ក្រុម​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កាន់​អំណាច​ប្រតិកម្ម​នឹង​ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅ​ប្រទេស ជេរ​ប្រមាថ​លោក ហ៊ុន ម៉ាណែត តាម​បណ្ដាញ​សង្គម

ដោយ សេក បណ្ឌិត
2023.01.24
ក្រុម​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កាន់​អំណាច​ប្រតិកម្ម​នឹង​ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅ​ប្រទេស ជេរ​ប្រមាថ​លោក ហ៊ុន ម៉ាណែត តាម​បណ្ដាញ​សង្គម (ឆ្វេង) លោក ឡុង សុគន្ធារៈ រស់នៅ​សហរដ្ឋ​អាមេរិក ក្នុង​សំលៀកបំពាក់​ឯកសណ្ឋាន​ត្រាប់​ជា​ឧត្ដមសេនីយ៍ផ្កាយ៣ ​នៃ​កង​យោធពលខេមរភូមិន្ទ ដែលលោក​ទិញ​ពី​ផ្សារ ហើយ​​និយាយ​រិះគន់លោក ហ៊ុន ម៉ាណែត ​(រូបស្ដាំ) ជា​កូន​ប្រុស​ច្បង​របស់​លោក ហ៊ុន សែន និង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី អំពី​ការឱ្យ​កូន​របស់​​លោកជា​កុមារ​ស្លៀកពាក់​ឯកសណ្ឋាន​នេះ​។
រូប៖ ហ្វេសប៊ុកលោក​ទាំងពីរ

ក្រុម​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កាន់​អំណាច និង​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន កំពុង​គំរាម​ចាត់​វិធានការ​ទៅ​លើ​ពលរដ្ឋ​ម្នាក់​នៅ​ក្រៅ​ប្រទេស ដែល​រិះគន់​លោក ហ៊ុន ម៉ាណែត តាម​រយៈ​ឃ្លីប​វីដេអូ​ថា ជា​មនុស្ស​គ្មាន​សមត្ថភាព និង​កាន់​តួនាទី​ដោយសារ​លោក ហ៊ុន សែន ជា​ឪពុក​លើក​បន្តុប។ អតីតមន្ត្រី​បក្ស​ប្រឆាំង​ថា វប្បធម៌​ការ​ជេរ​ប្រមាថ​នេះ ផ្ដើម​ចេញពី​ថ្នាក់​ដឹកនាំ​បក្ស​កាន់​អំណាច ដែល​ចូល​ចិត្ត​ប្រើ​ពាក្យ​សម្ដី​អសុរោះ​ជេរ​ប្រមាថ​គំរាម​កំហែង​អ្នក​ដទៃ​ជា​សាធារណៈ។

ស្រប​ពេល​លោក ហ៊ុន សែន កំពុង​ញៀន​នឹង​ការ​ប្រើប្រាស់​វេទិកា​សាធារណៈ​ជេរ​ប្រមាថ គំរាម​កំហែង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង កាល​ពី​ថ្ងៃ​ទី២៣ មករា ​នេះ មានការ​បង្ហោះ​ឃ្លីប​វីដេអូ​មួយ ប្រមាណ ១០នាទី របស់​បុរស​ម្នាក់​ក្នុង​ឯកសណ្ឋាន​ជា​កងទ័ព​ពាក់​ផ្កាយ៣ ដែល​និយាយ​រិះគន់​កូន​ប្រុស​ច្បង​របស់​លោក ហ៊ុន សែន និង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី គឺ​លោក ហ៊ុន ម៉ាណែត ថា ជា​មនុស្ស​គ្មាន​សមត្ថភាព។

ក្រោយ​ពី​ការ​បង្ហោះ​និង​ចែកចាយ​វីដេអូ​នោះ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា រួម​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​លោក ហ៊ុន សែន បាន​ចេញ​សេចក្ដីថ្លែង​ការណ៍​ប្រតិកម្ម ដោយ​ចាត់​ទុក​ថា ជា​ការ​ជេរប្រមាថ​ធ្ងន់ធ្ងរ​ទៅ​លើ​អ្នក​បន្តវេន​បក្ស​កាន់​អំណាច។ ក្នុង​សេចក្ដីថ្លែង​ការណ៍​ថ្កោលទោស​ក្រុម​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចោទ​ប្រកាន់​អ្នក​រិះគន់​ក្នុង​វីដេអូ​នោះ​ថា បាន​ជេរ​ប្រមាថ និង​ញុះញង់​ដោយ​ប្រើប្រាស់​ឯកសណ្ឋាន​យោធា​ខុស​ច្បាប់។ ពួក​គេ​ថ្កោលទោស​ដាច់​អហង្ការ​លើ​អ្នក​ដែល​រិះគន់​លោក ហ៊ុន ម៉ាណែត និង​ប្ដេជ្ញា​ប្ដឹង​ទៅ​តុលាការ​ឱ្យ​ចាប់​បុគ្គល​រូប​នោះ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២៤ មករា ​ថា ការ​ជេរ​ប្រមាថ​របស់​លោក ហ៊ុន សែន នៅ​លើ​វេទិកា​សាធារណៈ​កន្លង​មក បាន​ផ្ដល់​គំរូ​អាក្រក់​ក្នុង​ឆាក​នយោបាយ និង​យុវជន​ជំនាន់​ក្រោយ ដែល​បណ្ដាល​ឱ្យ​សីលធម៌​សង្គម​ខ្មែរ​ធ្លាក់​ចុះ​កាន់តែ​ខ្លាំង។ លោក​បន្ត​ថា មន្ត្រី​បក្ស​កាន់​អំណាច និង​អ្នក​អនុវត្ត​ច្បាប់ គួរ​មាន​វិធានការ​ទៅ​លើ​លោក ហ៊ុន សែន ឱ្យ​ដូច​គ្នា​នឹង​ការ​ប្រតិកម្ម​លើ​បុគ្គល​ដែល​រិះគន់ លោក ហ៊ុន ណែត នោះ ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​ស្មើគ្នា និង​លុប​បំបាត់​វប្បធម៌​ជេរ​ប្រមាថ​គ្មាន​សីលធម៌​ក្នុង​សង្គម។

លោក អ៊ុំ សំអាន៖ «យ៉ាង​ណា​ក៏​ដោយ យើង​មិន​គាំទ្រ​ឱ្យ​ប្រើ​ពាក្យ​អសុរោះ ឬ​ជេរ​ប្រទេច​នោះ​ទេ ទោះបី​លោក ហ៊ុន សែន គាត់​ប្រើ​ពាក្យ​អសុរោះ ឬ​ជេរ​ប្រទេច ហើយ​យើង​ទៅ​យក​តម្រាប់​តាម​លោក ហ៊ុន សែន នោះ យើង​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​គ្មាន​សីលធម៌​ដូច​លោក​ ហ៊ុន សែន ​ដែរ»

ក្នុង​វីដេអូ​ឃ្លិប​បង្ហាញ​ថា ពលរដ្ឋ​ខ្មែរ​កំពុង​រស់នៅ​ក្រៅ​ប្រទេស ដែលគេ​ស្គាល់​ថា ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក ឡុង សុគន្ធារៈ ក្នុង​សំលៀក​បំពាក់​កង​យោធពល​ខេមរភូមិន្ទ ផ្កាយ៣ បាន​និយាយ​រិះគន់​លោក ហ៊ុន ម៉ាណែត ថា ជា​កូនប្រុស​ដែល​មាន​អំណាច​ដោយសារ​ឪពុក និង​គ្មាន​សមត្ថភាព​រក​កិត្តិយស ឬ​កសាង​ស្នាដៃ​ឱ្យ​គ្រួសារ​បាន​ឡើយ។ លោក ឡុង សុគន្ធារៈ បាន​លើកឡើង​ថា សព្វថ្ងៃ​លោក​ ហ៊ុន សែន ​កំពុង​ត្រួសត្រាយផ្លូវ​នយោបាយ ​កម្ចាត់​សំឡេង​រិះគន់ និង​បក្ស​ប្រឆាំង ដើម្បី​រក្សា​តំណែង​នាយករដ្ឋមន្ត្រី​ឱ្យ​កូន​ប្រុស​ច្បង ខណៈ​លោក ហ៊ុន ម៉ាណែត មិន​ដែល​ឃើញ​បញ្ចេញ​សមត្ថភាព​ឬ​ស្នាដៃ​អ្វី​ឡើយ ​ក្រៅតែ​ពី​ការ​សម្ដែង​ធ្វើ​ល្អ​យក​ចិត្ត​ពលរដ្ឋ​តាម​មូលដ្ឋាន។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង ​លោក​ ហ៊ុន ម៉ាណែត និង​អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា ​លោក​ សុខ ឥសាន ​ដើម្បី​សុំ​ការ​បកស្រាយ​បានទេ នៅ​ថ្ងៃ​ទី២៤ មករា។

ជាទូទៅ​សង្គ្រាម​ពាក្យ​សម្ដី​របស់​អ្នកនយោបាយ​ដោយ​ប្រើ​ពាក្យជេរប្រមាថ​នេះ មិនមែន​សុទ្ធតែ​បង្កឡើង​ដោយ​ភាគី​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ឡើយ។ ក្នុង​នោះ លោក​ នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​ក៏​ជាប់​ឈ្មោះថា​ជា​មេដឹកនាំ​មួយ​រូប ដែល​ពូកែ​ជេរ​ប្រមាថ ដូចជា​ប្រើ​ពាក្យ “អា ម៉ឹង” និង​គំរាម​កំហែង រហូត​លោក​ជាប់​ឈ្មោះ​ជា “បុរស​ខ្លាំង​នៅ​កម្ពុជា”។ ប៉ុន្តែ​ខុស​ពី​អ្នក​រិះគន់ នៅ​ពេល​ជេរ​ប្រមាទ ឬ​គំរាម​ទៅ​លើ​សមាជិក​គណបក្ស​ប្រឆាំង​ម្ដងៗ លោក ហ៊ុន សែន តែងតែ​ទទួល​បាន​ស្នូរ​ទះដៃ ពី​អ្នកគាំទ្រ​អង្គុយ​ពីមុខ និង​មន្ត្រី​ហែហម​នៅ​ពីក្រោយខ្នង​លោក ជាពិសេស សារ​ព័ត៌មាន​ដែល​មាន​ភក្ដីភាព​ជាមួយ​បក្ស​កាន់​អំណាច តែង​ស្រង់​សម្ដី​លោក​ដើម្បី​ចុះ​ផ្សាយ​ផង​ដែរ។

ជុំវិញ​រឿង​នេះ អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា អ្នកនយោបាយ​គួរតែ​គ្រប់រូប គួរតែ​ធ្វើខ្លួន​ឱ្យ​មាន​ភាព​ចាស់ទុំ ដោយ​ប្រកាន់ខ្ជាប់​នូវ​ សីលធម៌ និង​គុណធម៌ ដើម្បី​ឱ្យ​ស័ក្ដិសម​ជា​មេដឹកនាំ ដែល​ប្រជាពលរដ្ឋ​ផ្ញើ​សេចក្ដី​ទុកចិត្ត និង​ក្ដី​សង្ឃឹម។ លោក​យល់ឃើញ​ថា អ្នកនយោបាយ​ គួរតែ​ប្រើប្រាស់​គោល​នយោបាយ​គណបក្ស​ខ្លួន​ដើម្បី​ប្រកួតប្រជែង ប្រសើរ​ជាង​វាយប្រហារ​ជេរប្រមាថ​គ្នា​ជា​សាធារណៈ ដែល​ធ្វើ​ឱ្យ​តម្លៃ​សីលធម៌​សង្គម​ធ្លាក់​ចុះ និង​ក្លាយ​ជា​វប្បធម៌​អាក្រក់​សម្រាប់​អ្នកនយោបាយ​ជំនាន់​ក្រោយ។

លោក ឯម សុវណ្ណារ៉ា៖ «ការវាយប្រហារ​គ្នា ការ​បង្ខូច​បង្កាច់ នេះ​ជា​វប្បធម៌​ទុច្ចរិត ជា​ទង្វើ​មិន​ស្មោះ​ស​ត្រង់​ទេ។ ខ្ញុំ​មិន​គាំទ្រ​ទេ»

អ្នក​តាមដាន​នយោបាយ​មើល​ឃើញ​ថា ទំនាស់​ពាក្យ​សម្ដី​រវាង​គណបក្សប្រឆាំង​ ជាមួយ​នឹង​គណបក្ស​កាន់អំណាច តែងតែ​ប្រឈម​មុខ​ដាក់គ្នា​នៅ​ពេល​ស្ថាន​ការ​នយោបាយ​តានតឹង ហើយ​គណបក្សប្រឆាំង​កាន់តែ​មាន​ប្រជាប្រិយភាព។ ទោះ​យ៉ាងណា ពួកគេ​យល់ឃើញ​ថា មន្ត្រី​មកពី​គណបក្សប្រឆាំង​ និង​អ្នកគាំទ្រ តែងតែ​ទទួលរង​អំពើ​ហិង្សា​ជាបន្តបន្ទាប់ រហូតដល់​រង​របួសធ្ងន់ ធ្លាក់ខ្លួន​ពិការ និង​ខ្លះ​ទៀត​បាត់បង់ជីវិត ក្រោយ​ការ​បញ្ចេញមតិ​រិះគន់​គណបក្ស​កាន់អំណាច។

ជាឧទាហរណ៍ ករណី​ឃាតកម្ម​លើ​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ខណ្ឌ​ជ្រោយចង្វា ​រាជធានី​ភ្នំពេញ​លោក​ ស៊ិន ខុន ​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម កាប់​ជាច្រើន​កាំបិត​ស្លាប់​នៅនឹង​កន្លែង កាលពី​ឆ្នាំ២០២១ ​នៅ​សង្កាត់​ជ្រោយចង្វា ហើយ​រហូត​មក​ទល់​ពេលនេះ អាជ្ញាធរ​មិនទាន់​ចាប់​ជន​បង្ក​ពិតប្រាកដ​យក​មក​ផ្ដន្ទាទោស​ឡើយ។ មហាជន​សង្ស័យ​ថា ករណី​ឃាតកម្ម​នេះ​ជាប់​ព័ន្ធ​នឹង​គំនុំ​នយោបាយ ព្រោះ​កាល​នៅ​មានជីវិត លោក​តែង​បញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល និង​ភាព​អយុត្តិធម៌​សង្គម​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាហូរហែ រហូតដល់​ត្រូវ​បាន​គេ​គំរាមកំហែង និង​វាយ​ឱ្យ​របួស​ធ្ងន់ធ្ងរ​ម្ដង​រួច​ទៅ​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។