ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ជំរុញឱ្យ អគ្គស្នងការរងនគរបាលជាតិលោក ឌី វិជ្ជា សហការជាមួយនឹងបារាំង ដើម្បីវែកមុខអ្នកបញ្ជានៅពីក្រោយខ្នងឃាតកម្មលើអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា ដែលលោក សម រង្ស៊ី ចាត់ទុកថាគឺ លោក ហ៊ុន សែន ជាអ្នកនៅពីក្រោយទាំងឃាតកម្មលើលោក លិម គិមយ៉ា និង លោក ហុក ឡងឌី ដែលជាឪពុករបស់លោក ឌី វិជ្ជា កាលជាង១០ឆ្នាំមុន ។ ចំណែក លោក ឌី វិជ្ជា បានឆ្លើយតបថា ការលើកឡើងរបស់ លោក សម រង្ស៊ី ជារឿងមិនពិត ដែលមានចេតនាអាក្រក់ទម្លាក់កំហុសមកលើរដ្ឋាភិបាល។
សារអំពាវនាវរបស់លោក សម រង្ស៊ី ចំពោះលោក ឌី វិជ្ជា
ខណៈដែលរដ្ឋាភិបាលកម្ពុជាកំពុងតែរក្សាភាពស្ងប់ស្ងាត់ ហាក់មិនអើពើរកយុត្តិធម៌ជូនដល់គ្រួសារជនរងគ្រោះគឺ លោក លិម គិមយ៉ា ដែលត្រូវខ្មាំងកាំភ្លើងបាញ់ស្លាប់នៅកណ្ដាលទីក្រុងបាងកកប្រទេសថៃលោក សម រង្ស៊ី នៅថ្ងៃទី២៥ ខែកុម្ភៈ នេះ បានបង្ហោះសារ នៅលើគេហទំព័រ ហ្វេសប៊ុក (Facebook) ដោយជំរុញឱ្យលោក ឌី វិជ្ជា ដែលជាកូនប្រសាររបស់ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន គួរតែសហការជាមួយស្ថានទូតបារាំងប្រចាំនៅកម្ពុជា ដើម្បីវែករកមុខឃាតករ ពិតប្រាកដ នៅក្នុងសំណុំរឿងឃាតកម្ម មកលើ លោក លិម គិមយ៉ា កាលពីថ្ងៃទី៧ ខែមករា។
ទន្ទឹមនឹងនោះ លោក សម រង្ស៊ី បានចោទប្រកាន់អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន មេឃាតករពិតប្រាកដ ដែលនៅពីក្រោយឃាតកលើ លោក លិម គិមយ៉ា និងឪពុករបស់លោក ឌី វិជ្ជា គឺអតីតអគ្គស្នងការនគរបាលជាតិ លោក ហុក ឡងឌី កាលពីឆ្នាំ២០០៨ នៅក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រនៅលើទឹកដីខេត្តស្វាយរៀង។
លោក សម រង្ស៊ី សរសេរថា៖ «លោក ឌី វិជ្ជា គួរចេញមុខលាតត្រដាងអាថ៌កំបាំងដ៏កខ្វក់របស់ ហ៊ុន សែន ព្រោះយើងទាំងអស់គ្នាបានដឹងហើយថា ឃាតករពិតនៅពីក្រោយឃាតកម្មលោក លិម គិមយ៉ា និង ឃាតកម្មលោក ហុក ឡងឌី គឺជាមនុស្សតែមួយ។ ស្វែងរកយុត្តិធម៌ជូនលោក លិម គិមយ៉ា ក៏ដូចជាការស្វែងរកយុត្តិធម៌ជូនលោក ហុក ឡងឌី ឪពុករបស់លោកដែរ»។
ការឆ្លើយតបរបស់លោក ឌី វិជ្ជា ច្រានចោលការចោទប្រកាន់ដល់រដ្ឋាភិបាលកម្ពុជា
ឆ្លើយតបជុំវិញរឿងនេះ អគ្គស្នងការរងនគរបាលជាតិលោក ឌី វិជ្ជា បានបង្ហោះសារនៅលើ គេហទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៥ ខែកុម្ភៈ ដោយច្រានចោលចំពោះការលើកឡើង របស់លោក សម រង្ស៊ី ថាជារឿងមិនពិត។ លោកក៏ស្នើឱ្យលោក សម រង្ស៊ី បញ្ឈប់ជាបន្ទាន់នូវការបញ្ចេញព័ត៌មានមិនពិត និងការចោទប្រកាន់ដែលគ្មានមូលដ្ឋាន ដើម្បីបំភាន់ដល់សាធារណជន និងមានចេតនាអាក្រក់ទម្លាក់កំហុសមកលើរាជរដ្ឋាភិបាល។
លោក ឌី វិជ្ជា សរសេរ៖«ប្រទេសកម្ពុជា មានច្បាប់ទម្លាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីមួយសម្រេចតែតាមការនឹកឃើញនោះទេ។ ល្មមៗបានហើយ។»
ការតាមដានករណីឃាតកម្មលោក លិម គិមយ៉ា របស់ស្ថានទូតបារាំង
ការឆ្លើយឆ្លងសារគ្នានេះ ធ្វើឡើងក្រោយពេល ស្ថានទូតបារាំងប្រចាំនៅកម្ពុជានៅថ្ងៃទី២៤ ខែកុម្ភៈ បានជួបពិភាក្សា ជាមួយអគ្គស្នងការរងនគរបាលជាតិលោក ឌី វិជ្ជា ដើម្បីតាមដានលើចំណាត់ការរបស់អាជ្ញាធរកម្ពុជា ក្នុងសំណុំរឿង ឃាតកម្មលើលោក លិម គិមយ៉ា។ ទន្ទឹមនឹងនោះស្ថានទូតបារាំងបានបញ្ជាក់ថា អាជ្ញាធរបារាំងកំពុង តាមដានការស៊ើបអង្កេតនេះ យ៉ាងដិតដល់។
វិទ្យុអាស៊ីសេរីពុំអាចទាក់ទង អគ្គស្នងការរងនគរបាលជាតិលោក ឌី វិជ្ជា អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោក ឆាយ គឹមខឿន និងតំណាងស្ថានទូតបារាំងប្រចាំនៅកម្ពុជា ដើម្បីឆ្លើយតបជុំវិញរឿងនេះ បានទេនៅថ្ងៃទី២៥ ខែកុម្ភៈ ដោយហៅទូរស័ព្ទចូលតែគ្មានអ្នកទទួល។
អត្ថបទដែលទាក់ទង៖
[ អគ្គរដ្ឋទូតបារាំងជួបលោក ឌី វិជ្ជា ពាក់ព័ន្ធករណីឃាតកម្មលើលោក លិម គិមយ៉ាOpens in new window ]
តំណាងជនភៀសខ្លួននៅថៃចោទលោក ហ៊ុន សែន ថា ជាអ្នកបញ្ជាឱ្យសម្លាប់លោក លិម គិមយ៉ា
ប្រវត្តិលោក លិម គិមយ៉ា អតីតតំណាងរាស្ត្របក្សសង្គ្រោះជាតិ ដែលគេធ្វើឃាតនៅប្រទេសថៃ
ចំណែក តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន លើកឡើងថា លោក ឌី វិជ្ជា មិនហ៊ានសហការជាមួយស្ថានទូតបារាំង ដើម្បីវែកមុខ អ្នកនៅពីក្រោយ នៃឃាតកម្មមកលើ លោក លិម គិមយ៉ា នោះទេ ព្រោះអ្នកនៅពីក្រោយនៃឃាតកម្មនេះ មានជាប់ពាក់ព័ន្ធ អ្នកមានអំណាច ក្នុងជួររដ្ឋាភិបាលកម្ពុជា។ ជាពិសេសលោកថា អ្នកដែលត្រូវបានគេសង្ស័យ ថាជាមេខ្លោង គឺជា ឪពុកក្មេករបស់លោក ឌឺ វិជ្ជា ផ្ទាល់គឺលោក ហ៊ុន សែន។ លោកបន្តថា ដើម្បីឱ្យសំណុំរឿងនេះ ផ្ដល់នូវយុត្តិធម៌ពិតប្រាកដ មានតែ តុលាការបារាំង ត្រូវតែបើកការស៊ើបអង្កេត ដោយខ្លួនឯង។
លោក អ៊ុំ សំអាន៖«ស្ថានទូតបារាំងគួរឱ្យតុលាការបារាំងជាអ្នកដំណើរការរឿងហ្នឹង ដើម្បីស្វែងរកយុត្តិធម៌ជូនលោក លិម គិមយ៉ា ហើយចាប់ខ្លួនអ្នកពាក់ព័ន្ធជាពិសេសអ្នកនៅពីក្រោយខ្នងធំដូចជា លោក ហ៊ុន សែន ជាដើម។ ដូចដែលតុលាការបារាំងចេញដីការចាប់ខ្លួន លោក ហ៊ីង ប៊ុនហៀង លោក ហ៊ុយ ពិសិដ្ឋ កន្លងមក ពាក់ព័ន្ធការបោកគ្រប់បែកទៅកាន់ក្រុមបាតុករ កាលពីឆ្នាំ១៩៩៩៧»។
ខ្មាន់កាំភ្លើងជនជាតិថៃ អេកាឡាក់ ផែណយ
ខ្មាន់កាំភ្លើងជនជាតិថៃ លោក អេកាឡាក់ ផែណយ (Ekkalak Phaenoi) បានបាញ់សម្លាប់លោក លិម គិមយ៉ា នៅកណ្ដាលទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៧ ខែមករា។ ក្រោយមក ខ្មាន់កាំភ្លើងរូបនេះ ត្រូវបានចាប់ខ្លួននៅទឹកដីកម្ពុជា ហើយបញ្ជូនទៅប្រទេសថៃវិញ ដើម្បីបន្តនីតិវិធីស៊ើបអង្កេត។ រីឯជនសង្ស័យ២នាក់ទៀត ដែលជាជនជាតិខ្មែរ គឺទីប្រឹក្សាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន គឺ លោក លី រតនរស្មី និងបុគ្គលឈ្មោះ ពេជ្រ គឹមស្រ៊ិន ដែលជាកូនចៅ របស់អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក៏ត្រូវបាន ប៉ូលិសថៃ ចេញដីកាចាប់ខ្លួនផងដែរ។ប៉ុន្តែ មកទល់ពេលនេះ ជាង១ខែហើយ នៅមិនទាន់ឃើញ អាជ្ញាធរកម្ពុជាចាប់បញ្ជូនជនសង្ស័យ២នាក់នេះប្រគល់ឱ្យអាជ្ញាធរថៃនៅឡើយ។
ទាក់ទិនរឿងនេះ អ្នកជំនាញផ្នែកច្បាប់ និងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ លោក វ៉ន ចាន់ឡូត សង្កេតឃើញថា ការលើកឡើងរបស់ លោក សម រង្ស៊ី ដែលថា មេខ្លោងឃាតករសម្លាប់ លោក លិម គិមយ៉ា និងលោក ហុក ឡងឌី គឺជាមនុស្សតែមួយ គឺ លោក ហ៊ុន សែន នេះ គឺគ្រាន់តែជាវោហារស័ព្ទនយោបាយ។ ប៉ុន្តែអ្វីដែលជាការសម្គាល់ របស់លោក គឺថា ការណ៍ដែលស្ថានទូតបារាំង ជួបពិភាក្សាជាមួយ លោក ឌី វិជ្ជា គឺជាការវិវត្តន៍ថ្មីមួយ ដែលបញ្ជាក់ថាបារាំង បានយកចិត្តទុកដាក់លើដំណើរស៊ើបអង្កេត លើឧក្រិដ្ឋកម្មនេះ។ ដូច្នេះ លោកបន្តថា អាជ្ញាធរកម្ពុជាមិនគួរលាក់បាំង ឬពន្យារពេល នៃការចាប់ខ្លួនជនសង្ស័យ នៅកម្ពុជានោះទេ ហើយ គួរតែសហការ ជាមួយភាគីពាក់ព័ន្ធ ដើម្បីស្វែងរកការពិត នៃឃាតកម្មមួយនេះ។
លោក វ៉ន ចាន់ឡូត៖«បើកម្ពុជាមិនព្រមធ្វើការសហការដោយស្មោះត្រង់ជាមួយសហគមន៍អន្តរជាតិនោះ កម្ពុជានឹងត្រូវប៉ះពាល់ទៅដល់កេរ្តិ៍ឈ្មោះ មុខមាត់ ជាពិសេសគឺ អ្នកនយោបាយ ដែលសម្បូររឿងអាស្រូវ ហិង្សានយោបាយ ឬឃាតកម្មនយោបាយ ស្រាប់ហើយហ្នឹង»។
ពាក់ព័ន្ធឃាតកម្មដដែលនេះ កាលពីថ្ងៃទី២០ ខែមករា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្លាប់បានចេញប្រតិកម្មទាំងកំហឹង ដោយច្រានចោល ការចោទប្រកាន់របស់ លោក សម រង្ស៊ី ម្ដងរួចមកហើយ ដែលថា ករណីឃាតកម្មលើលោក លិម គិមយ៉ា គឺមានជាប់ពាក់ព័ន្ធនឹងឪពុកលោក គឺលោក ហ៊ុន សែន។ លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា ប្រសិនបើ លោក ហ៊ុន សែន និង រដ្ឋាភិបាល នៅពីក្រោយសំណុំរឿងនេះ រដ្ឋាភិបាល មិនបញ្ជូនជនដៃដល់ ដែលជាជនជាតិថៃឈ្មោះ អេកាឡាក់ ផែណយ ទៅឱ្យភាគីថៃ វិញទេ។
ទោះជាយ៉ាងណា កាលពីថ្ងៃទី៥ ខែកុម្ភៈ មូលនិធិសមាហរណកម្មវប្បធម៌របស់ថៃ ( CROSS CULTURAL FUNDATION) បានចេញសេចក្ដីថ្លែងការណ៍ ដោយបានចាក់ទុកករណីឃាតកម្មលើលោក លិម គិមយ៉ា គឺជាករណី«បង្ក្រាបឆ្លងដែន» ដែលត្រូវបានគេប្រើសម្រាប់បំបិទមាត់អ្នកប្រឆាំងនឹងរដ្ឋអំណាច។ ចំណែកឃាតកម្មនេះ គឺជាវិធីមួយក្នុងចំណោមវិធីជាច្រើនទៀត ដែលគេយកមកប្រើប្រាស់សម្រាប់ការបង្ក្រាបឆ្លងដែន ដោយការសហការគ្នារវាងរដ្ឋ និងរដ្ឋជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។