កូនប្រុសរដ្ឋមន្ត្រីក្រសួងដែនដី លោក ជា សុផារ៉ា លក់ផ្ទះប្រណិតអូស្ត្រាលីតម្លៃជាង៣២លានដុល្លារ
2023.05.05

កូនប្រុសរដ្ឋមន្ត្រីក្រសួងដែនដី លោក ជា សុផារ៉ា និងជារដ្ឋលេខាធិការក្រសួងនេះដែរនោះ គឺលោក ផារ៉ា មង្គល បានលក់ផ្ទះប្រណិតរបស់ខ្លួនតម្លៃជាង ៣២លានដុល្លារសហរដ្ឋអាមេរិកប្រទេសអូស្ត្រាលី (Australia)។ មន្ត្រីបក្សប្រឆាំងសង្ស័យថា មន្ត្រីរដ្ឋាភិបាលរដ្ឋាភិបាលមានលុយរាប់លានដុល្លារទិញផ្ទះលក់ផ្ទះនៅក្រៅប្រទេសបែបនេះ ទំនងបានលុយពីអំពើពុករលួយ។
រដ្ឋលេខាធិការក្រសួងដែនដី លោក ផារ៉ា មង្គល ដែលទើបឡើងតំណែងថ្មីនៅក្រសួង ដែលជារបស់ឪពុកលោកគ្រប់គ្រង ចំណេញលុយជាង ២០លានដុល្លារ ពីការលក់ផ្ទះប្រណិតរបស់ខ្លួននៅកណ្ដាលទីក្រុងស៊ីដនី (Sydney) ប្រទេសអូស្ត្រាលី។
សារព័ត៌មានអូស្ត្រាលី Sydney Morning Herald និងសារព័ត៌មានបរទេសមួយចំនួនទៀត ចុះផ្សាយកាលពីថ្ងៃទី៤ ខែឧសភា ឱ្យដឹងថា លោក ផារ៉ា មង្គល បានទិញផ្ទះនេះ កាលពីឆ្នាំ២០១៥ តែតម្លៃជាង១១លានដុល្លារ តែពេលនេះលោកលក់ផ្ទះនេះវិញបាន ចំណេញជិត ៣ដងនៃប្រាក់ដើម គឺបានតម្លៃជាង ៣២លានដុល្លារ។ ផ្ទះប្រណិតនោះ សង់តាមបណ្ដោយមាត់សមុទ្រ កាលពីអំឡុងឆ្នាំ១៩៦០។
លោក ផារ៉ា មង្គល ក្រោយទិញផ្ទះហើយ បានជួសជុលដោយបង្កើតឱ្យមានកន្លែងហាត់ប្រាណ អាងហែលទឹក ស្ប៉ា និង សូណា ជាដើម។ លោក ផារ៉ា មង្គល បានប្រើប្រាស់ប្រាក់ផ្ទាល់ខ្លួនទិញផ្ទះលោក ដោយមិនខ្ចីធនាគារនោះទេ។
លោក ផារ៉ា មង្គល មានប្រពន្ធឈ្មោះ តាវ ម៉ាឌីណា លោកស្រី ជាកូនស្រី អតីតរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ គឺលោក តាវ សេងហ៊ួរ។ លោកស្រី តាវ ម៉ាឌីណា ក៏មានភូមិគ្រឹះមួយនៅទីក្រុងស៊ីដនី តម្លៃជាង ១១ដុល្លារដែរ។
ពាក់ព័ន្ធនឹងមន្ត្រីរដ្ឋាភិបាលដែលមានប្រាក់រាប់លានដុល្លារទិញផ្ទះនៅបរទេសនោះ មន្ត្រីអង្គការសង្គមស៊ីវិលបង្ហាញក្ដីកង្វល់ជុំវិញបញ្ហានេះ។
ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា សង្កេតឃើញថា បើផ្អែកតួនាទីរបស់កូនប្រុស លោក ជា សុផារ៉ា អាចទទួលប្រាក់ខែពីរដ្ឋជាង៥០០ដុល្លារ ដូច្នេះ លោកថា ការដែលមន្ត្រីរដ្ឋាភិបាល រូបនេះមានលុយរាប់លានដុល្លារ ទៅទិញផ្ទះនៅក្រៅប្រទេស នាំឱ្យមានចម្ងល់ថា តើពួកគេបានលុយពីណាមក?។ មន្ត្រីសិទ្ធិមនុស្សរូបនេះលើកឡើងទៀតថា បញ្ហានេះ នឹងនាំឱ្យមានការបារម្ភថា លុយដែលពួកគេមានអាចជាប់ពាក់ព័ន្ធ នឹងការលាងលុយកខ្វក់ អំពើពុករលួយ ឬជាប់ពាក់ព័ន្ធនឹងជំនួញមិនស្របច្បាប់ជាដើម។ លោក រស់ សុដ្ឋា ចង់ឃើញថា អង្គការប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេតករណីនេះ លើមន្ត្រីរដ្ឋាភិបាលដែលមានលុយរាប់លានដុល្លារទាំងនោះ។
លោក រស់ សុដ្ឋា៖ «ការចង់ឃើញនោះគឺចង់ឃើញមែនណាស់ទៅហើយដែលស្ថាប័នរដ្ឋ សមត្ថកិច្ចរដ្ឋាភិបាល ពិសេសអង្គភាពប្រឆាំងអំពើពុករលួយចាត់វិធានការចំពោះមន្ត្រីពុករលួយព្រោះនេះជាជំងឺមហារីកនៃយុត្តិធម៌ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ប្រសិនជាយើងមិនព្យាបាលមហារីកហ្នឹងទេ ខ្លួនរូបកាយរបស់យើងនឹងត្រូវរលួយ»។
ពាក់ព័ន្ធរឿងនេះដែរ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោក ម៉ន ផល្លា ដែលកំពុងភៀសខ្លួននៅក្រៅប្រទេស សង្ស័យថា មន្ត្រីរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ដែលមានលុយរាប់លានដុល្លារទៅទិញផ្ទះនៅក្រៅប្រទេសបែបនេះ ទំនងជាប់ព័ន្ធនឹងអំពើពុករលួយ។ ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញរូបនេះ យល់ថា មន្ត្រីជាន់ខ្ពស់របស់លោក ហ៊ុន សែន ដែលទិញផ្ទះនៅក្រៅប្រទេសជាបន្តបន្ទាប់បែបនេះ ព្រោះពួកគេត្រៀមរត់ចោលលោក ហ៊ុន សែន ប្រសិនបើបក្សកាន់អំណាចចាញ់ឆ្នោតនៅពេលណាមួយ។
លោក ម៉ន ផល្លា៖ «មន្ត្រីពុករលួយទាំងនោះដែលយកលុយរាប់សិបលានដុល្លារទៅទិញផ្ទះនៅក្រៅប្រទេសពួកគាត់មិនទុកត្រកូលនាពេលបច្ចុប្បន្ននេះទេបាទ ហេតុដូច្នេះហើយគាត់ត្រូវតែរកកន្លែងណាមួយ ដើម្បីពួកគាត់មានកន្លែងជ្រកកោន។
ទាក់ទងរឿងនេះវិទ្យុអាស៊ីសេរីមិនអាចសុំការបកស្រាយពី លោក ជា សុផារ៉ា និងលោក ផារ៉ា មង្គល បានទេ នៅថ្ងៃទី៥ ខែឧសភា។ រីឯអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន សុំមិនបកស្រាយរឿងនេះ ព្រោះលោកថា ជារឿងបុគ្គល។ ទោះយ៉ាងណាក្ដី លោក សុខ ឥសាន ចោទប្រកាន់ថា សារព័ត៌មានបរទេសដែលចុះរឿងនេះ ជាការផ្សាយខុសពីការពិត។
លោក សុខ ឥសាន៖ «ទេ! ថា ខ្ញុំមិននិយាយពីឯកជនភាពរបស់គេទេ កាសែតបរទេសហ្នឹងចេះតែបំផ្លើសការពិតណា ខ្ញុំមិនអាចជឿតាមការផ្សាយកាសែតហើយមកនិយាយជំនួសទេ»។
លោក ផារ៉ា មង្គល ជាមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលម្នាក់ ក្នុងចំណោមមន្ត្រីជាន់ខ្ពស់ ឈ្មួញរបស់កម្ពុជា ១៤នាក់ និងក្រុមគ្រួសារត្រកូលក្រុមគ្រួសារ ដែលកំពុងកាន់កាប់ទ្រព្យសម្បត្តិតម្លៃរាប់សិបលានដុល្លារ នៅប្រទេសអូស្ត្រាលី។ ទ្រព្យធនរបស់ពួកគេ មានដូចជា អចលនទ្រព្យ និងផលប្រយោជន៍ពីការវិនិយោគលើជំនួញ ឬអាជីវកម្មផ្សេងៗ ទៀត។ អ្នកទាំងនោះរួមមាន សមាជិកក្រុមគ្រួសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សមាជិកព្រឹទ្ធសភា លោក ឡាវ ម៉េងឃីន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន កូនប្រុសលោក ជា សុផារ៉ា ជាដើម។ ការលក់ផ្ទះរបស់ លោក ផារ៉ា មង្គលនេះក្រោយពេល ដែលសភាអូស្ត្រាលី កាលពីចុងឆ្នាំ២០២១ បានអនុម័តច្បាប់ដាក់ទណ្ឌកម្ម មន្ត្រីរដ្ឋាភិបាលបរទេស ដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ប្រព្រឹត្តអំពើពុករលួយ និងការធ្វើឱ្យប៉ះពាល់ដល់ដំណើរការអភិបាលកិច្ចល្អ និងនីតិរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។