ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ៖ ប្រតិកម្មនិង​ការ​ថ្កោលទោស​ជា​អន្តរជាតិ​ជុំវិញការ​បិទ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) នៅ​កម្ពុជា

. ប្រតិកម្ម និង​ការ​ថ្កោលទោស​ជា​អន្តរជាតិ​ជុំវិញការ​បញ្ជា​ឱ្យបិទវិទ្យុសំឡេង​ប្រជាធិបតេយ្យ (VOD) នៅកម្ពុជា
ការ​បញ្ជា​យ៉ាងតក់​ក្រហល់​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​បិទ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី ​(VOD) ​នៅរយៈពេល​មិន​ដល់​ជាង​៥​ខែមុនការ​បោះឆ្នោត​ជាតិ​អាណត្តិទី៧​នេះរងនូវការ​ថ្កោល​ទោសនិង​រិះគន់​ជុំទិស​ពី​សហគមន៍​ជាតិ​និង​អន្តរជាតិលើកលែង​តែ​ក្រុម​ប្រទេស​និយម​លទ្ធិកុម្មុយនិស្ត។ តើក្រុមអង្គការ​សិទ្ធិមនុស្ស​អន្តរជាតិនិង​ក្រុម​ប្រទេស​និយមលទ្ធិប្រជាធិបតេយ្យបញ្ចេញប្រតិកម្ម​យ៉ាង​ណា​ខ្លះ​ជុំវិញចំណាត់ការរបស់រដ្ឋាភិបាលលោក ហ៊ុន សែន នេះ?
អានព័ត៌មានពិស្តារ៖
ទស្សនាវីដេអូ៖

. គណបក្ស​ប្រឆាំង​នៅក្រៅ​ប្រទេសថ្កោលទោស​ការបង្ខំបិទ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) ទាំង​បំពាន

នៅថ្ងៃចន្ទម្សិលមិញ​នេះគណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​រំលាយ​ដោយ​រដ្ឋាភិបាល​ឯកបក្ស​របស់​លោក ហ៊ុន សែន បាន​ចេញ​សេចក្តីថ្លែងការណ៍ «ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ» ​ចំពោះ​ការ​បង្ខំ​ឱ្យ​បិទ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ(VOD)​ទាំង​បំពាន។ គណបក្ស​ប្រឆាំង​នេះ បាន​បញ្ជាក់ថា ការ​បិទ​វិទ្យុ​ឯករាជ្យ​មួយ​នេះ គឺធ្វើឡើង​តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន ហើយ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​របស់​ប្រទេសកម្ពុ។ ក្នុង​នោះ​ដែរ ដំណើរការ​នៃ​ការ​បិទ​វិទ្យុVODគឺ​លើសពី​ការ​គ្រប់គ្រង​អភិបាល​កិច្ច​នៅ​កម្ពុជា និង​មិនមាន​ភាព​ត្រឹមត្រូវ ឬ​ត្រួត​ពិនិត្យ​ដោយ​ឯករាជ្យ​នោះទេ។ អានព័ត៌មានពិស្តារ...

. ក្រុម​ខ្មែរថាវរៈ សហជីព​ណាហ្គាវើលដ៍ និង​ក្រុម​ស្ត្រី​ថ្ងៃសុក្រ​ស្នើ​ដល់​រដ្ឋាភិបាល​កុំលុប​អាជ្ញាបណ្ណ​សារព័ត៌មាន VOD

ក្រុម​យុវជនខ្មែរថាវរៈ និង​ក្រុម​សហជីព​ណាហ្គាវើលដ៍ (NagaWorld) ប្រមាណ៥០ នាក់ នៅ​ព្រឹក​ថ្ងៃទី១៣ ខែកុម្ភៈ តវ៉ានៅមុខ​ការិយាល័យ​វិទ្យុវីអូឌី ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កុំលុប​អាជ្ញាបណ្ណ​សារព័ត៌មាន​វី.អូ.ឌី.(VOD) ។ សង្គមស៊ីវិល​យល់ឃើញ​ថា ការទាមទារ​របស់​ក្រុម​យុវជន​ជា​រឿង​ត្រឹមត្រូវ ហើយស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ស្ដាប់​ការ​លើក​ឡើង​របស់​ពួកគេ និង​ផ្ដល់​អាជ្ញាបណ្ណឲ្យ​សារព័ត៌មាន VOD ឡើងវិញ។ អានព័ត៌មានពិស្តារ ...

. អ្នកវិភាគ​ព្រួយ​បារម្ភ​ថាចិន​ពង្រីក​ឥទ្ធិពលយោធា​នៅ​កម្ពុជា

អ្នកឃ្លាំមើល​សង្គមនិង​អ្នកវិភាគ​នយោបាយ​ព្រួយ​បារម្ភជា​ថ្មីទៀត​ពី​បំណង​ពង្រីក​ឥទ្ធិពល​យោធា​នៃ​ប្រទេស​ចិន​កុម្មុយនីស្ត​លើទឹកដី​កម្ពុជា​តាមរយៈ​កិច្ចសហប្រតិបត្តិការ​នៃទំនាក់ទំនង​លើ​វិស័យ​យោធា​ជាមួយ​រដ្ឋាភិបាល​លោក ហ៊ុន សែន។ ក្ដីបារម្ភនេះ ធ្វើឡើង​បន្ទាប់ពី​កម្ពុជា និងចិន នារយៈពេល​ចុងក្រោយនេះ​ប្រកាស​ពង្រឹង​ទំនាក់ទំនង​ក្នុងក្របខណ្ឌ​វិស័យ​យោធា​ឱ្យកាន់​តែ​ស៊ីជម្រៅនិង​ខ្លាំង​ក្លា​បន្ថែម​ទៀត។

. លោក ហ៊ុន សែន សម្រេច​ប្រគល់​អ្នក​ទោស​ជនជាតិ​ឡាវ ពី​កម្ពុជា ឱ្យ​ទៅ​ប្រទេស​ឡាវ​វិញ

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់លោក ហ៊ុន សែន ទៅប្រទេស​ឡាវ ក្រៅ​ពី​ការ​រឹត​ចំណង​មិត្តភាព និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី លើ​ការ​បោះ​បង្គោល​ព្រំដែន ការ​ហោះ​ហើរ វិស័យ​ទេសចរណ៍ និង​ថាមពល​អគ្គិសនី លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ប្រកាស​សម្រេច​ប្រគល់​អ្នក​ទោស​ជនជាតិ​ឡាវ កំពុង​ជាប់​ពន្ធនាគារ​កម្ពុជា ឱ្យ​ទៅ​ប្រទេស​ឡាវ​វិញ នៅ​មុន​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​មក​ដល់។ អានព័ត៌មានពិស្តារ...

. ​ សមត្ថកិច្ច​ខេត្ត​បន្ទាយ​មានជ័យ​ឃាត់​ខ្លួន​ចាងហ្វាង​កាសែត​ម្នាក់​បញ្ជូន​ទៅ​តុលាការ

សមត្ថកិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែកុម្ភៈ​ បាន​ឃាត់​ខ្លួន​ចាងហ្វាង​កាសែត​ខ្មែរ​ជាយ​ដែន​ម្នាក់​ ក្រោយ​ពី​មាន​បណ្តឹង​ពី​មន្ត្រី​រាជការ​ពីរ​រូប។ មន្ត្រី​សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​អ្នក​កាសែត​ជា​បន្ត​បន្ទាប់​ ​ពី​រដ្ឋាភិបាល​បាន​បិទ​វិទ្យុ​សំឡេង​ប្រជា​ធិបតេយ្យ​វីអូឌី (VOD)។ អានព័ត៌មានពិស្តារ...

. សាលាឧទ្ធរណ៍​ភ្នំពេញ​បដិសេធ​សំណើសុំ​នៅក្រៅ​ឃុំ​របស់​កញ្ញា ស៊ីថរ

សាលាឧទ្ធរណ៍​រាជធានីភ្នំពេញ​បដិសេធ​សំណើ​នៅ​ក្រៅឃុំ​របស់​កញ្ញា ឈឹម ស៊ីថរ ទុកជា​បាន​ការ​តាម​ការ​សម្រេច​របស់​តុលាការ​ជាន់ទាប​ដដែល។ ការសម្រេចនេះ​ធ្វើឡើងបន្ទាប់ពី​តុលាការ​បើក​សវនាការ​ជំនុំជម្រះក្ដី​សុំនៅក្រៅ​ឃុំ​បណ្ដោះអាសន្ន​តាម​សំណើ​របស់​មេធាវី​ការពារក្ដី​កញ្ញា ឈឹម ស៊ីថរ នៅព្រឹក​ថ្ងៃទី១៣ខែកុម្ភៈ។ ក្រុមកូដករ​ចាត់ទុក​ការ​សម្រេច​របស់​តុលាការ​ថាជារឿង​អយុត្តិធម៌និង​មិន​ឈរ​លើ​គោលការណ៍​ប្រជាធិបតេយ្យ។

. អ្នកវិភាគ​ព្រមាន​ពី​បញ្ហា​ក្នុង​សង្គមដែល​កើតចេញ​ពីការ​តតាំង​របស់​ពលរដ្ឋ​នៅក្រោយ​ការបោះ​ឆ្នោត​បើ​រដ្ឋាភិបាល​បន្ត​បំបិទ​សិទ្ធិសេរីភាព​ពលរដ្ឋ

អ្នកវិភាគ​ព្រមាន​ថាកម្ពុជា​អាច​ជួប​បញ្ហា​ជាច្រើន​ក្នុង​សង្គមដែល​កើត​ចេញ​ពី​ការ​តតាំង​ណា​មួយ​របស់​ពលរដ្ឋដែល​រងភាព​អយុត្តិធម៌នៅក្រោយ​ការ​បោះឆ្នោតបើ​រដ្ឋាភិបាល​បន្ត​បំបិទ​សិទ្ធិសេរីភាព​ពលរដ្ឋ។ ការព្រមាន​នេះ​បន្ទាប់ពី​លោក ហ៊ុន សែន បង្ខំ​ឱ្យ​វិទ្យុសំឡេង​ប្រជាធិបតេយ្យ វីអូឌី បិទ​ការ​ផ្សាយ​របស់​ខ្លួន​ទោះបីជា​ស្ថាប័ន​នេះបាន​ចេញ​លិខិត​សុំទោស​លោកនិង​កូនប្រុសគឺ​លោក ហ៊ុន ម៉ាណែត ហើយក្ដី។ សូមស្ដាប់​បទសម្ភាស​រវាង​អ្នកស្រី សុជីវី ជាមួយ​អ្នកវិភាគ​នយោបាយ​លោក គឹម សុខ ពីផលប៉ះពាល់​នៃ​ការ​បិទ​ស្ថាប័ន​ព័ត៌មាន វីអូឌី ៖

. សហព័ន្ធខ្មែរកម្ពុជា​ក្រោម​ថ្កោលទោស​អាជ្ញាធរ​វៀតណាម​ដែល​បន្តធ្វើទុក្ខបុក​ម្នេញ​យុវជន​ខ្មែរកម្ពុជា​ក្រោម​ដែល​ហ៊ាន​ប្រើប្រាស់​បណ្តេញសង្គម​ផ្សព្វផ្សាយពី​សិទ្ធិជនជាតិដើម​នៅទឹក​ដី​កំណើត។ អាជ្ញាធរ​វៀតណាមបានប្រើប្រាស់​វិធានការ​ច្បាប់​ផាកពិន័យ សំឡុតបំភ័យ និងប្រើប្រាស់​ហិង្សា​លើ​យុវជន​ខ្មែរ​ក្រោម​ពេល​សួរ​ចម្លើយ​ពួកគេ។

១០ . កងទ័ព​ជើង​ទឹក​របស់​ចក្រភព​អង់គ្លេស​មក​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈ​ពេល ៥ថ្ងៃ

នាវា​កងទ័ព​ជើងទឹក​របស់​ចក្រភព​អង់គ្លេស​ឈ្មោះ HMS SPEY បាន​មក​ដល់​ខេត្ត​ព្រះសីហនុ​ ហើយ​ នៅ​ថ្ងៃ​ចន្ទ ទី១៣ ខែកុម្ភៈ។ ដំណើរ​ទស្សនកិច្ច​រយៈ​ពេល ៥ថ្ងៃ របស់​កងទ័ពជើងទឹក​អង់គ្លេស មក​កម្ពុជា​នេះ គឺ​ដើម្បី​ប្រារព្ធ​ខួប​នៃ​ទំនាក់ទំនង​ការ​ទូត​កម្ពុជា និង​ចក្រភព​អង់គ្លេស លើក​ទី៧០៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។