លោកស្រី​ ​សំ​ ​សុខា​ ​មិន​ទុកចិត្ត​តុលាការ​ ​ដែល​​មិន​ព្រម​​ចេញ​​បង្កាន់​ដៃ​​​ថ្លៃ​បង់​ប្រាក់ពិន័យ​ ​១០​លាន​រៀល

0:00 / 0:00

អតីត​កម្មការិនី​រោងចក្រ​លោកស្រី​ ​សំ​ ​សុខា​ ​មិន​ទុកចិត្ត​មន្រ្តី​តុលាការ​ ​ដែល​មិនព្រម​ចេញ​បង្កាន់ដៃ​ ​ថ្លៃ​លោកស្រី​បង់​ប្រាក់ពិន័យ​ ​១០​លាន​រៀល​​ (​ឬ​ ​២.៥០០​ ​ដុល្លារ​​)​ ​ជូន​​តុលាការ​ ​ដើម្បីកុំឲ្យ​ជាប់ពន្ធនាគារ​ថែម​ ​៦​ខែ​ទៀត​។​ ​ថ្លែងប្រាប់​វិទ្យុ​អាស៊ី​សេរី​ ​ក្រោយ​ការ​បង់​ប្រាក់​គ្រប់​ចំនួន​ ​កាលពី​ថ្ងៃ​ទី​​១០​ ​ខែ​​កុម្ភៈ​ ​លោកស្រី​ ​សំ​ ​សុខា​ ​ថា​ជា​រឿង​ចម្លែក​ ​និង​មិន​ប្រក្រតី​មួយទៀត​ ​ដែល​មន្រ្តី​តុលាការ​ ​បាន​ទទួល​ប្រាក់​គ្រប់​ចំនួន​ពី​លោកស្រី​ហើយ​ ​ប៉ុន្តែ​មិន​ចេញ​លិខិត​បញ្ជាក់​អ្វី​ទាំងអស់​បែប​នេះ​។​

រឿង​មិន​ប្រក្រតី​ដំបូង​កើតឡើង​ចំពោះ​លោកស្រី​ ​សំ​ ​សុខា​ ​ពាក់ព័ន្ធ​នឹង​ការណ៍​ដែល​មន្រ្តី​តុលាការ​ចាប់​បង្ខំ​ ​និង​គម្រាម​លោកស្រី​ ​ឲ្យ​រក​ប្រាក់​មក​បង់​តុលាការ​ជាបន្ទាន់​ ​ដោយ​គ្មាន​ការ​អនុគ្រោះ​ ​ឬ​លើកលែង​អ្វី​ទាំងអស់​ ​បើ​មិន​ដូច្នេះ​ទេ​លោកស្រី​នឹង​ត្រូវ​​​ជាប់គុក​៦​ខែ​បន្ថែម​ទៀត​ ​ទៅលើ​ការ​ជាប់ពន្ធនាគារ​គ្រប់​ចំនួន​កំណត់​បួន​ឆ្នាំ​ពេញ​រួចមក​ហើយ​នោះ​។

image.gif
រូបភាពបង្ហាញពីសកម្មភាពរបស់អ្នកស្រី សំ សុខា យកស្បែកជើងគប់ទៅលើស្លាកសញ្ញារបស់គណបក្សប្រជាជនកម្ពុជា ដែលមានរូបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧។ (រូប៖ សំ សុខា)

លោកស្រី​ ​សំ​ ​សុខា​ ​វ័យ​ ​៤​៣​ឆ្នាំ​ ​ដែល​ទើប​ចេញពី​ពន្ធ​នាគា​រ​ ​កាលពី​ថ្ងៃ​ទី​៩​ ​ខែ​​កុម្ភៈ​ ​ក្រោយ​បំពេញ​គ្រប់​លក្ខខណ្ឌ​កំណត់​នៃ​ទោស​រយៈពេល​បួន​ឆ្នាំ​ពេញ​នោះ​ ​ត្រូវ​បង្ខំចិត្ត​រក​ប្រាក់​ឲ្យ​គ្រប់​ចំនួន​ ​ដើម្បី​បង់​តុលាការ​ភ្លាម​ៗ​ ​កាលពី​ថ្ងៃ​ទី​​១​០​ ​ខែ​​កុម្ភៈ​នោះ​។​ ​ប៉ុន្តែ​ ​អ្វី​ដែល​ជា​បញ្ហា​មិន​ប្រក្រតី​មួយទៀត​ ​ដែល​កើតឡើង​ចំពោះ​លោកស្រី​ ​គឺ​មន្រ្តី​តុលាការ​យកលេស​មិន​ចេញ​ក្រដាស​បញ្ជាក់​ថ្លៃ​បង់​ប្រាក់​នេះ​ ​ដោយ​លោកស្រី​អះអាង​ថា​ ​មន្រ្តី​តុលាការ​ថា​នោះ​ ​​ជា​ក្រឹត្យក្រម​ ​និង​នីតិវិធី​តុលាការ​ ​ដែលគេ​ធ្វើ​តែ​អ៊‍ីចឹង​៖ «គេ​ថា ​អំណាច​នៃ​ប្រព័ន្ធ​តុលាការ​របស់​គេ​ ​គេ​នឹង​មិន​មាន​ចេញ​ជា​ក្រដាស​បញ្ជាក់​ថា​យើង​ហ្នឹង​បាន​បង់លុយ​ចំនួន​ ​១​០​លាន​ហ្នឹង​បានទេ​។​ ​គេ​មិន​អា​ចចេញ​ឲ្យបាន​ទេ​។​ ​គេ​ប្រាប់​តែ​ប៉ុណ្ណឹង»

លោកស្រី​ហួសចិត្ត​ ​និង​មិន​យល់​អំពី​នីតិវិធី​តុលាការ​បែប​នេះ​នោះ​ទេ​។​ ​លោកស្រី​ចោទ​ជា​សំណួរ​ថា​ ​តើ​ឲ្យ​លោកស្រី​ទុកចិត្ត​តុលាការ​យ៉ាងដូចម្តេច​បាន​ ​បើ​គ្មាន​លិខិត​បញ្ជាក់​អ្វីមួយ​សន្លឹក​សោះ​បែប​នេះ​។​ ​លោកស្រី​ថា ​ប្រាក់​ដែល​បង់​តុលាការ​នោះ​ទៀតសោត​ ​មិនមែន​ជា​ប្រាក់​លោកស្រី​ទេ​ ​ព្រោះ​ជីវភាព​លោកស្រី​ខ្វះខាត​ ​មិន​មានលទ្ធភាព​រក​ប្រាក់​ឯណា​បាន​សន្ធឹក​ក្នុងរយៈពេល​ដ៏​ខ្លី​បែប​នេះ​នោះ​ឡើយ​។​ ​ក្នុងពេលជាមួយគ្នា​នោះ​ ​លោកស្រី​ក៏​គ្មាន​សមត្ថភាព​ ​ដើម្បី​ខ្ចី​លុយ​គេ​ដែរ​ ​ព្រោះ​អ្នក​រក​​ស៊ី​ចង​ការប្រាក់​ឯកជន​ ​គេ​យកការប្រាក់​ខ្ពស់​រហូតដល់​ក្នុង​លុយ​ ​១.​០​០​០​ដុល្លារ​ ​គេ​យកការប្រាក់​ ​១​០​០​ដុល្លារ​ ​ក្នុង​មួយ​ខែ​។​

ប៉ុន្តែ​លោកស្រី​បន្ត​ថា​ ​នៅទីបំផុត​ម្តាយមីង​លោកស្រី​ ​បាន​បេះ​បោច​ប្រាក់សន្សំ​ ​សម្រាប់​ទុក​ព្យាបាល​របួស​ភ្នែក​របស់​ប្តី​ម្តាយមីង​នោះ​ ​យកមក​ឲ្យ​លោកស្រី​ខ្ចី​ ​ដើម្បី​បង់​តុលាការ​ ​ព្រោះ​មិន​ចង់​ឃើញ​លោកស្រី​រង​ភាព​អយុត្តិធម៌​ ​ដោយ​ត្រូវ​​​ជាប់គុក​ច្រើន​ខែ​ទៀត​នោះ​ទេ​៖ «ដោយសារ​គាត់​មិន​ចង់​ឃើញ​ខ្លាច​លោ​គេ​ចាប់​ក្មួយ​ទៀត​។​ ​ខ្លាច​លោ​គេ​ដាក់​ក្មួយ​ ​៦​ខែ​ទៀត​។​ ​លុយ​នោះ​គាត់​សាកួ​ទុក​ព្យាបាល​ភ្នែក​ប្ដី​គាត់​។​ ​មិនមែន​ធម្មតា​ទេ​។​ ​ភ្នែក​ប្តី​គាត់​ហ្នឹង​ក៏​ខូច​ដែរ»។​

លោកស្រី​ ​សំ​ ​សុខា​ ​ត្រូវ​តុលាការ​កាត់ទោស​ពីរដង​ ​ម្តង​កាត់ទោស​ដោយកំបាំង​មុខ​ ​កាលពី​ឆ្នាំ​២០១៧​ ​ឲ្យ​ជាប់គុក​ ​២​ឆ្នាំ​ ​ពី​បទ​ញុះញង់​ឲ្យ​មាន​ការរើសអើង​ ​និង​ពិន័យ​ជា​ប្រាក់​ ​៥លាន​រៀល។ ​លោកស្រី​បាន​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ។​ ​ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ ​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ​ ​តាម​ការ​ស្នើ​របស់​រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​ ​នៅ​ឆ្នាំ​​២០១៨។​ ​ក្រោយ​ត្រូវ​បាន​បញ្ជូន​មកដល់​កម្ពុជា​ ​លោកស្រី​ត្រូវ​តុលាការ​កាត់ទោស​ថែម​ពីរ​ឆ្នាំ​ទៀត​ ​ពី​ជេរប្រមាថ​ ​និង​ពិន័យ​ ​៥​លាន​រៀល​ទៀត។

បទ​ចោទ​ទាំងនេះ​ ​កើតមានឡើង​ក្រោយ​លោកស្រី​ ​កាលពី​ឆ្នាំ​២០១៧​ ​បាន​ដោះ​ស្បែកជើង​គប់​លើ​ស្លាក​គណបក្សប្រជាជន​កម្ពុជា​ ​ដែល​មាន​​​រូប​លោកនាយក​រដ្ឋ​មន្រ្តី ​ហ៊ុន​ ​សែន​ ​និង​លោក​ ​ហេង​ ​សំ​រិន​ ​ដែល​ជា​​ប្រធានរដ្ឋសភា​ ​និង​ជា​ប្រធានកិត្តិយស​គណបក្ស​កាន់អំណាច​ ​និង​ក្រោយមក​ ​កាល​នៅ​ថៃ​លោកស្រី​បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​ ​រិះគន់​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​។​

នៅ​ថ្ងៃ​ចេញពី​ពន្ធ​នាគា​រ​ ​កាលពី​ថ្ងៃ​ទី​៩​ ​ខែ​​កុម្ភៈ​នោះ​ ​លោកស្រី​ថា ​មន្រ្តី​តុលាការ​មិនព្រម​ទទួលយក​សំណូមពរ​របស់​លោកស្រី​ ​ដែល​សុំ​ទុក​ពេល​ឲ្យ​លោកស្រី​រក​ប្រាក់​ ​និង​ផ្តល់​លទ្ធភាព​ឲ្យ​លោកស្រី​បង់​រម្លស់​នោះ​ទេ​។​

មន្រ្តី​សិទ្ធិមនុស្ស​ហួសចិត្ត​ ​ចំពោះ​ការ​បង្ខិតបង្ខំ​ ​និង​គម្រាម​ឲ្យ​បង់​ប្រាក់ពិន័យ​ភ្លាម​ៗ​ ​ដោយ​គ្មាន​ការយោគយល់​ ​ឬ​ការ​អនុគ្រោះ​បែប​នេះ​។​ ​ជាង​នេះ​ទៅទៀត​ ​មន្រ្តី​ច្បាប់​ក៏​ភ្ញាក់ផ្អើល​ដែរ​ ​ដែល​ក្រោយ​លោកស្រី​ ​សំ​ ​សុខា​ ​រក​ប្រាក់​បង់​គ្រប់​ចំនួន​ទៅ​ហើយ​ ​ប៉ុន្តែ​ម​ន្រ្តី​តុលាការ​មិនព្រម​ចេញ​វិក្កយបត្រ​ជូន​លោកស្រី​បែប​នេះ​។​

វិទ្យុ​អាស៊ី​សេរី​ ​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​មន្រ្តី​តុលាការ​ ​ជុំវិញ​រឿង​នេះ​បាន​នៅឡើយ​ទេ​។

ទោះ​ជា​យ៉ាងនេះ​ក្ដី​ ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ ​មិន​មាន​ចែង​អំពី​ការ​ចាប់​បង្ខំឲ្យ​ជន​ណា​ម្នាក់​ ​ដែល​​ជាប់ទោស​គ្រប់​កាល​កំណត់​ ​បង់​ប្រាក់ពិន័យ​ភ្លាម​ៗ​ នោះ​ដែរ​។​ ​ច្បាប់​នេះ​ក៏មាន​ចែង​អំពី​គោលការណ៍​មនុស្សធម៌​ ​និង​ការលើកលែង​ខ្លះ​ផង​។​ ​ម្យ៉ាងទៀត​តាម​ក្រឹត្យក្រម​រដ្ឋបាល​សាធារណៈ​ ​រាល់​ការ​បង់​ប្រាក់​ ​ត្រូវ​មាន​ចេញ​ជា​បង្កាន់ដៃ​ជូន​អ្នក​បង់​ប្រាក់​នោះ​។

លោកស្រី​ ​សំ​ ​សុខា​ ​ថា ​អ្វី​ដែល​កើតឡើង​ចំពោះ​លោកស្រី​ ​គឺជា​រឿង​អយុត្តិធម៌​ ​និង​មិន​ប្រក្រតី​ផ្ទួនៗ​ ​ដែល​ឆ្លុះបញ្ចាំង​អំពី​តថភាព​នៃ​សង្គម​បច្ចុប្បន្ន​ ​ដែល​ពោរពេញ​ដោយ​អំពើ​អយុត្តិធម៌​​និង​ការ​រំលោភបំពាន​ទាំង​ក្នុង​ប្រព័ន្ធ​តុលាការ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។