មន្ត្រី​ជាន់​ខ្ពស់​កងទ័ព​ជើងទឹក​សហរដ្ឋ​អាមេរិក​​ស្នើ​កម្ពុជា​ឱ្យ​បង្ហាញ​តម្លាភាព​លើ​ការ​អភិវឌ្ឍ​មូលដ្ឋាន​ទ័ព​ជើង​ទឹករាម

0:00 / 0:00

មេបញ្ជាការ​រង​ឆ្មាំ​សមុទ្រ​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក ស្នើ​កម្ពុជា​បង្ហាញ​តម្លាភាព​លើ​ការ​អភិវឌ្ឍ​​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម ខណៈ​ដែល​សហរដ្ឋ​អាមេរិក​ព្រួយ​បារម្ភ​ថា មូលដ្ឋាន​ទ័ព​ជើង​ទឹក​នេះ អាច​នឹង​ត្រូវ​ផ្ដល់​ឱ្យ​ប្រទេស​ចិន​ប្រើប្រាស់ ដើម្បី​បម្រើ​មហិច្ឆតា​យោធា​ចិន ក្នុង​ពេល​ចិន ក៏​ជា​ម្ចាស់​បំណុល​ធំ​បំផុត​របស់​កម្ពុជា។ អ្នក​វិភាគ​ថា រដ្ឋាភិបាល​គួរ​បង្ហាញ​តម្លាភាព ដើម្បី​បំបាត់​មន្ទិល​សង្ស័យ​ទាំង​ឡាយ​របស់​សហគមន៍​អន្តរជាតិ។

មេបញ្ជាការ​រង​ឆ្មាំ​សមុទ្រ​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក លោក អែនឌ្រូ អិម សូជីម៉ូតូ (Andrew M. Sugimoto) ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​រយៈ​សន្និសីទ​សារ​ព័ត៌មាន​តាម​អនឡាញ នៅ​ថ្ងៃ​ទី២៧ ខែសីហា ថា សហរដ្ឋ​អាមេរិក​នៅតែ​ព្រួយ​បារម្ភ​កាន់តែ​ខ្លាំង អំពី​សកម្មភាព ដែល​ចិន​បាន​ធ្វើ​នៅ​ប្រទេស​ផ្សេង​ទៀត។ លោកថា ​កន្លង​មក​រដ្ឋាភិបាល​ចិន​បាន​ផ្ដល់​ប្រាក់​កម្ចី​ទៅ​ប្រទេស​មួយ​ចំនួន ដែល​ក្រីក្រ និង​មិន​មាន​លទ្ធភាព​សង​បំណុល​ត្រឡប់​ទៅ​ចិន​វិញ។

លោក អែនឌ្រូ អិម សូជីម៉ូតូ បន្ថែម​ថា នៅ​ពេល​ដែល​ប្រទេស​ណា​មួយ​មិន​មាន​លទ្ធភាព​សង​បំណុល​ទៅ​ប្រទេស​ចិន​វិញ នោះ​នឹង​ធ្វើ​ឱ្យ​​ប្រទេស​ចិន​ឆ្លៀត​ឱកាស​បញ្ចេញ​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ ហើយ​ទី​បំផុត ចិន​មាន​ឱកាស​កាន់កាប់​ទឹកដី​នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត ដូច​ជា កំពង់ផែ​ជា​ដើម។

លោក អែនឌ្រូ អិម សូជីម៉ូតូ៖«បាទ​ប្រសិន​បើ​កម្ពុជា​បាត់បង់​មូលដ្ឋាន​ទ័ព​ជើង​ទឹករាម ហើយ​មូលដ្ឋាន​នោះ​ក្លាយ​ជា​របស់​ចិន​នោះ វា​ជា​ការ​បាត់បង់​របស់​កម្ពុជា ហើយ​យើង​គិត​ថា វា​មិន​ត្រឹមត្រូវ​ទេ»។

រូបភាព​ផ្កាយ​រណប ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន​ពី​ក្រុមហ៊ុន​អាមេរិក ផ្លែនណិត លែបស៍ (Planet Labs) កាល​ពី​ខែមិថុនា បង្ហាញ​ថា នៅ​ភាគ​ខាង​ត្បូង​មូលដ្ឋាន​ទ័ព​រាម ផែ​សំចត​ស្ងួត​ថ្មី​នេះ មាន​ប្រវែង​ប្រហែល ១៤០ម៉ែត្រ ត្រូវ​បាន​សាងសង់​ឡើង​កាត់​ទទឹង​ឆ្នេរ និង​ស្ថិត​នៅ​ក្បែរ​ផ្លូវ​ជម្រាល​មួយ។ ចំណែក​ផែ​មួយ​ទៀត មាន​ប្រវែង ២៧០ម៉ែត្រ ត្រូវ​បាន​សាងសង់​តាម​បណ្ដោយ​ឆ្នេរ។

ចំពោះ​ការ​ព្រួយ​បារម្ភ​របស់​មន្ត្រី​យោធា​ជាន់​ខ្ពស់​អាមេរិក​ជា​ថ្មី​ទៀត​នៅ​ពេល​នេះ វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយតប​ពី​លោក ឈុំ សុជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២៧ ខែសីហា។ ប៉ុន្តែ​កន្លង​មក រដ្ឋាភិបាលកម្ពុជា​តែងតែ​ប្រកាស​ថា មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម ត្រូវ​បាន​ធ្វើ​ទំនើបកម្ម​សម្រាប់​បម្រើ​ឱ្យ​ផល​ប្រយោជន៍​យោធា​កម្ពុជា មិនមែន​សម្រាប់​បម្រើ​មហិច្ឆតា​យោធា​ចិន ឬ​ធ្វើ​ជា​មូលដ្ឋាន​ទ័ព​របស់​ចិន​នោះ​ទេ។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក លោក សេង វ៉ាន់លី មាន​ប្រសាសន៍​ថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ សហរដ្ឋ​អាមេរិក​បាន​រក​ឃើញ​ភស្តុតាង​ស៊ី​ចង្វាក់ដែល​អាច​បង្ហាញ​ថា កម្ពុជា​កំពុង​អនុញ្ញាត​ឱ្យ​នាវា​ចិន​ចូល​ប្រើប្រាស់​កំពង់ផែ​រាម។ លោក​ថា រដ្ឋាភិបាល​គួរ​បង្ហាញ​តម្លាភាព ដើម្បី​បំបាត់​នូវ​មន្ទិល​សង្ស័យ​ទាំង​ឡាយ ដើម្បី​ឱ្យ​ស្រប​នឹង​ច្បាប់​កំពូល​របស់​ជាតិ ដែល​មិន​អនុញ្ញាត​ឱ្យ​កងទ័ព ឬ​មូលដ្ឋាន​ទ័ព​បរទេស​នៅ​លើ​ទឹកដី​កម្ពុជា។

លោក សេង វ៉ាន់លី៖«ប៉ុន្តែ បើ​យើង​និយាយ​ពី​សកម្មភាព នៃ​ការ​ពង្រីក និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ហ្នឹង វា​កើន​ឡើង​ពិត​ប្រាកដ​មែន ហើយ​សកម្មភាព​យោធា​របស់​ចិន នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​អាស៊ាន​ជា​រួម ជា​ពិសេស នៅ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង មាន​ការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់»។

អ្នក​វិភាគ​ខាង​យោធា​អាមេរិក​លោក ថូម៉ាស ស៊ូហ្កាត (Thomas Shugart) លើក​ឡើង​នា​ពេល​ថ្មីៗ នេះ​ថា មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម​របស់​កម្ពុជា បាន​សាងសង់​ផែ​សំចត​ស្ងួត​ថ្មី​មួយ ដែល​អាច​ប្រើប្រាស់​សម្រាប់ការ​ចូល​ចត​របស់​នាវា​មុជ​ទឹក​ចិន។ អ្នក​វិភាគ​មក​ពី​មជ្ឈមណ្ឌល​សន្តិសុខ​អាមេរិក​ថ្មី (Center for a New American Security) រូប​នេះ​បន្ត​ថា ផែ​សំចត​ស្ងួត​ថ្មី​នេះ រួម​ទាំង​ផែ​មួយ​ទៀត ហាក់​ត្រូវ​បាន​សាងសង់​រួចរាល់​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។