លោក ហ៊ុន សែន សម្រេច​ប្រគល់​អ្នក​ទោស​ជនជាតិ​ឡាវ ពី​កម្ពុជា ឱ្យ​ទៅ​ប្រទេស​ឡាវ​វិញ

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់លោក ហ៊ុន សែន ទៅប្រទេស​ឡាវ ក្រៅ​ពី​ការ​រឹត​ចំណង​មិត្តភាព និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី លើ​ការ​បោះ​បង្គោល​ព្រំដែន ការ​ហោះ​ហើរ វិស័យ​ទេសចរណ៍ និង​ថាមពល​អគ្គិសនី លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ប្រកាស​សម្រេច​ប្រគល់​អ្នក​ទោស​ជនជាតិ​ឡាវ កំពុង​ជាប់​ពន្ធនាគារ​កម្ពុជា ឱ្យ​ទៅ​ប្រទេស​ឡាវ​វិញ នៅ​មុន​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​មក​ដល់។

លោក ហ៊ុន សែន បាន​ចេញ​សេចក្ដី​សម្រេច​នេះ ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​មួយ ជាមួយ​នាយក​រដ្ឋមន្ត្រី​ឡាវ លោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នៅ​ល្ងាច​ថ្ងៃ​ទី១៣ កុម្ភៈ។

ទន្ទឹម​គ្នា​នឹង​ការ​សម្រេច​អំពី​អ្នក​ទោស​ជនជាតិ​ឡាវ លោក ហ៊ុន សែន ក៏​សម្រេច​ប្រគល់​អ្នកទោស​ជនជាតិ​ថៃ ឱ្យ​ទៅ​ព្រះរាជាណាចក្រ​ថៃ​វិញ នៅ​មុន​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​មក​ដល់​ដូច​គ្នា​ដែរ។

សារព័ត៌មាន​ក្នុង​ស្រុក ហ្វ្រែសញូវស៍ ដកស្រង់​តួលេខ​អ្នកទោស​ពី​របាយការណ៍​អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ គឺ​លោក នុត សវនា ថា អ្នក​ទោស​ជនជាតិ​ឡាវ កំពុង​ជាប់​ពន្ធនាគារ​នៅ​កម្ពុជា មាន​ចំនួន ៧៥នាក់ ហើយ​អ្នក​ទោស​ជនជាតិ​ថៃ មាន​ចំនួន ១០៩នាក់។ អ្នក​ទាំង​នោះ ជាប់​ទោស​ពី​បទ​ល្មើស​ទាក់ទង​នឹង​គ្រឿងញៀន ការ​សម្លាប់​មនុស្ស រំលោភ​សេពសន្ថវៈ និង​បទ​ល្មើស​ផ្សេងៗ មួយ​ចំនួន​ទៀត។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ នៅ​ថ្ងៃទី១៣ ខែកុម្ភៈ ដើម្បី​ពង្រីក​នូវ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ រួម​ទាំង​សន្តិសុខ នយោបាយ សង្គម និង​សេដ្ឋកិច្ច ជាដើម។ អ្នក​ឃ្លាំមើល​បញ្ហា​នយោបាយ​មើល​ឃើញ​ថា កម្ពុជា​គួរ​ឆ្លៀត​ឱកាស​នេះ ពង្រីក​វិស័យ​សេដ្ឋកិច្ច​ឱ្យ​បាន​ល្អ​រវាង​ប្រទេស​ទាំង​ពីរ។

អង្គការ​សង្គម​ស៊ីវិល និង​អ្នក​សិក្សា​ផ្នែក​ច្បាប់​លើក​ឡើង​ថា អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំង​នេះ កម្ពុជា​តែង​ព្យាយាម​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​កុម្មុយនិស្ត ដូច​ជា ប្រទេស​ចិន និង​ប្រទេស​ឡាវ​ជា​ដើម ខណៈ​ដែល​ប្រទេស​ចិន​កំពុង​តែ​អំណាច​ក្ដោប​ផ្នែក​ស្ទើរ​ទាំង​ស្រុង​ផ្នែក​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី ជាពិសេស ប្រទេស​ក្រីក្រ។

នាយក​ប្រតិបត្តិ​អង្គការ​អភិវឌ្ឍន៍​ផ្នត់​គំនិត បណ្ឌិត សេក សុជាតិ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៣ ខែកុម្ភៈ​ថា ដំណើរ​ទស្សនកិច្ច​របស់ លោក ហ៊ុន សែន ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​ផ្នែក​នយោបាយ ឬ​សេដ្ឋកិច្ច​ជា​រឿង​ដែល​ល្អ ប៉ុន្តែ លោក​មើល​ឃើញ​ថា ដំណើរ​ទស្សនកិច្ច​នេះ ពុំ​មាន​លទ្ធផល​អ្វី​ល្អ​ប្រសើរ​នោះ​ឡើយ។ លោក​ថា កម្ពុជា​គួរតែ​ឆ្លៀត​ឱកាស​នេះ​ពង្រីក​ផ្នែក​វិស័យ​សេដ្ឋកិច្ច តាម​រយៈ​ការ​នាំ​ចូល​ផលិត​ពី​កម្ពុជា​ឱ្យ​បាន​ច្រើន។

បណ្ឌិត សេក សុជាតិ៖«ទស្សន​កិច្ច​លើក​នេះ​គ្រាន់​តែ​ធ្វើ​ក្នុង​កម្រិត​មិត្តភាព​ក្នុង​នាម​ជា​ប្រទេស​ជិត​ខាង​ផង​ហើយ ជា​ប្រទេស​ដែល​គិត​ថា អាច​មាន​ទំនាក់ទំនង​ល្អជា​មួយ​គ្នា​ក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ។ បើ​មើល​លក្ខណៈ​ពិសេស កម្ពុជា​អាច​ឆ្ពោះ​ទៅ​ប្រទេស​ធំៗ ទៀត​បាន​ដែរ ឬ​យ៉ាង​ណា បើ​សិន​ជា​កម្ពុជា​ធ្វើ​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​ឡាវ​បាន​សម្រេច មានន័យ​ថា អាច​បន្ត​ទៅ​កាន់​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​ក្នុង​តំបន់»។

ការ​លើក​ឡើង​នេះ​កំឡុង​ពេល​លោក ហ៊ុន សែន កំពុង​ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើ​ឡើង​រយៈ​ពេល​ពីរ​ថ្ងៃ​ពី​ថ្ងៃ​ទី១៣ ដល់ ១៤ ខែកុម្ភៈ ហើយ​ពេល​នេះ​លោក​មាន​វត្តមាន​នៅ​ទីក្រុង​វៀងច័ន្ទ ប្រទេស​ឡាវ ក្នុង​ដំណើរ​ទស្សនកិច្ច ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ហើយ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​លើ​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-ឡាវ រួម​នឹង​កិច្ច​សហប្រតិបត្តិការ ជំរុញ​ការ​ហោះហើរ លើ​វិស័យ​ទេសចរណ៍ និង​ថាមពល​អគ្គិសនី​ផង​ដែរ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក អាន សុខឿន ដើម្បី​បញ្ជាក់​បន្ថែម​ជុំវិញ​ដំណើរ​ទស្សនកិច្ច​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១៣ ខែកុម្ភៈ ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។

ទោះ​យ៉ាង​ណា​ក្ដី អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត មើល​ឃើញ​ជា​វិជ្ជមាន​ថា បើសិនជា​ប្រទេស​ទាំង​ពី​នេះ​ជជែក​គ្នា ជុំវិញ​រឿង​បោះ​បង្គោល​ព្រំដែន​ឱ្យ​បាន​ត្រឹមត្រូវ និង​អព្យាក្រឹត្យ​ជា​រឿង​ដែល​ល្អ ខណៈ​ដែល​កម្ពុជា និង​ឡាវ នៅ​មិន​ទាន់​មាន​កិច្ច​ព្រមព្រៀង​ជាមួយ​គ្នា​នោះ​ឡើយ។ លោក​បន្ត​ថា បើ​មើល​នៅ​ក្នុង​ជ្រុង​មួយ​ទៀត ដំណើរ​ទស្សនកិច្ច​នេះ មិន​អាច​មាន​លទ្ធផល​ល្អ​ទៅ​លើ​វិស័យ​ឧស្សាហកម្ម ឬ​ការ​នាំ​ចូល​ពាណិជ្ជកម្ម​ណា​មួយ​នោះ​ទេ ព្រោះ​ប្រទេស​ទាំង​ពីរ គឺ​ជា​ប្រទេស​ក្រីក្រ។ ប៉ុន្តែ លោក​ថា អ្វី​ដែល​លោក ហ៊ុន សែន ផ្ដោត​ជាង​គេ​នោះ គ្រាន់តែ​ជា​ការ​ពង្រីក​មិត្តភាព ដើម្បី​បំពេញ​បន្ថែម​លើ​ឥទ្ធិពល​ចិន​មក​លើ​ប្រទេស​នេះ​តែ​ប៉ុណ្ណោះ។

លោក វ៉ន ចាន់ឡូត៖ «ឡាវ និង​កម្ពុជា​មាន​ទំនាក់ទំនង​កាន់​តែ​ជិត​ស្និត​នោះ​បាន​ន័យ​ថា ចិន កាន់​តែ​មាន​ឥទ្ធិពល​លើ​ប្រទេស​តំបន់​ឥណ្ឌូ​ចិន ឬ​ក៏​ប្រទេស​កុម្មុយនិស្ត​មួយ​ហ្នឹង។ មួយ​ទៀត​យើង​ក៏​ដឹង​ថា ឡាវ និង​កម្ពុជា​មិន​ទាន់​មាន​នូវ​ការកំណត់​ព្រំដែន​រួច​រាល់​ជា​ស្ថាពរ​នៅ​ឡើយ​ទេ។ ដូច្នេះ​ការ​បង្កើន​ទំនាក់ទំនង​ជា​មួយ​ឡាវ ខ្ញុំ​គិត​ថា ក៏​អាច​ជា​សារ​មួយ​ជួយ​ជំរុញ​ឱ្យ​បង្កើន​ការ​ពិនិត្យ​លើ​ព្រំដែន ឬក៏​ការ​ទទួល​ស្គាល់​ព្រំដែន​ដោយ​ភាព​ស្រុះ​ស្រួល​គ្នា»។

កាល​ពី​ថ្ងៃ​ទី៩ ដល់​ថ្ងៃ​ទី១១ ខែកុម្ភៈ មុន​ទៅ​ទស្សនកិច្ច​ប្រទេស​ឡាវ លោក ហ៊ុន សែន ក៏​បាន​ទៅ​ជជែក​ជាមួយ​មេ​ដឹកនាំ​ចិន និង​ប្ដេជ្ញា​ប្រកៀក​ស្មា​គ្នា​បន្ត​ពង្រឹង​ស្មារតី​កសាង​សហគមន៍​ជោគ​វាសនា​ចិន​កម្ពុជា​តែ​មួយ​តាម​រយៈ​វិស័យ នយោបាយ ការទូត វិស័យ​សមត្ថភាព​ផលិត និង​វាយនភណ្ឌ កសិកម្ម ថាមពល សន្តិសុខ និង​ទំនាក់ទំនង​រវាង​ប្រជាជន។ លើស​ពី​នេះ លោក ហ៊ុន សែន បាន​លើក​សរសើរ​មិត្ត​ដែក​ថែប​របស់​លោក​ថា ជំនួយ ឬ​កម្ចី​របស់​ចិន​បាន​រួម​ចំណែក​ដល់​ការ​ពង្រឹង​ឯករាជភាព​កម្ពុជា។

អ្នក​ឃ្លាំមើល​មាន​បញ្ហា​នយោបាយ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​ប្រទេស​ឡាវ​នេះ ទំនង​ជា​ចង់​បង្កើត​ទំនាក់ទំនង​ឱ្យ​ជិត​ស្និត​រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​មេដឹកនាំ​ចិន ដោយសារ​តែ​ថ្មីៗ នេះ លោក ស៊ី ជិនពីង បាន​ផ្តល់​ជំនួយ​ឥត​សំណង​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ៣០០​លាន​យ័ន ស្មើនឹង​ប្រមាណ ៤៥លាន​ដុល្លារ លើ​គម្រោង​ផ្លូវ​ដែក និង​ការ​គាំទ្រ​ការ​ដឹកនាំ​របស់​លោក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។