ប្រធានសហភាពសហជីពកម្ពុជាលោក រ៉ុង ឈុន ប្រកាសថា លោកនឹងដឹកនាំធ្វើធម្មយាត្រានៅសប្តាហ៍ក្រោយដើម្បីលើកកម្ពស់សីលធម៌សង្គម។ ទន្ទឹមនឹងនេះ លោកក៏អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរចូលរួម និងទទួលស្វាគមន៍ធម្មយាត្រានៅតាមដងផ្លូវឱ្យបានច្រើនកុះករ ដើម្បីលើកមុខមាត់ជាតិឡើងវិញ។ មន្ត្រីសង្គមស៊ីវិលជំរុញដល់អាជ្ញាធរជួយសម្របសម្រួល និងអនុញ្ញាតឱ្យហែធម្មយាត្រានោះដោយសន្តិវិធី។
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យប្រកាសថា ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន នឹងដឹងនាំធ្វើធម្មយាត្រាក្នុងគោលបំណងលើកកម្ពស់សីលធម៌សង្គមនៅថ្ងៃទី០១ ខែកុម្ភៈ ខាងមុខនេះ។ សេចក្តីជូនដំណឹងរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យចុះថ្ងៃទី២០ ខែមករា បានណែនាំដល់អ្នកចូលរួមធម្មយាត្រាត្រូវជួបជុំនៅម៉ោង៨ព្រឹក ស្ថិតនៅទីតាំងរូបសំណាកលោកយាយពេញនៅរាជធានីភ្នំពេញ។ លិខិតដដែលឱ្យដឹងថា ធម្មយាត្រាថ្មើរជើងនេះ នឹងហែតាមបណ្តោយផ្លូវជាតិលេខ៥ ឆ្ពោះទៅបូជនីយដ្ឋានប្រវត្តិសាស្រ្តលោកឧញ៉ា ឃ្លាំង មឿង នៅខេត្តពោធិ៍សាត់ ដោយឆ្លងកាត់ភូមិសាស្រ្តរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និងចុងក្រោយខេត្តពោធិ៍សាត់។ កម្មវិធីនោះ សមាគមនឹងថ្លែងសារសំខាន់ៗ និងរៀបចំពិធីបែបសាសនាដែរ។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៣ ខែមករាថា សព្វថ្ងៃសីលធម៌ក្នុងសង្គមខ្មែរកំពុងធ្លាក់ចុះខ្លាំង ជាពិសេសកើតចេញពីការថ្លែងសារអសុរោះរបស់ថ្នាក់ដឹកនាំប្រទេសទៅកាន់ស្រទាប់មហាជនទូទៅដែលបញ្ហានេះកំពុងជះឥទ្ធពលរអាក្រក់ដល់ប្រជាពលរដ្ឋ និងយុវជនខ្មែរ។ លោករំពឹងថា ធម្មយាត្រានេះនឹងក្លាយជាមធ្យោបាយមួយជួយជំរុញឱ្យមេដឹកនាំ និងពលរដ្ឋខ្មែរទាំងអស់មានសីលធម៌ និងចេះគោរពគ្នាទៅវិញទៅមកឡើងវិញ។
លោក រ៉ុង ឈុន៖«សូមឱ្យបងប្អូនជនរួមជាតិទាំងអស់មកចូលរួមឱ្យបានច្រើនកុះករ ជាពិសេសបងប្អូនជនរួមជាតិដែលរស់នៅតាមដងផ្លូវជាតិលេខ៥ សូមចូលរួមទទួលស្វាគមន៍ពេលឃើញក្បួនធម្មយាត្រារបស់យើងដង្ហែរឆ្លងកាត់នៅតាមតំបន់នីមួយៗហ្នឹង»។
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានរំឮកថា ការធ្វើធម្មយាត្រានេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ “សីលធម៌សង្គម” ដោយសារបច្ចុប្បន្នសីលធម៌សង្គមបានធ្លាក់ចុះខ្លាំង ស្របពេលមេដឹកនាំថ្លែងសន្ទរកថាម្តងៗ ប្រើពាក្យអសុរោះ ធ្វើទុក្ខបុកម្នេញ ចាប់ចងសកម្មជននយោបាយ សង្គម មេសហជីព និងអ្នកនយោបាយដាក់គុកតាមទំនើងចិត្ត។
កាលពីថ្ងៃទី១៦ ខែមករា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានដាក់លិខិតជូនដំណឹងទៅក្រសួងមហាផ្ទៃ ដើម្បីរៀបចំការហែធម្មយាត្រាពីរាជធានីភ្នំពេញទៅខេត្តពោធិ៍សាត់ តែរហូតមកដល់ពេលនេះក្រសួងមហាផ្ទៃមិនទាន់ឆ្លើយតបលិខិតនោះនៅឡើយ។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ថ្លែងថា សមាគមនឹងជួបជុំតាមការគ្រោងទុក បើទោះបីអាជ្ញាធរមិនឆ្លើយតបក៏ដោយ។ អ្នកស្រីមើលឃើញថា សីលធម៌សង្គមបានធ្លាក់ចុះ តាមរយៈការជេរប្រមាថ និងគំរាមកំហែងបែបហិង្សាជាសាធារណៈដែលបង្កផលប៉ះពាល់ដល់សង្គមគួរឱ្យព្រួយបារម្ភ។ អ្នកស្រីសង្ឃឹមថា ធម្មយាត្រាខាងមុខនេះនឹងចូលរួមទប់ស្កាត់ការប្រតិបត្តិប្រាចាកពីសីលធម៌ដ៏ល្អផូរផង់ក្នុងសង្គមកាលពីអតីតកាល។ អ្នកស្រីអំពាវនាវដល់ពលរដ្ឋ គ្រូបង្រៀន យុវជនចូលរួមនិងទទួលស្វាគមន៍ដំណើរធម្មយាត្រាឱ្យបានកុះករ ដើម្បីមុខមាត់និងផលប្រយោជន៍កម្ពុជា។
អ្នកស្រី អ៊ុក ឆាយ៉ាវី៖«សមាគមរបស់យើងគ្រាន់តែអំពាវនាវហើយពួកគាត់បរិច្ចាគ លះបង់ខ្លួនឯងដើម្បីធ្វើយ៉ាងណាឱ្យមានសីលធម៌សង្គម ពីព្រោះពួកយើងអត់បានគ្រោងឱ្យថ្លៃហូបចុកទេ គឺការលះបង់របស់បងប្អូនប្រជាពលរដ្ឋ យើងសង្ឃឹមថាមានប្រជាពលរដ្ឋជាច្រើនដូចជាលោកគ្រូ អ្នកគ្រូ យុវជន លះបង់ដើរធម្មយាត្រាជាមួយសមគមគ្រូបបង្រៀនកម្ពុជាឯករាជ្យនៅថ្ងៃទី១ កុម្ភៈខាងមុខនេះ»។
វិទ្យុអាស៊ីសេរីពុំអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័ក ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២៣ ខែមករា។
ទោះយ៉ាងណាប្រជាពលរដ្ឋខ្មែរមានសិទ្ធិក្នុងការតវ៉ាសម្ដែងមតិចំពោះអ្វីដែលមិនពេញចិត្ត និងសុំឲ្យមានដំណោះស្រាយ។ រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា ២ នៃច្បាប់ស្ដីពីបាតុកម្មដោយសន្តិវិធីចែងថា ច្បាប់នេះមានគោលបំណងធានាការពារសេរីភាពខាងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋខ្មែរ តាមរយៈការធ្វើបាតុកម្មដោយសន្តិវិធី។ មាត្រា ៤ នៃច្បាប់ស្ដីពីបាតុកម្មដោយសន្តិវិធីដដែលចែងថា បាតុកម្មដោយសន្តិវិធី សំដៅលើការប្រមូលផ្ដុំគ្នា ឬការដង្ហែក្បួន ដោយមនុស្សមួយក្រុម ដើម្បីទាមទារ តវ៉ា សម្ដែងជាសាធារណៈនូវមនោសញ្ចេតនា គំនិត ឬឆន្ទៈរបស់ខ្លួនតាមរូបភាព ឬមធ្យោបាយផ្សេងៗដោយសន្តិវិធី។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ(Licahdo) លោក អំ សំអាត មានប្រសាសន៍ថា ធម្មយាត្រាលើកសីលធម៌សង្គមនេះ គឺជាការអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិដែលកម្ពុជាទទួយកមកអនុវត្ត។ លោកយល់ថា កម្មវត្ថុដែល អប់រំការយល់ដឹងរបស់ប្រជាពលរដ្ឋឱ្យជៀសវាងអំពើហិង្សាផ្លូវកាយផ្លូវចិត្តបែបនេះជារឿងល្អក្នុងសង្គមដែលអាជ្ញាធរមានសមត្ថកិច្ចគួរជួយសម្របសម្រួល និងអនុញ្ញាតឱ្យសមាគមនគ្រូបង្រៀនកម្ពុជាឯករាជ្យធ្វើធម្មយាត្រាដោយសន្តិវិធី។
លោក អំ សំអាត៖«គោលបំណងនៃការធ្វើធម្មយាត្រនេះ វាមិនមានអ្វីខុសច្បាប់ ឬបង្កអ្វីទេ តែផ្ទុយទៅវិញវាជាការលើកកម្ពស់សេរីភាពជាមូលដ្ឋាន ឬជាការអប់រំឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរបានយល់ដឹង ហើយងាកមកទម្រង់នៃអហិង្សាដោយមិនជ្រើសរើសនូវអំពើហិង្សាណាមួយនោះទេបាទ»។
កន្លងមកសង្គ្រាមក្បាលមេក្រូរបស់អ្នកនយោបាយ ដែលឈានទៅដល់ការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ ដូចជាការជេរប្រមាថ ការគំរាមកំហែងបង្កប់ទៅដោយអំពើហិង្សា ជាទូទៅគឺផ្ដើមចេញពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ជាឧទាហរណ៍ ក្នុងជម្លោះនយោបាយរវាងមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ជាមួយនឹងអតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី កន្លងមក ដែលលោក ហ៊ុន សែន បានប្រើភាសាជេរប្រមាថទៅលើលោក សម រង្ស៊ី ថា ជាជនក្បត់ជាតិ៣ជំនាន់ជាដើម។ បើទោះបី លោកហ៊ុន សែន និយាយពាក្យអសុរោះជេរប្រមាថអ្នកដទៃយ៉ាងនេះក្ដី ក៏មន្ត្រីហែហមដែលអង្គុយនៅពីក្រោយលោក បែរជានាំគ្នាទះដៃសាទរសកម្មភាពគ្មានសីលធម៌របស់មេដឹកនាំរូបនេះទៅវិញ៕