លោក សម រង្ស៊ី ប្រកាសបង្កើតចលនាជាតិតស៊ូ ដើម្បីប្រឆាំងការដឹកនាំរបស់គ្រួសារលោក ហ៊ុន សែន
2024.11.08
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ប្រកាសបង្កើតចលនាជាតិតស៊ូ ដើម្បីការពារទឹកដីប្រទេសកម្ពុជា និងទាមទារសេរីភាព និងយុត្តិធម៌ សម្រាប់ប្រជារាស្ត្រខ្មែរ។ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ថា ការបង្កើតចលនានេះ គឺជាការស្រមៃតាមហ្វេសប៊ុក ខណៈអ្នកឃ្លាំមើលថា គួរស្ទង់ចរន្តរបស់ប្រជាពលរដ្ឋខ្មែរ និងជំហរសហគមន៍អន្តរជាតិសិន។
លោក សម រង្ស៊ី បានប្រកាសបង្កើតចលនាថ្មីមួយទៀតហើយ ដោយដាក់ឈ្មោះថា ចលនាជាតិតស៊ូ ដើម្បីប្រឆាំងនឹងការដឹកនាំប្រទេសដោយក្រុមគ្រួសារលោក ហ៊ុន សែន។
លោក សម រង្ស៊ី លើកឡើងក្នុងសេចក្ដីប្រកាស នៅថ្ងៃទី៩ ខែវិច្ឆិកាថា ចលនាជាតិតស៊ូនេះ សម្រេចបង្កើតដោយតំណាងប្រជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិសម្ដែងមតិពីក្រៅប្រទេស ហើយដែលមានការឈឺចាប់ និងឆន្ទៈតស៊ូ ដូចប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសដែរ។ លោកថា ចលនាជាតិតស៊ូ ធ្វើឡើងក្នុងនាមប្រជារាស្ត្រខ្មែរទាំងមូល និងដើរតួជាក្បាលម៉ាស៊ីន ដែលនឹងឈានទៅបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នមួយ ឱ្យធ្វើជាតំណាងឆន្ទៈពិតប្រាកដ នៃប្រជារាស្ត្រខ្មែរ ដែលស្រឡាញ់ជាតិ សេរីភាព និងយុត្តិធម៌។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ពន្យល់ថា ការបង្កើតចលនាជាតិតស៊ូនេះ ដោយសាររដ្ឋាភិបាលត្រកូល ហ៊ុន យកប្រទេសកម្ពុជា ជាកម្មសិទ្ធិឯកជនដាច់ថ្លៃរបស់ត្រកូល ហ៊ុន ទៅហើយ តាមរយៈ អំណាច ដែលបានពីការប្លន់យកពីរាស្ត្រ ក្នុងការបោះឆ្នោតក្លែងក្លាយជាបន្តបន្ទាប់។ លើសពីនេះទៀត លោកលោកយល់ឃើញថា រដ្ឋាភិបាលត្រកូល ហ៊ុន នឹងនៅតែមិន បើកឱ្យមានការបោះឆ្នោតសេរី និងយុត្តិធម៌ ស្របតាមខ្លឹមសារ និងស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឡើយ។
កាលណាគ្មានការបោះឆ្នោតដោយសេរីត្រឹមត្រូវ លោក សម រង្ស៊ី អះអាងថា រដ្ឋាភិបាលត្រកូល ហ៊ុន នឹងនៅតែដឹកនាំកម្ពុជា តាមបែបរបបចោរាធិបតេយ្យធ្វើបាបប្រជារាស្ត្រ ដែលក្រុមអ្នកមានអំណាចបក្ខពួក ប្លន់ទ្រព្យសម្បត្តិរាស្ត្រ និងទ្រព្យសម្បត្តិជាតិ តាមតែអំពើចិត្ត រួមទាំងការកាត់ទឹកដីប្រទេសកម្ពុជា ដូចជា កោះត្រល់ជាដើម ឱ្យទៅបរទេស និងបម្រើតែផលប្រយោជន៍បរទេសតាមគ្រប់រូបភាព។
ក្នុងស្ថានភាពវិបត្តិកម្ពុជាបែបនេះ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី លើកឡើងថា ការបង្កើតចលនាជាតិតស៊ូ និងរដ្ឋាភិបាលបណ្ដោះអាសន្ន មានគោលដៅជំរុញឱ្យមានការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ ដើម្បីប្រគល់ប្រទេសកម្ពុជា ឱ្យប្រជារាស្ត្រខ្មែរវិញ ព្រមទាំងស្ដារប្រទេសកម្ពុជាឡើងវិញ ដោយការលុបបំបាត់ការដឹកនាំបែបចោរកម្មលក់ជាតិ អំពើពុករលួយ ភាពក្រីក្ររបស់ពលរដ្ឋ និងបញ្ហាអយុត្តិធម៌ពេញប្រទេស។ តាមលោក សម រង្ស៊ី ចំណុចសំខាន់នៃគោលដៅ គឺជាការរក្សាព្រលឹងខ្មែរ និងការពារទឹកដីខ្មែរ ឱ្យនៅគង់វង្ស។
ជំរុញរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ប្រាប់ វិទ្យុអាស៊ីសេរី នៅថ្ងៃទី៨ ខែតុលា ថា រដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា មិនព្រួយបារម្ភអ្វីឡើយ ហើយលោកបានហៅរដ្ឋាភិបាលបណ្ដោះអាសន្ន ដែលគ្រោងបង្កើតដោយលោក សម រង្ស៊ី ថា ជារដ្ឋាភិបាលតាមហ្វេសប៊ុក និងចំអកឱ្យលោក សម រង្ស៊ី ថា កំពុងស្រមើស្រមៃ អំពីជ័យជម្នះក្នុងអារម្មណ៍។
លោក សុខ ឥសាន លើកឡើងថា ប្រទេសកម្ពុជាមានតែមួយ ហើយរដ្ឋាភិបាល ក៏មានតែមួយដែរ គឺរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាកំពុងដឹកនាំប្រទេសសព្វថ្ងៃ ដែលលោកអះអាងថា កើតចេញពីការបោះឆ្នោត ដោយឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ។ លោកថា រដ្ឋាភិបាលបណ្ដោះអាសន្នរបស់លោក សម រង្ស៊ី នឹងគ្មានការគាំទ្រជាអន្តរជាតិឡើយ។
លោក សុខ ឥសាន៖ «អត់មានឥទ្ធិពលអីទេ ដូចខ្ញុំថា គាត់បង្កើតរដ្ឋាភិបាលតាមហ្វេសប៊ុក គាត់ដឹកនាំតាមហ្វេសប៊ុកទៅ។ គាត់បង្កើតរាជធានីនៅឯណា នៅហ្វេសប៊ុកទៅ ជាពិសេស នៅប៉ារីសកុំឱ្យចេញមុខទៅលោក ម៉ាក្រុង ចាប់យកដាក់គុកបាត់ហើយ គ្មានរដ្ឋាភិបាលណាទៅប៉ារីសទេ»។
អ្នកជំនាញច្បាប់ និងអភិបាលកិច្ចបែបប្រជាធិបតេយ្យ លោក វ៉ន ចាន់ឡូត ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៨ ខែវិច្ឆិកា ថា ដើម្បីប្រសិទ្ធភាពការងារ លោក សម រង្ស៊ី គួរតែធ្វើការស្ទង់មើលសិន អំពីចរន្តរបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ព្រមទាំងជំហររបស់សហគមន៍អន្តរជាតិ ដែលជាមិត្តរបស់កម្ពុជាជាមុនសិនថា តើមានការចាប់អារម្មណ៍កម្រិតណា មុននឹងសម្រេចបង្កើតចលនាតស៊ូ និងរដ្ឋាភិបាលក្រៅប្រទេសមួយ ដែលជាតំណាងប្រជាពលរដ្ឋខ្មែរទាំងមូល។
លោកថា ក្នុងស្ថានភាពដូចសព្វថ្ងៃ គួរមានការអត់ធ្មត់បន្តិច ហើយគួរតែពិនិត្យ មើលឱ្យហ្មត់ចត់ អំពីលទ្ធភាពនៃការប្រមូលផ្ដុំកម្លាំងអ្នកតស៊ូប្រជាធិបតេយ្យ នៅក្រៅងប្រទេសឱ្យអាចធ្វើការជាមួយគ្នារឹងមាំជាមុនដែរ បូកផ្សំនឹងការតាំងចិត្តចូលរួមតាមរបៀបណាមួយរបស់ពលរដ្ឋខ្មែរក្នុងប្រទេស ដែលមិនអាចរំលងបានទេ។
លោក វ៉ន ចាន់ឡូត៖ «ទឹកចិត្តប្រជាពលរដ្ឋក្នុងប្រទេស ថា អ្នកទាំងនោះ បានត្រៀមខ្លួនហើយឬនៅ ក្នុងការរើបម្រះពីការជិះជាន់ ការគាបសង្កត់ ឬក៏អំពើអយុត្តិធម៌សង្គម ដែលកំពុងតែចាក់ស្រេះនៅក្នុងសង្គមខ្មែរ។ អ៊ីចឹង វាត្រូវតែមានការស្ទាបស្ទង់ចរន្តទាំងអស់ ទើបការប្រកាសចលនាណាមួយ ដែលជាចលនាតំណាងឱ្យប្រជាពលរដ្ឋខ្មែរ ឬក៏ជាចលនារើបម្រះ ចេញពីរបបផ្ដាច់ការ គឺវានឹងទទួលបាននូវការសាទរ»។
ស្របពេលលោក សម រង្ស៊ី ប្រកាសអំពីគម្រោងចលនាជាតិតស៊ូ ដែលនឹងអាចឈានទៅបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នមួយនៅក្រៅប្រទេសនោះ តុលាការក្រុងភ្នំពេញបានចេញដីកាកោះហៅលោក និងភរិយារបស់លោក គឺអ្នកស្រី ជូឡុង សូមួរ៉ា ឱ្យទៅបង្ហាញខ្លួន នៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែវិចិ្ឆកា។
ដីកាកោះហៅចេញដោយចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក យី សុខវួច ចុះថ្ងៃទី៦ ខែវិច្ឆិកា តម្រូវឱ្យលោក សម រង្ស៊ី និងភរិយា ចូលរួមនីតិវិធីត្រៀមសម្រាប់ការទាញហេតុផលក្នុងរឿងក្ដីរដ្ឋប្បវេណី ពាក់ព័ន្ធនឹងការទាមទារប្រាក់។ សំណុំរឿងនេះ ប្ដឹងដោយអតីតមន្ត្រីគណបក្សកម្លាំងជាតិលោក អ៊ុំ វីរៈរដ្ឋ ដែល បានចុះចូលគណបក្សប្រជាជនកម្ពុជា ជាថ្នូរនឹងសេរីភាពនៅក្រៅឃុំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។