បក្ស​កាន់​អំណាច​គ្រោង​ធ្វើ​មហាសន្និបាត​ចុង​ខែ​នេះ​ដើម្បី​រក​ការ​គាំទ្រ​ពី​ពលរដ្ឋ

0:00 / 0:00

គណបក្ស​ប្រជាជនកម្ពុជា គ្រោង​ធ្វើ​មហាសន្និបាត​វិសាមញ្ញ នៅ​ចុង​ខែ​មករា​នេះ ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ​រក​ការ​គាំទ្រ​ពី​ពលរដ្ឋ​ក្នុង​ការ​បោះ​ឆ្នោតនៅ​ខែ​កក្កដា​ខាង​មុខ។ មន្ត្រី​សង្គមស៊ីវិល​លើក​ឡើង​ថា យុទ្ធសាស្ត្រ​គណបក្ស​កាន់​អំណាច ទំនង​មិន​អាច​កែ​លំអ​នូវ​ចំណុច​ខ្វះខាត​របស់​ខ្លួន​បាន​ឡើយ ស្រប​ពេល​ដែល​ការ​បោះ​ឆ្នោត​ជាតិ កាន់តែ​ខិត​ជិត​មក​ដល់​ហើយ។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ផង​នោះ នឹង​ដាក់​ផែនការ​យុទ្ធសាស្ត្រ​រក​សំឡេង​ឆ្នោត​ឱ្យ​សមាជិក​គណបក្ស​ប្រជជន​កម្ពុជា​អនុវត្ត ប៉ុន្តែ គណបក្ស​នេះ​មិន​ទាន់​បញ្ជាក់​លម្អិត​ពី​យុទ្ធសាស្ត្រ​របស់​ខ្លួន​នៅ​ឡើយ​ទេ។ ផែនការ​ដរបស់​លោក ហ៊ុន សែន នឹង​ប្រកាស​ក្នុង​មហាសន្និបាត​វិសាមញ្ញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​គ្រោង​រៀបចំ​នៅ ​ទីស្នាក់ការ​កណ្ដាល​របស់​ខ្លួន ក្នុង​រាជធានី​ភ្នំពេញ​​​នា​ថ្ងៃ​ទី២៨ និង​ថ្ងៃ​ទី២៩ ខែ​មករា ខាង​មុខ​ ដោយ​មាន​ការ​ចូលរួម​ពី​សមាជិក​គណៈកម្មាធិការ​កណ្ដាល ជាង ៨០០នាក់ និង​មន្ត្រី​គណបក្ស​នេះ មក​ពី​បណ្ដា​ខេត្ត​រាប់​ពាន់​នាក់​ផ្សេង​ទៀត។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឱ្យ​វិទ្យុអាស៊ីសេរី​ដឹង​ថ្ងៃ​ទី២៥ ខែ​មករា ថា ​មហាសន្និបាត​នេះ មាន​គោលបំណង​សំខាន់ៗ ដូចជា ការ​ត្រួតពិនិត្យ​លទ្ធផល​ការងារ ពី​ឆ្នាំ២០១៨ ដល់​ឆ្នាំ២០២៣ ការ​ពិនិត្យ​កម្មវិធី​អភិវឌ្ឍន៍​ប្រទេស​ពី​ឆ្នាំ២០២៤ ដល់​ឆ្នាំ២០២៨ និង​ចំណុច​សំខាន់​មួយ​ទៀត គឺ​ការ​ណែនាំ​ទៅ​ក្រុម​ការងារ​គណបក្ស​ឱ្យ​ពង្រឹង​ការងារ​ចុះ​មូលដ្ឋាន ដើម្បី​ដណ្ដើម​ជ័យជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។ លោក សុខ ឥសាន អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​ស្អាតស្អំ ដូច្នេះ គឺ​មិន​រៀបចំ​យុទ្ធសាស្ត្រ​ណា​មួយ ដែល​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​គណបក្សគូ​ប្រកួតប្រជែង​របស់​ខ្លួន​ឡើយ។

លោក សុខ ឥសាន៖«ដូច្នេះ ហើយ​បាន​គណបក្ស​ត្រូវ​ខិតខំ​យក​អស់​កម្លាំង​កាយ​កម្លាំង​ចិត្ត ដើម្បី​ជំរុញ​ការងារ​ទាំងឡាយ​ដែល​ជា​តួនាទី​ភារកិច្ច​របស់​គណបក្ស​កាន់​អំណាច​ដើម្បី​ឱ្យ​ប្រជាជន​លោក​មើល​ឃើញ​ស្នាដៃ​ និង​គុណសម្បត្តិ​ទាំង​ឡាយ​របស់​គណបក្ស​ហ្នឹង​ដោយ​ធានា​បាន​ដោយ​គុណភាព​និង​បរិមាណ​និយាយ​រួម​គឺ​គ្រប់​វិស័យ​នៅក្នុង​ការងារ​ដែល​គណបក្ស​ប្រជាជន​ដែល​ជា​គណបក្ស​កាន់អំណាច​នេះ​បាន​ធ្វើ»។

បើទោះជា មន្ត្រី​បក្ស​កាន់​អំណាច​អះអាង​បែប​នេះ​ក្ដី ប៉ុន្តែ គណបក្ស​ភ្លើង​ទៀន និង​មន្ត្រី​សង្គម​ស៊ីវិល រិះគន់​ថា គណបក្ស​ប្រជាជន​កម្ពុជា បានធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​គណបក្ស​ភ្លើងទៀន ដែល​គូ​ប្រកួត​ប្រជែង​របស់​ខ្លួន​មុន​ការ​បោះ​ឆ្នោត​ជា​បន្ត​បន្ទាប់។

ទាក់ទង​យុទ្ធសាស្ត្រ​របស់​គណបក្ស​កាន់​អំណាច​នេះ​ដែរ ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា សង្កេត​ឃើញ​ថា នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​សកម្មភាព​របស់​ខ្លួន​មួយ​ចំនួន ដើម្បី​ភ្ជាប់​ខ្លួន​ជាមួយ​កសិករ កម្មករ​រោងចក្រ និង​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​ជា​ដើម។ លោក រស់ សុដ្ឋា សង្កេត​ឃើញថា​ នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គណបក្ស​កាន់​អំណាច ហាក់​បាត់បង់​ប្រជាប្រិយភាព​គួរឱ្យ​ព្រួយ​បារម្ភ ព្រោះ​គណបក្ស​នេះ​មិន​បាន​អនុវត្ត កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឱ្យបាន​ពេញ​លេញ មិន​បាន​អនុវត្ត​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ មិន​រំពឹង​ថា រយៈ​ដ៍​ខ្លី​ខាង​មុខ​នេះ​ គណបក្ស​កាន់​អំណាច​អាច​កែ​លំអ​ចំណុច​ខ្វះខាត​របស់​ខ្លួន​បាន​ច្រើន​នោះ​ឡើយ ដូច្នេះ​លោក​ថា បញ្ហា​ទាំង​នេះ​នឹង​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ប្រឈម​នឹង​ការ​បាត់បង់​សំឡេង​របស់​ខ្លួន​មួយ​ចំនួនធំ​នៅ​ក្នុង​រដ្ឋសភា។

លោក រស់ សុដ្ឋា៖«ត្រូវ​ដឹង​ថា គណបក្ស​ប្រជាជន​ក៏​ប្រើ​យុទ្ធសាស្ត្រ​ច្រើន​ដែរ ក្នុង​ការ​ធានា​នូវ​ការ​ឈ្នះ​ឆ្នោត​ខាង​មុខ ហ្នឹង​អ្វី​ដែល​ខ្ញុំ​បាន​ដឹង​ តាម​វិធី​ផ្សេងៗ យុទ្ធសាស្ត្រ​ក្នុង​ការ​ធ្វើ​ម៉េច​ភ្ជាប់​ខ្លួន​ជាមួយ​ប្រជាពលរដ្ឋ​ជា​ដើម និង​ផ្សេងៗ ដែល​ខ្ញុំ​មិន​អាច​និយាយ​កើត»។

ចំណែក​អ្នក​វិភាគ​នយោបាយ​លោក គឹម សុខ យល់ថា គណបក្ស​ប្រជាជន​កម្ពុជា ហាក់​គ្មាន​ចេតនា​ ចង់​កែ​លំអ​ខ្លួន​នោះ​ទេ ព្រោះ​គណបក្ស​នេះ មិន​បាន​រៀបចំ​ការ​បោះ​ឆ្នោត​មួយ ដែល​ឱ្យ​គ្រប់​ភាគី​អាច​ចូលរួម​ការ​កែទម្រង់ គ.ជ.ប និង​ការ​គោរព​សិទ្ធិមនុស្ស ឬ​សិទ្ធិ​នយោបាយ​ជា​ដើម។ លោក​បន្ត​ទៀត​ថា មហាសន្និបាត​នេះ គ្រាន់តែ​ជា​ការ​បង្ហាញ​កម្លាំង​របស់​គណបក្ស​កាន់​អំណាច មុន​ការ​បោះ​ឆ្នោត។ លោក​បន្តទៀត​ថា ជា​ទម្លាប់​បក្ស​នេះ​តែងតែ​ចូលចិត្ត​ប្រមូលផ្ដុំ​បង្ហាញ​កម្លាំង ​ឱ្យ​គូ​ប្រកួត​ប្រជែង ​និង​ពលរដ្ឋ​មើល​ឃើញ​ថា គណបក្ស​នេះ​មាន​កម្លាំង​ខ្លាំង ​និង​មាន​អ្នក​គាំទ្រ​ច្រើន​ ដែល​យក​រូបភាព​នេះ ធ្វើ​ជាការ​បន្លំ​ភ្នែក​មហាជន ក្នុង​ការ​ផែនការ​លួចច​សន្លឹក​នា​ពេល​បោះ​ឆ្នោត​ខាង​មុខ។

លោក គឹម សុខ៖«មហាសន្និបាត​នោះ​បំភាន់​មហាជន​ថា គេ(គណបក្ស​ប្រជាជនកម្ពុជា)មាន​កម្លាំង​ខ្លាំង គេ​មាន​បណ្ដាញ​ខ្លាំង ដែល​គេ​សម​នឹង​ឈ្នះ​ការ​បោះ​ឆ្នោត​ឆ្នាំ២០២៣ ក៏​ប៉ុន្តែ​យើង​ដឹង​ហើយ ការ​បោះ​ឆ្នោត​នោះ គេ​អាច​ឈ្នះ​ដោយ​វិធី​គាបសង្កត់​គូ​ប្រជែង​ប្លន់​លទ្ធផល​បោះឆ្នោត​មិនមែន​ដោយសារ​គណបក្ស​ប្រជាជនកម្ពុជា​ខ្លាំង​ដូច​ដែល​គេ​បង្ហាញ​នៅ​ឯ​មហាសន្និបាត​នោះ​ទេ»។

ការ​ប្រកាស​ធ្វើ​មហា​សន្និបាត​របស់​គណបក្ស​កាន់​អំណាច​ពេល​នេះ ស្រប​ពេលដែល​ប្រធាន​គណបក្ស​នេះ​គឺ លោក ហ៊ុន សែន បាន​ប្រកាស​ជា​ចំហ​ថា លោក​ប្រើ​ទាំង​អំណាច​តុលាការ និង​ប្រើ​ហិង្សា លើ​គណបក្ស​ភ្លើង​ទៀន។ ក្រុម​អ្នក​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ ចង់​ឃើញ​គណបក្ស​កាន់​អំណាច គួរ​ធ្វើ​ខ្លួន​ជា​គណបក្ស​ចាស់​ទុំ និង​បង្ក​បរិយាកាស​នយោបាយ​ល្អ គ្មាន​ការ​គាបសង្កត់​ ដើម្បី​ឱ្យ​ការ​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី២៣ ខែ​កក្កដា ដំណើរ​ការ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។