនផលនេសាទដល់ប្រជាពលរដ្ឋតាមរយៈការការពារ និងដាំព្រៃកោងកាងបន្ថែម។
៩ . ពលរដ្ឋរស់នៅជាប់បឹងតាមោកបារម្ភបាត់មុខរបរ ក្រោយពីបឹងត្រូវអាជ្ញាធរឈូសលុប
ប្រជាពលរដ្ឋរស់នៅអាស្រ័យផលជាប់បឹងតាមោកជាច្រើនគ្រួសារព្រួយបារម្ភបាត់បង់មុខរបរ បន្ទាប់ពីគ្រឿងចក្រនៅតែបន្តចាក់លុបផ្ទៃបឹងតាមោកទាំងថ្ងៃទាំងយប់។ ពួកគាត់ថា គម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាល កំពុងបំផ្លាញមុខរបរ ដែលប៉ះពាល់ប្រភពចំណូលសេដ្ឋកិច្ចប្រចាំថ្ងៃ និងលំនៅឋានរបស់ពួកគាត់។
១០ . ជំងឺរលាកថ្លើមប្រភេទបេ (B) រោគសញ្ញានិងវិធីព្យាបាល ?
វេជ្ជបណ្ឌិតឯកទេសឲ្យដឹងថា ជំងឺរលាកថ្លើមប្រភេទបេឬប៊ី ឬភាសាអង់គ្លេសហៅថា (Hepatitis B) គឺជាជំងឺថ្លើមធ្ងន់ធ្ងរ បណ្តាលមកពីការឆ្លងមេរោគ អ៊េចវីប៊ី (HVB)។ មេរោគប្រភេទបេនេះ គឺស្ថិតក្នុងរាងកាយរបស់អ្នកជំងឺអស់មួយជីវិត និងអាចវិវត្តទៅជាជំងឺក្រិនថ្លើមរ៉ាំរ៉ៃ (Cirrhosis) និងជំងឺមហារីកថ្លើម (Liver Cancer)។
តើគេអាចមានវិធីណាខ្លះ ដើម្បីបង្ការការឆ្លងនិងព្យាបាលជំងឺរលាកថ្លើមប្រភេទបេឬប៊ីនេះ?
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។