គ្រួសារ​លោក ស ខេង កំពុង​គ្រប់គ្រង​ក្រសួង​មហាផ្ទៃ

ដោយ ថា ថៃ
2024.05.29
គ្រួសារ​លោក ស ខេង កំពុង​គ្រប់គ្រង​ក្រសួង​មហាផ្ទៃ រូប​ក្រុមគ្រួសារ​លោក ស ខេង អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។
រូប៖ ហ្វេសប៊ុកលោក ស ខេង

គ្រួសារ​លោក ស ខេង កំពុង​គ្រប់គ្រង​ក្រសួង​មហាផ្ទៃ​តាម​បែប​គ្រួសារ​និយម ។ កូន​បង្កើត​និង​កូន​ប្រសារ​របស់​លោក ស ខេង សុទ្ធតែ​​កាន់​តួនាទី​ធំៗ​នៅក្នុង​ក្រសួង​មហាផ្ទៃ​។ អ្នកឃ្លាំមើល ចាត់​ទុក​ការ​បង្កើត​គ្រួសារ​និយម​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ​នេះ គឺជា​គំរូ​អាក្រក់ និង​នាំ​ឲ្យ​មាន​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ។

ក្រសួង​មហាផ្ទៃ​​ដែល​ធ្លាប់​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​ ស ខេង ជាង​៣​ទសវត្សរ៍​​កន្លងមក​មក​នោះ​ នៅ​ពេល​នេះ ក្រសួង​មហាផ្ទៃ ​បាន​ក្លាយ​ជា​​ក្រសួង​គ្រួសារ​របស់​លោក​ស្ទើរ​ផ្តាច់​មុខ​។​កូនៗ​របស់​លោក​ ស ខេង ទាំង​កូនបង្កើត​​និង​កូន​ប្រសារ​ កំពុង​ក្តោប​ក្តាប់​តួនាទី​សំខាន់ៗ​ពេញ​នៅ​​ក្នុង​ក្រសួង​មហាផ្ទៃ បើ​ទោះ​បី​ជា​អតីត​រដ្ឋមន្ត្រី​រូប​នេះ ​ក្លាយ​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​អង្គ​ព្រះមហាក្សត្រ​ក្តី។

កូន​ប្រុស​ច្បង​គឺ​លោក ស សុខា កំពុង​កាន់តែ​តួនាទី​ជា​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បន្ត​ពី​ឪពុក ខណៈ​ប្រពន្ធ​របស់​លោក គឺ​អ្នកស្រី កែ សួនសុភី ត្រូវ​បាន​តែងតាំង​​តួនាទី​ជា​ប្រធាន​កិត្តិយស​ក្រុមការងារ​យេនឌ័រ​របស់​ក្រសួងមហាផ្ទៃ។ អ្នកស្រី កែ សួនសុភី គឺជា​អ្នកជំនួញ​ដែល​គ្រប់គ្រង ក្រុមហ៊ុន​ជាច្រើន​រួម​ទាំង​ក្រុមហ៊ុន​វិនិយោគ​ហិរញ្ញវត្ថុ​ហ្គោល​អេហ្វ​អិកស៍ ​អ៊ិនវេស​ម៉ិន (GoldFX investment co.,​LTD)​ដែល​រង​ការ​ប្តឹង​ពី​អ្នក​ដាក់​លុយ​វិនិយោគ​រាប់​ពាន់​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​លុយ​ប្រមាណ​២៧​លាន​ដុល្លារ​អាមេរិក។

ចំណែក​កូន​ប្រសារ​ប្រុស​របស់​លោក ស ខេង និង​ត្រូវ​ជា​ប្អូន​ជី​ដូន​មួយ​របស់​លោក គឺ​លោក ស ថេត វិញ លោក កំពុង​កាន់​តំណែង​ជា​អគ្គស្នងការ​នគរបាល​ជាតិ ខណៈ​ប្រពន្ធ​របស់​លោក​គឺ​អ្នកស្រី ស ស៊ីណា មាន​ឋានន្តរសក្តិ​ជា​ឧត្តមសេនីយ៍ទោ និង​កាន់តែ​តួនាទី​អនុប្រធាន​​នាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ​ដែល​មាន​អំណាច​គ្រប់គ្រង​លុយកាក់​របស់​ក្រសួង​មួយ​នេះ​។

ថ្មីៗនេះ​ អ្នកស្រី កែ សួនសុភី និង​អ្នកស្រី ស ស៊ីណា រួម​ទាំង​លោក ស ថេត ក្នុង​ឋានៈ​ជា​គណៈ​ប្រតិភូ​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​បាន​អម​ដំណើរ​លោក ស សុខា ទៅ​ បំពេញ​ទស្សន​កិច្ច​ការងារ​នៅ​ប្រទេស​ស្វីស (Switzerland) និង​ប្រទេស​អាល្លឺម៉ង់​(Germany) ដែល​មើល​ទៅ​ហាក់​ដូច​ជា​ដំណើរ​កម្សាន្ត​បែប​គ្រួសារ​របស់​លោក។

ងាក​មក​មើល​កូន​ប្រុស​ពៅ​របស់​លោក ស ខេង គឺ​លោក ​ស រដ្ឋា វិញ លោក ក៏​ទទួល​បាន​តួនាទី​ជាន់​ខ្ពស់​នៅ​ក្នុង​ក្រសួង​មហា​ផ្ទៃ​លឿន​ស្លេវ​មិន​ចាញ់​បងៗ​របស់​លោក​ឡើយ។ លោក ស រដ្ឋា កំពុង​កាន់​តួនាទី​ជា​អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​ផង​ និង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ផង ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​ខេត្ត​ខ្លាញ់​មួយ​សម្រាប់​មន្ត្រី​គ្រាក់ៗ​មួយ​ចំនួន រក​លុយ​ដាក់​ហោ​ប៉ៅ​តាម​បែប​ពុករលួយ។ រីឯ​ប្រពន្ធ​របស់​លោក ស រដ្ឋា គឺ​អ្នកស្រី កាំង ណៃកួយ គឺជា​អ្នក​ជំនួញ​ផ្នែក​អចលនទ្រព្យ។

មិន​ខុស​ពី​ក្រុម​គ្រួសារ​របស់​លោក ហ៊ុន សែន និង​មន្ត្រី​កំពូលៗ​របស់​បក្ស​កាន់​អំណាច​ផ្សេងទៀត​នោះ​ទេ ក្រុម​គ្រួសារ​លោក ស ខេង គឺ​មួយ​ក្រុម​ជា​អ្នក​កាន់​អំណាច​គ្រប់គ្រង​កងកម្លាំង​នគរបាល​ជាតិ​លើ​វិស័យ​សន្តិសុខជាតិ និង​សណ្ដាប់​ធ្នាប់​សាធារណៈ និង​មួយ​ក្រុម​ទៀត​ជា​អ្នក​រកស៊ី​ដ៏​មាន​ឥទ្ធិពល។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​អូស្ត្រាលី លោក អ៊ិន ហេមរ៉ា ​រិះគន់​ថា ករណី​មន្ត្រី​កំពូលៗ​របស់​បក្ស​កាន់​អំណាច រួម​ទាំង​លោក ស ខេង ដែល​តែងតាំង​កូនចៅ និង​​សាច់​ញាតិ​​នៅ​ក្នុង​ក្រសួងមហាផ្ទៃ និង​ស្ថាប័ន​រដ្ឋ​នេះ គឺជា​គំរូ​អាក្រក់​ និង​ជា​អំពើ​ពុករលួយ​ ដែល​ធ្វើ​ឲ្យ​ប្រទេសជាតិ មិន​អាច​អភិវឌ្ឍ​ទៅ​មុខ​បាន និង​មាន​អំពើ​រំលោភ​សិទ្ធិមនុស្ស​កាន់តែ​ធ្ងន់ធ្ងរ។លោក​បន្ត​ថា ​នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យ ដូចជា​អូស្ត្រាលី​ជាដើម​ ពុំ​អាច​អនុវត្ត​បែប​នេះ​បាន​នោះ​ទេ។

លោក អ៊ិន ហេមរ៉ា៖ «ទី១ ជា​គំរូ​អាក្រក់ និង​ខុសច្បាប់ ។ ហើយ​ទី២ ទៀត គឺ​ពលរដ្ឋ​ខ្មែរ​ដែល​មាន​សមត្ថភាព និង​ចំណេះដឹង​ខ្ពង់ខ្ពស់ គឺ​បាត់បង់​ឱកាស ក្នុង​ការ​ទទួល​បាន​ការងារ​ល្អ ។ហើយ​សម្រាប់​ប្រសិទ្ធភាព​ការងារ​ទៀត ដោយសារ ក្រសួង​តែងតាំង​គ្រួសារ​អ៊ីចឹង​ទៅ ប្រសិទ្ធភាព​ការងារ​គឺ​មិន​អាច​ធ្វើ​ដំណើរការ​ទៅ​បាន តាម​នីតិវិធី​ទេ ព្រោះ​តម្លាភាព (Check and balance )គឺ​មិន​អាច​ទៅ​រួច​ទេ ព្រោះ​វា​ទាក់ទង​នឹង​គ្រួសារ​រួច​ទៅ​ហើយ»

លោក អ៊ិន ហេមរ៉ា បន្ថែម​ថា ការ​តែងតាំង​កូនចៅ​របស់​លោក ស ខេង ​នៅ​ពេលនេះ​ មិនមែន​ផ្អែក​ទៅ​លើ​សមត្ថភាព​របស់​ពួកគេ​អស្ចារ្យ​ជាង​​ពលរដ្ឋ និង​យុវជន​ខ្មែរ​ផ្សេង​ទៀត​នោះ​ទេ​ តែ​ជា​ការ​រៀបចំ​បែងចែក​អំណាច​ដឹកនាំ​ក្នុង​ជួរ​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា។

ឆ្លើយ​តប​នឹង​រឿង​នេះ អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​លោក ទូច សុឃៈ ចាត់ទុក ការ​រិះគន់​នេះ​​ថា មាន​គោល​បំណង​កេង​ចំណេញ​នយោបាយ។ លោក​បន្ត​ការពារ​ថា កូនៗ​របស់​លោក ស ខេង មិន​មែន​ទើប​ទទួល​បាន​តួនាទី និង​​ក្របខណ្ឌ​ជា​នគរបាល​ និង​ជា​រដ្ឋបាល​ស៊ីវិល ក្នុង​ពេល​លោក ស សុខា ឡើង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​នោះ​ទេ។ លោក​អះអាង​ថា រឿង​ប្រសិទ្ធភាព​ការងារ និង​រឿង​អំពើ​ពុក​រលួយ​នេះ មិនមែន​សុទ្ធតែ​កើត​ចេញ​អំពី​ទំនាក់ទំនង​សាច់​ញាតិ​នោះ​ទេ។

លោក ទូច សុឃៈ៖ «មិនមែន​ទំនាក់ទំនង​ញាតិ​អី​ជាមួយ​គ្នា​ផង ប្រសិនបើ​មាន​គំនិត​គិត​តែ​ផល​ប្រយោជន៍​មិន​គិត​ដល់​អង្គភាព​មិន​គិត​ដល់​ជាតិ ក៏​នៅ​តែ​អាច​ប្រព្រឹត្ត​អំពើពុករលួយ​បាន​ដដែល​ទេ។ អ៊ីចឹង កុំ​យក​ទំនាក់ទំនង​នេះ មក​វាយ​តម្លៃ​ថា ការងារ​គ្មាន​ប្រសិទ្ធភាព​បង្កើត​ទៅ​ជា​ប្រព័ន្ធ​អំពើពុករលួយ គឺ​អត់​ទេ។ ប្រសិទ្ធភាព​ការងារ​របស់​ក្រសួង​មហាផ្ទៃ​បច្ចុប្បន្ន គឺ​កំពុង​តែ​ហៅថា មាន​គុណ​តម្លៃ ឬ​គុណផល»

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ អ្នកឃ្លាំមើល​បញ្ហា​សិទ្ធិមនុស្ស និង​សង្គម លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា កូនៗ​របស់​លោក ស ខេង ទទួល​តួនាទី​សំខាន់ៗ​ក្នុង​ពេល​ក្រុម​មេ​ដឹកនាំ​បក្ស​កាន់​អំណាច ​ផ្ទេរអំណាច​ជា​ប្រព័ន្ធ​ដល់​កូនចៅ​របស់​ពួកគេ​ដោយ​គ្មាន​ការ​ប្រកួត​ប្រជែង។លើស​ពី​នេះ លោក ​​យល់​ថា ការ​បកស្រាយ​ការពារ​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​ទាំង​នោះ​ថា មិន​​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ គឺ​ជា​រឿង​មិនអាច​ជឿ​ទុកចិត្ត​បាន​ឡើយ ព្រោះ​គ្មាន​ការ​ស៊ើប​អង្កេត​ទៅ​លើ​ប្រភព​ទ្រព្យ​សម្បត្តិ​ដ៏​មហាសាល​របស់​អ្នក​ទាំង​នោះ ដែល​មិន​សម​ស្រប​ជាមួយ​នឹង​ប្រាក់ខែ​របស់​ពួកគេ​។

លោក ស៊ឹង សែនករុណា៖ «ខ្ញុំ​យល់​ថា វា​មិនមែន​ជា​ការ​ធ្វើ​កិច្ចការ​ងារ​បំពេញ កាតព្វកិច្ច​ក្នុង​ការ​ជួយ​ជាតិ​មាតុភូមិ​អ្វី​ទេ វា​គ្រាន់​តែ​ជា​ការ​ចាក់​ស្រេះ​ដើម្បី​ការពារ​អំណាច ឬ​ក៏​ធនធាន​ទ្រព្យសម្បត្តិ​ដែល​ពួកគេ​មាន​តែ​ប៉ុណ្ណឹង។ វា​ហាក់ដូចជា​មិន​អាច​ឆ្លុះ​បញ្ចាំង​អំពី​ការ​ទទួលខុសត្រូវ​ក្នុង​នាម​កាតព្វកិច្ច​ជា​អ្នក​ដឹកនាំ​អ្វី​ទេ។អីចឹង ហើយ​បាន​ជា​យើង​ឃើញ​ក្នុង​អាណត្តិ​ក្រោយ​នេះ បាន​ដាក់​កូនចៅ​សាច់ញាតិ​នៅ​ក្នុង​ស្ថាប័ន​សំខាន់ៗ​ស្នង​តំណែង​បន្តបន្ទាប់​គ្នា។ វា​ជា អំពើ​មួយ​ដែល​យើង​មិន​ដែល​ឃើញ​មាន នៅ​ក្នុង​ប្រទេស​ដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យ​ទេ»

ក្រៅពី​កូនៗ​​លោក ស ខេង ដែល​ទទួល​បាន​តួនាទី​សំខាន់ៗ​នៅក្នុង​ក្រសួង​មហាផ្ទៃ​នេះ កូនចៅ​មន្ត្រី​កំពូលៗ​របស់​គណបក្ស​កាន់​អំណាច​ផ្សេងទៀត​ ក៏​ទទួល​តំណែង​សំខាន់ៗ​​​បន្ត​ពី​ឪពុក​ម្តាយ​របស់​ពួក​គេ​រៀងៗ​ខ្លួន​ ​ប្រៀប​ដូចជា​ក្រុមហ៊ុន​ឯកជន ដូចជា​ក្រុម​គ្រួសារ​លោក ហ៊ុន សែន គ្រួសារ​លោក ទៀ បាញ់ និង​គ្រួសារ​អ្នក​ស្រី ម៉ែន សំអន ជាដើម។

អ្នក​ឃ្លាំមើល​ ចាត់ទុក​ថា ករណី​នេះ​គឺ​ជា​គំរូ​អាក្រក់​ដល់​មន្ត្រី​ថ្នាក់ក្រោម និង​បង្កើត​ផល​ប៉ះពាល់​ធំធេង​សម្រាប់​ប្រទេស​ជាតិ និង​ប្រជាជន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។