លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​តំណាង​កម្លាំង​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​រួមគ្នា​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ

0:00 / 0:00

លោក សម រង្ស៊ី អំពាវនាវ​ដល់​តំណាង​កម្លាំង​ប្រជាធិបតេយ្យ​ទាំងអស់​នៅ​ប្រទេស​កម្ពុជា​ឱ្យ​រួបរួម និង​សហការ​គ្នា​កុំ​ឱ្យ​មាន​ការ​វាយ​ប្រហារ​គ្នា​ទៅវិញ​ទៅមក​ហើយ ត្រូវតែ​ចែក​តួនាទី​គ្នា ដើម្បី​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​ទទួល​បាន​ជ័យជំនះ​រួម។ អ្នកឃ្លាំមើល​ការ​បោះឆ្នោត លើកឡើង​ថា គណបក្ស​ទាំងពីរ​គួរតែ​ចែក​មណ្ឌល​គ្នា​ដើម្បី​កុំឱ្យ​បាត់​សំឡេង។

ក្នុង​សារលិខិត​ផ្ញើ​ទៅ​តំណាង​កម្លាំង​ប្រជាធិបតេយ្យ​ចុះ​ថ្ងៃទី​១១ មករា ឆ្នាំ​២០២៤ បង្ហោះ​លើ​គេហទំព័រ​ហ្វេសប៊ុក (Facebook) លោក សម រង្ស៊ី ថា ទោះបី​នៅ​ពេល​នេះ មាន​គណបក្ស​នយោបាយ​៣ ដែល​តំណាង​ឱ្យ​កម្លាំង​ប្រជាធិបតេយ្យ ហើយ​ដែល មាន​អ្នកគាំទ្រ​ចេញ​មក​ពី​ប្រភព​ដើម​តែមួយ គឺ​គណបក្ស​ភ្លើងទៀន គណបក្ស​កម្លាំង​ជាតិ និង​គណបក្ស​ឆន្ទៈ​ខ្មែរ​ក្ដី តែ​លោក​ឱ្យ​អ្នកគាំទ្រ​និង​សកម្មជន ត្រូវ​រក្សា​ភាព ស្មោះត្រង់​ចំពោះ​ប្រទេសជាតិ និង​ប្រជារាស្ត្រ រក្សា​ឧត្តម​គតិ​ដើម ឈរ​លើ​សីលធម៌ សច្ចធម៌ និង​យុត្តិធម៌។

លោក​បញ្ជាក់​ថា ឈ្មោះ​គណបក្ស​មិន​សំខាន់​ប៉ុន្មាន​ទេ ពីព្រោះ​អាច​ប្ដូរ​ឈ្មោះ គណបក្ស ឬ​ប្តូរ​គណបក្ស​តែម្តង​ទៅ​តាម​អ្វី ដែល​កាលៈទេសៈ​តម្រូវ តែ​អ្វី​ដែល​សំខាន់​បំផុត គឺ​ឧត្តមគតិ​ដើម ព្រលឹង​ដែល​នៅ​រស់​រវើក ដូច្នេះ លោក​ថា គណបក្ស​គ្រាន់តែ​ជា​សម្បក​ក្រៅ​ដែល​អាច​មាន​ការ​ប្រែប្រួល តែ​ព្រលឹង​មាន​តែ​មួយ​ហើយ​នៅ​ដដែល។

លោក សម រង្ស៊ី ថា ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា ខាងមុខ​នេះ​គណបក្ស​កម្លាំង​ជាតិ​និង​គណបក្ស​ឆន្ទៈ​ខ្មែរ​ត្រូវតែ​មានការ​សហការ​គ្នា ដោយ​ចៀសវាង​ការប្រកួតប្រជែង​គ្នា​នៅ​តាម​ភូមិភាគ​នីមួយៗ បើ​មិន​ដូច្នេះ​ទេ លោក​ថា គឺ​គណបក្ស​ទាំងពីរ​ច្បាស់​ជា​បរាជ័យ​ទាំងពីរ។

ចំពោះ​អង្គ​បោះឆ្នោត​វិញ លោក​ឱ្យ​សមាជិក​គណបក្ស​ភ្លើង​ទៀន ត្រូវ​ប្រកាន់​វិន័យ បោះឆ្នោត​ដោយ​សម្ងាត់ ឱ្យ​គណបក្ស​ប្រជាធិបតេយ្យ​តែមួយ​នៅក្នុង​ភូមិភាគ​នីមួយៗ ដើម្បី​ធានា​ជោគជ័យ​រួម​នៃ​កម្លាំង​ប្រជាធិបតេយ្យ ហើយ​ការ​ជ្រើសរើស​គណបក្ស​ណាមួយ រវាង​គណបក្ស​កម្លាំង​ជាតិ និង​គណបក្ស​ឆន្ទៈ​ខ្មែរ នៅ​ក្នុង​ភូមិ​ភាគ​នីមួយៗ នឹង​ត្រូវ​សម្រេច​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ តាម​ការ​ចាំបាច់។

លើស​ពី​នេះ អង្គ​បោះឆ្នោត​មិន​ចាំបាច់​បង្ហាញ​ជំហរ​របស់​ខ្លួន​ជា​សាធារណៈ​ក៏​បាន​ដែរ ដោយ​មិន​ចាំ​បាច់​ឱ្យ​អ្នក​ក្រៅ​ដឹង​ពី​ជំហរ​របស់​ខ្លួន​ក៏​បាន​ដែរ ដើម្បី​ធានា​សន្តិសុខ និង​លំនឹង​នៃ​ការងារ​ទៅ​ថ្ងៃមុខ សម្រាប់​អង្គ​បោះឆ្នោត​ម្នាក់ៗ។

លោក សម រង្ស៊ី ទទូច​ឱ្យ​អង្គ​បោះឆ្នោត​ត្រូវ​បោះឆ្នោត​ដោយ​សម្ងាត់ តាម​សម្បជញ្ញៈ របស់​ខ្លួន​ម្នាក់ៗ ហើយ​តាម​វិន័យ​ដូច​បាន​រៀបរាប់​ពី​ខាងលើ ហើយ​ដែល​នឹង​ត្រូវ​បញ្ជាក់ ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ។

មេ​បក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​ក្នុង​ប្រទេស​បារាំង លោក សម រង្ស៊ី ផ្ញើ​សារ​ដូច្នេះ ធ្វើឡើង​ស្របពេល​គណបក្ស​កម្លាំង​ជាតិ ប្រកាស​ស្វែងរក​ដំណោះស្រាយ​និង​ផ្ដល់​ជម្រើស​ទៅ​គណបក្ស​ភ្លើងទៀន គួរ​ចែក​ភូមិភាគ​គ្នា​ឈរឈ្មោះ​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ក្នុង​ខែកុម្ភៈ​ខាងមុខ ។ លើស​ពី​នេះ ការ​ចេញ​សារ​របស់​លោក សម រង្ស៊ី ត្រូវ​បាន​សកម្មជន និង​គាំទ្រ​បាន​ចែករំលែក​តៗ​គ្នា ដោយ​បង្ហាញ​គាំទ្រ​ផង​ដែរ។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​លោក រ៉ុង ឈុន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី១២ មករា ដោយ​ចាត់ទុក​សារ​របស់​លោក សម រង្ស៊ី ថា ជា​សារ​ដ៏​ល្អ​។ លោក​បន្ថែម​ថា បើ​អ្នក​ប្រជាធិបតេយ្យ​ដើរ​ផ្លូវបែក​គ្នា នឹង​ធ្វើ​ឱ្យ​បរាជ័យ ដូច្នេះ​មានតែ​វិធី​រួបរួម និង​អង្គុយ​ជជែក​គ្នា បើ​ទោះ​បី​ជា​ការ​បោះឆ្នោត​ព្រឹទ្ធសភា ខាងមុខ​មាន គណបក្ស​ពីរ​ដែល​ទទួល​ពី​គណបក្ស​ភ្លើងទៀន​តែមួយ​ក៏ដោយ។

លោក រ៉ុង ឈុន៖«​យើង គិតថា មាន​រូបមន្ត​ចែក​ភូមិភាគ​គ្នា​ទេ ដែល​ជា​រូបមន្ត​ឈ្នះៗ​ទាំងអស់គ្នា ហើយ​គណបក្ស​កម្លាំង​ជាតិ​មើលឃើញ​ច្បាស់​ណាស់​បើ​យើង នឹង​ចាញ់​ទាំងអស់គ្នា​ហើយ​អ្នក​ដែល​ឈ្នះ​គឺ​គណបក្សកាន់អំណាច​។ អ៊ីចឹង​អ្វី​ដែល​គាត់​លើក​ឡើងជា​រឿង​មួយ​ត្រឹមត្រូវ»។

អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក សុន ឆ័យ បាន​សម្ដែង​ការ​គាំទ្រ​ចំពោះ​សារ របស់​លោក សម រង្ស៊ី ដោយ​ថា ទោះបីជា​គណបក្ស​ទាំងនោះ ចេញ​ពី​ណាក៏ដោយ ត្រូវ​រក្សា​ភាព​ថ្លៃថ្នូរ ឱ្យ​មាន​សច្ចធម៌ និង​ភាព​យុត្តិធម៌។ លោក​អះអាង​ថា គណបក្ស​ភ្លើងទៀន មាន​តួនាទី ក្នុង​ការ​រក្សា​អង្គ​បោះឆ្នោត​ជាង ២​ពាន់ ១​រយ​រូប​ឱ្យ​នៅ​រួមគ្នា ក្នុង​ការ​យក​សមាសភាព​របស់​ខ្លួន​ទៅ​បោះឆ្នោត​ឱ្យ​បេក្ខជន​ដែល​ឈរ ឈ្មោះ​ព្រឹទ្ធសភា​ខាងមុខ។

លោក សុន ឆ័យ៖ «គណបក្ស​ភ្លើងទៀន​បាន​ធ្វើ​ការ​សម្រេច​រួចទៅ​ហើយ ជា​អង្គ​នយោបាយ ដែល​គ្រប់គ្រង​អង្គ​បោះឆ្នោត ទាំង​ជាង ២ ពាន់ ១ រយ(២.១៩៨)រូប ហើយ​គណបក្ស​ភ្លើងទៀន​បាន​សម្រេច​តាមរយៈ​ការ​ដាក់​បេក្ខជន​ទៅ​គ្រប់​មណ្ឌល​ទាំង ៨ នៅ​ប្រទេស ដូច្នេះ​រឿង​ដទៃ​ទៀត​គណបក្ស​ដទៃ​អាច​ពិភាក្សា​គ្នា​នៅ​ពេល​ក្រោយ​ទៀត ដើម្បី​ទៅ​រឿង​អនាគត មិន​ត្រូវ​ច្របូកច្របល់​ទាមទារ​ផលប្រយោជន៍ ដែល​មិន​ហេតុ​សម​ផល​នៅ​គ្រា​បច្ចុប្បន្ន»។

ជុំវិញ​រឿង​នេះ នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា​ហៅ​កាត់ ថា និចហ្វិច (Nicfec) លោក សំ គន្ធាមី លើកឡើង​ថា គណបក្ស​ទាំងពីរ​ចូលរួម​បោះឆ្នោត គួរតែ​ចែក​មណ្ឌល​គ្នា ពីព្រោះ​អង្គ​បោះឆ្នោត​មានតែ​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់ របស់​គណបក្ស​ភ្លើង​ទៀន។

លោក សំ គន្ធាមី៖ «យើង​បែងចែក​មណ្ឌល​ឈរ​ទៅ​មណ្ឌល​បោះឆ្នោត​ទៅ ដើម្បី​កុំឱ្យ​បាត់បង់​សំឡេង​ឆ្នោត​ស៊ីសង​ការ​ឯកភាព​គ្នា រវាង​គណបក្ស​ទាំងពីរ ពីព្រោះ​អង្គ​បោះឆ្នោត​ចេញ​ពី​គណបក្ស​ភ្លើងទៀន​អតីត​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់»។

ការ​បោះឆ្នោត​ព្រឹទ្ធសភា​នេះ ជា​ការ​បោះឆ្នោត​អសកល ហើយ​អង្គ​បោះឆ្នោត គឺជា​សមាជិក​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ទូទាំង​ប្រទេស​។ សព្វថ្ងៃ​គណបក្ស​នយោបាយ ដែល​មាន​អង្គ​បោះឆ្នោត​នេះ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ភ្លើងទៀន និង​មួយចំនួន​តួច​ទៀត​គឺ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន។

ការ​បោះឆ្នោត​ព្រឹទ្ធសភា នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥ ខែ​កុម្ភៈ​ខាងមុខ ដោយ​មាន​គណបក្ស​ចំនួន​៤​ចូលរួម គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​កម្លាំង​ជាតិ និង​​គណបក្សហ៊្វុនស៊ិនប៉ិច៕