បក្ស​កាន់​អំណាច​ជំរុញ​​​ឱ្យ​មន្ត្រី​សង្គ្រោះ​ជាតិ​សុំ​សិទ្ធិ​នយោបាយ​បង្កើត​បក្ស​ថ្មី ប្រជែង​ការ​បោះ​ឆ្នោត

0:00 / 0:00

គណបក្ស​ប្រជាជន​កម្ពុជា​​ជំរុញ​ឱ្យ​ក្រុម​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់​បម្រាម សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ដើម្បី​បង្កើត​គណបក្ស​ថ្មី ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ។ គណបក្ស​សង្គ្រោះ​ជាតិ​ជឿ​ថា នេះ​ជា​ចេតនា​ចង់​បាន​របស់​បក្ស​កាន់​អំណាច​ជា​យូរ​មក​ហើយ ដើម្បី​ជួយ​ឱ្យ​របប​ដឹក​នាំ​សព្វថ្ងៃ​ក្លាយ​ជា​របប​ស្រប​ច្បាប់។ ចំណែក អ្នក​សង្កេត​ការណ៍​យល់​ថា បើ​មន្ត្រី​បក្ស​ប្រឆាំង​ធ្វើ​តាម​នេះ​មែន នោះ​គណបក្ស​កាន់​អំណាច​នឹង​រក្សា​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​របស់​ខ្លួន​នៅ​កម្ពុជា​ត​ទៅ​ទៀត។

គណបក្ស​កាន់​អំណាច​អះអាង​ថា ជម្រើស​សម្រាប់​ក្រុម​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​ មាន​តែ​មួយ​ប៉ុណ្ណោះ គឺ​ការ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ ដើម្បី​បង្កើត​បក្ស​ថ្មី បើ​ពុំ​ដូច្នេះ​ទេ ពួក​គេ​នឹង​បាត់​បង់​ឱកាស​ក្នុង​ការ​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ។

មន្ត្រី​ជាន់ខ្ពស់ និង​ជា​អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច លោក សុខ ឥសាន ប្រាប់​អាស៊ី​សេរី​ថា ស្ថានភាព​បច្ចុប្បន្ន​ គណបក្ស​ប្រជាជន​កម្ពុជា​គ្មាន​អ្វី​ត្រូវ​ចរចា​ជាមួយ​បក្ស​សង្គ្រោះ​ជាតិ​ទៀត​ទេ ព្រោះ​បក្ស​នេះ​បាន​រលាយ​តាម​សាលដីកា​តុលាការ​កំពូល​រួច​ទៅ​ហើយ។ លោក​បន្ត​ថា ក្រុម​អ្នក​នយោបាយ​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​ដែល​បាត់​បង់​សិទ្ធិ​នយោបាយ មិន​គួរ​​ដើរ​តាម​បន្ទាត់​នយោបាយ​របស់​លោក សម រង្ស៊ី តទៅ​​ទៀត​នោះ​ទេ ព្រោះ​ការ​ធ្វើ​បែបនេះ ពួក​គេ​នឹង​ខក​ខាន​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ២០២២ និង​ការ​បោះឆ្នោត​តំណាង​រាស្ត្រ​នៅ​ឆ្នាំ២០២៣ ខាង​មុខ៖ « រាជ​រដ្ឋាភិបាល​បើក​ទូលាយ​ហើយ​តាម​រយៈ​ការ​ធ្វើ​វិសោធនកម្ម​​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​។ អ៊ីចឹង​គេ​បើក​ទ្វារ​ចំហ​ជូន​ហើយ​ទេតើ ហើយ​ជាក់​ស្ដែង​ គឺថា​​ជាង ១០នាក់​ហើយ​ដែល​អញ្ជើញ​មក​វិញ ហើយ​គេ​កំពុង​តែ​បើក​គណបក្ស​ថ្មី​ និង​ធ្វើ​សកម្មភាព​នយោបាយ​ស្រប​តាម​គោលការណ៍​ច្បាប់។ អ៊ីចឹង គេ​មាន​បញ្ហា​អ្វី​កើត​ឡើង​ ដូច្នេះ​ខ្ញុំ​យល់ថា អស់​លោក​អ្នក​ដែល​នៅ​នោះ មិន​គួរ​អល់អែក​ទេ មើល​គំរូ​បង​ប្អូន​ដែល​អញ្ជើញ​​មក​ហើយ​នោះ »

ទោះ​ជា​យ៉ាង​ណា លោក សុខ ឥសាន ជឿជាក់​ថា គណបក្ស​លោក​​នឹង​បន្ត​ឈ្នះ​ឆ្នោត​ទៀត ថ្វី​បើ​មាន​គណបក្ស​ថ្មី​ចូល​រួម​ប្រកួតប្រជែង​ក៏​ដោយ ព្រោះ​លោក​ថា ពលរដ្ឋ​មាន​ទំនុក​ចិត្ត​លើ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា៖ « ខ្ញុំ​នៅ​តែ​មាន​ជំនឿ​ជឿជាក់​យ៉ាង​មុត​មាំ​ថា គណបក្ស​ប្រជាជន​នឹង​ឈ្នះ​ឆ្នោត​តទៅទៀត អត់​មាន​ស្រក​ស្រុត​ទេ។ ឥលូវ​ប្អូន​គិត​មើល ការ​បោះឆ្នោត​ឆ្នាំ២០១៨ តើ​ឆ្លងកាត់​អ្វីខ្លះ ? ឧបសគ្គ​ធំៗ ច្រើន​ណាស់ ជាពិសេស​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ហ្នឹង ឃោសនា​ម្រាម​ដៃ​ស្អាត នៅ​ផ្ទះ​ឈ្នះ​ឯង គេ​ហាម​ប្រជាជន​មិន​ឱ្យ​ទៅ​បោះ​ឆ្នោត »

តុលាការ​កំពូល​ដែល​ស្ថិត​ក្រោម​​ឥទ្ធិពល​របស់​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ កាល​ពី​ខែវិច្ឆិកា ឆ្នាំ២០១៧ និង​បាន​ដកហូត​សិទ្ធិ​ធ្វើ​នយោបាយ​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១១៨នាក់ មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈពេល ៥ឆ្នាំ។ ការ​សម្រេច​រំលាយ​បក្ស​ប្រឆាំង​នេះ កើត​ឡើង​ក្រោយ​ពេល​បក្ស​កាន់​អំណាច​ បាត់​បង់​សំឡេង​ឆ្នោត​យ៉ាង​គំហុក​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​កាល​ពី​ដើម​ខែមិថុនា ឆ្នាំ២០១៧ ។

ក្រុម​អ្នក​សង្កេតការណ៍​ជាតិ​ និង​អន្តរជាតិ​ជឿជាក់​ថា ការ​រំលាយ​បក្ស​ប្រឆាំង​ធំជាង​គេ​នេះ គណបក្ស​ប្រជាជន​កម្ពុជា​ មាន​គោល​ដៅ​នយោបាយ​មួយ​ច្បាស់។ នោះ​គឺ​ការ​ធានា​ជ័យ​ជម្នះ​បន្ត​ទៀត​របស់​គណបក្ស​នេះ​នៅ​ក្នុង​ការ​បោះឆ្នោត​តំណាង​រាស្ត្រ​នៅ​ឆ្នាំ២០១៨។ សេណារីយ៉ូ​នេះ ពិត​ជា​កើត​ឡើង​មែន ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ក្រសោប​យក​អាសនៈ​សភា​ចំនួន​១២៥ មក​កាន់​កាប់​តែម្នាក់​ឯង ហើយ​ប្រែក្លាយ​កម្ពុជា​ជា​រដ្ឋ​ឯក​បក្ស​ថ្មី​មួយ​លើ​ពិភពលោក​ក្នុង​សតវត្ស​ទី២១។ ដោយ​ឡែក ការ​បិទ​សិទ្ធិ​នយោបាយ​មន្ត្រី​បក្ស​ប្រឆាំង​រយៈពេល ៥ឆ្នាំ​នោះ គណបក្ស​ប្រជាជន​កម្ពុជា​ក៏​មាន​គោល​ដៅ​នយោបាយ​ជាក់​លាក់​ដែរ។ នោះ​គឺ​ការ​ធ្វើ​ឱ្យ​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ខក​ខាន​ឱកាស ឬ​រៀបចំ​ខ្លួន​មិន​ទាន់​ក្នុង​ការ​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ២០២២ និង​បោះឆ្នោត​តំណាង​រាស្ត្រ​នៅ​ឆ្នាំ២០២៣ ខាង​មុខ។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ជឿ​ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​ពិសេស លោក ហ៊ុន សែន ផ្ទាល់ ពិត​ជា​មាន​បំណង​ចង់​ឱ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​មែន ព្រោះ​ការ​ធ្វើ​បែបនេះ នឹង​នាំ​ឱ្យ​របប​ដឹក​នាំ​របស់​គាត់​មាន​លក្ខណៈ​ស្រប​ច្បាប់។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​ថា ក្រុម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​មូលដ្ឋាន​ភាគ​ច្រើន មិន​ក្បត់​ឆន្ទៈ​ម្ចាស់​ឆ្នោត​ឡើយ ហើយ​បន្ត​យុទ្ធនាការ​ទាម​ទារ​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​ខ្មែរ​ត​ទៅ​ទៀត៖ « គណបក្ស​ប្រជាជន​ គេ​ចង់​បាន​បែប​ហ្នឹង​ទេ ដើម្បី​ធ្វើ​ជា​លម្អ​សួន​ប្រជាធិបតេយ្យ គេ​ហៅ​ថា ជា​ប្រជាធិបតេយ្យ​ក្លែង​ក្លាយ។ ឯ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​យើង​ត្រូវ​ការ​គោរព​តា​ម​ឆន្ទៈ​ពលរដ្ឋ​ ព្រោះ​យើង​ដឹង​ហើយ​ថា កាល​ណា​យើង​ចាក​ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ យើង​ទៅ​ធ្វើ​អ្វីមួយ​ដែល​ផ្ទុយ​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ គឺ​ប្រជាពលរដ្ឋ​ថ្កោល​ទោស​ហើយ »

លោក អេង ឆៃអ៊ាង ​បញ្ជាក់​ថា គិត​ចាប់​តាំងពី​របប​ក្រុង​ភ្នំពេញ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​រហូត​ដល់​ខែ​តុលា ឆ្នាំ២០២០ នេះ មាន​មន្ត្រី​ជាន់ខ្ពស់​តែ ១២នាក់​ប៉ុណ្ណោះ ក្នុង​ចំណោម ១១៨នាក់ បាន​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ។ ចំណែក ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជាប់​ឆ្នោត​ទាំង ៥០០៧នាក់​នោះ​វិញ មាន​តែ​ប្រមាណ ២០% ប៉ុណ្ណោះ ដែល​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រក្សា​តួនាទី​របស់​ខ្លួន។ ដោយ​ឡែក សមាជិក​ក្រុម​ប្រឹក្សា​ស្រុក ខណ្ឌ ក្រុង ខេត្ត និង​រាជធានី​វិញ លោក​ថា ​មាន​​​តិច​បំផុត ដែល​បាន​លាឈប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ធ្វើ​នយោបាយ​ជាមួយ​បក្ស​កាន់​អំណាច។

លោក អេង ឆៃអ៊ាង ជឿជាក់​ថា សមាជិក​បក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្នាក់​មូលដ្ឋាន ដែល​បាន​ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច​នោះ គឺ​ដោយសារ​ពួក​គាត់​ចង់​រក្សា​សុខ ជាង​គាំទ្រ​បក្ស​កាន់​អំណាច។ ចំណែក អ្នក​នយោបាយ​ជាន់ខ្ពស់​ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​របប​លោក ហ៊ុន សែន វិញ លោក​ថា ពលរដ្ឋ​នឹង​បាត់​ទំនុក​ចិត្ត ហើយ​ពួក​គេ​ក៏​មិន​អាច​ធ្វើ​នយោបាយ​ពេញលេញ​ដែរ ពោល​គឺ​សេរីភាព​នយោបាយ​ស្ថិត​ក្រោម​ការ​គូសវាស​របស់​របប​លោក ហ៊ុន សែន៖ « អ្នក​ដែល​ដើរ​ផ្លូវ​បំបែកចេញ​​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង គឺ​ដូច​ជា​បំផ្លាញ​ជីវិត​នយោបាយ​ខ្លួន​ឯង​តែ​ប៉ុណ្ណឹង​ទេ ហើយ​ដែល​ធ្វើ​ឱ្យ​ម្ចាស់​ឆ្នោត​ដែល​ផ្តល់​សេចក្ដី​ទុក​ចិត្ត​ហ្នឹង ខក​ចិត្ត។ ប៉ុន្តែ​​គាត់​ក៏​មិន​អស់​សង្ឃឹម​ដែរ ព្រោះ​គាត់​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ ព្រលឹង​របស់​​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​តួអង្គ​សំខាន់​ពីរ​នាក់ ដែល​ជា​ធាតុ​សំខាន់​ហ្នឹង​ណា គឺ សម រង្ស៊ី និង កឹម សុខា។ ឯ​អ្នក​ដទៃ​ទៀត គឺ​ជា​ធាតុ​រួម​ផ្សំ​ទេ។ ធាតុ​រួម​ផ្សំ​ហ្នឹង មាន​ក៏​បាន​ អត់​ក៏​អត់​បញ្ហា ប៉ុន្តែ​ធាតុ​សំខាន់ គឺ​ សម រង្ស៊ី និង កឹម សុខា។ បើ​ សម រង្ស៊ី និង កឹម សុខា បែកបាក់ អា​ហ្នឹង​បាន​វា​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​គណបក្ស​សង្គ្រោះ​ជាតិ »

ឥស្សរជន​នយោបាយ​ប្រឆាំង​ដ៏​លេច​ធ្លោ ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ ក្រោយ​ដាក់​សំណើ​ទៅ​របប​លោក ហ៊ុន សែន នោះ គឺ​អ្នក​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​មណ្ឌល​ភ្នំពេញ លោក សុន ឆ័យ និង​សមាជិក​គណៈកម្មាធិការនាយក​ពីរ​រូប​ទៀត​របស់​បក្ស​ប្រឆាំង។ លោក សុន ឆ័យ ដែល​មិន​ធ្លាប់​កំណាញ់​ក្នុង​ការ​ផ្តល់​សម្ភាស​ដល់​អ្នក​សារព័ត៌មាន​កាល​ពី​លោក​នៅ​ធ្វើ​នយោបាយ​នោះ លែង​ផ្តល់​សម្ភាស​ដល់​អ្នក​សារព័ត៌មាន​ទៅ​វិញ ក្រោយ​ពេល​លោក​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ។ ជាង​មួយ​ខែ​មក​នេះ លោក សុន ឆ័យ និង​សហការី​ពីរ​នាក់​ទៀត មិន​ទាន់​បង្ហាញមុខ ឬ​ថ្លែងការណ៍​ជា​សាធារណៈ​ណា​មួយ​អំពី​ផែន​ការ​សកម្មភាព និង​ជំហរ​នយោបាយ​របស់​លោក​នៅ​ឡើយ​ទេ។

ដោយ​ឡែក អតីត​តំណាង​រាស្ត្រ និង​មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ រួច​បង្កើត​ជា​បក្ស​នយោបាយ​ថ្មី​វិញ រួម​មាន លោក រៀល ខេមរិន្ទ បង្កើត​បក្ស​ថ្មី​មួយ​ឈ្មោះ "គណបក្ស​ខ្មែរ​អភិរក្ស​និយម" ក្រុម​លោក ជីវ កត្តា បង្កើត​បក្ស​ឈ្មោះ "គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ" ហើយ​ក្រុម​លោក គង់ គាំ បង្កើត​បក្ស​ថ្មី​ឈ្មោះ​បក្ស "គណបក្ស​ឆន្ទៈ​ខ្មែរ" និង​ចូល​រួម​ជា​សមាជិក​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់ បង្កើត​ឡើង​ដោយ​លោក ហ៊ុន សែន។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរ៉ា សង្កេត​ឃើញ​ថា គណបក្ស​ថ្មីៗ ទាំង​នេះ​មិន​ទាន់​មាន​ធនធាន និង​សក្ដានុពល​គ្រប់​គ្រាន់ ក្នុង​ការ​ទាក់ទាញ​ការ​គាំទ្រ​ពី​ពលរដ្ឋ​នោះ​ឡើយ។ ដូច្នេះ លោក​ថា ការ​សុំ​សិទ្ធិ​នយោបាយ​ដើម្បី​បង្កើត​បក្ស​ថ្មី​ប្រជែង​សំឡេងឆ្នោត​នោះ មិន​មែន​ជា​ផ្លូវ​ទៅ​រក​ជោគជ័យ​នោះ​ទេ។ ផ្ទុយ​ទៅវិញ លោក​ថា នេះ​ជា​ការ​ជួយ​គណបក្ស​កាន់​អំណាច​ឱ្យ​បន្ថយ​ឥទ្ធិពល​បក្ស​ប្រឆាំង និង​ជំរុញ​ឱ្យ​អន្តរជាតិ​មើល​ឃើញ​ថា កម្ពុជា​មាន​ប្រជាធិបតេយ្យ៖ « ខ្ញុំ​មើល​ឃើញ​ចរន្ត​បក្ស​នយោបាយ​ថ្មី ដែល​ទើប​តែ​បង្កើត​ ឬក៏​តាំង​ពី​មុន​មក​ហ្នឹង អត់​ទាន់​មាន​កម្លាំង​គ្រប់​គ្រាន់​នៅ​ក្នុង​ការ​ទាក់ទាញ​ប្រជាប្រិយភាព​ទេ។ បាន​ន័យ​ថា រចនាសម្ព័ន្ធ​ មធ្យោបាយ ឧបករណ៍​ដែល​គាត់​ប្រើប្រាស់​ហ្នឹង អត់​មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​អូស​ទាញ​ប្រជាពលរដ្ឋ​ឱ្យ​គាំទ្រ​ទេ។ បើ​ដូច្នេះ​ទេ យន្តការ​នេះ​វា​អត់​ឈាន​ទៅ​រក​ការ​ជោគជ័យ​ទេ មាន​តែ​បរាជ័យ​ទេ វា​អត់​មាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ទេ »

លោក​ ឯម សុវណ្ណរ៉ា​ ថ្លែង​ទៀត​ថា គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​​ពង្រឹង​សាមគ្គីផ្ទៃក្នុង​បក្ស​ ដើម្បី​រក្សា​ទម្ងន់​នយោបាយ​​របស់​ខ្លួន ហើយ​ស្វះស្វែង​រក​កិច្ច​​អន្តរាគមន៍​ពី​អន្តរជាតិ ព្រោះ​ដំណាក់​កាល​បច្ចុប្បន្ន គណបក្ស​កាន់​អំណាច​មិន​ផ្តល់​តម្លៃ​ក្នុង​ការ​ចរចា​ជា​មួយ​បក្ស​ប្រឆាំង​ឡើយ។ លោក​បន្ថែម​ថា វិបត្តិ​នយោបាយ​ពេល​នេះ លែង​អាច​ផ្សះផ្សា​គ្នា​បាន​ក្នុង​ចំណោម​អ្នក​នយោបាយ​ខ្មែរ​ទៀតហើយ ពោល​គឺ​ទាល់​តែ​មាន​សហគមន៍​អន្តរជាតិ​ជា​អ្នក​សម្រប​សម្រួល​ដោះ​ស្រាយ។

សហគមន៍​អន្តរជាតិ​បាន​ថ្កោល​ទោស​របប​លោក ហ៊ុន សែន ម្ដង​ហើយ​ម្ដង​ទៀត​អំពី​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ និង​ទាម​ទារ​ឱ្យ​របប​នេះ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ ដើម្បី​បញ្ចៀស​ទណ្ឌកម្ម​ផ្សេងៗ។ ទោះ​ជា​យ៉ាង​ណា របប​ក្រុង​ភ្នំពេញ​នៅ​តែ​ប្រកាន់​​ឥរិយាបថ​បែប​​ព្រងើយ​កន្តើយ​ចំពោះ​សំណើ​ទាំង​នេះ រហូត​ដល់​សហគមន៍​អន្តរជាតិ​ទ្រាំ​មិន​បាន រួច​ដាក់​ទណ្ឌកម្ម​បណ្ដើរៗ លើ​របប​នេះ មាន​ជាអាទិ៍ ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចំនួន ២០% និង​ការ​ដាក់​ទណ្ឌកម្ម​មន្ត្រី​គ្រាក់ៗ មួយ​ចំនួន​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។