មន្ត្រីបក្សកាន់អំណាចថា ការដោះដូរតួនាទីរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងក្រសួងអធិការកិច្ច គឺដើម្បីបង្កើនប្រសិទ្ធភាពការងារ
2024.09.20
មន្ត្រីគណបក្សប្រជាជនកម្ពុជា អះអាងថា ការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ឱ្យលោក ហួត ហាក់ មកជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯលោក សុខ សូកេន មកជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច នៅពេលនេះ គឺដើម្បីបង្កើនប្រសិទ្ធភាពការងារនៅក្នុងក្រសួងទាំងពីរ។ ប៉ុន្តែ អ្នកឃ្លាំមើលលើកឡើងថា ការផ្លាស់ប្ដូរនេះ នឹងមិនអាចបង្កើនប្រសិទ្ធភាពការដឹកនាំឡើយ ព្រោះរដ្ឋមន្ត្រីនៃក្រសួងទាំង២ កើតចេញពីរដ្ឋាភិបាលពុករលួយ ដែលផ្ទេរអំណាចតាមសែស្រឡាយ បក្ខពួកនិយម។
បន្ទាប់ពីគ្រប់គ្រងប្រទេសបានជាងមួយឆ្នាំ ពេលនេះរដ្ឋាភិបាលនីតិកាលទី៧ របស់លោក ហ៊ុន ម៉ាណែត បានចាប់ផ្ដើមកែសម្រួលសមាសភាពរាជរដ្ឋាភិបាលជាលើកដំបូង ដោយផ្ទេរតួនាទីរបស់រដ្ឋមន្ត្រី ២រូប ឱ្យដូរកៅអីគ្នាអង្គុយ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅមណ្ឌលខេត្តសៀមរាប លោក អ៊ុំ សំអាន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២០ ខែកញ្ញាថា ការផ្លាស់ប្ដូរនេះ ទំនងកើតចេញពីការរិះគន់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សុខ សូកេន ថា គ្មានសមត្ថភាពដឹកនាំធ្វើឱ្យវិស័យទេសចរណ៍នៅកម្ពុជាធ្លាក់ចុះ ស្របពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទើបចុះទៅមើលស្ថានភាពដោយផ្ទាល់នៅខេត្តសៀមរាប កាលពីពេលថ្មីៗនេះ។
លោក អ៊ុំ សំអាន៖ «ដោយសារតែកម្ពុជាមានការជួញដូរមនុស្ស មានការចាប់ជំរិតជាច្រើន ហើយក៏មានការបង្ខាំងមនុស្សឱ្យឆបោកតាមប្រព័ន្ធអនឡាញច្រើន ហើយមានអំពើពុករលួយក៏ច្រើន។ ដល់អ៊ីចឹងធ្វើឱ្យភ្ញៀវទេសចរដែលចង់មកលេងកម្ពុជាហ្នឹង មានការថយចុះមកច្រើនទៀត។ មូលហេតុទាំងអស់ហ្នឹងហើយ ដែលកម្ពុជាមិនអាច ធ្វើម៉េចទាក់ទាញភ្ញៀវទេសចរឱ្យមកលេងច្រើននោះទេ។ ដូច្នេះទោះបីដូររដ្ឋមន្ត្រីពីរនាក់ហ្នឹងក៏មិនអាចទាក់ទាញភ្ញៀវទេសចរមកលេងកម្ពុជានោះទេ»។
ការថ្លែងបែបនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋសភាកម្ពុជា ដឹកនាំដោយប្រធានរដ្ឋសភា អ្នកស្រី ឃួន សុដារី នៅថ្ងៃទី២០ ខែកញ្ញា បានបើកកិច្ចប្រជុំវិសាមញ្ញ ស្តីពីការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ដោយបោះឆ្នោតផ្លាស់ប្ដូររដ្ឋមន្ត្រីក្រសួងចំនួន២ គឺលោក ហួត ហាក់ មកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ រីឯលោក សុខ សូកេន មកកាន់ជារដ្ឋមន្ត្រីក្រសួងអធិការកិច្ចវិញ ដោយមានសំឡេងសមាជិកសភាគាំទ្រទាំង១០៦។ ការកែសម្រួលនេះ ធ្វើឡើងតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
ទាក់ទិនរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វិទ្យុអាស៊ីសេរី ថា ការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងក្រសួងអធិការកិច្ច គឺដើម្បីពង្រឹងការដឹកនាំរបស់រដ្ឋាភិបាល និងប្រសិទ្ធភាពការងារនៃក្រសួងទាំង២។ លោក សុខ ឥសាន លើកឡើងថា មូលហេតុដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្រេចជ្រើសរើសយក លោក សុខ សូកេន និងលោក ហួត ហាក់ នៅក្នុងចំណោមរដ្ឋមន្ត្រីទាំង ៣០នាក់នោះ គឺដោយសារមានការទុកចិត្តពីថ្នាក់ដឹកនាំកំពូល។
លោក សុខ ឥសាន៖ «រឿងរដ្ឋមន្ត្រីដឹកនាំក្រសួងនីមួយៗ មិនសំខាន់ ទៅលើមានជំនាញទេ។ រដ្ឋមន្ត្រីមិនចាំបាច់មានជំនាញទេ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួនណា មិនមែនជាអ្នកជំនាញខាងពាណិជ្ជកម្ម។ តែបញ្ហាសំខាន់គឺស្ថិតនៅលើការប្ដេជ្ញាចិត្ត ហើយនិងទទួលខុសត្រូវលើតួនាទីភារកិច្ច ដែលឱ្យតែរដ្ឋាភិបាលប្រគល់ការទុកចិត្តឱ្យដឹកនាំក្រសួង»។
ទោះជាយ៉ាងណា អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ យល់ឃើញថា ការផ្លាស់ប្ដូរតួនាទីរបស់រដ្ឋមន្ត្រីទាំងពីររូបនេះ គឺជាសេណារីយោ កែប្រែស្ថានការណ៍នយោបាយ របស់គណបក្សកាន់អំណាច ដើម្បីបិទបាំងពីអសមត្ថភាពរបស់រដ្ឋាភិបាល និងរក្សាស្ថិរភាពអំណាច របស់គ្រួសារត្រកូល ហ៊ុន។
លោក គឹម សុខ៖ «អាចថាលោក ហួត ហាក់ គឺជាបុគ្គលដែលសម្បូរគំនិតបង្កើតព្រឹត្តិការណ៍ ដើម្បីបិទបាំងអសមត្ថភាពដឹកនាំទេសចរណ៍ របស់រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត។ ដាក់លោក សុខ សូកេន ឱ្យទៅធ្វើជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច លោក សុខ សូកេន គឺជាសេណារីយោអំណាចរបស់ក្រុមគ្រួសារត្រកូលហ៊ុន តែម្ដង។ អាចងាយស្រួលសម្រាប់លោក ហ៊ុន ម៉ាណែត បញ្ជាជាលក្ខណៈ បុគ្គលតែម្ដង ឱ្យស៊ើបអង្កេតទៅលើមន្ត្រីរដ្ឋាភិបាលទាំងឡាយណា ដែលមិនពេញចិត្តនឹងការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត»។
មន្ត្រីបក្សប្រឆាំងនិងអ្នកឃ្លាំមើល លើកឡើងថា ការដូរកន្លែងគ្នាអង្គុយរបស់រដ្ឋមន្ត្រីទាំងពីរនេះ មិនមែនជាកំណែទម្រង់ដែលអាចជួយបង្កើនប្រសិទ្ធភាពការងារក្នុងស្ថាប័នរដ្ឋនោះទេ ប្រសិនបើរដ្ឋាភិបាល នៅតែដឹកនាំប្រទេសតាមបែបផ្ដាច់ការ ពុករលួយ និងបក្ខពួកនិយម គ្រួសារនិយមដូចសព្វថ្ងៃនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។