បក្ស​កាន់អំណាច​ច្រាន​ចោល​ការ​លើកឡើង​របស់​ប្រមុខ​អ.ស.ប​អំពី​ការបោះឆ្នោត​នៅ​កម្ពុជា

ដោយ ទីន ហ្សាការីយ៉ា
2023.06.03
បក្ស​កាន់អំណាច​ច្រាន​ចោល​ការ​លើកឡើង​របស់​ប្រមុខ​អ.ស.ប​អំពី​ការបោះឆ្នោត​នៅ​កម្ពុជា អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio Guterres) ថ្លែង​ក្នុង​កិច្ច​ប្រជុំ កាល​ពី​ខែ​តុលា ឆ្នាំ​២០១៦។
Photo courtesy of UN.ORG

គណបក្ស​កាន់អំណាច និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ហៅ​កាត់​ថា គ..ប ច្រានចោល​ការ​លើក​ឡើង​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ដែល​ថា ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ក្នុង​ពេល​ខាងមុខនេះ ធ្វើឡើង​ដោយ​មិន​មាន​សេរី មិន​ពហុបក្ស និង​ប៉ះពាល់​ដល់​សិទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រជាពលរដ្ឋ ដោយសារតែ​គ្មាន​ការ​ចូលរួម​ពី​គណបក្ស​ភ្លើង​ទៀន។ ចំណែក គណបក្ស​ភ្លើងទៀន​ខ្លួនឯង​ក៏​យល់​ឃើញ​ថា ដើម្បី​ធានា​ឱ្យ​ការបោះឆ្នោត​ប្រកប​ដោយ​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ គណបក្ស​នេះ​ត្រូវតែ​បានការ​អនុញ្ញាត​ឱ្យ​ចូល​រួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​ក្នុង​ខែ​កក្កដា ខាងមុខ​នេះ​ដែរ។

គណបក្ស​កាន់អំណាច និង​គ​.​ជ​.​ប ចាត់ទុកថា​ការ​លើកឡើង​របស់​អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio Guterres) ដែល​ថា ការ​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​ភ្លើងទៀន​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ក្នុង​ខែ​កក្កដា ខាងមុខ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រជាពលរដ្ឋ​នោះ គឺ​មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​នោះ​ទេ។

អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន អះអាង​នៅ​ថ្ងៃទី​២ ខែ​មិថុនា ថា ការ​លើកឡើង​របស់​អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio Guterres) មិន​បាន​ផ្សា​ភ្ជាប់​អំពី​មូលហេតុ​ពិតប្រាកដ ដែល​ធ្វើ​ឱ្យ​គណបក្ស​ភ្លើងទៀន​មិន​អាច​ចូលរួម​ការ​បោះឆ្នោត​នោះ​ឡើយ។

លោក សុខ ឥសាន៖ «យើង​ចាត់ទុក​ថា ជា​ការ​យល់ឃើញ​របស់​គាត់ ហើយ​ចាត់ទុក​ថា ជា​សិទ្ធិ​បញ្ចេញមតិ​របស់​គាត់ ក៏ប៉ុន្តែ​សិទ្ធិ​បញ្ចេញមតិ​របស់​គាត់​ហ្នឹង​មិន​បាន​ផ្សា​ភ្ជាប់​ទៅ​ការ​ពិត​ជាក់ស្ដែង ដោយ​រក​មូលហេតុ​ថា មូលហេតុ​ដើម​ថា ហេតុ​អី​បាន​ជា​គណបក្ស​ភ្លើងទៀន​មិន​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត»

រីឯ​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ..ប លោក ហង្ស ពុទ្ធា លើកឡើង​ថា អវត្តមាន​គណបក្ស​ភ្លើងទៀន​នៅក្នុង​ការ​បោះឆ្នោត មិន​មាន​ផល​ប៉ះពាល់​ដល់​ភាព​ត្រឹមត្រូវ និង​សេរី​ពហុបក្ស ក្នុង​ការ​បោះឆ្នោត​នោះ​ឡើយ។ លោក​នៅតែ​បន្ត​អះអាង​ថា ការ​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​ភ្លើងទៀន​ចូលរួម​ការបោះឆ្នោត គឺជា​ការអនុវត្ត​ច្បាប់​បោះឆ្នោត។

លោក ហង្ស ពុទ្ធា៖ «ជា​នីតិរដ្ឋ​បាន​ន័យ​ថា គោរព​ច្បាប់ ហើយ​ប្រសិនបើ​មាន​គណបក្ស​មួយ​នោះ​លោក​អត់​មាន​ឯកសារ​ត្រឹមត្រូវ​សម្រាប់​ការ​ចុះបញ្ជី​គណបក្ស នោះ គ​.​ជ​.​ប ក៏​មិន​អាច​ទទួល​យក​បាន​ដែរ អ៊ីចឹង​ជា​នីតិវិធី​ត្រូវធ្វើ​ការ​បដិសេធ​យ៉ាង​នេះ​ហើយ ហើយ​នេះ​គឺជា​យុត្តិធម៌ សម្រាប់​គណបក្ស​នយោបាយ​១៨​ទៀត ដែល​លោក​បាន​ដាក់​ឯកសារ​ត្រឹមត្រូវ»

ប្រតិកម្ម​ឆ្លើយតប​ទាំង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​អ្នកនាំពាក្យ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក ស្ទេហ្វាន ឌូហ្សារីគ (Stéphane Dujarric) បាន​បញ្ជាក់​ទៅ​កាសែត នៅ​ក្នុង​ពេល​សង្ខេប​ព័ត៌មាន​នៅ​ថ្ងៃទី​៣១ ខែ​ឧសភា​ថា អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស បាន​លើកឡើង​ជាថ្មី​ម្ដង​ទៀត​ថា ភាព​ពហុបក្ស និង​ប្រការ​ដែល​អ្នកបោះឆ្នោត​មាន​សិទ្ធិ​អាច​ជ្រើសរើស​គណបក្ស​ដែល​ខ្លួន​ពេញចិត្ត គឺ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ធ្វើ​ឱ្យ​ដំណើរការ​បោះឆ្នោត​អាច​ទុកចិត្ត​បាន និង​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ត្រូវ​បាន​ធានា​។ លោក ស្ទេហ្វាន ឌូហ្សារីគ ក៏បាន​រម្លឹក​សម្ដី​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ដែល​បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​កាល​ពី​ឆ្នាំ​២០២២ ដែល​គាត់​បាន​លើក​ឡើង​អំពី​សារៈសំខាន់​ក្នុង​ការ​បើក​លំហ​សេរីភាព​ពលរដ្ឋ ការ​ការពារ​អ្នក​ការពារ​សិទ្ធិមនុស្ស និង​សេរីភាព​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​ការ​អភិវឌ្ឍ​ដោយ​និរន្តរភាព ការផ្សះផ្សា និង​សន្តិភាព​ពិតប្រាកដ។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន លោក គីមសួរ ភីរិទ្ធិ យល់​ឃើញ​ថា ការ​លើកឡើង​របស់​អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស គឺជា​ការ​បង្ហាញ​ក្ដី​បារម្ភ​អំពី​ការ​រំលោភ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ដែល​គាំទ្រ​គណបក្ស​ភ្លើងទៀន​ជិត ២​លាន​នាក់ កាល​ពី​ការ​បោះឆ្នោត​ឃុំ សង្កាត់ កាលពី​ឆ្នាំ​២០២២។ ជាមួយ​គ្នា​នេះ លោក​បន្ថែម​ថា រដ្ឋាភិបាល​ក៏​គួរ​ពិចារណា​អនុញ្ញាត​ឱ្យ​គណបក្ស​ភ្លើងទៀន​ចូលរួម​ការបោះឆ្នោត​ឡើងវិញ ដើម្បី​ជៀសវាង​ការ​ថ្កោលទោស​ពី​ស្ថាប័ន​អន្តរជាតិ និង​បណ្ដាល​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ។

លោក គីមសួរ ភីរិទ្ធិ៖ «ទី​១ វា​ស​បញ្ជាក់​ថា គណបក្ស​ដទៃទៀត​មិន​ខ្លាច​រអា​វត្តមាន​ចូលរួម​របស់​គណបក្ស​ភ្លើងទៀន​ទេ ហើយ​គណបក្ស​ភ្លើងទៀន​ហ្នឹង​ក៏​សប្បាយចិត្ត​ដែរ យើង​មិន​គិត​ថា​ការ​បោះឆ្នោត​ហ្នឹង​យើង​មិន​សុទ្ធតែ​ឈ្នះ​ទាំងអស់​ទេ វា​អាច​មាន​ចាញ់​មាន​ឈ្នះ ប៉ុន្តែ​យ៉ាងណាក៏ដោយ យើង​មាន​ឱកាស​ចូលរួម​ប្រកួតប្រជែង​ក្នុងនាម​យើង​គណបក្ស​នយោបាយ​មួយ​ស្របច្បាប់ ហើយ​ជាពិសេស​គឺ​មាន​សំឡេង​គាំទ្រ​ការបោះឆ្នោត​ឃុំ​សង្កាត់​កន្លង​ទៅ​។ យើង​នៅតែ​ទទូច​សុំ​អាជ្ញាធរ​ពាក់ព័ន្ធ​ផ្សេងៗ រួម​ទាំង គ​.​ជ​.​ប ក៏ដូចជា​ក្រុមប្រឹក្សាធម្មនុញ្ញ​ហ្នឹង​ពិចារណា​ឡើងវិញ​ពី​ការ​ផ្ដល់​ឱ្យ​គណបក្ស​ភ្លើងទៀន អាច​ចុះបញ្ជី​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ។

របប​របស់​លោក ហ៊ុន សែន ដែល​មាន​កេរ្តិ៍ឈ្មោះ​អាក្រក់​ខាង​មិន​គោរព​សិទ្ធិមនុស្ស និង​ការ​កម្ទេច​គណបក្សប្រឆាំង​ជា​បន្តបន្ទាប់​នោះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ប្រើប្រាស់​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត គ..ប ស្ថិត​ក្រោម​ឥទ្ធិពល​របស់​ខ្លួន យក​លេស​បញ្ហា​បច្ចេកទេស ដើម្បី​រារាំង​គណបក្ស​ភ្លើងទៀន​ដែល​ជា​បក្ស​ប្រឆាំង​តែមួយ​គត់ ដែល​អាច​មាន​លទ្ធភាព​ប្រកួតប្រជែង​ជាមួយ​បក្ស​កាន់​អំណាច​នោះ មិន​ឲ្យ​ចូលរួម​ការបោះឆ្នោត​នៅ​ខែកក្កដា​ខាងមុខ។

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​ផ្នែក​ច្បាប់​នៃ​អង្គការ​សង់ត្រាល់ (CENTRAL) លោក វន ចាន់ឡូត យល់​ឃើញ​ថា ការ​លើកឡើង​របស់​អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស បញ្ជាក់​អំពី​ស្ថានភាព​អន់ថយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​សិទ្ធិ​នយោបាយ និង​សេរីភាព​ការងារ​របស់​អង្គការ​សង្គម​ស៊ីវិល ហើយ​និង​សកម្មជន​សិទ្ធិមនុស្ស​ត្រូវ​បាន​រឹតត្បិត និង​រង​ការ​រំលោភបំពាន​ធ្ងន់ធ្ងរ​ផង​ដែរ។

លោក វន ចាន់ឡូត៖ «ក៏​ជា​ការ​បញ្ជាក់​ថា ការបោះឆ្នោត​ក្នុង​ពេល​ខាងមុខ​ជា​ការ​បោះឆ្នោត​មួយ​ដែល​មិន​មាន​នូវ​យុត្តិធម៌ ត្រឹមត្រូវ ដោយសារតែ​អវត្តមាន​នៃ​បក្ស​ប្រឆាំង​ដែល​សហគមន៍​អន្តរជាតិ ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​មើល​ឃើញ​ថា សក្ដិសម​នឹង​ប្រកួតប្រជែង​ជាមួយ​ហ្នឹង​បក្ស​ប្រជាជន​កម្ពុជា គឺ​គណបក្ស​ដែល​កំពុងតែ​កាន់អំណាច​ហ្នឹង»

ការរារាំង​គណបក្ស​ភ្លើងទៀន​នេះ សហរដ្ឋអាមេរិក (USA) ស្ថានទូត​បារាំង (France) អូស្ត្រាលី (Australia) និង​សហភាព​អឺរ៉ុប​(EU) ក៏បាន​បញ្ចេញ​ប្រតិកម្ម​ជា​បន្តបន្ទាប់ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន បើក​ឲ្យ​គណបក្ស​ភ្លើងទៀន ចូលរួម​ការបោះឆ្នោត​ឡើងវិញ និង​បញ្ជាក់​ថា គណបក្ស​មួយ​ដែល​មិនអាច​ចុះបញ្ជី​ចូលរួម​ការបោះឆ្នោត​បាន នោះ​មិនមែន​ជា​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ​ទេ​។ កន្លង​ទៅ សហភាព​អឺរ៉ុប​ក៏បាន​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បន្ថែម​ទៀត ប្រសិនបើ​រដ្ឋាភិបាល ហ៊ុន សែន មិន​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស ព្រមទាំង​បន្ត​បិទ​សិទ្ធិ​គណបក្ស​ប្រឆាំង​មិន​ឲ្យ​ចូលរួម​ការបោះឆ្នោត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ស្នើ​ឱ្យ​អង្គការ​សហប្រជាជាតិ​កុំ​ទទួល​ស្គាល់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។