លោក សម រង្ស៊ី ប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​ទៀត គឺ Tik Tok ដែល​កំពុង​ពេញនិយម

0:00 / 0:00

លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ បាន​ចាប់ផ្តើម​ប្រើ​បណ្ដាញ​សង្គម​ថ្មី​មួយ​ឈ្មោះ​ទីកតុក (Tik Tok) ដែល​កំពុង​ពេញនិយម​បំផុត​ក្នុង​ចំណោម​យុវជន នៅ​ជុំវិញ​ពិភពលោក។

លោក សម រង្ស៊ី មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី កាលពី​យប់​ថ្ងៃទី​១៤ ខែ​មេសា​ថា ប្រការ​ដែល​លោក​សម្រេច​បង្កើត​ទំព័រ Tik Tok ថ្មី​នេះ ដើម្បី​ផ្សព្វផ្សាយ​ពី​សកម្មភាព​នានា​របស់​លោក ឲ្យ​យុវជន​អាច​ងាយ​តាម​ដាន​ពី​ប្រទេស​កម្ពុជា តាមរយៈ​ហ្វេសប៊ុក និង​ទីកតុក។ បន្ថែម​ពី​នេះ លោក​អះអាង​ថា ទំព័រ​ហ្វេសប៊ុក​របស់​លោក ដែល​មាន​អ្នក​ចុច​Like ជាង​៥​លាន​នាក់​នោះ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​រឹតត្បិត និង​ពិបាក​ចូល​មើល៖ «ដើម្បី​ឲ្យ​ទាន់​ចរន្ត ខ្ញុំ​មាន​ទំព័រ​ហ្វេសប៊ុក ជាង​១០​ឆ្នាំ​ហើយ ដែល​មាន​អ្នក​ចូល​មើល​និង​អ្នក​តាមដាន​ជាង ៥​លាន​នាក់។ ដូច្នេះ ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​នៅ​ក្នុង​និង​ក្រៅប្រទេស ច្រើនតែ​តាមដាន​សកម្មភាព​ការងារ និង​ជំហរ​របស់ខ្ញុំ និង​ការងារ​ផ្សេងៗ​។ តែ​ខ្ញុំ​ដឹង​ថា ចរន្ត​ថ្មី​នេះ យុវជន​គេ​និយម​ទីកតុក ដូចនេះ អត់​មាន​បំណង​អ្វី​ពិសេស​ណាមួយ​ទេ នេះ​ជា​ជំហរ​របស់ខ្ញុំ​ជាទូទៅ ដើម្បី​ចង់​ឲ្យ​មាន​តម្លាភាព ដើម្បី​អាច​ឲ្យ​ពលរដ្ឋ​មើលឃើញ​សកម្មភាព​ខ្ញុំ តាមរយៈ​ហ្វេសប៊ុក និង​ទីកតុក»។

ក្នុង​គេហទំព័រ​ទីកតុក ដែល​ទើប​បង្កើត​ថ្មី​នោះ លោក សម រង្ស៊ី បាន​ផ្សព្វផ្សាយ​វីដេអូ​ចាស់ៗ​ឡើងវិញ អំពី​សកម្មភាព​របស់​លោក​ជាមួយនឹង​អតីត​គណបក្ស សម រង្ស៊ី ដែល​ក្រោយ​មក​បាន​ប្តូរ​ឈ្មោះ​មក​ជា​គណបក្ស​ភ្លើង​ទៀន​វិញ​។ គណបក្ស​ភ្លើងទៀន​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​គណបក្សជំទាស់​ថ្មី​មួយ ដែល​លេចធ្លោ​បន្ទាប់ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ ក្រុម​អ្នកឃ្លាំមើល​សង្កេត​ឃើញ​ថា ក្នុង​ចំណោម​គណបក្ស​នយោបាយ​ទាំង​១៧ ដែល​ចូលរួម​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ នៅ​ដើម​ខែ​មិថុនា​ខាង​មុខ​នេះ គណបក្ស​ភ្លើងទៀន គឺជា​គូប្រកួត​ប្រជែង ដែល​អាច​មាន​កម្លាំង​ប្រហាក់ប្រហែល​នឹង​គណបក្ស​ប្រជាជន​កម្ពុជា។

វិទ្យុ​អាស៊ីសេរី នៅ​មិនទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បន្ថែម​ជុំវិញ​រឿង​នេះ ពី​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន និង​អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច លោក សុខ ឥសាន បាន​ទេ កាល​ពី​ថ្ងៃ​ទី ១៤ ខែ​មេសា។ ចំណែក​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន វិញ នៅ​មិន​ទាន់​បាន​បង្កើត ឬ​ប្រើប្រាស់​បណ្ដាញ​សង្គម​ថ្មី​ទីកតុក​នេះ នៅ​ឡើយ​ទេ។

បណ្ដាញ​សង្គម​ទិកតុក​របស់​ចិន ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ប្រព័ន្ធ​បណ្ដាញ​សង្គម​ថ្មី​មួយ ដែល​កំពុង​ប្រកួតប្រជែង ជាមួយ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​សហរដ្ឋអាមេរិក​។ អ្នកប្រើប្រាស់ TikTok ភាគច្រើន​បង្កើត​វីដេអូ​ខ្លីៗ បង្ហាញ​ពី​សកម្មភាព​គ្រប់​រូបភាព​របស់​ពួកគេ ដូចជា​រាំរែក ច្រៀង និង​រឿង​កំប្លែង​ជាដើម។ ចំណែក បណ្ដាញ​សង្គម​ហ្វេសប៊ុក​វិញ គឺ​អ្នក​ប្រើប្រាស់​អាច​មាន​ជម្រើស​ច្រើនយ៉ាង ដូចជា​ការបង្កើត​គេហទំព័រ​បុគ្គល​ម្នាក់ៗ សំរាប់​ទាក់ទង​គ្នា​ទៅវិញ​ទៅមក រួមមាន ការ​ដាក់​បង្ហាញ​រូបភាព វីដេអូ ការ​ផ្ញើ​សារ និង​ការ​និយាយ​ឆ្លងឆ្លើយ​គ្នា តាម​ប្រព័ន្ធ Messengers ដោយ​មិន​អស់​ប្រាក់​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។