ក្រុម​អ្នក​ឃ្លាំមើល​សោក​ស្តាយ​ដែល​ព្រឹទ្ធសភា​ផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០១៩

ដោយ វ៉ែន សុមេធ
2019.11.19
ម៉ម ប៊ុននាង ២០១៦ ៦២២ លោក ម៉ម ប៊ុននាង សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នកនាំពាក្យ​ព្រឹទ្ធសភា ថ្លែង​ក្រោយ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា នា​វិមាន​ព្រឹទ្ធសភា នៅ​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៦។
RFA

ក្រុម​អ្នក​ឃ្លាំមើល​សោកស្តាយ​ដែល​​ព្រឹទ្ធសភា​របបក្រុ​ងភ្នំពេញ ​បាន​អនុម័ត​ទាំង​ស្រុងដោយ​ឥត​កែប្រែ​​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០១៩។ ព្រឹទ្ធសភា​ថា សន្ធិសញ្ញា​នេះ​បាន​ឆ្លង​កាត់​ការ​ពិនិត្យ​ដិតដល់​ និង​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ហើយ ទើប​មាន​ការ​ផ្តល់​សច្ចាប័ន​នៅ​ពេល​នេះ។

តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ថ្លែង​ថា ព្រឹទ្ធសភា​មិន​គួរ​ផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០១៩ នោះទេ ពីព្រោះការ​បោះបង្គោល​ព្រំដែនរវាង​កម្ពុជា និង​វៀត​ណាម​នាពេលកន្លងទៅ មានចំណុច​មិន​ប្រក្រតីច្រើន ជាពិសេស​ពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​អះអាងថា ពួកគាត់​បាន​បាត់​បង់​ដី​ទៅ​ប្រទេស​វៀតណាម។ ម្យ៉ាងវិ​ញ​ទៀត លោក​ថា អ្នក​នយោបាយ​ខ្មែរ​​មិន​ទាន់​មាន​ការ​ស្រុះ​ស្រួល​គ្នា​នៅឡើយទេ ដូច្នេះ​ការ​ប្រញាប់​អនុម័ត​លើ​សន្ធិសញ្ញាបំពេញ​បន្ថែម​ឆ្នាំ២០១៩ ទាំង​ដែល​បង្គោល​ព្រំដែន​មិន​ទាន់​បាន​បោះរួច​រាល់​ជា​ស្ថាពរ​ផង​នោះ អាច​នឹង​បង្កើត​ទំនាស់​ផ្សេង​ទៀត​នៅពេល​ក្រោយ ហើយ​ក៏​អាច​ប៉ះពាល់​ដល់​បូរណភាពទឹកដីរបស់​កម្ពុជាដែរ៖ «យើង​មាន​ការ​សោកស្តាយ​ទៅ​នឹង​ការ​អនុម័ត​សន្ធិសញ្ញា​បំពេញ​​បន្ថែម​លើ​សន្ធិសញ្ញា​ឆ្នាំ២០០៥ ដែល​​ធ្វើ​​ឱ្យ​កម្ពុជា​យើង​ខាត​បង់ ហើយ​ខ្មែរ​យើង​មិន​ទាន់​បាន​ស្រុះស្រួល​គ្នា​ផង ហើយ​យើង​អនុម័ត ហើយ​បង្គោល​ព្រំដែន​​ហ្នឹង​មិន​​ទាន់​បាន​បោះ​ហើយ​ជា​ស្ថាពរ​ទេ គ្រាន់​តែ​បោះ​បង្គោល​ឡាក់​ទេ។ អ៊ីចឹង​យើង​មាន​ការ​ព្រួយ​បារម្ភ​ណាស់​​នៅពេល​បោះ​បង្គោល​ធ្មេញ​រណា កម្ពុជា​យើង​នឹង​មាន​បញ្ហា​ម្តង​ទៀត»

ព្រឹទ្ធសភា​របប​ក្រុង​ភ្នំពេញ បាន​ប្រជុំ​អនុម័ត​​​សេចក្តីព្រាង​ច្បាប់​ស្តីពី​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០១៩​ ដែល​មាន​ចំនួន ៣មាត្រា នៅ​ថ្ងៃ​ទី១៨ វិច្ឆិកា។ សេចក្តីព្រាង​ច្បាប់​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញនៅ​អំឡុង​សប្តាហ៍​ក្រោយ​នេះ​ ដើម្បី​ត្រួត​ពិនិត្យ​​មើល​ធម្មនុញ្ញភាព​ មុន​នឹង​ត្រូវ​បញ្ជូន​ទៅ​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្តលេខា​​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ។

សមាជិក និង​ជា​អ្នក​នាំពាក្យ​​ព្រឹទ្ធសភា លោក ម៉ម ប៊ុននាង ឱ្យ​អាស៊ីសេរី​ដឹង​ថា ព្រឹទ្ធសភា​បាន​ពិនិត្យ​ឃើញ​ថា សេចក្តី​ព្រាង​ច្បាប់​នេះ​មាន​ភាព​ចាំ​បាច់​ដើម្បី​កំណត់​ព្រំដែន​គោក​ដែល​កម្ពុជា​បាន​បោះ​បង្គោល​បាន ៨៤% ជា​មួយ​ប្រទេសវៀត​ណាម។ លោក​បញ្ជាក់​ថា ព្រឹទ្ធសភា​មិន​អាច​ទទួល​យក​មតិ​រិះគន់​ទាំង​ឡាយ​រឿង​សន្ធិសញ្ញា​ព្រំដែន​នេះ​មក​ពិនិត្យ​ពិភាក្សា​បាន​ឡើយ ព្រោះ​លោក​ថា មតិ​ទាំង​នោះ​គ្រាន់​តែ​ជា​សារ​នយោបាយ និង​​គ្មាន​ក្របខណ្ឌ​គតិយុត្តិគ្រប់​គ្រាន់​ឡើយ៖ «ចំណុច​ណា​មួយ​ដែល​ថា ប៉ះពាល់ ហើយ​ចំណុច​ណាមួយ​ដែល​ថា​ឱ្យ​ខាតបង់ គឺ​គាត់​អត់​មាន​ទេ។ អ៊ីចឹង​គាត់​គ្រាន់​តែ​និយាយ​ជាសារ​នយោបាយ​ទេ គាត់​អត់​មាន​ស្អី​ជា​តឹក​តាង​យកម​ក​បង្ហាញ​ទេ លិខិត​​គតិ​យុត្តិ​អ្វី​ណាមួយឱ្យ​បាន​ច្បាស់​លាស់​​ គឺគ្មាន​ទេ»

រដ្ឋសភា​ឯកបក្ស​​បាន​អនុម័ត​ទាំង​ស្រុង​លើ​សេចក្តីព្រាង​ច្បាប់​ស្តីពី​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០១៩ កាល​ពី​ថ្ងៃ​ទី៤ វិច្ឆិកា បន្ទាប់​ពី​គណៈរដ្ឋ​មន្ត្រី​របបក្រុង​ភ្នំពេញ​បាន​អនុម័ត​យល់​ព្រម​កាល​ពី​ខែ​តុលា។ គណៈរដ្ឋ​មន្ត្រី ​បាន​អនុម័ត​សេចក្តី​ព្រាង​​ច្បាប់​នេះ ដោយ​ចំណាយ​ពេល​ត្រឹម​រយៈ​ពេល ១សប្តាហ៍​ បន្ទាប់​ពី​លោក​ ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​ជាមួយ​ភាគី​វៀត​ណាម នៅទីក្រុង​ហាណូយ។ សេចក្តី​ព្រាង​ច្បាប់​នេះ ត្រូវ​បាន​ស្ថាប័ន​នីតិបញ្ញត្តិ ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រ​ង​របស់​បក្ស​កាន់​អំណាច ​​ដំណើរ​ការ​ប្រជុំ​​អនុម័ត​ក្នុង​នីតិវិធី​ប្រញាប់។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន (GDP) លោក ឡឹក សុធារ សោក​ស្តាយ​ដែល​ព្រឹទ្ធសភា​សម្រេច​អនុម័ត​សន្ធិសញ្ញា​នេះ ក្នុង​ពេល​ដែល​កម្ពុជា​មិន​ទាន់​មាន​ឯកភាព​ជាតិ។ លោក​ថ្លែង​ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​​ចង់​បាន​សន្ធិសញ្ញា​ព្រំដែន​ដែល​កម្ពុជា​មិន​បាត់​បង់​អធិបតេយ្យ​ជាតិ និង​មាន​ការ​យល់​ព្រម​ពីគ្រប់​ភាគី​ខ្មែរ​ទាំង​អស់៖ «យើង​មាន​ក្តី​បារម្ភ​ថា សន្ធិសញ្ញា​នេះ​វា​​ធ្វើ​ឱ្យ​បាត់​បង់​អធិបតេយ្យ​ភាព​​របស់​យើង​ ធ្វើ​ឱ្យ​យើង​បាត់​បង់​ទឹកដី​ ហើយ​យើង​ចង់​ឱ្យ​មាន​ការ​សិក្សា​ស្រាវជ្រាវ​លម្អិត​ ជាពិសេស​គឺ​មាន​ស្ថាប័ន​ឯករាជ្យ​ទាក់ទង​ទៅនឹង​ផែន​ទី ច្បាប់​អន្តរជាតិ ក៏ដូច​ជា​នរវិទ្យា​ ដើម្បីសិក្សា​ឱ្យ​បាន​លម្អិត​អំពីកិច្ច​ព្រម​ព្រៀង​នេះ​សិន»

សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០១៩ គឺ​ជាការ​រួម​បញ្ចូល​គ្នា​នៃ​​​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ១៩៨៥ និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០០៥។ របប​លោក ហ៊ុន សែន អះអាង​ថា សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០១៩ នេះ គឺ​ជា​ឯកសារ​ផ្លូវ​ច្បាប់​ដែល​ទទួល​ស្គាល់​ការ​បោះ​បង្គោល​ព្រំដែន ៨៤% ជាមួយ​ប្រទេស​វៀតណាម។ របប​នេះ​អះអាង​ទៀត​ថា សន្ធិសញ្ញា​នេះ គឺជា​ឯកសារ​គ្រឹះ​ការពារ​បូរណភាព​ទឹក​ដី​កម្ពុជា ដែល​មាន​ខ្សែ​ព្រំដែន​មិន​ប្រែប្រួល  ថែរក្សា​បាន​នូវ​ព្រំដែន​សុខ​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍលើ​គ្រប់​វិស័យ ដើម្បី​ភាព​សុខសាន្ត​របស់​ពលរដ្ឋ​កម្ពុជា​។

ទោះ​ជា​យ៉ាង​ណា តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ចាត់​ទុក​ថា ការ​ផ្តល់​សច្ចាប័នលើ​សន្ធិសញ្ញា​នេះ គឺ​ជាការ​កាត់​ទឹកដីខ្មែរ​ឱ្យ​វៀតណាម​តាម​សំណើ​លោក ហ៊ុន សែន ដែល​ត្រូវ​វៀត​ណាម​លើក​បន្តុប​ឱ្យ​កាន់​អំណាច​ចាប់​ពី​ដើម​ទស្សវត្សរ៍ទី៨០ មក។ លោក​ថា សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០១៩ នេះ ក៏​​ដូច​ជា​ សន្ធិសញ្ញា​ព្រំដែន​លើក​មុនៗ ដែរ គឺ​ជា​សន្ធិសញ្ញា​ខុស​​ច្បាប់ ព្រោះ​​ធ្វើ​ឡើង​ដោយ​យោង​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​រវាង​កម្ពុជា និង​វៀតណាម ឆ្នាំ១៩៨៥ ពេល​ដែល​កម្ពុជា​កំពុង​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​វៀតណាម៖ «ខ្មែរ​យើង​ជា​អ្នក​ខាត ហើយ​យួន​ជា​អ្នក​ចំណេញ ហើយ​យើង​ឃើញ​ថា បោះ​បង្គោល​កន្លងមក​ធ្លាប់​ឃើញ​ប្រជាពលរដ្ឋ​​យួនស្រែក​យំ​បាត់​ដីស្រែចម្ការ​ទេ? អត់​ទេ! មាន​តែពលរដ្ឋ​ខ្មែរ​ទេ ដែល​ស្រែក​យំ​បាត់​ដីស្រែ​ចម្ការ​នៅ​ពេល​បោះ​បង្គោល ដូច្នេះ​មាន​ន័យ​ថា ការ​បោះ​បង្គោល​ហ្នឹង គឺ​ដើម្បី​កាត់​ដី​ឱ្យ​យួន​ទេ មិន​មាន​ការ​បោះ​បង្គោល​ឱ្យ​បាន​ត្រឹម​ត្រូវ​អ្វី​ទេ»

គិត​ត្រឹម​ខែកក្កដា ឆ្នាំ២០១៩ របបក្រុង​ភ្នំពេញ​សម្រេច​បាន​ការ​បោះ​បង្គោល​ព្រំដែន​គោក​ជាមួយ​ភាគី​វៀតណាម បាន ៣១៥បង្គោល​ ស្មើ​នឹង​៨៤% នៃ​បង្គោល​ព្រំដែន​សរុប​ ៣៧៥បង្គោល។ របប​ក្រុង​ភ្នំពេញ​នឹង​ផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​ថ្មី​ទៀត នៅ​ពេល​ដែល​របប​នេះ​បោះ​បង្គោល​ព្រំដែន​ចប់​សព្វ​គ្រប់​ជា​មួយ​ភាគី​វៀតណាម។

តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន អះអាងថា កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ឆ្នាំ១៩៩១ គឺ​ជា​មូលដ្ឋាន​ច្បាប់​ដ៏​​រឹង​មាំដែល​កម្ពុជា​អាច​ប្រើប្រាស់​បាន​នៅ​ថ្ងៃ​អនាគត ដើម្បី​សើរើ​​ឡើង​វិញ​នូវ​សន្ធិសញ្ញា​ព្រំដែន​មិន​ស្រប​ច្បាប់​ទាំង​ឡាយ​ ដែល​រដ្ឋាភិបាល​សព្វ​ថ្ងៃ ​បាន​ចុះ​ហត្ថលេខា​ព្រម​ព្រៀង​ជាមួយ​ភាគី​វៀតណាម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។