ព័ត៌មាន​សំខាន់ៗចំនួន ៧ ដែល​លោកអ្នកនាងគួរអាន​នៅថ្ងៃ​អង្គារនេះ

. គណបក្ស​ភ្លើង​ទៀន ប្រជុំ​ថ្នាក់ដឹកនាំ​តាម​រាជធានី​ - ខេត្ត ក្រោយ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​គណបក្ស​កាន់អំណាច

គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​ភ្លើង​ទៀន​បាន​បន្ត​ជួប​ប្រជុំ​ជាមួយ​ថ្នាក់​ដឹកនាំ​តាម​រាជធានី-ខេត្ត ដើម្បី​ពិភាក្សា​លើ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន ក្រោយ​ថ្នាក់​ដឹកនាំ​សំខាន់ៗ ក្នុង​បក្ស​ប្រឆាំង​មួយ​នេះ​ទទួលរង​ពាក្យបណ្ដឹង​បន្តបន្ទាប់​ពី​គណបក្ស​កាន់អំណាច។ អ្នក​តាមដាន​សង្គម មើល​ឃើញ​ថា​គណបក្ស​ភ្លើង​ទៀន​នឹង​ប្រឈម​ជាមួយ​ព្យុះ​នយោបាយ​មួយ​នេះ​កាន់តែ​ខ្លាំង ប្រសិនបើ​ក្បាលម៉ាស៊ីន​ដឹកនាំ​និង​សមាជិក អ្នកគាំទ្រ​គ្មាន​យុទ្ធសាស្ត្រ​រឹងមាំ​ទេ​នោះ។ អានព័ត៌មានពិស្តារ ...

. លោក រ៉ុង ឈុន នឹងដឹកនាំ​ធ្វើ​ធម្មយាត្រា​លើក​កម្ពស់​សីលធម៌​សង្គម​នៅ​សប្តាហ៍​ក្រោយ

ប្រធាន​សហភាពសហជីពកម្ពុជា​លោក រ៉ុង ឈុន ប្រកាសថា​ លោក​នឹងដឹកនាំ​ធ្វើធម្មយាត្រា​នៅសប្តាហ៍ក្រោយ​ដើម្បី​លើកកម្ពស់​សីលធម៌សង្គម។ ទន្ទឹមនឹងនេះ លោក​ក៏​អំពាវនាវ​ដល់​ប្រជាពលរដ្ឋខ្មែរ​ចូលរួម និង​ទទួលស្វាគមន៍​ធម្មយាត្រា​នៅតាម​ដងផ្លូវ​ឱ្យបាន​ច្រើនកុះករ ដើម្បី​លើកមុខមាត់ជាតិ​ឡើងវិញ។ មន្ត្រីសង្គមស៊ីវិល​ជំរុញ​ដល់​អាជ្ញាធរ​ជួយ​សម្របសម្រួល និង​អនុញ្ញាត​ឱ្យ​ហែធម្មយាត្រានោះ​ដោយ​សន្តិវិធី។ អានព័ត៌មានពិស្តារ ...

. យុវជនបរិស្ថាន​បារម្ភពី​សុវត្ថិភាពក្រោយពី​អាជ្ញាធរ​តាមឃ្លាំមើល​ពួកគេ​គ្រប់​ទីកន្លែង

ក្រុមយុវជន​បរិស្ថាន​បារម្ភពី​សុវត្ថិភាពក្រោយពី​អាជ្ញាធរ​មួយចំនួន​តាម​ឃ្លាំមើល​ពួកគេ​គ្រប់​ទីកន្លែងដោយសារ​តែធ្វើសកម្មភាព​ផ្សព្វផ្សាយ​ពីកោះកុង​ក្រៅ​កាលពីថ្មីៗ​នេះ។ អ្នកតស៊ូមតិ​បញ្ហា​បរិស្ថាន​ថាការ​តាមដាន​របស់​អាជ្ញាធរនេះជាទង្វើអាក្រក់មួយ​នៅក្នុង​សង្គម​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​​បញ្ចេញមតិ​របស់​យុវជន។

. នគរបាលម្នាក់ ​និងជា​ម្ចាស់ហាង​ពន្លឺជាប់ចិត្ត​នៅក្រុងតាខ្មៅរងការ​ចោទ​ថាប្រើកាំភ្លើង​ភ្ជង់ក្បាល​លើ​យុវជន​ម្នាក់

ពលរដ្ឋចោទ​មេប៉ូលិស​សក្តិបួន​ម្នាក់នៅ​ក្រុងតាខ្មៅ ខេត្តកណ្តាល ថា បានយក​កាំភ្លើង​ខ្លីភ្ជង់​ក្បាល​គំរាមបាញ់​សម្លាប់និង​ប្រើហិង្សា​លើ​ខ្លួន។ មន្ត្រីឃ្លាំមើល​សិទ្ធិមនុស្ស​ចាត់ទុក​ករណី​នេះថាជា​ទង្វើ​ល្មើស​ច្បាប់និង​ស្នើឱ្យ​អាជ្ញាធរ​មានសមត្ថកិច្ចចាត់​វិធានការ​លើបញ្ហា​នេះ​ជា​បន្ទាន់។

. ពលរដ្ឋនៅ​តំបន់ព្រំដែន នៅខេត្តបន្ទាយមានជ័យ ទទូច​ដល់​អាជ្ញាធរធ្វើកាត​ព្រំដែនដល់​កម្មករនិង​អាជីវក​ដើម្បីងាយស្រួល​ចេញចូល​ប្រកប​មុខ​របរ​នៅ​ផ្សារ

កម្មករអូសរទេះ​ដឹកទំនិញ​នៅច្រក​ប៉ោយប៉ែតស្នើដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ធ្វើកាត​ព្រំដែនដើម្បី​សម្រួល​ដល់​ពួកគាត់​ប្រកប​របរ​ដោះស្រាយ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ។ សង្គមស៊ីវិល​យល់ឃើញ​ថា​អាជ្ញាធរ​គួរគិតគូរ​ដល់​កម្មករ​អាជីវក​ប្រចាំនៅ​ច្រកទ្វារ​ព្រំដែន​ដើម្បី​សម្រួលការ​ឆ្លងដែន​របស់​ប្រជាពលរដ្ឋ​នៅតំបន់​ព្រំដែន​ងាយស្រួល​ប្រកបមុខ​របររក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព។

. មន្ត្រីសង្គមស៊ីវិល​ជំរុញ​ឱ្យ​ពលរដ្ឋចេះគិត​ស៊ី​ជម្រៅ

មន្ត្រីអង្កការ​សង្គមស៊ីវិលនិងអ្នក​ពង្រឹង​សិទ្ធិអំណាច​យុវជនលើក​ឡើង​ថាប្រជាពលរដ្ឋ​ជាច្រើន​នៅ​មិន​ទាន់​ចេះ​គិត​ពិចារណា​ឱ្យ​បាន​ស៊ីជម្រៅ​នៅឡើយ​ទេដែល​ងាយក្លាយជា​ជនរងគ្រោះ​ដោយ​អំពើ​បោកប្រាស់​ផ្សេងៗ។ពួកគាត់​ជុំរុញ​ឱ្យ​ពលរដ្ឋត្រូវចេះ​គិត​ពិចារណា​ស៊ីជម្រៅដោយ​មាន​ហេតុផល​និង​ភស្តុតាងដើម្បីការពារ​ខ្លួន​ពីការ​បោកប្រាស់​ផ្សេងៗជាពិសេស​ពី​អ្នកនយោបាយ​ប្រជាភិថុតិ។ ដើម្បី​គិតឱ្យបាន​ស៊ីជម្រៅតើ​ប្រជាពលរដ្ឋ​ត្រូវ​មាន​ទម្លាប់និង​ការ​គិតបែប​ណាខ្លះ?

. កម្ពុជា​ប្រកាន់​ជំហរ​ប្រើប្រាស់​ពាក្យ គុនខ្មែរ លើ​វិញ្ញាសាប្រដាល់​ក្នុងការ​ប្រកួត​កីឡាស៊ីហ្គេម ​លើកទី​៣២ ដែលកម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ

អគ្គលេខាធិការ​គណៈកម្មាធិការជាតិ​រៀបចំការ​ប្រកួត​កីឡាស៊ីហ្គេម លើកទី៣២​ (CAMSOC)​ លោក វ៉ាត់ ចំរើន​ អះអាង​ថា កម្ពុជា​​ប្រកាន់​ជំហរ​ប្រើពាក្យ គុនខ្មែរ​ (Kun Khmer)​ ជំនួស​​ឱ្យ​ពាក្យ​ថា មួយថៃ ​(Muay Thai​) ​សម្រាប់​វិញ្ញាសាប្រកួតប្រដាល់បើ​ទោះបី​ភាគី​ថៃ​ពហិការ។ បើទោះជាយ៉ាង​ណា លោក វ៉ាត់ ចំរើន បាន​បញ្ជាក់ថា ការប្រកាស​មិន​ចូលរួម​បែប​នេះ ជាសិទ្ធិ សម្រេច​ របស់​ប្រទេស​ថៃ ហើយ​កម្ពុជា​ក៏នឹង​មិន​ចូលរួម​ការ​ប្រកួត​ព្រឹត្តិការណ៍ ដែលធ្វើឡើង​ក្រោម ឈ្មោះ ​«Muay Thai» ដូច​គ្នា​ដែរ។ លោកថា ពេលនេះ​មាន​ប្រទេស​ចំនួន​៦​ហើយ​ដែល​នឹង​ចូលរួម ប្រកួត​ក្រោម​វិញ្ញាសារ​គុនខ្មែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។