បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​ថ្កោលទោស​ការ​បង្ខំ​បិទ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ទាំង​បំពាន

នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​រំលាយ​ដោយ​រដ្ឋាភិបាល​ឯកបក្ស​របស់​លោក​ ​ហ៊ុន សែន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​«ថ្កោល​ទោស​យ៉ាង​ដាច់​​អហង្ការ» ចំពោះ​ការ​បង្ខំ​ឱ្យ​បិទ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​(VOD)​​ទាំង​បំពាន។

គណបក្ស​ប្រឆាំង​បាន​បញ្ជាក់​ថា ការ​បិទ​វិទ្យុ​ឯករាជ្យ​មួយ​នេះ​គឺ​ធ្វើ​ឡើង​តាម​ការ​ចង់​បាន​របស់​លោក​ ​ហ៊ុន សែន ហើយ​ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា ក្នុង​នោះ​ដែរ​ដំណើរ​ការ​នៃ​ការ​បិទ​​វិទ្យុ​VOD​គឺ​លើស​ពី​ការ​គ្រប់គ្រង​អភិបាល​កិច្ច​នៅ​កម្ពុជា និង​មិន​មាន​ភាព​ត្រឹមត្រូវ ឬ​ឆ្លង​កាត់​ត្រួត​ពិនិត្យ​ដោយ​ឯករាជ្យ​នោះ​ទេ។ អ្វីៗ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​ការ​ទាមទារ​ចង់​បាន​របស់​លោក ហ៊ុន សែន តែ​ប៉ុណ្ណោះ​​ ដោយ​ដំបូង​លោក ហ៊ុន សែន ទាមទារ​ឱ្យ​មាន​ការ​សុំទោស​ ​ក្រោយ​មក​ក៏​បញ្ជា​ឱ្យ​ដក​អាជ្ញាប័ណ្ណ​តែ​ម្តង។

គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​ថា៖ «ការ​បិទ​ស្ថាប័ន​ផ្សព្វផ្សាយ​ក្នុង​ចំណោម​ស្ថាប័ន​ផ្សព្វផ្សាយ​ឯករាជ្យ​ចុង​ក្រោយ​បង្អស់​របស់​កម្ពុជា​នេះ មានន័យ​ថា​ជា​រួម​ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់​ទំរង់​ទាំងអស់​ក្នុង​ប្រទេស​នេះ​ត្រូវ​បាន​គ្រប់គ្រង​ទាំង​ស្រុង​ដោយ​រដ្ឋាភិបាល។ ការ​បិទ​នេះ​គឺ​ធ្វើ​ឡើង​ក្នុង​បរិបទ​នៃ​ការ​បន្ត​ចាប់​ឃុំឃាំង​សកម្មជន និង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ ដោយ​មិន​ត្រឹម​ត្រូវ និង​ធ្វើ​ការ​បំភិតបំភ័យ​ជា​ប្រចាំ​ដល់​អ្នក​ដែល​នៅ​តែ​ហ៊ាន​ប្រឆាំង»៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។