មន្ត្រី​ជាន់​ខ្ពស់​​គណបក្ស​​សង្គ្រោះជាតិ​​ម្នាក់​​ប្រកាស​​ថា​ ចូល​​គណបក្ស​​នយោបាយ​​ក្រោយ​​ពី​​ប្រកាស​​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​

0:00 / 0:00

មន្ត្រី​ជាន់ខ្ពស់​​មួយ​​រូប​​ក្នុង​​ចំណោម​ មន្ត្រី​ជាន់ខ្ពស់​​ពីរ​​រូប​​នៃ​​គណបក្ស​​សង្រ្គោះជាតិ​ប្រកាស​​ថា​ លោក​​នឹង​​ចូល​ប្រឡូក​​ក្នុង​​ឆាក​​នយោបាយ​​សារ​​ជា​ថ្មី​ បន្ទាប់​​ពី​​បាន​​រង់​ចាំ​​អស់​​រយៈ​ពេល​ ៣​ឆ្នាំ​ នៅ​តែ​​គ្មា​ន​​ដំណោះ​​ស្រាយ​​នយោបាយ​​រវាង​​គណបក្ស​ប្រជាជន​កម្ពុជា​ និង​​គណបក្ស​​សង្គ្រោះ​ជាតិ​។​

អតីត​​សមាជិក​​គណៈកម្មាធិការ​​នាយក​​គណបក្ស​សង្គ្រោះ​ជាតិ​​​លោក ​ផាន់ ច័ន្ទសាក់​ ប្រាប់​​អាស៊ីសេរី​ តាម​រយៈ​បណ្ដាញ​​សង្គម​​ហ្វេសប៊ុក​ កាល​ពី​ថ្ងៃ​ទី​១៨​ ខែឧសភា​ ថា​ ការ​សម្រេច​ចិត្ត​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​​នេះ​ គឺ​ដោយ​សារ​តែ​លោក​រង់ចាំ​យូរ​​ពេក​។​ លោក​ថា​ លោក​មិន​ចង់​ឱ្យ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ៥០០៧​ នាក់​ ត្រូវ​​គណបក្ស​​ប្រជាជន​កម្ពុជា​​យក​​ទៅ​​វិញ​ ដូច​ការ​​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៨​ កន្លង​ទៅ​​នោះ​​ទេ​។

លោក​បន្ថែម​​ថា​ នៅ​ពេល​ដែល​ព្រះ​មហាក្សត្រ​ឡាយ​ព្រះហស្តលេខា​ទទួល​ស្គាល់​ជា​ផ្លូវការ​ហើយ​ លោក​នឹង​ប្រកាស​​ចូល​រួម​ជា​មួយ​​គណបក្ស​ «កែទម្រង់​កម្ពុជា»​ របស់​​លោក​ អ៊ូ ច័ន្ទរ័ត្ន។ ចំណែក​អតីត​អនុ​ប្រធាន​​គណបក្ស​សង្គ្រោះជាតិ​លោក​ ប៉ុល ហំម​ បាន​​ស្នើ​សុំ​មិន​​ធ្វើ​អត្ថាធិប្បាយ​ទេ​នៅ​ពេល​ដែល​មិន​​ទាន់​មាន​​ព្រះ​រាជក្រឹត្យ​ជា​ផ្លូវ​ការ។​

​អនុប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ អេង ឆៃអ៊ាង​ បញ្ជាក់​ថា​ លោក​មិន​​ជំទាស់​​នឹង​ការ​ចាក​ចេញ​​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​​របស់​​អតីត​មន្ត្រី​គណបក្ស​​សង្គ្រោះ​ជាតិ​នោះ​​ទេ​ ពី​ព្រោះ​លោក​គោរព​ទៅ​តាម​សិទ្ធិ​របស់​​បុគ្គល​ម្នាក់​ៗ​ មាន​សិទ្ធិ​ក្នុង​ការ​​សម្រេច​​ចិត្ត​របស់​​ខ្លួន។ តែ​លោកថា ​ការ​ចាក​ចេញ​នេះ​​មិន​ប៉ះពាល់​​ដល់​​ប្រជាប្រិយភាព​​របស់​​គណបក្ស​សង្គ្រោះជាតិ​​ទេ៖ «​បើ​កាល​ណា​យើង​បាត់​បង់សិទ្ធិ​ធ្វើ​នយោបាយ​ ហើយ​ប្រសិន​បើ​យើង​បាន​សិទ្ធិ​ធ្វើ​នយោបាយ​មក​វិញ​ហើយ​ យើង​មិន​យក​សិទ្ធិ​ហ្នឹង​ទៅ​ធ្វើ​កិច្ចការ​បម្រើ​សង្គម​ បម្រើ​ប្រទេស​ជាតិ​ទេ​ អា​ហ្នឹង​មហាជន​គេ​រិះគន់​ គេ​និន្ទា​ហើយ​ តែ​បើ​យើង​ទទួល​បាន​សិទ្ធិ​ហើយ​ យើង​ប្រើ​ប្រាស់​សិទ្ធិ​ហ្នឹង​ ដើម្បី​ការ​ពារ​​ប្រយោជន៍​សាធារណៈ​ ការពារ​សេរីភាព​ ការពារ​យុត្តិធម៌​សង្គម​ អា​ហ្នឹង​ វា​ជា​រឿង​ល្អ»។

Fomer_CNRP_Pol_Hom_phann_chansak_18_05_2021_02.jpg
(ឆ្វេង) លោក ប៉ុល ហំម និងលោក ផាន់ ច័ន្ទសាក់ អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិពីររូបដែលស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។

ទាក់​ទិន​នឹង​បញ្ហា​នេះ​ដែរ​ ​អ្នក​ឯកទេស​​ខាង​វិទ្យាសាស្ត្រ​នយោបាយ ​និង​ទំនាក់​ទំនង​អន្តរជាតិ​ សាស្ត្រាចារ្យ​ ឯម សុវណ្ណរ៉ា ​ថ្លែង​ថា ក្រោយ​ពី​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ហើយលោក​ ប៉ុល ហំម​ ​ទំនង​ជា​នឹង​ទៅ​ចូលរួម​ជាមួយ​គណបក្ស​កែ​ទម្រង់​កម្ពុជា​ដែរ​។ ​ ទោះជា​យ៉ាងណា ​លោក​យល់ថា ប្រសិនបើ​គ្មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​មេបក្ស​​ប្រឆាំង​​ទាំងពីរ​ គឺលោក សម រង្ស៊ី និង​លោក កឹម សុខា ទេ ​គណបក្ស​ថ្មីៗ​របស់​មន្ត្រី​បក្ស​ប្រឆាំង​ថ្មី នឹង​មិន​ទទួល​បានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋដូច​គណបក្ស​ចំនួន​ ១៩ ​ផ្សេង​ទៀត ​ដែល​បាន​ចូលរួម​ការ​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៨​៖ «ខ្ញុំ​គិតថា ​ការចូលរួម​សុំសិទ្ធិធ្វើនយោបាយ​ជាបន្តបន្ទាប់នេះ ​មិនមាន​ជាលក្ខណៈ​អំណោយ​​ផលសម្រាប់​ពួកគាត់ទេ​ លុះត្រា​ការលើកឡើង របស់​សហគមន៍អន្តរជាតិ​​កន្លងមក​ មានសហគមន៍អឺរ៉ុប ​និងសហរដ្ឋ​អាមេរិក ​ឲ្យបើកលំហសេរីភាព​ឡើងវិញ ​ពាក់ព័ន្ធ​នឹង​សំឡេង​រិះគន់ ​ឧទាហរណ៍ ​ដូចជា​សារ​ព័ត៌មាន​អាស៊ី​សេរី​ជាដើម។ ទាល់តែ​មាន​យន្តការ​បែបហ្នឹង ​ទើបគាត់​មានលទ្ធភាព​ប្រគួត​ប្រជែង​ជាមួយ​គណបក្ស​កាន់អំណាច​បានច្រើន។ បច្ចុប្បន្ននេះ​ ឱកាស​ប្រគួតប្រជែងគឺ​តិចតូច​ណាស់»។

អ្នកប្រើប្រាស់​បណ្ដាញ​សង្គមហ្វេសប៊ុក​(Facebook) មួយ​ចំនួន​ដែល​ជា​អ្នកគាំទ្រ ​និង​ជា​សកម្មជន​​បក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន ​បាន​បង្ហោះ​សារ​រិះគន់​ជាបន្តបន្ទាប់​ថា ការ​​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​របប​លោក​ ហ៊ុន សែន នេះ ​គឺជា​ទង្វើ​ក្បត់​ឆន្ទៈ​រាស្ត្រ​។ ​

គិត​ចាប់​តាំងពី​របប​ក្រុង​ភ្នំពេញ​រំលាយ​បក្ស​សង្គ្រោះ​ជាតិកាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ ​រហូត​មក​ដល់​ពេល​នេះ មាន​មន្ត្រី​ជាន់ខ្ពស់​ចំនួន​ ២៤ នាក់ ​ពី​គណបក្ស​ប្រឆាំង​មួយ​នេះ​ ក្នុង​ចំណោម ១១៨ នាក់ បាន​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ។​ ក្នុង​ចំណោម​នោះ​មាន​មន្ត្រី​មួយ​ចំនួន​ បាន​ទៅ​បង្កើត​គណបក្ស​ថ្មី​ ដើម្បី​ចូល​រួម​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០២៣​ ខាង​មុខ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។