សកម្មជនគណបក្សសង្គ្រោះជាតិមួយចំនួន នៅខេត្តស្ទឹងត្រែងដែលរត់ភៀសខ្លួន បានវិលទៅផ្ទះវិញរៀងៗ ខ្លួនហើយ បន្ទាប់ពីលោក ហ៊ុន សែន ប្រកាសឈប់ចាប់ចង និងបញ្ជាឱ្យដោះលែងអ្នកទោសនយោបាយ។ ពួកគេប្រកាសជំហរថា នឹងនៅតែបន្តបម្រើនយោបាយឱ្យគណបក្សប្រឆាំងដោយស្មារតីស្មោះត្រង់ បើទោះបីជា រងការគំរាមគំហែង ចាប់ខ្លួន និងអូសទាញទិញទឹកចិត្ត ពីសំណាក់អាជ្ញាធររដ្ឋាភិបាលជាច្រើនសារមកហើយក្ដី។
មេឃុំស្រែគជាប់ឆ្នោត មកពីគណបក្សសង្គ្រោះជាតិ លោក សៀក មេគង្គ ឱ្យដឹងនៅថ្ងៃទី១៨ វិច្ឆិកាថា បើទោះបីជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសឱ្យពួកលោកវិលចូលស្រុកកំណើតវិញយ៉ាងណាក្ដី ក៏ពួកលោកនៅតែបារម្ភពីសុវត្ថិភាព និងមិនស្ងប់អារម្មណ៍នៅឡើយទេ។ លោកថា សេរីភាពរបស់លោកគឺ ឋិតក្នុងកណ្ដាប់ដៃលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែម្នាក់ បើទោះបីជាខ្លឹមសាររដ្ឋធម្មនុញ្ញបានធានា ការពារសិទ្ធិសេរីភាពរបស់លោកយ៉ាងណាក្ដី។ លោកបន្ថែមថា លោកបង្ខំចិត្តភៀសខ្លួនរយៈពេលជាង ១ខែមកនេះ គឺដោយសារតែអាជ្ញាធរចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងជាបន្តបន្ទាប់នៅទូទាំងប្រទេស ហើយសមត្ថកិច្ចខេត្តស្ទឹងត្រែង បានព័ទ្ធផ្ទះរបស់លោក និងឃ្លាំមើលសកម្មភាពរបស់លោកដែរ៖ «យើងចេះតែភ័យប្រកាស ក៏យើងមិនទុកចិត្តគាត់ដែរ ច្បាប់ហ្នឹងយើងដឹងស្រាប់ហើយ គាត់ថា លែងៗ គាត់ថា ចាប់ៗ អាហ្នឹងយើងលំបាកនិយាយណាស់។ យើងគិតថា អត់ធ្វើខុសទោះបីចាប់ទៅ ក៏អត់បាក់ស្មារតី អត់តក់ស្លុតទេ » ។
សកម្មជនគណបក្សប្រឆាំងម្នាក់ទៀត នៅខេត្តស្ទឹងត្រែង អ្នកស្រី វ៉ា សុខខេង ដែលបានភៀសខ្លួនទៅកន្លែងសុវត្ថិភាពមួយរយៈបង្ហាញអារម្មណ៍ភ័យព្រួយពីសុវត្ថិភាព នៅគ្រាដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានចាប់ខ្លួនសកម្មជនបក្សប្រឆាំងឡើងវិញ។ អ្នកស្រីថា ការសម្រេចចិត្តរបស់លោក ហ៊ុន សែន ធ្វើឡើងតាមអារម្មណ៍៖ «ការបន្ធូរបន្ថយ ការលែកលែងទោស អត់ទាន់មានទំនុកចិត្ត ១០០ភាគរយទេ ដោយសារថា ពីមុននិយាយអត់ទៀង។ មានការលើកលែងហើយ ក៏បានមកស្រុកទេសមែន តែការធ្វើទុកបុកម្នេញមកលើបក្សប្រឆាំង នៅតែអត់ទាន់ទុកចិត្ត » ។
ថ្មីៗ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យដោះលែង និងបញ្ឈប់ការចាប់ចង ឬធ្វើទុក្ខបុកម្នេញ ដល់អ្នកទោសនយោបាយ ដែលត្រូវរងការបង្ក្រាបក្នុងអំឡុងពេលយុទ្ធនាការ ធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កន្លងមក។ តែក្រោយមកលោក ហ៊ុន សែន ព្រមានថា លោកនឹងឱ្យអាជ្ញាធរចាប់ខ្លួន អ្នកទោសនយោបាយប្រមូលយកទៅដាក់គុកវិញ បើហ៊ាននិយាយថា ការដោះលែងពួកគេ កើតឡើងដោយសារសម្ពាធអន្តរជាតិ ឬក៏សកម្មជនទាំងនោះនៅតែធ្វើសកម្មភាពគាំទ្រគណបក្សសង្គ្រោះជាតិបន្តទៅទៀត។
មេឃុំស្រែគរជាប់ឆ្នោត លោក សៀក មេគង្គ ចាត់ទុកការលើកឡើងនេះ ជាសារគំរាមកំហែង និងបំបិទសិទ្ធិសេរីភាពរបស់លោក និងសកម្មជនបក្សប្រឆាំងដទៃទៀត។ លោកថា សិទ្ធិសេរីភាពសកម្មជនបក្សប្រឆាំង កំពុងឋិតក្នុងភាពផុយស្រួយ និងរងការធ្វើទុក្ខបុកម្នេញគ្រប់រូបភាព។ លោកបញ្ជាក់បន្ថែមថា លោកបានបង្ខំចិត្តភៀសខ្លួនមួយរយៈនេះ ដោយសារតែខ្លាចអាជ្ញាធរចាប់ដាក់គុក គ្មានឱកាសរកប្រាក់សងបំណុលធនាគារវិញ៖ «ប្រឈម និងជីវភាពចេះតែប្រឈម តែធ្វើម៉េចយើងស្រឡាញ់យុត្តិធម៌។ ទិសដៅរបស់យើង ដែលតស៊ូ ២៤ឆ្នាំហើយជាង ចង់បានយុត្តិធម៌ សេរីភាព ជូនពលរដ្ឋ មិនថា និន្នាការបក្សណាទេ ឱ្យមានសេរីភាពគ្រប់គ្នាមានសិទ្ធិចំពោះមុខច្បាប់ ពីព្រោះយើងដើរមានរដ្ឋធម្មនុញ្ញ » ។
អ្នកនាំពាក្យសមាគម អាដហុក (ADHOC) លោក ស៊ឹង សែន ករុណា សង្កេតឃើញថា ប្រទេសកម្ពុជា នៅមិនទាន់គោរពនីតិរដ្ឋឱ្យល្អប្រសើរនៅឡើយទេ ហើយការអនុវត្តច្បាប់ធ្វើឡើងតាមតែបញ្ជាថ្នាក់ដឹកនាំអំណាចនីតិប្រតិបត្តិប៉ុណ្ណោះ។ លោកពន្យល់ថា មនុស្សគ្រប់រូបមានសិទ្ធិសេរីភាព ការពារខ្លួនតាមប្រព័ន្ធតុលាការ ហើយការឃាត់ខ្លួន និងការចាប់ខ្លួនអាចធ្វើទៅបាន ត្រូវអនុវត្តតាមនីតិវិធីច្បាប់៖ «នាពេលថ្មីៗ គ្រាន់តែប្រមុខរដ្ឋាភិបាល លោកមានប្រសាសន៍ពីការដោះលែង មានការចាត់ចែងនីតិវិធីព្រោងព្រាតអ៊ីចឹងទៅ មានការដោះលែងមនុស្សអ៊ីចឹងទៅ។ លេចព័ត៌មានថ្មីៗ នឹងចាប់ខ្លួនបញ្ជូននៅវិញ។ អ៊ីចឹងការលើកឡើងរបស់នេះ ជាការរំលោភសេចក្តីសម្រេចចិត្តរបស់តុលាការហើយ » ។
មន្ត្រីសិទ្ធិមនុស្សរូបនេះ បន្ថែមថា ការចាប់ខ្លួន ការដោះលែង និងការគំរាមចាប់ខ្លួនសកម្មជនបក្សប្រឆាំង គឺជាជម្លោះនយោបាយ ហើយស្ថាប័នតុលាការពិបាកក្នុងការប្រើឆន្ទានុសិទ្ធិរបស់ខ្លួនដោយសាររងសម្ពាធពីប្រមុខរដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។